អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានជំរុញឱ្យគ្រូបង្វឹកកីឡាយូដូ បន្ដឆន្ទៈជំរុញការអភិវឌ្ឍជំនាញរបស់ខ្លួន ដើម្បីផលិតនូវធនធានកីឡាករ កីឡាការិនីជំនាន់ក្រោយឱ្យបានកាន់តែច្រើន ដើម្បីធ្វើឱ្យប្រភេទកីឡាមួយនេះ មានប្រជាប្រិយ និងភាពល្បីរន្ទឺដូចនៅទសវត្សរ៍ឆ្នាំ៨០។
លោក វ៉ាត់ ចំរើន ដែលធ្លាប់ជាអ្នកហាត់កីឡាយូដូម្នាក់ដែរនោះ បានរំឭកថា នៅក្រោយសង្គ្រាមបានបញ្ចប់ នៅឆ្នាំ១៩៧៩ ប្រភេទកីឡាយូដូ ចាប់ផ្តើមកកើតមុនគេនៅទសវត្សរ៍ឆ្នាំ ៨០។ ដោយសារមានគ្រូបង្វឹកចាស់ៗសល់ច្រើន ធ្វើឱ្យសកម្មភាពហ្វឹកហាត់យូដូ មានភាពគគ្រឹកគគ្រេងជាងប្រភេទកីឡាផ្សេងៗទៀត ប៉ុន្តែមកដល់ពេលនេះគ្រូចាស់ៗបានទៅវិញស្ទើរអស់ទៅវិញ ដែលត្រូវពឹងផ្អែកទៅលើគ្រូបង្វឹកជំនាន់ក្រោយ និងភាគីពាក់ព័ន្ធមួយចំនួនទៀត ក្នុងការរួមគ្នាអភិវឌ្ឍកីឡានេះឱ្យមានភាពផុសផុលជាថ្មី។
លោកបានបញ្ជាក់ថា៖ «កីឡាយូដូ មានប្រជាប្រិយភាពខ្លាំងជាងគេ នៅទសវត្សរ៍ឆ្នាំ៨០ ព្រោះប្រភេទកីឡាផ្សេងៗទៀត មានត្រឹម៣ទៅ ៤នាក់ ប៉ុន្តែយូដូ មានការប្រមូលផ្តុំពី ២០ទៅ ៣០នាក់ និងមានការប្រកួតច្រើន ប៉ុន្តែក្រោយមក សកម្មភាពកីឡានេះចេះតែថមទៅៗ រីឯការគ្រប់គ្រង ក៏មិនបានប្រាកដប្រជា និងពិតប្រាកដ ហើយមកដល់ឥឡូវគ្រូចាស់ៗអស់ហើយ គឺនៅសល់តែយើងជាគ្រូជំនាន់ក្រោយ អ៊ីចឹងតែយើងអាចរួមគ្នា និងឯកភាពគ្នាបានទេ ក្នុងការតស៊ូធ្វើឱ្យកីឡាយូដូរបស់យើងរីកចម្រើន និងមានភាពរឹងមាំ ក្នុងអភិវឌ្ឍបន្តទៀត»។
លោក វ៉ាត់ ចំរើន បានលើកឡើងបែបនេះ នៅចំពោះមុខសិក្ខាកាមជាគ្រូបង្វឹកចំនួន២០នាក់ ដែលទើបបានបញ្ចប់ការសិក្សាវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាយូដូកម្រិតថ្នាក់ជាតិ (កម្រិត២) កាលពីថ្ងៃទី១២ ខែមិថុនា ហើយតាមរយៈការសិក្សាទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ជាមួយគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាយូដូអន្តរជាតិ នៅទីស្នាក់ការ NOCC តាំងពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ គឺជាលទ្ធផលមានសិក្ខាកាមទទួលបាននិទ្ទេសល្អ ១៥នាក់ ស្មើនឹង ៧៥ភាគរយ, និទ្ទេសល្អបង្គួរ ៣នាក់ ស្មើនឹង ១៥ភាគរយ និងនិទ្ទេសមធ្យម ២នាក់ ស្មើនឹង ១០ភាគរយ។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន បានចាត់ទុកវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាយូដូកម្រិតថ្នាក់ជាតិនេះ ជាវគ្គដ៏មានសារៈសំខាន់ និងជាឱកាសកម្រ ដែលគ្រូបង្វឹកកីឡាយូដូកម្ពុជា បានសិក្សា និងទទួលចំណេះដឹងផ្ទាល់ពីអ្នកជំនាញមកពីសហព័ន្ធកីឡា យូដូអន្ដរជាតិ ខណៈពេលនេះកម្ពុជា ក៏កំពុងខ្សត់ខ្សោយធនធានគ្រូផងដែរ អ៊ីចឹងវាជាឱកាសដ៏ល្អ ដើម្បីពង្រឹងធនធានគ្រូ ឆ្ពោះទៅការបណ្ដុះបណ្ដាល និងពង្រីកសក្ដានុពលកីឡាករ កីឡាការិនីយូដូកម្ពុជាបន្ថែមទៀត។
លោកបានចោទសួរដល់សិក្ខាកាមទាំងអស់បែបនេះថា៖ «អ្វីដែលយើងទទួលបានពីការសិក្សាប៉ុន្មានថ្ងៃមកនេះ ដើម្បីអ្វី? កុំឱ្យការសិក្សាប៉ុន្មានថ្ងៃមកនេះឥតប្រយោជន៍ គឺត្រូវយកចំណេះដឹងទទួលបានពីការសិក្សាទៅផ្លាស់ប្ដូរឥរិយាបថការងារ ជំនាញយូដូរបស់យើង អ៊ីចឹងយើងត្រូវប្រើប្រាស់ឱ្យមានតម្លៃទៅលើអ្វីដែលយើងបានសិក្សា ហើយចែករំលែកនូវអ្វីដែលបានសិក្សាពីជំនាញទៅឱ្យកូនសិស្ស ឬអ្នកស្រឡាញ់កីឡាយូដូរបស់យើងផ្សេងទៀត»។
អ្នកជំនាញកីឡា លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «កីឡាយូដូរបស់យើង នៅមានការខ្សត់ខ្សោយក្នុងការរៀបចំឱ្យមានគ្រូបង្វឹក ឬកីឡាករកីឡាការិនីឱ្យបានច្រើនរាប់រយរាប់ពាន់នាក់ គឺយើងអត់ទាន់បានកសាងធនធានមនុស្ស សម្រាប់កីឡាយូដូឱ្យបានគ្រប់គ្រាន់ទេ អ៊ីចឹងអ្វីដែលយើងធ្វើនេះ គឺដោយឆន្ទៈរបស់គ្រូទាំងអស់ និងកីឡាករ កីឡាការិនីរបស់យើង ដោយគ្រាប់គ្នាបានលះបង់ដោយឆន្ទៈមោះមុត ក្នុងការជួយជំរុញ និងធ្វើសកម្មភាពកីឡាយូដូរបស់យើង»។
ចំណែកលោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេសរបស់ខេមរសហព័ន្ធយូដូ និង ជាអ្នកសម្របសម្រួល ក្នុងវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាយូដូកម្រិតថ្នាក់ជាតិ (កម្រិត ២) នេះ បានអះអាងថា តាមរយៈការសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ជាមួយលោក AMAR MERIDJA គ្រូជំនាញសហព័ន្ធកីឡាយូដូអន្តរជាតិ គឺបានជួយឱ្យសិក្ខាកាមជាគ្រូបង្វឹកយូដូកម្ពុជា បានយល់កាន់តែច្បាស់ពីបច្ចេកទេស និងបទបញ្ជាប្រកួតថ្មីរបស់អន្តរជាតិ ដែលមានការផ្លាស់ប្តូរជាបន្តបន្ទាប់។
លោកបានបញ្ជាក់ថា៖ «សិក្ខាកាមជាគ្រូបង្វឹករបស់យើងទទួលបានផលចំណេញច្រើនពីវគ្គសិក្សានេះ ព្រោះចំណេះដឹងដែលទទួលបានពីគ្រូឧទ្ទេសអន្តរជាតិ បានជួយពង្រឹងសមត្ថភាពដល់គ្រូបង្វឹករបស់យើងឱ្យកាន់តែល្អ ហើយពួកគាត់ ក៏អាចយកចំណេះដឹងនេះទៅបណ្តុះបណ្តាលបន្តដល់កូនសិស្សនៅតាមក្លិបរៀងៗខ្លួន អ៊ីចឹងកូនសិស្ស ក៏ទទួលបានចំណេះវិជ្ជាថ្មីៗ សម្រាប់អភិវឌ្ឍសមត្ថភាព សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ»៕