កីឡាករជើងខ្លាំង ជាម្ចាស់មេដាយមាសស៊ីហ្គេម ២សម័យកាល បឺត សង្ឃឹម នៅតែអាចរក្សាកំណត់ត្រាខ្លាំង សម្រាប់ការប្រកួតក្នុងស្រុក ដោយរូបគេបានបន្តយកឈ្នះលើអ្នកប្រដាល់របស់ចិន Jaing Ronglong សម្រាប់ការបង្ហាញវត្តមាននៅលើសង្វៀនប៉ុស្តិ៍លេខ៥ ចំណែកជើងខ្លាំង ឈុត សេរីវ៉ាន់ថង និង ធីម សៀងហៃ សុទ្ធតែដណ្តើមបានខ្សែក្រវាត់ សម្រាប់ការប្រកួតនៅលើទឹកដីបារាំង ប៉ុន្តែ ឈឿង ល្វៃ បានរងរបួសក្រោមទម្ងន់ជើងកីឡាកររបស់ម្ចាស់ផ្ទះ Omar Samb ត្រឹមទឹកទី២។
សម្រាប់ការប្រកួតពាក់ហ្គង់ចេញម្រាម នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី១ ខែមិថុនា កន្លងមកនេះ បឺត សង្ឃឹម ពិតជាធ្វើបានយ៉ាងល្អ ក្នុងការវាយតទល់ជាមួយអ្នកប្រយុទ្ធរបស់ចិន Jaing Ronglong ដែលគេម្នាក់នេះ ពិតជាមានចលនារហ័សរហួន ក្នុងការចូលវាយ និងគេចចេញពីការវាយត្រឡប់សងវិញរបស់ បឺត សង្ឃឹម។
តែទោះបីជាយ៉ាងណា សម្រាប់ការប្រកួតត្រឹម៣ទឹកនេះ បឺត សង្ឃឹម ពិតជាមានបច្ចេកទេស និងកលល្បិចប្រកួតខ្ពស់ជាង Jaing Ronglong ព្រោះរូបគេមិនត្រឹមតែអាចចាប់ក្បាច់កីឡាករចិនបានប៉ុណ្ណោះទេ ប៉ុន្តែ សង្ឃឹម ថែមទាំងអាចប្រើកណ្តាប់ដៃ និងទាត់សន្ធាប់ចូលពេញៗទៅលើ Jaing Ronglong ដើម្បីទទួលបានជ័យជម្នះជាឯកច្ឆន្ទ។
យ៉ាងណាក៏ដោយ បន្ទាប់ពីបានប្រកាសលទ្ធផលរួចហើយ បឺត សង្ឃឹម បានលើកមេដាយ សរសើរទៅកីឡាករចិន Jaing Ronglong ដែលមានភាពស៊ូខ្លាំង ព្រោះរូបគេមិនបានបង្ហាញភាពទន់ជ្រាយ ឬខ្លាចរអាចំពោះការវាយចូលធ្ងន់ៗរបស់ បឺត សង្ឃឹម នោះទេ គឺចិនម្នាក់នេះ បានព្យាយាមវាយប្តូរចំនួន ៣ទឹកពេញយ៉ាងស្វិតស្វាញ ដែលបង្កើតបានភាពទាក់ទាញខ្លាំងសម្រាប់អ្នកទស្សនា។
ជាមួយគ្នានេះ កីឡាករ ដែលកំពុងសាងបានភាពល្បីខ្លាំង ធន់ វណ្ណា បានប្រើបច្ចេកទេសប្រកួតបានយ៉ាងល្អបំផុត ដើម្បីបន្ទន់ភាពរឹងមាំរបស់កីឡាករវៀតណាម Nguyen Tien Phat ព្រោះអ្នកប្រដាល់ប្រទេសជិតខាងម្នាក់នេះ មានជំនាញប្រើកណ្តាប់ដៃបានយ៉ាងល្អ ប៉ុន្តែកម្លាំងវាយចេញដ៏ល្អរបស់ Nguyen Tien Phat ចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីជើងទាំងសងខាងរបស់គេ ចាប់ផ្តើមជាប់គាំង ក្រោមការទាត់សន្ធាប់មិនឈប់ឈររបស់ វណ្ណា នៅពាក់កណ្តាលទឹកទី២។
ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកគាំទ្របានស្រែកបន្ទូរឱ្យ ធន់ វណ្ណា ទាត់ជើងក្រោមបន្ថែមទៀត ដើម្បីឱ្យ Nguyen Tien Phat ខូចជើងតែម្តង ប៉ុន្តែឈានចូលទឹកទី៣ វណ្ណា បានប្តូរយុទ្ធសាស្រ្តពីទាត់ជើងក្រោម មកចូលចាប់ប្តូរជង្គង់វិញ ធ្វើឱ្យ Nguyen Tien Phat កាន់តែមានការពិបាក ខណៈជើងទាំង២របស់គេ បានជាប់គាំង មិនអាចប្រើជង្គង់បាននោះ ហើយនៅចុងទឹកទី៣ វណ្ណា បានទាត់ជើងក្រោមផង និងបុកជង្គង់ផង ដែលធ្វើឱ្យកីឡាករវៀតណាមម្នាក់នេះ ស្ទើរតែលែងទ្រាំបានទៅហើយ។
ជុំវិញការឈ្នះ Nguyen Tien Phat ដោយពិន្ទុនេះ ធន់ វណ្ណា បាននិយាយថា៖ «ការប្រកួតនេះរាងពិបាកដែរ ដោយសារដៃគូរបស់ខ្ញុំស្វិត និងស៊ូខ្លាំង។ នៅពេលឃើញគាត់ចង់មានបញ្ហាជើងក្រោម នៅទឹកទី២ ខ្ញុំចង់ចូលទាត់ថែមដែរ ប៉ុន្តែយើងនៅស្ទាបស្ទង់ឱ្យច្បាស់សិន ព្រោះបច្ចេកទេសនៃការប្រកួតរបស់ខ្ញុំនៅថ្ងៃនេះ គឺធ្វើទៅតាមការណែនាំ និងការបង្វឹកពីគ្រូរបស់ខ្ញុំ»។
ចំណែកកីឡាករចាស់វស្សា ធានុរាជ ក៏បានបង្ហាញមោទនភាពខ្លាំង ចំពោះការទទួលបានជ័យជម្នះដោយពិន្ទុលើកីឡាករម៉ារុក Mohamad El Mady សម្រាប់ការប្រកួតអំបោះឆៅជាលើកដំបូង បន្ទាប់ពីប្រកួត៣ទឹកយ៉ាងស្វិតស្វាញ នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីយប់ថ្ងៃសៅរ៍នោះដែរ។
ធា នុរាជ បាននិយាយថា៖ «ការប្រកួតនេះ ស្វិតស្វាញខ្លាំង ព្រោះដៃគូរបស់យើងមានភាពធន់ដែរ ហើយបានវាយចូលពេញៗ ធ្វើឱ្យខ្ញុំចង់ទៅម្តងៗផងដែរ ប៉ុន្តែខ្ញុំសប្បាយចិត្ត ដែលធ្វើបានល្អគួរសម សម្រាប់ការប្រកួតអំបោះឆៅជាលើកដំបូងនេះ ហើយខ្ញុំកាន់តែមានចិត្តប្រកួតបែបនេះជាបន្តទៀត ដោយខ្ញុំនឹងខិតខំធ្វើឱ្យបានល្អជាងនេះ»។
ដោយឡែក សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ និងដណ្តើមខ្សែក្រវាត់ចំនួន ៣ ស្ថាប័ន នៅទីក្រុង ប័រដូ ប្រទេសបារាំង កាលពីយប់ថ្ងៃទី២ ខែមិថុនា គឺកីឡាករកម្ពុជា ឈុត សេរីវ៉ាន់ថង និង ធីម សៀងហៃ ដែលគេនិយមហៅឈ្មោះក្រៅថា ជាគ្រូក្មេងសៀងហៃនោះ សុទ្ធតែដណ្តើមបានខ្សែក្រវាត់ដូចគ្នា។
នៅក្នុងការប្រកួតដ៏ធំ នៅបារាំងនេះ ម្ចាស់មេដាយមាសស៊ីហ្គេម ឈុត សេរីវ៉ាន់ថង បានឈ្នះខ្សែក្រវាត់ សម្រាប់ការប្រកួតម៉ារ៉ាតុង ក្នុងប្រទេសទម្ងន់ ៦១គីឡូក្រាម។
វ៉ាន់ថង បានយកឈ្នះកីឡាករអ៊ីតាលី Omar Drissi នៅវគ្គជម្រុះ ស្របពេល ឃីម បូរ៉ា បានឈ្នះកីឡាករបារាំង Mike Dederian នៅវគ្គជម្រុះដោយពិន្ទុដូចគ្នា ហើយសម្រាប់ការឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ គឺ វ៉ាន់ថង បានឈ្នះ បូរ៉ា ដោយពិន្ទុ។
ចំណែកកីឡាករកម្ពុជា ធីម សៀងហៃ ដែលជាគ្រូបង្វឹកប្រដាល់គុនខ្មែរម្នាក់នៅប្រទេសបារាំងផងនោះ បានយកឈ្នះកីឡាករអេស្ប៉ាញ Mazoun ដោយពិន្ទុ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ក្នុងទម្ងន់ ៥៤ គីឡូក្រាម ប៉ុន្តែជើងខ្លាំងរបស់កម្ពុជា ឈឿង ល្វៃ ត្រូវបានអ្នកប្រដាល់របស់បារាំង Omar Samb ទាត់ឱ្យខូចជើងឆ្វេង នៅដើមទឹកទី២ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ ៧២គីឡូក្រាម។
រីឯការប្រកួតមិត្តភាពវិញ លន បញ្ញា បានបន្តយកឈ្នះកីឡាករបារាំង Omar Bathily ដោយពិន្ទុ តែកីឡាការិនីកម្ពុជា ទួន ស្រីពីន បានចាញ់កីឡាការិនីម្ចាស់ផ្ទះ Marika Orel ដោយពិន្ទុ។
ជាមួយគ្នានេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្តែងមោទនភាពខ្ពស់ ដែលបានដឹកនាំក្រុមប្រដាល់គុនខ្មែរ ទៅប្រកួតនៅប្រទេសបារាំងលើកនេះ។
លោកបានថ្លែងមុនការប្រកួតចាប់ផ្តើមថា៖ «នេះជាព្រឹត្តិការណ៍ប្រកួតដ៏ធំមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តគុនខ្មែរ នៅលើទឹកដីបារាំង ក៏ដូចជាសហគមអឺរ៉ុបទាំងមូល ដែលមានការចូលរួមរបស់កីឡាករ កីឡាការិនីកម្រិតកំពូលរបស់កម្ពុជាជាច្រើនរូប ព្រមទាំងកីឡាករ កីឡាការិនីបារាំង និងអត្តពលិកមកពីប្រទេសមួយចំនួនទៀតក្នុងតំបន់អឺរ៉ុប ហើយខ្ញុំជឿជាក់ថា នេះជាការប្រកួតដ៏ស្វិតស្វាញទាក់ទាញការចាប់អារម្មណ៍ និងការកោតសរសើរពីអ្នកទស្សនា»។
លោកបានបន្ថែមថា៖ «ព្រឹត្តិការណ៍នេះ ជាឱកាសដ៏វិសេសវិសាលបំផុតមួយសម្រាប់កីឡាករ កីឡាការិនីគុនខ្មែរ ក្នុងការផ្សព្វផ្សាយសិល្បៈក្បាច់គុនដ៏ល្អផូរផង់ជាអត្តសញ្ញាណជាតិដែលបានបន្សល់ទុកជាកេរមរតករពីដូនតាខ្មែរយើង តាំងពីរាប់ពាន់ឆ្នាំមកហើយ ហេតុនេះក្នុងនាមជាពលរដ្ឋកម្ពុជា ជាអ្នកស្នងនូវកេរមរតកក្បាច់គុននេះ គឺយើងខ្ញុំសូមប្តេជ្ញាចូលរួមថែរក្សា និងផ្សព្វផ្សាយគុនខ្មែរឱ្យល្បីរន្ទឺជុំវិញពិភពលោក»៕