កីឡាការិនី​បារាំង​មាន​បេះដូង​ខ្មែរ រិទ្ធី អេម៉ា បាន​កែប្រែ​ស្ថានភាព​ប្រកួត​ដ៏​គ្រោះ​ពី​ការប៊ិះ​សន្លប់ ទៅ​ជា​ផ្តួល​កីឡាការិនី​អ៊ីរ៉ង់ Nazunin Hseini ​ឱ្យ​សន្លប់​វិញ ហើយ​ការ​តស៊ូ​យ៉ាង​អំណត់​នេះ អេម៉ា បានអះអាង​ថា នាង​ធ្វើ​ដើម្បី​គុនខ្មែរ មិន​មែន​ដើម្បីលុយ​នោះទេ។ 

ចំណែក​អតីត​កីឡាករ​ធ្លាប់​សាង​បាន​ភាព​ល្បី​ខ្លាំង ឡឹក វិបុល បាន​ផ្តួល​កីឡាករ​ឡាវ Chhang Prasit Khrotia ឱ្យ​សន្លប់​ត្រឹម​ទឹកទី​២ សម្រាប់​ការ​វិល​មក​កាន់​សង្វៀនជា​ថ្មី បន្ទាប់ពី​បាន​ចូល​និវត្តន៍​ពី​អាជីព​នេះ​អស់​រយៈពេល​ចូល​​២០​ឆ្នាំ។

សម្រាប់ការ​ប្រកួត​អំបោះ​ឆៅ​ជា​លើកដំបូង នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃទី​១៥ ខែមិថុនា កន្លង​មក​នេះ រិទ្ធី អេម៉ា បាន​ព្យាយាម​ប្តូរ​កណ្តាប់ដៃ​ជាមួយ​កីឡាការិនី​អ៊ីរ៉ង់ Nazunin Hseini យ៉ាងរន្ធើន ប៉ុន្តែ​នាង​ត្រូវបាន​ដៃគូ​វាយ​កណ្តាប់​ដៃ​ចូល​ផ្ទៃ​មុខ​ប្រមាណ​២០ដៃជាប់ៗគ្នា បណ្តាល​ឱ្យ​វង្វេង និង​ត្រូវបាន​អាជ្ញា​កណ្តាល​រាប់​នៅ​ពាក់​កណ្តាល​ទឹក​ទី​១។

បន្ថែម​ទៅលើ​ការ​រាប់​នេះ រិទ្ធី អេម៉ា កាន់តែ​មាន​ស្ថាន​ភាព​យ៉ាប់យឺន នៅពេល​ដែល​កីឡាការិនី Nazunin Hseini បាន​ស្ទុះ​ចូល​វាយ​សម្រុក​​មិន​ឈប់​ រួចបានជ្រុល​​បុក​កែង​បណ្តាល​ឱ្យ​បែក​លើចិញ្ចើម​ខាង​ស្តាំ​របស់ អេម៉ា ហូរ​ឈាម​ស្រោច​ពេញ​ផ្ទៃមុខ​នោះ។ ប៉ុន្តែ​ឈាន​ចូល​ទឹក​ទី​២ អេម៉ា បែរ​អាច​កែ​ប្រែ​ស្ថាន​ភាព​ប្រកួត​បាន​ល្អ ហើយ​បាន​បុកជង្គង់ និង​ម៉ាត់​ចូល​ផ្ទៃ​មុខ​របស់ Nazunin Hseini ផ្ទួនៗ​ប្រមាណ​៥​ដៃ បណ្តាល​ឱ្យកីឡាការិនីអ៊ីរ៉ង់​រូប​នេះដួល​​ក្រោក​ឡើង​លែង​រួច​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​បំផុត។

ជាមួយ​ការ​ទទួល​បាន​ជ័យ​ជម្នះ​ទាំង​វេទនា​នេះ រិទ្ធី អេម៉ា បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ «នៅ​ទឹក​ទី​១ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​សន្លប់​ ប៉ុន្តែ​ចូល​ទឹក​ទី​២ លោក​គ្រូ​របស់​ខ្ញុំ​បាន​ស្រែក​ឱ្យ​ខ្ញុំ​លើក​ដៃ​ឡើង (ដើម្បី​បិទការ​វាយ​របស់​គូ​ប្រកួត)។ ​ខ្ញុំ​ស្តាប់តាម​​ការ​ស្រែក​របស់​គាត់ ហើយ​ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត ដែល​ទទួល​បានជ័យជម្នះ សម្រាប់​ការ​ប្រកួតអំបោះ​ឆៅជា​លើកដំបូង​នេះ»។

យ៉ាង​ណា​ក៏​ដោយ ស្នាម​បែក​នៅលើ​ចិញ្ចើមស្តាំ​​របស់ រិទ្ធី អេម៉ា ក្រោមការ​វាយកែងថែម​​​របស់​កីឡាការិនី Nazunin Hseini ​ត្រូវបានគ្រូ​ពេទ្យ​ដេរ​អស់​៥ថ្នេរ ហើយ អេម៉ា ក៏​មានស្នាម​ពក​ជាច្រើន​កន្លែង​ទៀត នៅលើ​ផ្ទៃ​មុខ​ផងដែរ ប៉ុន្តែ រិទ្ធី អេម៉ា បានបញ្ជាក់​ថា៖ «​​ខ្ញុំ​មិនបាន​​ឈឺ​និងរបួស​នេះ​ទេ»។

តែទោះបីជា​យ៉ាង​ណា ចំពោះ​​អ្នក​គាំ​ទ្រ​គុនខ្មែរ បានកើត​ចិត្ត​អាណិត​ខ្លាំង​ដល់​ រិទ្ធី អេម៉ា ដែល​មានរបួស​បែក និងមាន​ស្នាម​ពក​ក្រហម​ពេញ​ផ្ទៃ​មុខនេះ ហើយ​ពួក​គេ​​បាននាំ​គ្នា​​ចូលរួម​ឧបត្ថម្ភ​ដល់ អេម៉ា តាម​រយៈ​ការ​បាញ់​លុយ​តាម ABA ដើម្បីជាការ​​លើក​ទឹក​ចិត្ត និង​អរគុណ​ដល់​កីឡាការិនី​បារាំង​ម្នាក់​នេះ ដែល​បាន​ចំណាយ​ទាំង​ពេល​វេលា និង​ថវិកា​ផ្ទាល់​ខ្លួនមក​​ហ្វឹក​ហាត់​គុនខ្មែរ និងប្រកួត​តំណាង​ឱ្យ​គុនខ្មែរ។

ប៉ុន្តែ​ឆ្លើយ​ទៅនឹង​ទង្វើ​របស់​អ្នកគាំ​ទ្រ​នេះ រិទ្ធី អេម៉ា បានបញ្ជាក់ពី​ជម្រៅ​ចិត្ត​របស់​ខ្លួន តាមរយៈ​ការ​បង្ហោះសារ​នៅលើ​ផេច​ហ្វេសប៊ុក​​ផ្ទាល់​​ខ្លួន​​ថា៖ ​«ខ្ញុំ​សូម​អរគុណ​អ្នក​រាល់​គ្នា ​ដែល​បាន​ផ្តល់​លុយ​ឱ្យ​ខ្ញុំ​នៅ ABA ប៉ុន្តែ​សូម​រក្សា​ប្រាក់​របស់​អ្នក។ ខ្ញុំ​មិន​វាយ​គុន​ខ្មែរ​ដើម្បី​លុយ​ទេ ខ្ញុំ​វាយ​គុន​ខ្មែរ ​ដើម្បី​បង្ហាញ​ពិភពលោក​ថា ​អ្វី​ជា​អ្វី»។

កីឡាការិនី​បារាំង​មាន​បេះដូង​ខ្មែរ អេម៉ា បាន​បន្ថែម​ថា៖ «ខ្ញុំ​វាយ​គុន​ខ្មែរ ​ព្រោះ​ខ្ញុំ​ស្រឡាញ់​វា ​ហើយ​ចិត្ត​ខ្ញុំ​មិន​អាច​ពន្យល់​វា​បាន​។ អ្នក​ទាំង​អស់​គ្នា​ផ្តល់​ក្តី​ស្រឡាញ់​ឱ្យ​​ខ្ញុំ​ខ្លាំង​ណាស់ គាំទ្រ​ខ្លាំង​ណាស់ ហើយ​នេះ​គ្មាន​តម្លៃ​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​ឱ្យ​​បង​ប្អូន​ខ្មែរ​គិត​ថា ​ត្រូវ​ផ្ញើ​លុយ​ឱ្យ​​ខ្ញុំ​ទេ។ ម្ដងទៀតអរគុណ​អ្នក​គ្រប់​គ្នា សម្រាប់​លុយ​ដែល​អ្នក​ផ្តល់​ឱ្យ​ខ្ញុំ ប៉ុន្តែ​បើ​មិន​មាន​លុយ​ច្រើន​ទេ សូម​អ្នក​ទុកវាសម្រាប់​ខ្លួន​ឯង​ទៅ»។

ចំណែក​អតីត​ជើង​ខ្លាំង ឡឹក វិបុល ដែល​បាន​ឃ្លាតឆ្ងាយ​ពី​សង្វៀន​ប្រដាល់​​ចូល​​២០​ឆ្នាំ​មក​ហើយ​នោះ នៅតែ​មាន​បច្ចេក​ទេស​ប្រកួត​បាន​យ៉ាង​ល្អ សម្រាប់​ការ​បង្ហាញ​ខ្លួនជា​ថ្មី នៅលើ​សង្វៀនប៉ុស្តិ៍លេខ​៥ កាលពី​យប់​ថ្ងៃសៅរ៍​នោះ​ដែរ ដោយ​កីឡាករ​កម្ពុជា​ម្នាក់​នេះ បាន​ទាត់​ជើង​ក្រោម​នាំ​ឱ្យ​លោក​អាជ្ញាកណ្តាល​រាប់​ទៅលើ​អ្នក​ប្រដាល់​ឡាវ​ Chhang Prasit Khrotia ចំនួន​២​លើក នៅ​ក្នុង​ទឹក​ទី​២ រួច​ធ្វើ​ការ​បញ្ឈប់​តែម្តង បន្ទាប់​ពី ឡឹក វិបុល បានទាត់​ឱ្យ Chhang Prasit Khrotia ដួល​ទាំង​ឈឺចាប់​ជា​លើក​ទី​៣​នោះ។

ជាមួ​ការ​ផ្តួល​កីឡាករ​ឡាវ​ឱ្យ​សន្លប់​នេះ ឡឹក វិបុល បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ ​«កីឡាករ​ឡាវ​ម្នាក់នេះ គាត់ល្អ​ដៃ ប៉ុន្តែ​ខ្ញុំ​បានផ្តួល​គាត់ ដោយ​ការ​​ទាត់ជើង​​ក្រោម គឺ​ខ្ញុំ​បានទាត់​ចូល​ច្រើនជើង​ដែរ ហើយខ្ញុំ​មិននឹកស្មាន​ថា ខ្លួនឯង​អាច​ធ្វើ​បាននោះ​ទេ ព្រោះ​យើង​ក៏​ចាស់​ហើយ​ដែរ និង​ខាន​ប្រកួត​ច្រើន​ឆ្នាំ​ទៀត»។

សម្រាប់​ការ​សម្រេច​ចិត្ត​វិល​ត្រឡប់​ឡើង​ប្រកួតជា​ថ្មីនេះ ឡឹក វិបុល បាន​ទម្លាយ​ថា ដោយ​លោក​មានការ​​នឹក​រលឹកដល់​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ដែលជា​កន្លែង​លោក​ធ្លាប់​បានសាង​ភាពល្បី​ខ្លាំង​រហូត​​ទទួល​អាវ​មាស បន្ទាប់ពី​បាន​រក្សា​ការ​ឈ្នះ​៣ឆ្នាំជាប់ៗ​គ្នា នៅ​សង្វៀននេះ ហេតុនេះ​ ឡឹក វិបុល មានបំណង​ចង់​បង្ហាញ​អាវ​មាស​ដ៏មានកិត្តិយស​របស់​ខ្លួន​នេះ ឱ្យ​អ្នក​ទស្សនា​នៅ​លើ​ពិភព​លោក​បាន​ឃើញ។​

ទន្ទឹម​នឹង​នេះ​កីឡាករជើ​ងចាស់ ឡឹក វិបុល ការតាំង​ចិត្ត​ធ្វើ​ឱ្យ​បាន​កាន់តែ​ល្អ ចំពោះ​ការ​បង្ហាញ​វត្ត​មាន​ក្រោយៗ​ទៀត។

វិបុល បានបញ្ជាក់​ថា៖ ​«​សម្រាប់ការ​ឡើង​ប្រកួតជា​បន្ត​ទៀត ខ្ញុំ​គិត​ថា អាច​ល្អ​ជាង​ការ​ប្រកួត​លើក​នេះ ព្រោះឥឡូវ​យើង​នៅមាន​ក្បាលពោះបន្តិច តែ​ខ្ញុំនឹង​ខំ​ហ្វឹកហាត់​សម្រក​​ក្បាល​ពោះ​ឱ្យ​បានរាងស្អាត ទើប​ខ្ញុំ​ហ៊ាន​ឡើង​វ៉ៃ​ទៀត»។

ដោយឡែក សម្រាប់ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ចំនួន៤គូ​ទៀត នៅលើ​សង្វៀនប៉ុស្តិ៍​លេខ​៥ កាលពី​យប់​ថ្ងៃសៅរ៍​នោះ​ដែរ កីឡាករ​ជើង​ខ្លាំង មឿន សុខហ៊ុច បាន​ទាត់ឆ្វេងចូល​ឆ្អឹង​ជំនីរ​បណ្តាល​ឱ្យ​​អ្នក​ប្រដាល់រុស្ស៊ី Alexsandr បោះ​បង់ការ​ប្រកួត​នៅ​ដើមទឹក​ទី​២ រីឯ ហ៊ឹម គីមរៀង បាន​ទាត់​អ្នក​ប្រដាល់​របស់​ចិន Lu Zuoxiang ឱ្យ​ខូចជើង​ក្រោម នៅទឹក​ទី​១ ចំណែក វៀត ប៊ុនឌឿន បាន​ឈ្នះ​កីឡាករ​ចិន Jiang Chengbao ដោយពិន្ទុ​ទាំង​លំបាក ប៉ុន្តែ ធា នុរាជ បានចាញ់កីឡាករ​ឡាវ Sutee Mongkolpeth ដោយពិន្ទុ៕