លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ផ្ដួចផ្ដើម និង​ផ្ដល់​គោលការណ៍​អនុញ្ញាត​ឱ្យ​រៀបចំ​ការប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ជា​រៀង​រាល់​ឆ្នាំ ដោយ​ចាប់​អនុវត្ត​ពី​ខែ​តុលា ឆ្នាំ​២០២៤ ត​ទៅ ហើយ​ការ​ប្រកួតនេះ​ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ប្រកួត​កីឡា​យុទ្ធ​ចម្រុះ​ជើងឯក​អាស៊ី (AMMA) ដែរ ប៉ុន្តែ​ជា​របស់​ខ្មែរ ដែល​មាន​ការ​​​ប្រកួត​ក្បាច់គុន​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​ទាំងអស់។

ការ​អនុញ្ញាត​ជា​គោលការណ៍ ឱ្យ​​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ ជា​រៀង​រាល់​ឆ្នាំ​​​នេះ គឺ​លោក ហ៊ុន ម៉ាណែត បាន​​ប្រកាស​​​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​ជើង​ឯក​អាស៊ី លើក​ទី២ (AMMA Championship) ឆ្នាំ២០២៤ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ព្រលប់​ថ្ងៃ​ទី​១១ ខែ​កក្កដា ហើយ​លោក​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ ជា​ការ​បើក​ទ្វារ​ជំហរ​សម្រាប់​អ្នក​ហាត់គុនថ្មី ឬកីឡា​ប្រយុទ្ធ​គ្រប់​ប្រភេទ គ្រប់​ទម្រង់​ដែល​អាច​ចូលរួម​ប្រកួត​បាន។

ជាមួយគ្នា​នេះ កម្ពុជា ក៏​ធ្លាប់​មាន​ឱកាស​ចូលរួម​ប្រកួត​យុទ្ធ​គុន​ចម្រុះ​អន្ដរជាតិ​ជាច្រើន​លើក ក្នុងនាម​កីឡាករ​យុទ្ធគុន​ខ្មែរ កីឡាករ​គុន​ល្បុក្កតោ ចំបាប់ ការ៉ាតេ និង​យូដូ ជាដើម។ ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា ខ្មែរ​នៅ​មាន​ក្បាច់​គុន​ចម្រុះ​ច្រើន​ទៀត ហើយ​នេះ​ជា​អ្វី​ដែល​លោក​ត្រូវ​តែ​រៀបចំ​​ការ​ប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ ដើម្បី​បង្ហាញ​កូនខ្មែរ​ជំនាន់​ក្រោយ និង​បរទេស​ឃើញ​ពី​ភាព​សម្បូរបែប​របស់​ក្បាច់​គុនខ្មែរ។

លោក ម៉ា ណែត ​បាន​ថ្លែង​ថា៖ «នៅ​មាន​យុទ្ធគុន​បុរាណ​ខ្មែរ​ដ៏​សម្បូរបែប ច្រើន​ប្រភេទ ច្រើនទម្រង់ និង​ច្រើន​មេ​គុន​ ហើយ​ខ្ញុំ​បាន​ផ្ដើម និង​ផ្ដល់​ជា​គោលការណ៍​ឱ្យ​រៀបចំ​ការ​ប្រកួត​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ ក្នុង​ខែ​តុលា ជា​រៀងរាល់​ឆ្នាំ ចាប់​ពី​ឆ្នាំ ២០២៤ នេះ​ត​ទៅ ដើម្បី​បើក​ជំហរ​ទូលំទូលាយ ដល់​អ្នក​ហាត់​គុន​ខ្មែរ​បុរាណ​គ្រប់​ប្រភេទ គ្រប់​ទម្រង់ គ្រប់​ក្បាច់គុន គ្រប់​ទិសទី អាច​ចូលរួម​ប្រកួត​ទាំង​មហាជន ទាំង​មន្ដ្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ»។

ប្រមុខ​ដឹក​នាំ​ប្រទេស​កម្ពុជា​រូប​នេះ បាន​បន្ថែម​ថា៖ «ពោល​គឺ​សញ្ជាតិខ្មែរ និង​បរទេស​អាច​ចូលរួមប្រកួត​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ​បាន​ទាំងអស់​គ្នា ហើយ​ក្នុង​នោះ​ខ្ញុំ​ក៏​បាន​ណែនាំ​ឱ្យ​រៀបចំ​ក្រុម​ជំនុំជម្រះ​ចង​ក្រង​ ស្រាវជ្រាវ​យុទ្ធ​គុនខ្មែរ​បុរាណ»។

ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ាណែត បាន​ធ្វើការ​អំពាវនាវ​ដល់​កីឡាករ​កីឡាការិនី​យើង ដែល​កំពុង​ប្រកួត​ប្រជែង ក្នុង​ព្រឹត្តិការណ៍ AMMA Championship 2024 ព្រម​ទាំង​យុវជន និង​បងប្អូន​ចូល​ទស្សនា អ្នក​ដែល​ចេះ​ក្បាច់​គុន​បុរាណ​ខ្មែរ ទាំង​ប្រជាពលរដ្ឋ ដែល​ទស្សនា​តាម​កញ្ចក់ទូរទស្សន៍ សូម​ត្រៀម​ខ្លួន ដើម្បី​ចូលរួម និង​ស្វាគមន៍​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ លើក​ទី​១ នា​ឆ្នាំ​២០២៤​នេះ។

លោក​បានបញ្ជាក់​ថា៖ «យើង​នឹង​មាន​រៀបចំ​ការ​ប្រកួត​ (កីឡាយុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ) ស្រដៀង AMMA ដែរ ប៉ុន្ដែ​របស់​ខ្មែរ គឺ​ប្រកួត​តែ​ក្បាច់​គុន​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​ទាំងអស់ ល្បុក្កតោ យុទ្ធគុន​ខម ខ្លាក្រាប ស្រងែពេន គុនដំបង ជាដើម គឺ​អាច​ដាក់​ពាក្យ​ចូល​ប្រកួត​ទាំងអស់ ទាំងកង​យោធពលខេមរភូមិន្ទ សូម​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន​កុះករ ហើយ​បង​ប្អូន​បរទេស​ក៏​ស្វាគមន៍ តែ​ត្រូវ​ចេះ​ក្បាច់​គុន​ខ្មែរ»។

ទន្ទឹម​នឹងនេះ​លោក ហ៊ុន ម៉ាណែត បាន​ទទូច​ឱ្យ​ជនបរទេស​ចូល​ហ្វឹក​ហាត់​ក្បាច់គុន​ខ្មែរ​ណា​មួយ ចាប់​ពី​ពេល​នេះ​ទៀត ដើម្បី​បាន​​ចូល​រួម​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ លើក​ទី​១ ខែតុលា​ ឆ្នាំ​២០២៤​នេះ ព្រោះ​នេះជា​ការ​ប្រកួត​ចម្រុះ​នូវ​ក្បាច់​គុន​បុរាណ​ខ្មែរ​ច្រើន​ប្រភេទ ក្នុង​ពេល​តែ​មួយ គឺ​មិន​មែន​រៀបចំ​ដាច់​ដោយឡែក​ដូច​កន្លងមក​នោះ​ទេ។

លោក​បាន​សង្កត់​ធ្ងន់​ថា៖ «ការ​រៀបចំ​ក្បាច់​គុន​ចម្រុះ​​កន្លង​ទៅ គឺ​បើ​គុន​ខ្មែរ តែ​គុន​ខ្មែរ​ទៅ ​ល្បុក្កតោ​ក៏​ល្បុក្កតោ​ទៅ ប៉ុន្តែ​ឥឡូវ​យើង​រៀបស្រដៀង​ MMA ដែរ តែ​យើង​យក​ក្បាច់​គុនចម្រុះ​​របស់​យើង​ ដើម្បី​ជាឱកាស​ឱ្យ​ក្បាច់​គុន​​យើង និង​អ្នក​ចេះ​ក្បាច់គុន​គ្រប់ទម្រង់​ទាំង​អស់​ មាន​ឱកាស​មក​សម្តែង មក​ប្រកួត​ក្នុងពេល​តែមួយ ឱ្យ​បង្ហាញ​ដល់​កូន​ខ្មែរ និង​អន្តរជាតិ​ដឹង​​ថា យើង​មាន​​ក្បាច់គុន​ច្រើន​ណាស់ មិនមែន​មានតែ​២, ៣នោះទេ។ យើង​ផ្តល់​ឱកាស​ឱ្យ​មាន​ការ​ស្រាវជ្រាវឡើង​វិញ​ ​​បង្ហាញ​ឡើង​វិញ ហើយ​នេះ​ជា​ឱកាស​ធំ​​សម្រាប់​កូនខ្មែរ»។

ដោយឡែក សម្រាប់​ការ​ប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​ជើងឯក​អាស៊ី លើក​ទី​២ ឆ្នាំ​២០២៤ ដែល​កំពុង​ធ្វើ​នៅ​វិមាន​ពហុកីឡដ្ឋានជាតិ​នេះ មាន​ប្រតិភូ និង​អត្តពលិក ២៣៣​នាក់ មក​ពី ១៨ប្រទេស​ចូលរួម រួម​មាន​កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន សាធារណរដ្ឋ​កូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី ថៃ ហ្វីលីពីន សិង្ហបុរី ចិនហុងកុង ចិនតៃប៉ិ ចិនម៉ាកាវ ចិន បារ៉ែន និង​អារ៉ាប៊ីសាអ៊ូឌី។

ជាមួយគ្នា​នេះ លោក ម៉ាណែត ​បាន​អះអាង​ថា ក្រោម​ដំបូល​នៃ​សុខសន្តិភាព, ស្ថិរភាពនយោបាយ និង កំណើន​សេដ្ឋកិច្ច គឺ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ លើ​ការ​អភិវឌ្ឍ​វិស័យ​កីឡា ដើម្បី​បង្ក​លក្ខណៈ​ល្អ​ប្រសើរ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ក្នុងការ​លេង​កម្សាន្ត និង​ពង្រឹង​សមត្ថភាព​កីឡាករ កីឡាការិនី ឱ្យកាន់​តែ​ខ្លាំង ពូកែ ក្នុង​ការ​ប្រកួតដណ្ដើម​យក​ជ័យ​ជម្នះ ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំៗ ខណៈ​​ដែល​វិស័យ​កីឡា ក៏​មាន​ការ​រីក​ចម្រើន​គួរឱ្យ​កត់​សម្គាល់ និង បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ទាំង​នៅ​កម្ពុជា និង សកលលោក។

លោក​មាន​ប្រសាសន៍​ថា៖ «វិស័យ​កីឡា​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍ និង គាំទ្រ​កាន់​តែ​ច្រើន​ពីសំណាក់​មហាជន គ្រប់​ស្រទាប់​វណ្ណៈ ដោយ​មិន​គិត​ពី​ពណ៌សម្បុរ ឬ និន្នាការ​នយោបាយ​ឡើយ។ ក្នុង​ន័យនេះ ព្រឹត្តិការណ៍​កីឡា​មិនមែន​គ្រាន់​តែ​ជា​ការ​ប្រកួត​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាង​នេះ​ទៀត ព្រឹត្តិការណ៍​ប្រកួត​កីឡា គឺជា​ឱកាស​សម្រាប់​ផ្សព្វផ្សាយ​ទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និង កេរ្តិ៍ឈ្មោះ​ប្រទេស​ជាតិ ក៏​ដូចជា​រួម​ចំណែក​ដល់​ការ​ពង្រឹង​ចំណង​សាមគ្គីភាព និង មិត្តភាព រវាងប្រតិភូ​កីឡា​នៃ​ប្រទេស​ដែល​បាន​ចូលរួម»៕