ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរៀបចំការប្រកួតកីឡាតេក្វាន់ដូ ពានរង្វាន់ឯកអគ្គរដ្ឋទូតឆ្នាំ ២០២៤ ដែលប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៣ ខែមិថុនា។
ការប្រកួតកីឡាតេក្វាន់ដូនេះធ្វើឡើងក្នុង ៦ វិញ្ញាសាមេគុន និង ២១ វិញ្ញាសាប្រយុទ្ធ ដោយមានអត្តពលិកសរុបចំនួន ២៩៦បានចូលរួម។ នេះបើតាមស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។
លោក Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានថ្លែងថា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរមានភាពកាន់តែជិតស្និទ្ធឡើង ដោយដំណើរទស្សនកិច្ចផ្លូវការលើកទី១របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់សាធរណរដ្ឋកូរ៉េ កាលពីខែឧសភាកន្លងទៅទទួលបានជោគជ័យ។
លោកបន្តថា៖ «ប្រទេសទាំងពីរត្រូវបានដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និត ជាពិសេស តេក្វាន់ដូ គឺជាព្រឹត្តិការណ៍កីឡាដ៏ពេញនិយមមួយដែលតភ្ជាប់ប្រទេសទាំងពីរ។សាធារណរដ្ឋកូរ៉េនឹងបន្តគាំទ្រដល់ការពង្រីកមូលដ្ឋានកីឡាតេក្វាន់ដូនៅកម្ពុជា»។
លោកឯកអគ្គរដ្ឋទូត Park សង្ឃឹមថា កីឡាករ និងកីឡាការិនីដែលបានចូលរួមការប្រកួតនឹងខិតខំប្រឹងប្រែងហ្វឹកហាត់កីឡាតេក្វាន់ដូ និងរីកចម្រើនក្លាយជាអត្តពលិកតំណាងឱ្យប្រទេសកម្ពុជានាពេលអនាគត។
ស្ថានទូតសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ជ័យលាភីទាំង ១០៨ នាក់ក្នុងការប្រកួតនេះ ទទួលបានមេដាយ ប័ណ្ណសរសើរ ហើយជ័យលាភីដែលបានពិន្ទុល្អ ទទួលបានមេដាយ ប័ណ្ណសរសើរ រួមជាមួយរង្វាន់ Galaxy ស្មាតហ្វូន និង Galaxy Fits ដែលឧបត្ថម្ភដោយក្រុមហ៊ុន Samsung Electronics៕