កីឡាករ​កម្ពុជា រិទ្ធី ចាន់ណា និង ជុន ស៊ឹមប៊ុន សុទ្ធតែ​បាន​​ផ្លាស់ប្តូរ​​យុទ្ធសាស្រ្ត​ប្រកួត ដើម្បី​​ផ្តួល​អ្នកប្រដាល់​ចិន​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​២​ សម្រាប់ការ​បង្ហាញ​វត្ត​មាន​រួមជាគ្នា ​​ជា​លើក​ដំបូង នៅ​លើ​សង្វៀន​ប៉ុស្តិ៍លេខ ​៥ ចំណែក​ ទូច ប្រុសណុច បាន​ជាប់​ឈ្មោះ​ជា​កីឡាករ ដែល​បាន​ប្រើ​ពេល​ខ្លី​បំផុត ក្នុងការ​ផ្តួល​កីឡាករ​​បរទេស​ឱ្យ​សន្លប់ ប្រចាំ​នៅ​សង្វៀន​​ប្រដាល់​មួយ​នេះ​។

បើទោះបីជា រិទ្ធី ចាន់ណា ធ្លាប់​មាន​បទពិសោធន៍​ប្រកួត​ច្រើន ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ថៃ ប៉ុន្តែ​អ្នក​ប្រដាល់ ​ធ្លាប់​ផ្ញើ​ខ្លួន​នៅលើ​ទូកនេសាទក្នុង​ប្រទេស​ថៃ មុនក្លាយជា​អ្នក​ប្រដាល់​រូប​នេះ ​បានអះអាង​ថា រូបគេ មិន​ធ្លាប់​បាន​ប្រកួត​ជាមួយ​កីឡាករ​ចិន​ពីមុន​មក​នោះ​ទេ។

យ៉ាង​ណាមិញ សម្រាប់​ការ​ជួប​កីឡាករ​ចិន Jiang Chengbao (ជាង ឆឹងប៉ាវ) ជាលើកដំបូង នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃទី​២២ ខែមិថុនា កន្លងមកនេះ ចាន់ណា អាច​កែ​ប្រែ​ស្ថាន​ភាព​ប្រកួតដ៏គ្រោះ​ថ្នាក់​របស់​ខ្លួន ជាមួយ​ការ​ប្តូរ​យុទ្ធសាស្រ្ត​បាន​យ៉ាង​ល្អ ដើម្បី​ផ្តួល​ឱ្យ​ជើង​ខ្លាំង ដែល​មានសមត្ថភាព​ល្អទាំងការ​ម៉ាត់ វាយកែង និងការ​បុកជង្គង់​របស់​ចិន​ម្នាក់នេះ សន្លប់​នៅ​ចុង​ទឹក​ទី​២។

រិទ្ធី ចាន់ណា បាននិយាយ​ក្រោយការ​ប្រកួត​ថា៖ ​«ខ្ញុំ​មានការ​បារម្ភ​តាំងពីឃើញ​គាត់​ពេល​​ថ្លឹងគីឡូ ព្រោះ​គាត់​ខ្ពស់ជាង ហើយពេលប្រកួត​នៅ​ទឹក​ទី​១ កណ្តាប់ដៃ​វាយ​ចេញ​របស់​គាត់​ធ្ងន់ ធ្វើ​ឱ្យ​ខ្ញុំចង់គាំង ក៏ប៉ុន្តែ​ឈាន​ចូល​ទឹក​ទី​២ ខ្ញុំ​បាន​ប្តូរ​យុទ្ធសាស្រ្តមកជាទាត់ រួច​ម៉ាត់ ធ្វើ​ឱ្យ​គាត់​ពិបាកចាប់​ក្បាច់​ខ្ញុំ ហើយ​នៅពេល​គាត់​រវល់តែ​បាំង​ជើង​ក្រោមនោះ ខ្ញុំបាន​​ម៉ាត់​ស្តាំ​ចូល​ថ្គាម​បណ្តាល​ឱ្យ​គាត់​សន្លប់​តែម្តង»។

តាម​រយៈ​ការ​ប្រកួតជាក់​ស្តែង ក្នុង​នាមជា​គូឯក កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ រិទ្ធី ចាន់ណា បាន​ព្យាយាម​ប្រើ​កណ្តាប់​ដៃ ម៉ាត់ទៅលើ​ពោះ​របស់​កីឡាករ ជាង ឆឹងប៉ាវ ប៉ុន្តែ​​ត្រូវបាន​កីឡាករ​ចិន​ម្នាក់​នេះ ម៉ាត់ និង​វាយ​កែងត្រឡប់មក​វិញ​ចូលពេញៗ ធ្វើ​ឱ្យ ចាន់ណា ចង់​គាំង​ម្តងៗ​ផងដែរ។ ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​២ ចាន់ណា បាន​ប្តូរមក​ទាត់​ជើង​ក្រោម និងទាត់​​ឆ្អឹងជំនីរ រួច​ទើបស្ទុះ​ចូល​ម៉ាត់​ពោះជាច្រើន​ដៃ ធ្វើឱ្យ ឆឹងប៉ាវ មានភាព​ទ្រុឌទ្រោមខ្លាំង ហើយ​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​អំណោយ​ផល​នេះ ចាន់ណា បាន​ឆ្លៀត​ប្រើកណ្តាប់ដៃ​ស្តាំ ម៉ាត់​ចូល​ថ្គាមពេញ​ទំហឹង បណ្តាល​ឱ្យ ឆឹងប៉ាវ ដួល​សន្លប់​តែម្តង។

ចាន់ណា បានបន្ថែម​ថា៖​ «​ខ្ញុំ​បានព្យាយាម​វាយពោះ​ច្រើន ព្រោះ​គិត​ថា គាត់​អន់ពោះ ប៉ុន្តែ​ពោះ​របស់​គាត់មិន​អន់​​ទេ គឺ​គាត់​អន់ថ្គាមទៅវិញ​ ព្រោះ​ដាក់​ត្រូវតែ​​មួយ​ដៃទៅ​តែម្តង ហើយខ្ញុំពិតជា​សប្បាយ​ចិត្តខ្លាំង ព្រោះនេះជា​លើក​ទី​១ ដែលខ្ញុំ​បានជួប​កីឡាករ​ចិន ហើយ​ក៏ជា​លើក​ទី​១ ដែល​ខ្ញុំ​បានមក​ប្រកួត​បែបពាក់ហ្គង់​ចេញម្រាម នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ អ៊ីចឹង​វាជា​កំណត់​ត្រា​ថ្មី​មួយ​ទៀត​​របស់​​ខ្ញុំ»។

ចំណែក​កីឡាករ ជុន ស៊ឹមប៊ុន ក៏​បាន​​ផ្តួល​​អ្នក​ប្រយុទ្ធ​របស់​ចិន Li Jianglong (លី ជាងឡុង) ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​២​ដូចគ្នា តាម​រយៈ​ការ​ម៉ាត់​ឆ្វេង​ចូលពោះ បណ្តាល​ឱ្យ ជាងឡុង ចុក​រមួល មិនអាច​បន្ត​ការ​ប្រកួត​ទៀត​បាន។ តែទោះបីជា​យ៉ាង​ណា ស៊ឹមប៊ុន ក៏ប៊ិះ​និង​សន្លប់ឈរ​​​ក្រោម​ការ​ម៉ាត់​ចូល​ពេញៗ និង​ធ្ងន់​របស់​កីឡាករ ជាងឡុង ផងដែរ គ្រាន់​តែ​រូបគេ អាច​កែ​ប្រែ​ស្ថាន​ភាព​បាន​ទាន់ពេល​វេលា។ 

ការប្រកួតរវាងកីឡាករ ជុន ស៊ឹមប៊ុន (ក្រហម) ជាមួយអ្នកប្រដាល់ចិន Li Jianglong នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២២ ខែមិថុនា។ រូបថត សហការី

ជុន ស៊ឹមប៊ុន ដែល​មានស្នាមបែក នៅ​ក្រោមភ្នែក​ខាងឆ្វេង​នោះ បាន​និយាយ ក្រោយ​ការ​ប្រកួត​ថា៖​ «គាត់ល្អ ដៃគាត់​លឿន គឺ​ខ្ញុំ​យឺត​ជាង​គាត់ អ៊ីចឹង​ខ្ញុំ​មានតែ​ព្យាយាម​វាយ​ឱ្យ​ចំចំណុច​ខ្សោយ​​របស់​គាត់។ គាត់វ៉ៃ​ចូល​ខ្ញុំ​ច្រើន នៅ​ក្នុងទឹក​ទី​១ ព្រោះ​ដៃគាត់​លឿន ហើយ​ធ្ងន់ តែនៅទឹក​ទី​២ ខ្ញុំ​បាន​ផ្លាស់ប្តូរ ដើម្បី​ទទួល​បានជ័យជម្នះ គឺ​ខ្ញុំ​បានវាយ​លើ២ទៅ​៣​ដៃ រួចម៉ាត់ឆ្វេង​​ចូលពោះ​ទឹក»។

ដោយ​ឡែក ​កីឡាករកម្ពុជា ទូច ប្រុសណុច ដែល​បាន​ប្រកួតជាមួយ​អ្នក​ប្រដាល់​ចិន Lu Zuoxiang (លូ ជ័រសៀង) ដែរ​នោះ​ ​បាន​ប្រើ​ពេល​ត្រឹម​៥០​វិនាទី ដើម្បី​ផ្តួលដៃគូ​ម្នាក់នេះ​ឱ្យ​សន្លប់។ ​ក្នុង​ការ​ប្រកួតនេះ លូ ជ័រសៀង មិនទាន់​បានបញ្ចេញក្បាច់​អ្វី​សោះ ក៏​ត្រូវ​បាន ប្រុសណុច ទាត់​ឆ្វេង​ចូល​ថ្គាមបណ្តាល​ឱ្យ​ដួល​ទាំង​វង្វេង និង​ត្រូវបាន​អាជ្ញាកណ្តាលរាប់ជា​លើក​ទី​១ត្រឹម​រយៈពេល​១វិនាទី។

បន្ទាប់ពីការ​រាប់នេះ ទូច ប្រុសណុច បានប្រើជង្គង់​ហោះ​បុក​ចូល​ដើមទ្រូង រួច​ទាត់​ស្តាំ​ចូល​ផ្ទៃ​មុខ បណ្តាល​ឱ្យ លូ ជ័រសៀង ដួលនិង​​ត្រូវ​បានអាជ្ញាកណ្តាល​រាប់ជា​លើក​ទី​២ ហើយក្នុងពេល​ដែល ជ័រសៀង មិនទាន់បាត់​វង្វេងនេះ ប្រុសណុច បានស្ទុះ​ចូល​ម៉ាត់ចំ​​ផ្ទៃ​មុខ​ពេញៗ​ប្រមាណ​៧​ដៃ បណ្តាល​ឱ្យ​កីឡាករ​ចិន​ម្នាក់នេះ​ដួល​សន្លប់តែម្តង។

ជាមួយជ័យជម្នះ​នេះ​​សង្វៀនប៉ុស្តិ៍​លេខ​៥ ប្រកាស​ និងចាត់ទុក ទូច ប្រុសណុច ជាកីឡាករកម្ពុជា ដែល​បាន​បង្កើតកំណត់ត្រាថ្មី ដោយ​ប្រើពេលខ្លីបំផុតក្នុងការផ្ដួល​កីឡាករ​បរទេស​ឱ្យ​សន្លប់ នៅលើ​សង្វៀនមួយនេះ។

ចំពោះ ទូច ប្រុសណុច វិញ​បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖​ «ខ្ញុំគិត​ថា ការឡើង​ប្រកួត​លើក​នេះ ដឹងតែ​តានតឹង​ហើយ ព្រោះ​ខ្ញុំ​ឃើញ​ការ​ប្រកួត​របស់​គាត់ (លូ ជ័រសៀង) គឺគាត់ស៊ូ និង​ស្វិតណាស់ ប៉ុន្តែ​ពេល​​ការ​ប្រកួត​​ជាក់​ស្តែង ខ្ញុំ​មិនត្រូវបាន​ដៃគូ​វាយ​ត្រូវ​កន្លែងណា​សោះ ព្រោះគ្រាន់តែ​ចូល​ភ្លាម ខ្ញុំ​បានទាត់​ស្កាត់​ចូល​ថ្គាម។ បន្ទាប់មក ខ្ញុំ​ប្រើ​ជង្គង់​ហោះ រួច​ទាត់​ផ្កាប់ចាន និ​ង​ចុង​ក្រោយ​ប្រើ​កណ្តាប់​ដៃ​ផ្តួល​គាត់​ឱ្យ​សន្លប់»៕