ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា ហាប់គីដូ លោក សៅ សេងហាក់ បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ជាមួយ​និង​ការ​ដាក់​គោល​ដៅ​ជាក់​លាក់ ដើម្បី​​ពង្រីក​វិសាល​ភាព​កីឡា ហាប់គីដូ ឱ្យ​បាន​កាន់​តែ​ខ្លាំង ​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ ស្របពេល​ដែល​ក្រុម​អត្តពលិក​ហាក់គីដូកម្ពុជា ក៏​កំពុង​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​ជើងឯក​ពិភព​លោក ជា​ប្រវត្តិសាស្រ្ត​លើក​ដំបូង បន្ទាប់​ពី​ប្រភេទ​កីឡា​នេះ បាន​កកើត​នៅ​លើ​ទឹក​ដី​កម្ពុជា​អស់​រយៈពេល​ជាង​៥០​ឆ្នាំមក​នេះ។

លោក សៅ សេងហាក់ បាន​ថ្លែង​ថា៖​«ខ្ញុំ​សូម​ប្ដេជ្ញា​ចិត្ត នឹង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើង​ថ្នាក់ជាតិ​ឱ្យ​បាន​រៀងរាល់​ឆ្នាំ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កីឡា ហាប់គីដូ នេះ​ឱ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ក្នុង​ថ្នាក់​ជាតិ និង អន្តរជាតិ ហើយ​យើង​ក៏​ប្តេជ្ញា​នឹង​បន្ត​ជំរុញ​ទាំង​ការងារ​រដ្ឋបាល បណ្តុះ​បណ្តាល និង​ផលិត​នូវ​ធនធាន​មនុស្ស​ឱ្យ​កាន់​តែ​រីក​ចម្រើន​ជា​លំដាប់ សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់​ជាតិ និង អន្តរជាតិ​ស្របតាម​គោលការណ៍​សហព័ន្ធ​ជា​សកល»។

ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​បែប​នេះ​របស់ លោក សៅ សេងហាក់ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​កីឡា​ហាក់គីដូ​ទាំង​អស់ ​ដែល​បាន​ផ្តល់​ទំនុក​ចិត្ត ​និង​គាំទ្រ​ដល់​​រូប​លោក​ ឱ្យ​បន្ត​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​​ក្នុង​អាណត្តិ​ថ្មី​ អម​ដោយ​អនុប្រធាន ៥​នាក់ គឺ​លោក ជា បូរ៉ា, លោក ផាត់ សុភា, លោក គួច ហុងជៀក, លោក ទេព វីរៈ និង​លោក សែ តារា រីឯ​លោក គង់ ចាន់ធីណា បន្ត​ធ្វើ​ជា​អគ្គលេខាធិការ អម​ដោយ​អគ្គលេខាធិកា​រង​ ២រូប ព្រម​ទាំង​អគ្គហេរញ្ញិក អគ្គហេរញ្ញិករង និង​សមាជិក ៣នាក់​ទៀត​សរុប​១៥​នាក់។

នៅក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​ ៧ និង​បន្ត​អាណត្តិ​ថ្មី​ទី ៨ ឆ្នាំ ២០២៤-២០២៨​របស់​​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ នៅ​ទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិក​កម្ពុជា (NOCC) កាល​ពី​ថ្ងៃទី​១៦ ខែ​មិថុនា ​លោក សេងហាក់ ក៏​បាន​បង្ហើប​ពី​ផែន​ការ​ដ៏​សំខាន់​​​របស់​សហព័ន្ធ​នេះ គឺ​​ការ​ត្រៀម​បញ្ជូន​ក្រុម​កីឡាករ កីឡាការិនី ទៅ​ចូលរួម​ប្រកួត​កីឡា ហាប់គីដូ ជ្រើសរើស​ជើងឯក​ពិភពលោក (World LH.F Hapkido Championship 2024) នៅ​ប្រទេស​ថៃ ដែល​នឹង​ប្រព្រឹត្ត​ទៅចាប់​ពី​ថ្ងៃទី១ ដល់​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ២០២៤។ 

ការ​ត្រៀម​ខ្លួន​ទៅចូលរួម​ការ​ប្រកួត World LH.F Hapkido Championship 2024 នេះ បាន​ឆ្លុះបញ្ជាំង​ឱ្យ​ឃើញ​ពី​ដំណើរ​នៃ​ការ​តស៊ូ​ដ៏​វែង​ឆ្ងាយ​របស់​សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​គឺ​​មាន​រយៈពេល​ចូល​​ ៥០​ឆ្នាំ​មក​ហើយ ទើប​ទទួល​បាន​ឱកាស​ទៅ​ចូលរួម​ការ​ប្រកួត​អន្តរជាតិ ជា​លើក​ដំបូង ក្នុង​ឆ្នាំ​២០២៤​នេះ។

បន្ថែម​​លើ​នេះ​ លោក សៅ សេងហាក់ បាន​ប្តេជ្ញា​អភិវឌ្ឍ​ និង​លើក​កិត្យានុភាព​ហាប់គីដូ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ភាព​ល្បី​ល្បាញ​ថែម​ទៀត។ 

លោក​បញ្ជាក់​ថា​៖ «សហព័ន្ធ​នឹង​ពង្រីក​វិសាល​ភាព​កីឡា​ហាប់គីដូ​ ឱ្យ​ទៅ​ដល់​បណ្តា​ខេត្ត ​និង​ចាប់យក​ឱកាស​ចេញ​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន​តាម​លទ្ធិភាព​ ដែល​យើង​អាចធ្វើ​ទៅ​បាន ដើម្បី​បង្កើត​ស្នាដៃ និង​លើក​កិត្យានុភាព​ ហាប់គីដូ​កម្ពុជា​របស់​យើង​ឱ្យ​កាន់​តែ​ល្បីល្បាញ​ទាំង​ក្នុង​ប្រទេស និង​លើ​ឆាក​អន្តរជាតិ»។

ជាមួយគ្នា​នេះ លោក​វរសេនីយ៍ឯក គង់ ចាន់ធីណា អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ បាន​ធ្វើ​របាយការណ៍​យ៉ាង​លម្អិត​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​នៃ​ការ​អភិវឌ្ឍ​កីឡា​ហាប់គីដូ​នៅ​​កម្ពុជា។ ចំណុច​ខ្លាំង គឺ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​នេះ បាន​បំពេញ​ការងារ​ដោយ​មាន​ការ​សហការ​គ្នាយ៉ាង​ល្អ និង​មាន​ការ​លះបង់​ខ្ពស់​ទាំង​ធនធាន  និង​ពេលវេលា​ផ្ទាល់​ខ្លួន ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ជាពិសេស​នៅ​ក្នុង​អាណត្តិ​ទី​៧ ឆ្នាំ​២០២០-២០២៤ ក្រោម​ការ​ដឹកនាំ​របស់​លោក សៅ សេងហាក់។

លោក ចាន់ធីណា បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​​ថា៖ «នៅក្នុង​អាណត្តិ​ទី​៧ យើង​ឃើញ​ថា ហាប់គីដូ មាន​ការ​ចាប់​អារម្មណ៍​ពី​ស្រទាប់​មហាជន និង​កង​កម្លាំង​ ហើយ​កីឡាករ កីឡាការិនី​ដែល​ប្រកប​ដោយ​​វិន័យ​អត្តចរិត​សីលធម៌​ល្អ និង​មាន​សាមគ្គីភាព កាន់​តែ​បង្កើន​បាន​នូវ​សមត្ថភាព​បច្ចេក​ទេស​​ខ្ពស់​ថែម​ទៀត។ ក្នុង​នោះ​សហព័ន្ធ បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​យន្តការ​ការងារ​រដ្ឋបាល និង​ផែន​ការ​អភិវឌ្ឍ​កីឡា​កម្រិត​ជាតិ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ឈាន​ទៅ​រក​កម្រិត​អន្តរជាតិ»។

ចំណែក​​ចំណុច​ខ្សោយ​វិញ គឺ​សហព័ន្ធ​ខ្មែរ​ហាក់គីដូ នៅពុំ​ទាន់​មាន​កញ្ចប់​ថវិកា​ពី​ក្រសួងអប់រំ យុវជន និង​កីឡា សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​​ប្រកួត​ផ្សេងៗ​ឱ្យ​បាន​ទៀត​ទាត់​ឡើយ ហើយចំពោះ​បញ្ហា​នេះ លោក សៅ សេងហាក់ ក៏បាន​ដាក់​គោលដៅ ស្វែង​រក​ប្រភព​ចំណូល​បន្ថែម​ទៀត ក្នុងការបន្ត​អភិវឌ្ឍ​កីឡាហាប់គីដូ​ឱ្យ​បាន​យូរ​អង្វែង​ផងដែរ។

ជាមួយគ្នា​នេះ ​លោក ទុយ ប៊ុនហឿន អនុប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និងកីឡា ​នៃ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន សហព័ន្ធ​កីឡាជាតិ​មាន​ចំនួន​សរុប ៦០ ហើយ​ក្នុងនោះ​មាន​សហព័ន្ធ​កីឡាជាតិ​ចំនួន ៤៨ ទទួល​បាន​កញ្ចប់​ថវិកា​គាំទ្រ​ប្រចាំ​ឆ្នាំ​ពី​ក្រសួង អប់រំ យុវជន និង​កីឡា ដើម្បី​ដំណើរការ​អភិវឌ្ឍ។ 

លោក​បាន​បន្ត​ថា ដោយឡែក សម្រាប់​ប្រភេទ​កីឡា ហាប់គីដូ គឺ​មិន​ទាន់​ទទួល​បាន​កញ្ចប់​ថវិកាអភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ​នៅ​ឡើយ ហើយ​នៅ​ក្នុង​បញ្ហា​នេះ លោក ទុយ ប៊ុនហឿន ​បាន​​ប្រាប់​ឱ្យ​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​​របស់​សហព័ន្ធ​ខ្មែរ​ហាប់គីដូ ដែល​មាន​លោក សៅ សេងហាក់ ជា​ប្រធាន ស្នើសុំ​កញ្ចប់​ថវិកា​គាំទ្រ​ពី​ក្រសួង អប់រំ យុវជន និងកីឡា ហើយ​ក្រសួង​អប់រំ​នឹង​ពិនិត្យ​ពិចារណា ដើម្បី​ស្នើសុំ​បន្ត​ទៅ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៕