កីឡាករជើង​ចាស់ ជ័យ ស៊ីនេត បាន​អះអាង​ថា ការ​ខកខាន​ឡើង​ប្រកួត​ចូល​២ឆ្នាំ ​បាន​ក្លាយជា​ដើមចម​យ៉ាង​សំខាន់​ ធ្វើ​ឱ្យ​រូបគេ​មិនអាច​ផ្តួល​កីឡាករ​ចិន Gong Yuankun ឱ្យ​សន្លប់ ឬខូចជើង​ក្រោម សម្រាប់​ការ​បង្ហាញ​ខ្លួនជា​ថ្មី នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ចំណែក សុភាព រុងរឿង ក៏​ហាក់មិនសូវ​ពេញ​ចិត្ត​និង​សមត្ថ​ភាព​ខ្លួនឯង បើទោះបីជា​រូប​គេ បាន​វាយ​អ្នក​ប្រដាល់​ឡាវ Phet Bunchu រហូត​អាជ្ញាកណ្តាល​បញ្ឈប់នៅ​ក្នុង​ទឹក​ទី​៣​ក៏​ដោយ។

សម្រាប់ការ​វិលត្រឡប់មកកាន់​សង្វៀន​ប្រដាល់ជាថ្មី ដើម្បី​រក​ប្រាក់​កម្រៃ​ជួយ​ដល់​អ្នក​​ម្តាយ កាលពី​ថ្ងៃទី​២៩ ខែមិថុនា កន្លងមក​នេះ កីឡាករ​ជំនាញ​ប្រើ​ជើង​ឆ្វេង ជ័យ ស៊ីនេត ស្ទើរ​តែអាចទាត់បំបែក​កង់​ក្រោម​របស់​អ្នក​ប្រដាល់​ចិន Gong Yuankun ទៅ​ហើយ ប៉ុន្តែ​កម្លាំង​ទាត់ចេញ​របស់ ស៊ីនេត បានត្រឹម​ធ្វើ​ឱ្យ​ដៃគូ​ម្នាក់នេះ ធ្លាក់​កម្លាំងតែប៉ុណ្ណោះ។

ជ័យ ស៊ីនេត បាននិយាយ​ថា៖​ «ការ​ប្រកួត​នេះ ​មា​នភាព​ស្វិតស្វាញ ហើយ​ខ្ញុំ​បាន​ព្យាយាម​ទាត់​បំបែក​កង់​ក្រោម​របស់​គាត់ (Gong Yuankun) ប៉ុន្តែ​បញ្ហា​ខក​ខាន​ប្រកួត​យូរ ធ្វើ​ឱ្យការ​ទាត់​របស់​យើង​រាងគាំង និង​មិន​សូវមាន​ទម្ងន់​ធ្ងន់  ព្រោះ​ជា​ធម្មតា ពេល​យើង​ប្រកួតញឹកញាប់ ជើង​​របស់​យើងចេញ​បាន​លឿន តែដល់ពេល​ខាន​យូរ​បែបនេះ ការ​វាយចេញ​របស់​យើង​បាន​មួយៗ ហើយ​រាងគាំង និងស្រាល​ទៀត»។

សម្រាប់ការ​ប្រកួត នៅ​ក្នុង​ទឹក​ទី​២ ជ័យ ស៊ីនេត នៅ​តែអាច​​គ្រប់​គ្រង​ស្ថាន​ភាព​ប្រកួត​បាន​ល្អ ដោយ​រូបគេ​អាច​គេច​ផុតពីការ​តាម​វាយ​សន្ធាប់របស់ Gong Yuankun បាន​ច្រើន ព្រមទាំង​អាច​ទាត់ ម៉ាត់ វាយ​កែង និង​បុកជង្គង់​សង​ត្រឡប់ទៅវិញមួយៗ ធ្វើ​ឱ្យ​ដៃគូជា​កីឡាករ​ចិន​ម្នាក់នេះ មានការពិបាក​ដដែល។

តែទោះបីជា​យ៉ាង​ណា នៅក្នុង​ទឹក​ទី​៣​ចុង​ក្រោយ ជ័យ ស៊ីនេត បាន​បង្ហាញ​ភាព​ទន់​ជ្រាយ​ជាង​គូ​ប្រកួត​វិញ ព្រោះ​កីឡាករ Gong Yuankun បានបង្កើន​ការ​វាយ​សម្រុក​កាន់​តែ​ខ្លាំង ធ្វើ​ឱ្យ​ ស៊ីនេត ចង់​អស់​វិធីសាស្រ្ត​​ទប់​ទល់​ផងដែរ ហើយជាមួយគ្នា​នេះ Gong Yuankun  ក៏​បាន​​បង្ហាញ​ការ​មិនពេញ​ចិត្ត​ផងដែរ ចំពោះ​សកម្មភាពវាយ​ថែម នៅពេល​អាជ្ញាកណ្តាល​ចាប់​ឃាត់​របស់ ជ័យ ស៊ីនេត មុនពេល​អ្នកទាំង​២នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ស្មើពិន្ទុ​គ្នា សម្រាប់​ការ​ជួបគ្នាជា​លើកដំបូងនេះ។​

ចំពោះ​ការ​ផ្លាស់ប្តូរ​បច្ចេក​ទេស​ប្រកួត​រវាង​កីឡាករ Gong Yuankun នៅក្នុង​ទឹក​ទី​៣ ជ័យ ស៊ីនេត បាន​បញ្ជាក់​ថា៖ «គាត់​​ដឹងច្បាស់​​​ថា បើ​សិនជា​គាត់នៅវាយ​​ប្រយោលមួយៗ គាត់​ធានា​ថានឹងខូច (ជើង​ក្រោម) អ៊ីចឹងគាត់​​មាន​តែ​​ប្តូរ​បច្ចេក​ទេស​ប្រកួត ដោយដើរចូល​វ៉ៃ​យើង​វិញ ដល់អ៊ីចឹង​វា​ធ្វើ​ឱ្យយើង​​អាក់ជំហរ និង​ទាត់​ចេញ​បានស្រាល។ ម្យ៉ាង​ទៀត​គាត់​ធំ ហើយខ្ពស់ជាង​យើង គឺ​មានការពិបាកប្រកួត​​ដែរ»។

ស៊ីនេត បាន​បន្ថែម​ថា៖ «តែទោះបីជា​យ៉ាង​ណា ខ្ញុំ​បាន​ប្រឹង​ប្រែង​អស់​ហើយ គ្រាន់តែ​ការខកខាន​ប្រកួត​យូរ ធ្វើ​ឱ្យ​យើង​ពិបាក​ក្នុងការ​បញ្ចេញ​ក្បាច់ទៅ​​តាមអ្វីដែល​យើង​ចង់​បាន ព្រោះ​នូវគាំងៗ​ ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង និង​អរគុណ​ដល់​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ដែល​បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​បាន​ប្រកួត​អន្តរជាតិជាថ្មី ហើយ​​ខ្ញុំ​ប្តេជ្ញា​ខ្លួនឯង​ថា នឹង​ខិតខំ​​ប្រឹង​ប្រែង​បន្តការ​ហ្វឹក​​ហាត់​ ដើម្បី​ពង្រឹង​សមត្ថ​ភាព​ខ្លួន​ឯង​បន្ថែម​ សម្រាប់​ការ​ប្រកួត​ក្រោយៗ​ទៀត»។

ការប្រកួត​រវាង​កីឡាករ​កម្ពុជា ជ័យ ស៊ីនេត (ក្រហម) និង​អ្នក​ប្រដាល់​ចិន Gong Yuankun នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាល​ពីថ្ងៃ​ទី២៩ ខែមិថុនា។ រូបថត សហការី

ដោយ​ឡែកកីឡាករ សុភាព រុងរឿង ដែល​ធ្លាប់​មានបច្ចេក​ទេស​វាយ​ចេញ​បាន​ល្អ​ទាំង​ការ​ប្រើ​កណ្តាប់ដៃ ទាត់ វាយកែង និង​ជង្គង់​នោះ ក៏​មានការជាប់គាំង​ចំពោះ​ការ​​ប្រើ​ក្បាច់​ទាំង​នេះ ក្នុង​ពេល​​ប្រកួតជាមួយ​អ្នក​ប្រដាល់​ឡាវ Phet Bunchu កាលពី​យប់​ថ្ងៃសៅរ៍​នោះ​ដែរ គឺ រុងរឿង បាន​ប្រើ​តែ​ក្បាច់​ជង្គង់ស្ទើរ​៩០ភាគ​រយ ដើម្បី​វាយ​ប្តូរជាមួយ​អ្នក​ប្រដាល់​ឡាវម្នាក់នេះ។

តែទោះបីជា​យ៉ាង​ណា ដោយសារ សុភាព រុងរឿង មាន​ប្រៀប​​ផ្នែក​កម្ពស់​នោះ គឺ​ការ​ប្រើ​ជង្គង់​របស់​គេ ពិតជា​មាន​ប្រសិទ្ធភាព​ល្អ ព្រោះ​បានបុក​ចូលពោះ និងដើម​ទ្រូង​របស់​កីឡាករ Phet Bunchu ពេញៗ ដែល​ធ្វើ​ឱ្យ​ដៃគូ​ម្នាក់នេះ ចង់​គាំង​ម្តងៗ​ទៅ​​ហើយ។ រីឯ​​នៅ​ទឹក​ទី​៣​ចុង​ក្រោយ រុងរឿង ហាក់មានភាព​លះឡើងវិញ ក្នុង​ការបញ្ចេញ​ក្បាច់​ទាត់ ម៉ាត់ និង​វាយកែង បន្ថែម​ទៅលើ​ការ​បុកជង្គង់​យ៉ាង​ល្អ​របស់​គេ ធ្វើ​ឱ្យ Phet Bunchu អស់​លទ្ធភាព​តដៃ និងត្រូវ​បានអាជ្ញាកណ្តាល​បញ្ឈប់ នៅ​ដើម​ទឹក​ទី​៣​នេះ​តែម្តង។

ចំពោះ​ភាព​អសកម្មក្នុងការ​បញ្ចេញ​ក្បាច់គុន​នេះ សុភាព រុងរឿង បាន​និយាយ​ក្រោយ​ការ​ប្រកួត​​ថា៖ ​«ការ​ប្រកួត​នេះ​ខ្ញុំ​គាំង​ច្រើន ព្រោះ​ខ្ញុំ​ខាន​ឡើង​សង្វៀន​ចូល​៣ខែ​ហើយ។ បើសិនជា​មិនគាំង​ទេ ខ្ញុំ​អាច​ផ្តាច់​គាត់​បានមិន​ឱ្យ​ដល់​ទឹក​ទី​៣​ឡើយ ព្រោះ​យើង​មាន​ដៃមានជើង តែ​លើក​នេះ ដៃជើងរបស់​ខ្ញុំ​​វាយចេញ​អត់​សូវ​ល្អ ចំណែក​ការ​ឡើង​ជង្គង់ ពេល​ខ្លះ​ក៏រាង​គាំងផងដែរ»។

តែទោះបីជា​យ៉ាងណា រុងរឿង ​បានបញ្ជាក់​​ថា៖ «ខ្ញុំ​សរសើរ​ទៅ​ដល់​កីឡាករ​ឡាវម្នាក់នេះ ដែលហ៊ាន​ឈរ​វាយ​ប្តូរ និងចាក់​ជង្គង់ជាមួយ​យើង ទោះ​គាត់ចាញ់​ប្រៀប​យើង។ ប៉ុន្តែ​បើ​លោក​អាជ្ញាកណ្តាលមិនបញ្ឈប់ ក៏​គាត់មិន​អាច​ទប់​ខ្ញុំ​ជាប់​ដដែលហ្នឹង  ព្រោះ​នៅ​​ទឹក​ទី​៣​ បច្ចេក​ទេស​វាយ​របស់​ខ្ញុំ​បាន​វិល​ត្រឡប់មក​រក​ភាព​ល្អ​វិញ​ហើយ»។

ចំណែកកីឡាករ​ឡាវ Phet Bunchu បាន​ទទួលស្គាល់​ថា រូបគេ​ពិតជា​មិនអាច​ទៅ​រួចជាមួយ សុភាព រុងរឿង ដោយ​បាន​និយាយក្រោយ​ការ​ប្រកួត​​ថា៖ ​«​ខ្ញុំបានប្រឹង​ប្រែង និង​បញ្ចេញ​អស់ពីសមត្ថភាព​ហើយ តែ​ខ្ញុំ​សូមសរសើរ​ទៅ​ដល់​ដៃគូរបស់​ខ្ញុំ ដែល​មាន​សមត្ថ​ភាពល្អ។ ទោះ​យ៉ាង​ណា ​ខ្ញុំសង្ឃឹម​ថា នឹងមានឱកាស​​ប្រកួត​ជាមួយ​កីឡាករ​គុនខ្មែរ​បន្ត​ទៀត ហើយ​​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​បាន​ល្អជាង​នេះ ដើម្បី​ស្វែង​រក​ជ័យជម្នះ»។

ចំពោះ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​១គូ​ទៀត នៅលើ​សង្វៀន​ប៉ុស្តិ៍លេខ៥ កាលពី​ថ្ងៃទី​២៩ ខែមិថុនា​នោះ​ដែរ ​កីឡាករ​កំពុង​សាង​បាន​ភាព​ល្បី ខាំ កូនខ្លា បាន​ម៉ាត់​ឱ្យ​អ្នក​ប្រដាល់​ឡាវ Phet Champa ដួលសន្លប់នៅពាក់កណ្តាល​ទឹក​ទី​២ បន្ទាប់ពី​រូបគេបានវាយ​ដៃគូ​ម្នាក់នេះឱ្យ​អាជ្ញាកណ្តាល​រាប់ចំនួន​២​ដង ក្នុង​ទឹកទី​២ដដែលនេះ៕