កីឡាការិនី​គុនចម្រុះ​របស់​កម្ពុជា ខៀវ ចិន្តារ័ត្ន និង គន្ធ វណ្ណនីតា នឹង​ត្រូវ​ប្រកួត​ដណ្តើម​យក​មេដាយ​មាស​ជាមួយ​កីឡាការិនី​របស់​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី  ក្នុង​ព្រឹត្តិការណ៍​កីឡា​យុទ្ធគុនចម្រុះ​ជើងឯក​អាស៊ី លើក​ទី​២ ឆ្នាំ ២០២៤ (AMMA Championship 2024) នៅ​ថ្ងៃ​​សុក្រ​នេះ ចំណែក​កីឡាករ ផេង សុបញ្ញា, សែន ច័ន្ទឫទ្ធីគុន, ធាន អាត, ហ៊ុន គឹមហៀង និង​កីឡាការិនី ទួន ស្រីពីន ក៏​ត្រូវ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃនេះ​ដែរ ប៉ុន្តែ​ជើង​ខ្លាំង ចាន់ រតនា បាន​ធ្លាក់ចេញ​ពី​ការ​ប្រកួត​នេះ​ហើយ។

សម្រាប់ការ​ប្រកួត AMMA Championship 2024 ដែល​ធ្វើ​នៅ​វិមាន​ពហុកីឡដ្ឋានជាតិ​នេះ កីឡាការិនី ខៀវ ចិន្ដារ័ត្ន នឹង​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​ជាមួយ​កីឡាការិនី​របស់​ឥណ្ឌូនេស៊ី Puspitasari Nurdiana លើ​វិញ្ញាសា​ប្រពៃណី​ផ្នែក​នារី​ទម្ងន់​ក្រោម​ ៤៩​គីឡូក្រាម នៅ​ទីលាន​ទី១។

ចំណែក​កីឡាការិនី គន្ធ វណ្ណនីតា ត្រូវ​ប្រជែង​យក​មេដាយ​មាស​ជាមួយ​កីឡាការិនី​របស់​ម៉ាឡេស៊ី Sze Teng Pang លើ​វិញ្ញាសា​ប្រពៃណី​ផ្នែកនារី ទម្ងន់​ក្រោម​ ៦៩​គីឡូក្រាម នៅ​ទី​លាន​ទី២ ហើយ​នេះជា​ការ​ប្រកួត​ដណ្តើម​យក​មេដាយ​មាស​មុនគេ សម្រាប់​ការ​ប្រកួត AMMA Championship 2024 បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ បាន​បើក​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃទី​១១ ខែ​កក្កដា ដោយ​មាន​ប្រតិភូ​​កីឡា និង​អត្តពលិក​២៣៣នាក់ មក​ពី​​១៨​ប្រទេស​បាន​ចូលរួម។

កីឡាការិនី​គុនចម្រុះ​របស់​កម្ពុជា ខៀវ ចិន្តារ័ត្ន ប្រកួតជាំមួយកីឡាការិនីកូរ៉េខាងត្បូងក្នុង​ព្រឹត្តិការណ៍​កីឡា​យុទ្ធគុនចម្រុះ​ជើងឯក​អាស៊ី លើក​ទី​២ ឆ្នាំ ២០២៤ (AMMA Championship 2024) កាលពីម្សិលមិ។ NOCC

យ៉ាង​ណា​ក៏​ដោយ ការ​ទទួល​បានឱកាស​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​មេដាយមាស​របស់​កីឡាការិនី ខៀវ ចិន្តារ័ត្ន និង គន្ធ វណ្ណនីតា ត្រូវ​បាន​មន្រ្តី​​រៀបចំការ​ប្រកួត ទម្លាយ​​ឱ្យ​ដឹង​ថា ដោយ​សារ​ប្រភេទ​ទម្ងន់​​ទាំង​២​ប្រភេទ​នេះ មានបេក្ខភាព​ចូល​រួម​ត្រឹម​២នាក់​ដូចគ្នា ហេតុ​នេះ​គណៈកម្មការ បានដាក់​ឱ្យ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​យក​មេដាយ​មាស និង​មេដាយ​ប្រាក់​តែម្តង។

ដោយឡែក​កីឡាករ ផេង សុបញ្ញា (គោរមៈ ចន្ទរាជ) , សែន ច័ន្ទឫទ្ធីគុន (Thiago Teixeira), ធាន អាត (ចាន់ សំអាត), ហ៊ុន គឹមហៀង និង​កីឡាការិនី ទួន ស្រីពីន ក៏​​ត្រូវ​ប្រកួត​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​សុក្រ​នេះ​ផងដែរ ដើម្បី​ស្វែក​រក​ឱកាស​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃសៅរ៍។

នៅ​ក្នុង​ចំណោម​អ្នក​ទាំង​៥នាក់​នេះ កីឡាករ សែន ច័ន្ទឫទ្ធីគុន, ហ៊ុន គឹមហៀង និង ទួន ស្រីពីន សុទ្ធតែ​បានចាប់​ឆ្នោត​ឡើង​មក​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ការ​ប្រកួត​នៅ​ថ្ងៃ​រសៀល​ថ្ងៃ​សុក្រ​នេះ សែន ច័ន្ទឫទ្ធីគុន ត្រូវ​ជួប​កីឡាករ​ចិន​តៃប៉ិ Yang Ji-Tang ក្នុង​ទម្ងន់​ក្រោម​ ៨៥​គីឡូក្រាម​ រីឯ ទួន ស្រីពីន ប៉ះ​កីឡាការិនី​ឥណ្ឌូនេស៊ី Sitohang Melpida ក្នុង​ទម្ងន់​​ក្រោម​ ៦០​គីឡូ​ក្រាម ខណៈ ហ៊ុន គឹមហៀង ត្រូវ​ប្រកួត​ជាមួយ​កីឡាករសិង្ហបុរី Pandaan Arthur Andre ក្នុង​ទម្ងន់​ក្រោម​ ៧១គីឡូក្រាម។

ចំណែក​កីឡាករ ផេង សុបញ្ញា និង ធាន អាត សុទ្ធតែ​បាន​ទទួល​ជ័យជម្នះ ក្នុង​ការ​ប្រកួត​ជម្រុះយ៉ាង​ស្វិតស្វាញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​សម្រាប់ការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​នេះ ផេង សុបញ្ញា ជួប​កីឡាករហ្វីលីពីន Catalan Rene-Jr ក្នុង​ទម្ងន់​ក្រោម​៥៦​គីឡូក្រាម ហើយ ធាន អាត ត្រូវ​ប្រឈម​ជាមួយ​កីឡាករ​តាជីគីស្ថាន Safarov Yoqubjon ក្នុង​ទម្ងន់​ក្រោម​៦០គីឡូក្រាម។

ផ្ទុយ​ពីនេះ​កីឡាករ​ជើង​ខ្លាំង ចាន់ រតនា ដែលមាន​ឈ្មោះ​បោះសំឡេង​ខ្លាំង​ជាង​គេ ក្នុងការ​ប្រកួត​កីឡាគុនចម្រុះ MMA នេះ បាន​ធ្លាក់ចេញពីការ​ប្រកួត  AMMA Championship 2024 នេះ នៅ​ថ្ងៃបើក​ឆាក បន្ទាប់ពី​រូប​គេ​បានចាញ់​កីឡាកររបស់​ហុងកុង Chung Pui  Wing ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ជម្រុះចាញ់​ធ្លាក់​វគ្គ​៨នាក់​ កាលពី​ថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ អេ វិរៈខាំឈិតភូថង ដែល​គេស្គាល់​ថា ជាកីឡាករ ម៉ឺន មេឃា នោះ បានឈ្នះ​ទាំង​ ២​ប្រកួត ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត។

ចំណែក​កីឡាការិនី នៅ ស្រីពៅ និង​កីឡាការិនី សំ ថារ័ត្ន ក៏​បានចាញ់​ការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដូចគ្នា ប៉ុន្តែ​អ្នកទាំង​២នេះ នៅ​សល់​ការ​ប្រកួត​ជម្រុះ​១​លើក​ទៀត​ ដែលត្រូវ​ធ្វើ​នៅ​ថ្ងៃសុក្រ​នេះ ហើយបើ​ឈ្នះ ពួកគេនៅ​តែ​អាច​មាន​ឱកាស​​ឡើង​ទៅវគ្គ​បន្ត។ រីឯ​កីឡាករ មាស ម៉ើ, រិន សារ័ត្ន  និង ឡុង ឡា ក៏​ត្រូវ​ប្រកួត​នៅ​ថ្ងៃនេះ​ដូចគ្នា៕