សហព័ន្ធ​កីឡា​បញ្ចស៊ីឡាត់​កម្ពុជា ដែល​ទើប​បង្កើត​ឱ្យ​មាន​ឡើង កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤​​នេះ បាន​ចាប់​ផ្តើម​បញ្ជូន​កីឡាករ កីឡាការិនី​របស់​ខ្លួន ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​បញ្ចស៊ីឡាត់អន្ដរជាតិ លើក​ទី២ ឆ្នាំ​២០២៤ (2nd  International Indonesia Pencak Silat Open Championship) ដែល​ធ្វើ​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី។

ក្រោម​ការ​ដឹកនាំ​របស់​លោក សេង ធារិន ដែល​ជា​ប្រធាន គឺ​សហព័ន្ធ​កីឡា​បញ្ចស៊ីឡាត់​កម្ពុជា​បាន​បញ្ជូន​ប្រតិភូ​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី​ចំនួន ២២​នាក់​ឱ្យ​ទៅ​​ចូលរួមការ​ប្រកួត​កីឡា​បញ្ចស៊ីឡាត់​អន្ដរជាតិ នៅ​ប្រទេស​ឥណ្ឌូនេស៊ី លើក​នេះ ដោយ​ពួកគេ បានចាក​ចេញ​ពី​មាតុ​ប្រទេស កាលពី​ថ្ងៃទី​១០ ខែកក្កដា ចំណែក​ការ​ប្រកួត​ នឹងចាប់​ផ្តើម​ពី១២-១៦ ខែកក្កដា។

ថ្លែងក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន និង​ជូន​ដំណើរ​ប្រតិភូ​កីឡា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ច្រក VIP លោក សេង សារិន មេបញ្ជាការ​រង​នាយ​សេនាធិការ​យោធភូមិភាគ​៥ និង​ប្រធាន​សហព័ន្ធ​កីឡា​បញ្ចស៊ីឡាត់​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែតកីឡា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃពុធ​នោះ​ថា ការ​ចេញ​ទៅ​ប្រកួតអន្តរជាតិ នៅ​ឥណ្ឌូនេស៊ី​នេះ សហព័ន្ធ​បាន​រ៉ាប់រង​ការ​ចំណាយ​ដោយ​ខ្លួន​ឯង ក្នុង​ទិស​ដៅមួយ​ចង់​ពង្រឹង​ដល់​បទ​ពិសោធន៍​របស់​ក្រុម​អត្តពលិក នៅ​លើ​ឆាក​អន្តរជាតិ ដើម្បីសម្រួច​ទៅ​កាន់​ការ​ប្រកួត​ធំៗ​ចំនួន​២​ក្នុង​ឆ្នាំ​នេះ ​ព្រម​ទាំង​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៥។

លោក​បញ្ជាក់​ថា៖ «នេះ​ជា​ឱកាស​យើង​ត្រូវ​ឱ្យ​កីឡាករ កីឡាការិនី និង​គ្រូ​បង្វឹក​របស់​យើង ទទួល​បាន​បទ​ពិសោធន៍​បន្ថែម​ក្នុង​ការ​ប្រកួត​នេះ ដើម្បី​វាស់ស្ទង់​ពី​កម្រិត​បច្ចេកទេស​របស់​ពួក​គាត់ ឈាន​ទៅ​សម្រច​គោលដៅ និង​ចក្ខុ​វិស័យ សម្រាប់​ត្រៀម​ចូល​រួម​ការ​ប្រកួត Asian Martial Arts and Indoor Games លើក​ទី៦ ថ្ងៃ​ទី​២២-២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅថៃ និង​ការ​ប្រកួត​កម្រិត​ពិភព​លោក នៅ​អេមីរ៉េត​អារ៉ាប់រួម  ចាប់​ពី​ថ្ងៃទី​១៨-២២ ខែ​ធ្នូ ឆ្នាំ​២០២៤។ អ្វី​ដែល​សំខាន់ គឺ​យើង​ប្រុង​ប្រៀប​ខ្លួន ដើម្បី​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម លើកទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ»។

សម្រាប់​ការ​ប្រកួត​កីឡា​បញ្ចស៊ីឡាត់អន្ដរជាតិ ឆ្នាំ​២០២៤ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ មានអត្តពលិក ៧​ប្រទេស​ចូលរួម​ប្រកួត រួមមាន​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី កម្ពុជា សហរដ្ឋ​អាមេរិក សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ និងថៃ ហើយ​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ គឺ​ក្រុម​អត្តពលិក​បញ្ចស៊ីឡាត់​កម្ពុជា មាន​បទពិសោធន៍​ប្រកួត​​ខ្ចី​ជាង​គេ។

ប្រធាននិងមន្ត្រី រួមទាំង​ក្រុមកីឡាករ កីឡាការិនី របស់សហព័ន្ធ​កីឡា​បញ្ចស៊ីឡាត់​កម្ពុជាថតរូ​បជុំ​គ្នា។ រូបថត សហការី

យ៉ាង​ណា​ក៏​ដោយ ​ក្រុមកីឡាករ កីឡាការិនីបញ្ចស៊ីឡាត់​កម្ពុជា ក៏ទើប​បាន​រួមគ្នា​បង្កើត​​បាន​នូវ​លទ្ធផល​ដ៏​ត្រចះត្រចង់ ចំពោះ​ការ​ចូលរួម​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​របស់​ខ្លួន កាល​ពី​ខែ​ឧសភា​ផងដែរ ដោយ​ពួកគេ ដណ្តើម​បាន​មេដាយ​មាស​២ និង​សំរឹទ្ធ ១០។ ​

ជាមួយ​លទ្ធផល​ដ៏​ល្អ​នេះ វា​នៅ​តែ​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​បញ្ចស៊ីឡាត់​កម្ពុជា ​បានដាក់​ក្តី​សង្ឃឹម​ទៅលើ​អត្តពលិក​របស់​ខ្លួន ក្នុង​ការ​ដណ្តើម​បាន​នូវ​មេដាយ​កម្រិត​ណា​មួយ ពី​ការ​ប្រកួត​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​នេះ។

បន្ថែម​លើ​នេះ លោក សេង សារិន បានអះអាង​ថា នៅ​ឆ្នាំ​២០២៤​នេះ កីឡាករ កីឡាការិនី​បញ្ចស៊ីឡាត់​កម្ពុជា មាន​ការ​រីក​ចម្រើន​ទាំង​កម្រិត​បច្ចេក​ទេស និង​ស្មារតី បើ​ប្រៀប​ធៀប​ទៅ​និង​ស៊ីហ្គេម កាល​ពី​ឆ្នាំ ២០២៣។ 

លោក​បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​ការ​សាយភាព​ផ្នែក​វិស័យ​កីឡា បញ្ចស៊ីឡាត់ គឺ​មិន​ទាន់ជា​ផុសផុល​ប៉ុន្មាន​ទេ ប៉ុន្តែ​សហព័ន្ធ​កំពុង​តែ​រៀបចំ​ឱ្យ​មាន​ការ​បណ្ដុះ​ស្មារតី​ដល់​ក្មេងៗ​មិន ថា​នៅ​តាម​ខេត្ត ឬ​ក្នុង​ក្រុង​ឡើយ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ជំនាញ​កីឡា​មួយ​នេះ​កាន់​តែ​រីកចម្រើន​បន្ថែម​ទៀត។

លោក សេង សារិន ​បាន​បន្ថែម​ថា ៖«យើង​ដឹង​ថា កម្រិត​របស់​យើង​នៅ​ក្មេង​ខ្ចី​ណាស់ បើនិយាយ​ពី​បទពិសោធ​លើ​ឆាក​អន្តរជាតិ ខណៈដែល​ប្រទេស​ផ្សេងៗ​គេ​សុទ្ធ​តែ​ជា​ចាស់ទុំ​អស់​ទៅ​ហើយ។ តែ​ទោះ​បី​ជា​យ៉ាង​ណា យើង​ក៏​មាន​ទិសដៅ​ទៅ​ចង់​បាន​លទ្ធផល​ល្អ​មួយ​ពីការ​ប្រកួត​អន្តរជាតិ​នេះ​ពេល​ត្រឡប់​មក​កាន់​ប្រទេស​វិញ»។

មេបញ្ជាការរង​នាយ​សេនាធិការ​យោធ​ភូមិភាគ​៥រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «​យើងគិត​ថា យើង​ចង់​បាន​មេដាយ បើ​ទោះ​ជា​កម្រិត​ណា​ក៏​ដោយ គ្រាន់​តែ​យើង​មិន​អាច​និយាយ​បាន​ថា មេដាយ​កម្រិត​ណា​ដែល​យើង​អាច​ទទួល​បាន»។

គួរ​បញ្ជាក់​ថា ប្រតិភូ​កីឡា​បញ្ចស៊ីឡាត់​កម្ពុជា ដែល​បាន​ទៅ​ចូលរួម​ប្រកួត​អន្តរជាតិ នៅ​ប្រទេស​ឥណ្ឌូនេស៊ី លើក​នេះ ដឹកនាំ​ដោយ​លោក Andy Steven អនុប្រធាន​សហព័ន្ធ​ទទួល​បន្ទុក​ប្រធាន​ប្រតិភូ​ដឹកនាំ, លោក អ៊ួ តារា អគ្គលេខាធិការ ជាសមាជិក រួម​ជាមួយ​នឹង​សមាជិក ៤ នាក់​ផ្សេង​ទៀត រីឯ​លោក អ៊ុង ដារិទ្ធ ជាគ្រូ​បង្វឹក​ជម្រើស​ជាតិ និង លោក វី តារ៉ា ជា​គ្រូ​ជំនួយ​ជម្រើស​ជាតិ ចំណែក​កីឡាករ​មាន​ ១០​នាក់ និង កីឡាការិនី ៤នាក់៕