ប្រទេស​កម្ពុជា តាម​រយៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​និង​កំពុង​ជំរុញ​អ្នក​រត់ប្រណាំង​​នៅ​ខេត្តយូណាន​ប្រទេស​ចិន ឱ្យមក​ចូលរួម​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ លើក​ទី​៩ ឆ្នាំ​២០២៤ ឱ្យ​បានច្រើន​វិញ ដែល​គ្រោង​នឹង​ធ្វើ​នៅអង្គរ​វត្ត ​​ខេត្ត​សៀម​រាប  នា​ថ្ងៃទី​​​៤ ខែ​សីហា ខាង​មុខនេះ។

តាម​ខ្លឹម​សារ ដែល​បាន​ប្រកាស​​ក្នុងសន្និសីទ​កាសែត នៅ​ទី​ស្នាក់ការ NOCC កាល​ពី​ថ្ងៃទី​២០ ខែមិថុនា បាន​ឱ្យ​ដឹង​ថា មាន​អ្នកចុះ​ឈ្មោះ​ចូល​រួម​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ លើក​ទី​៩ ​ចំនួន​ ​១៣៧៦​នាក់​ហើយ​ ហើយ​ចំនួន​ជា​បណ្តោះ​អាសន្ន​នេះ គឺ​តិច​ជាង​ កាលពី​ឆ្នាំ ​២០២៣ ដែល​មាន​អ្នក​ចូលរួម​សរុបជាង​ ២ ពាន់​នាក់ ប៉ុន្តែ​មន្រ្តី​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ទម្រាំ​ដល់ថ្ងៃ​​បិទ​ការ​ចុះ​ឈ្មោះ ចំនួន​អ្នក​ចូលរួម អាច​នឹង​កើន​ឡើង​​​ចន្លោះ​ពី​ ២៥០០​ ទៅ​ជាង​ ៣០០០​នាក់។

តែ​ទោះ​បី​ជា​យ៉ាង​ណា បើ​ប្រៀប​ធៀបចំនួន​អ្នក​ចូល​រួមម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ទៅ​និង​ឆ្នាំ​មុន​ៗ​ ជា​ពិសេស​មុន​វិបត្តិ​កូវីដ១៩ គឺ​​មាន​ការ​​ថយ​ចុះ​ ហើយចំពោះ​បញ្ហា​នេះ លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ NOCC បាន​​អះអាង​ថា បណ្តាល​មក​ពី​ទី​ផ្សារ​​​​ចុះ​ឈ្មោះ​​អ្នក​រត់ជាជនជាតិ​​ចិន​មានការ​ថយ​ចុះ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច និង​សុខមាលភាព​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

នៅ​ក្នុងសន្និសីទកាសែត កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ លោក វ៉ាត់ ចំរើន បាន​ចោទ​ជាសំនួរ​បែប​នេះ​​ថា៖ «សួរថា ហេតុ​អ្វី​បានជាចំនួន​អ្នក​ចូល​រួម​​មាន​ការ​ធ្លាក់​ចុះ? (ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ) ពីលើក​មុនៗ មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​​ពី​៣ទៅ​៤ពាន់​នាក់​ជាង គឺ​ដោយ​សារ​​ទីផ្សារ​ចិន​ តែ​ទី​ផ្សារ​ចិន​ឥឡូវ​មានការពិបាក​​ក្នុងការ​ចូល​រួម»។

ជាមួយ​បញ្ហា​ប្រឈម​នៅចំពោះមុខនេះ ​លោកទេស​រដ្ឋ​មន្ត្រី ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​ទទួល​បន្ទុក​អភិវឌ្ឍ​​វិស័យ​កីឡា កាល​ពី​ខែឧសភា បាន​អញ្ជើញ​ទៅ​ប្រទេស​ចិន និង​​​​ចុះ​ហត្ថលេខា​លើ​ផែនការ​សកម្មភាព​ដើម្បី​អនុវត្ត​គម្រោង​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី «ការរត់​ប្រណាំង​ទីក្រុង​ភ្លោះ​រវាង​ចក្រភព​អង្គរ​ម៉ារ៉ាតុង និង​កិច្ច​សហប្រតិបត្តិការ​មេគង្គ ឡានឆាង ដាលីម៉ារ៉ាតុង» ដើម្បី​ផ្តល់​អ្នក​រត់​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក គឺ​ធ្វើ​យ៉ាង​ណា​បង្កើន​ការ​ចុះ​ឈ្មោះ​របស់​ជន​ជាតិ​ចិន ក៏​ដូច​ជា​រួម​ដៃ​គ្នា​​រៀបចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នៅ​កម្ពុជា​ឱ្យ​​កាន់​តែ​ល្អ​ប្រសើរ។

លោក វ៉ាត់ ចំរើន ​បាន​ថ្លែង​​ថា ៖«នៅ​ក្នុង​ខ្លឹមសារ​ចុះ​ហត្ថលេខានោះ គឺ​យើង​ផ្តល់​អត្ថប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​គឺ​ផ្តល់​អ្នក​រត់​ទៅ​វិញ​ទៅ​មក។ ​បើ​សិនជានៅ​ខេត្ត​យូណាន គេ​មាន​​អ្នក​រត់​​​អាជីព​​១០០​នាក់ ហើយ​យើង​ក៏​​មាន​អ្នក​រត់​ជា​អាជីព​១០០​នាក់​ដែរ គឺ​យើង​នឹង​ផ្លាស់​ប្តូរ​គ្នា​ដោយ​ឥត​គិត​​ថ្លៃ។ ប៉ុន្តែ​ក្រៅ​ពី​អ្នក​រត់​អាជីព គឺ​យើង​ផ្តល់​ឱ្យ​​ពួក​គាត់​ចុះ​ឈ្មោះ​ចូល​រួម​​ដូច​គេ​ឯង​ធម្មតា»។
ជាមួយ​គ្នា​នេះ លោក វ៉ាត់ ចំរើន ​បានរំឭក​ពីតួលេខ​ជនជាតិ​ចិន ដែល​ធ្លាប់​បាន​ចូលរួម​ក្នុង​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ នា​បណ្តាឆ្នាំ​កន្លង​មក ដែល​តែងតែ​ឈរ​នៅ​ចំណាត់​ថ្នាក់លេខ​១ ប៉ុន្តែ​តាម​ចំនួន​អ្នក​ចុះ​ឈ្មោះ​ត្រៀម​សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ​២០២៤​នេះ គឺ​អ្នក​រត់ជាជនជាតិ​ចិន បាន​ធ្លាក់​មក​នៅ​លេខ​២ ចំណែក​ជនជាតិ​ជប៉ុន បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​១​វិញ និង​ម៉ាឡេស៊ី ឈរ​នៅលេខ​៣ រួម​ជាមួយ​​ប្រទេស​ផ្សេង​ៗ​ទៀត។

យ៉ាង​ណា​ក៏​ដោយ នៅពេលនេះ​កម្ពុជា កំពុងទន្ទឹង​រង់ចាំ​ពីការ​ផ្តល់​ចំនួនតួលេខ​អ្នក​ចូលរួម​មក​ពី​ខេត្ត​យូណាន។ 

លោក វ៉ាត់ ចំរើន ​បាន​បញ្ជាក់​ថា ៖ «ឯកឧត្តម​បណ្ឌិត ថោង ខុន កំពុង​ជំរុញ​លើ​រឿង​នេះដែល​យ៉ាង​ហោច​ណាស់​ឱ្យ​​មាន​ការ​ចូល​រួម ​៥០០​នាក់ពី​ភាគី​ចិន។ ឥឡូវ​នេះ យើង​កំពុង​រង់ចាំ​ពី​រដ្ឋបាល ឬ​អាជ្ញាធរ​ខេត្ត​យូណាន​បញ្ជាក់​ពី​ការ​ចូល​រួម ហើយ​យើង​ក៏​ត្រូវ​​ត្រៀម​លក្ខណៈ​សម្បត្តិ​ដើម្បី​ធ្វើ​បដិសណ្ឋារ​កិច្ច​ពួក​គាត់»។

ទន្ទឹម​នឹងនេះ​ លោក វ៉ាត់ ចំរើន ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ បាន​បញ្ជាក់​ពី​​​​គោល​ដៅ​ធំសំខាន់​២​យ៉ាង​នៃ​ការ​រៀបចំ​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភាព​​អង្គរ នា​រដូវភ្លៀង​ នា​ខែសីហា​ខាង​មុខ​នេះ ​គឺ​ទី​១ ​ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍  ព្រោះ​នៅ​ពេល​ជន​បរទេស​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​កាន់​តែ​ច្រើន​ នឹង​ជួយ​ដល់​វិស័យ​ទេសចរណ៍​កាន់​តែ​ច្រើន​​ទាំង​ការ​ធ្វើ​ដំណើរ​ ការ​ស្នាក់​នៅ និង​ការហូបចុក។ 

ចំណែក​គោលដៅ​ទី​ ២ គឺ​​ដើម្បី​កិច្ច​ការ​សប្បុរស​ធម៌ ព្រោះ​ថវិកា​ដែល​​សល់​ពី​ការចំណាយ​​​លើ​ការ​ផលិត​មេដាយ អាវយឺត​ និង​ស្លាក​លេខ​សម្រាប់​អ្នក​ចូល​រួម​ទាំង​អស់ នឹង​ប្រើ​ប្រាស់សម្រាប់​កិច្ច​សប្បុរស​ធម៌​ដូច​ជា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្លា មន្ទីរ​ពេទ្យ​កុមារ​អង្គរ និង​អង្គការ​សប្បុរស​ធម៌​ជា​ច្រើន​ទៀត។

ជាមួយ​អត្ថប្រយោជន៍​នេះ លោក វ៉ាត់ ចំរើន បាន​សង្កត់​ធ្ងន់​ថា៖ ​«ខ្ញុំសូម​អរគុណចំពោះ​គ្រប់​ភាគី​ពាក់​ព័ន្ធ និង​ម្ចាស់​ឧបត្ថម្ភ ដែល​បាន​ចូលរួមជួយ​ ហើយ​យើង​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ក្នុងការ​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នេះ។ បើ​ទោះបីជា​ក្នុង​ស្ថានភាព​មិន​ល្អ​យ៉ាង​ណា​ក៏​ដោយ តែ​យើង​ទាំងអស់​គ្នា​ ត្រូវ​ខិតខំជួយ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ឱ្យ​បាន​ច្រើន​ ដើម្បី​ធ្វើ​ឱ្យ​សង្គម​របស់​យើង​មាន​ភាព​រស់​រវើក និ​ង​មាន​ភាព​សកម្ម»។

ចំណែក​លោក សែម ផល្លា នាយក​ប្រតិបត្តិ​រៀបចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុងនៅ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ទិវា​រត់ប្រណាំង​​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​ ​ឆ្នាំ​២០២៤ មាន​​៤​វិញ្ញាសា​ គឺរត់​​ចម្ងាយ​​៤២​គីឡូម៉ែត្រ ​២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និងរត់​កម្សាន្ត​​ចម្ងាយ​​៣​គីឡូម៉ែត្រ​​ ចំណែក​ផ្លូវ​រត់នៅ​តំបន់​អង្គរ លោកអះអាង​ថា មាន​​ភាព​​អំណោយ​ផល​ល្អ ហើយ​ទេសភាព​នៅ​តាម​ដង​ផ្លូវ ក៏​មាន​ភាព​ស្រស់បំព្រង ដែល​បម្រើ​ដល់​ចក្ខុ​របស់​អ្នក​ចូលរួម​រត់​ទាំង​អស់ ព្រោះពេល​នេះជា​រដូវ​ភ្លៀង។

ជាមួយគ្នានេះ លោក សែម ផល្លា បានសាទរ​ខ្លាំងចំពោះ​ការ​ចុះ​ហត្ថលេខា​ប្រតិបត្តិការ​​ចក្រភពអង្គរម៉ារ៉ាតុង​របស់​កម្ពុជា និង​ដាលី​ម៉ារ៉ាតុង​ខេត្ត​យូណាន​របស់​ចិន ដោយ​លោក​យល់​ថា ជា​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ ដែល​ផ្តល់​ឱ្យ​ភាព​ទាំង​២ ជាពិសេស​កម្ពុជា អាច​ទទួល​បាន​អ្នក​រត់​កាន់តែ​ច្រើន ហើយ​ក៏​នឹង​ទទួល​បានបទពិសោធន៍​ថ្មីៗ​បន្ថែម​ទៀត ពី​អ្នក​រៀបចំ​ការ​ប្រកួតម៉ារ៉ាតុង​របស់​ខេត្ត​យូណាន​ផងដែរ។

លោក​បានបញ្ជាក់​ថា៖​ «ខ្ញុំ​មានការ​ត្រេកអរ ដែល​យើង​បាន​បង្កើត​ឱ្យ​មានកិច្ចសហប្រតិបត្តិ​ការ​ជាមួយ​ដាលីម៉ារ៉ាតុងនៅខេត្តយូណាន​របស់​ចិន ដោយ​នឹងមានការ​ផ្លាស់​ប្តូរ​កីឡាករ​គ្នា និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​ថា ធ្វើ​ម៉េច​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។ យើង​នឹង​រឹត​ចំណង​មិត្ត​ភាព​ឱ្យ​កាន់តែ​ខ្លាំង​ក្លា ដើម្បី​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​របស់​យើង​កាន់តែ​រីក​ធំ​ធាត់។ ព្រឹត្តិការណ៍​ណា​ក៏​ដោយ យើង​ត្រូវ​មានការ​ឧបត្ថម្ភ​គាំ​ទ្រក្នុង​ប្រទេស​ ក៏​ដូចជា​ក្រៅ​ប្រទេស​ ដែល​វា​ជារឿង​សំខាន់​ណាស់ ព្រោះគ្មាននរណា​ម្នាក់​ធ្វើខ្លួនឯង ហើយ​ជោគជ័យដោយ​ខ្លួនឯង​ទេ​ គឺ​​ត្រូវ​មាន​ខ្សែ​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ទើប​អាច​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ហ្នឹង​ជោគជ័យ​បាន»៕