ថ្នាក់ដឹកនាំកីឡា គ្រូ​បង្វឹក និង​កីឡាករ កីឡាការិនី​សរុប ​១៥​នាក់ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡាអូឡាំពិក​ហ្គេម នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង (Olympic Games Paris 2024) ដែល​នឹង​ចាប់​ដំណើរ​ការ​ពី​ថ្ងៃទី​២៦ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែ​សីហា ហើយ​សម្រាប់​ការ​ចូល​រួម​លើក​នេះ ក្រុម​ប្រតិភូ​កីឡា​កម្ពុជា បានតាំង​ចិត្ត និង​​ផ្តោត​ខ្លាំង​ទៅលើ​ការ​បង្កើត​កំណត់​ត្រា​ថ្មី ដើម្បី​បំបែក​ឯតទគ្គកម្ម​ចាស់ សម្រាប់​ការ​ចូលរួម​ព្រឹត្តិការណ៍​ពិភព​លោក​មួយនេះ​កន្លង​មក។

នៅ​ក្នុង​ពិធីសំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​ជា​គ្រូ​បង្វឹក និង​កីឡាករ កីឡាការិនី នៅ​ទី​ស្នាក់ការគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​កក្កដា​ លោក ថោន ខុន ទេសរដ្ឋមន្រ្តីទទួល​បន្ទុក​ជំរុញការអភិវឌ្ឍ​ចលនា​កីឡា និង​ជា​ប្រធាន NOCC បាន​ឱ្យ​ដឹង​ថា គណៈកម្មាធិការអូឡាំពិក​អន្តរជាតិ (IOC) បានធ្វើ​​កំណែ​ទម្រង់​ជា​ច្រើន​លើ​ការ​រៀបចំ​ការ​ប្រកួត​កីឡាអូឡាំពិក​ ក្នុងគោល​បំណង​ពង្រឹង​លក្ខណៈ​ពិសេស​ សកល​ភាព និង​ជំរុញ​ការ​​ប្រកួត​ប្រកប​ដោយ​និរន្ត​ភាព។

ជាមួយ​គ្នា​នេះ​លោកបានជំរុញ​ឱ្យ​ប្រតិភូ គ្រូ​បង្វឹក និង​អត្តពលិក​ត្រូវ​ពិនិត្យ​លើ​លក្ខខណ្ឌ​តម្រូវ​ថ្មីៗ​របស់ IOC ក្នុងការ​ចូលរួម​ប្រកួត​កីឡាអូឡាំពិក ដូចជា​លក្ខខណ្ឌ​តម្រូវ​ឱ្យ​គ្រូ​បង្វឹក​ និង​អត្តពលិក​ប្រឡង​យក​វិញ្ញាបនបត្រ WADA’s Anti-Doping Education and Learning Platform (ADEL) ទើបអាច​ចូលរួម​​​ប្រកួត​កីឡាអូឡាំពិក​បាន។ ពិសេស​លោក​បាន​ហាម​ប្រតិភូ​កីឡា​កម្ពុជា ​មិន​ត្រូវ​បំពាន​បម្រាមផ្សេងៗនៅ​ក្នុង​ការ​ប្រកួត​នោះទេ ព្រោះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ប្រទេស​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ។

បន្ថែម​លើ​នេះ លោក ថោន ខុន បាន​លើក​យក​ទស្សន​វិជ្ជា និង​គុណ​តម្លៃស្នូល​នៃចលនា​អូឡាំពិក ព្រមទាំង​​ប្រសាសន៍​របស់​លោក Thomas Bach ប្រធាន IOC ដែល​តែង​តែ​បាន​បញ្ជាក់​ជា​រឿយៗ ជុំ​វិញខ្លឹមសារសំខាន់​នៃ​ការ​ប្រកួត​កីឡាអូឡាំពិក​នេះ ដើម្បី​ធ្វើ​ឱ្យកីឡាករ កីឡាការិនី​កម្ពុជា មានការ​យល់​កាន់តែ​ច្បាស់ និង​កាន់តែ​មាន​ទឹក​ចិត្ត​ឆ្ពោះ​ទៅ​រកការ​បំបែក​កំណត់​ត្រា​ខ្លួនឯង ក្នុងការ​ប្រកួត​នេះ បើទោះបីជា​ឱកាស​ដណ្តើម​មេដាយ ហាក់​មិនទាន់​អាច​ទៅ​រួច។

លោក ថោង ខុន ដែលជាអនុ​ប្រធាន​ប្រតិភូ​កីឡាកម្ពុជា សម្រាប់​ការ​ប្រកួត​កីឡាអូឡាំពិក​លើក​នេះ បានបញ្ជាក់នៅចំពោះមុខ​ប្រតិភូ គ្រូ​បង្វឹក និង​ក្រុម​អត្តពលិក ក្នុង​ពិធី​សំណេះសំណាល កាលពី​ថ្ងៃ​អង្គារ​នោះ​ថា៖ «ការ​ប្រកួត​អូឡាំពិក​ មិន​ផ្តោត​សំខាន់​តែ​លើជ័យជម្នះ​មួយមុខ​នោះ​ទេ ប៉ុន្តែ​ក៏ផ្តោត​លើការ​ចូលរួម​​ការ​ប្រកួត​ឱ្យអស់​ពី​សមត្ថភាព ឈ្នះ​លើ​ខ្លួនឯង និង​មានការ​កើន​ឡើង​នូវ​សិទ្ធិ​ផល និង​កំណត់ត្រា​ផងដែរ»។

សម្រាប់​ប្រតិភូ​កីឡាកម្ពុជា​ទាំង​១៥​នាក់ ដែល​ត្រូវបាន​ឧទ្ទេស​នាមឱ្យ​ទៅ​ចូលរួមការ​ប្រកួត​កីឡាអូឡាំពិក នៅ​ប្រទេ​សបារាំង​ខាង​មុខ​នេះ រួមមាន​ថ្នាក់​ដឹកនាំ​៥នាក់ នាយបេសកកម្ម និង​​មន្រ្តី​ជំនាញ​៥​នាក់ គ្រូ​បង្វឹក​២នាក់ គឺ​មាន​​អត្តពលិក​តែ​៣នាក់​ទេ លើ​ប្រភេទ​កីឡា​អត្តពលិក និង​ហែល​ទឹក ក្នុងនោះ​មានម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២៣ លើ​វិញ្ញាសា​រត់​ចម្ងាយ​៨០០​ម៉ែត្រ ឈុន ប៊ុនថន ព្រម​ទាំង​កីឡាករ​ហែល​ទឹក​កូនខ្មែរ-បារាំង កូសុង ដឺ ឡាប៉ារង អង់ត្វ័ន ម៉ាតាំង ក្លូឌ និង​កីឡាការិនី​កូនកាត់​ខ្មែរ-អាមេរិកកាំង សាក់ប៊ុន អប្សរា កាតារីណា។

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា និងជា​អគ្គលេខាធិការ NOCC ផង​នោះ បាន​ឱ្យ​ដឹង​ថា កីឡាករ កីឡាការិនី​តំណាង​ឱ្យ​កម្ពុជា​ទាំង​៣នាក់​ខាងលើ​នេះ សុទ្ធតែ​​ទទួលបានសិទ្ធិអនុគ្រោះ​ សម្រាប់​ការ​ចូលរួម​ប្រកួតអូឡាំពិកលើក​នេះ បន្ទាប់ពី​ក្រុម​អត្តពលិក​កម្ពុជា ទាំង​ប្រភេទ​កីឡាចំបាប់ តេក្វាន់ដូ (WT) អត្តពលិកកម្ម និង​ហែល​ទឹក សុទ្ធតែ​បាន​ធ្លាក់​នៅ​ក្នុងការ​ប្រកួតជម្រុះអូឡាំពិកដូចគ្នា​នោះ គឺខុសពីការ​ប្រកួត​អូឡាំពិក ឆ្នាំ​២០១៦ ដែល​វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានចូលរួមដោយ​ពេញ​សិទ្ធិ ជាប្រវត្តិសាស្រ្ត​លើក​ដំបូង។

យ៉ាងណា​ក៏ដោយ លោក វ៉ាត់ ចំរើន បាន​អះអាង​ថា ការ​​​ផ្តល់​សិទ្ធិអនុគ្រោះ​របស់​ IOC និង​គណៈកម្មាធិការ​រៀបចំការ​ប្រកួតកីឡាអូឡាំពិក​លើក​នេះ គឺ​​ផ្អែក​ទៅលើ​ការ​ជ្រើស​រើស​របស់​សហព័ន្ធ​កីឡា​អន្តរជាតិ​នៃ​ប្រភេទ​កីឡា​នីមួយៗ រួចទើប​ប្រគល់​លទ្ធផល​នៃ​ការ​ជ្រើស​រើសអត្តពលិក​ទាំង​​នោះ​ទៅឱ្យ​ម្ចាស់​ផ្ទះ ហើយចុង​ក្រោយ​ កម្ពុជា​បាន​ក្លាយ​​ជា​ចលនាអូឡាំពិក​មួយ ក្នុងចំណោម​ចលនា​អូឡាំពិក​ទាំង​២០៦ប្រទេស នៅលើពិភព​លោក​ ដែល​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ការ​ប្រកួត​អូឡាំពិក​រៀង​រាល់​៤​ឆ្នាំ​ម្តងនេះ។ 

លោក​បាន​បញ្ជាក់​​ថា៖ «ការ​ជ្រើស​រើស (អត្តពលិក​សម្រាប់​ការ​ផ្តល់​សិទ្ធិអនុគ្រោះ​)​នេះ​ខុសពី​អូឡាំពិក​មុនៗ។ អូឡាំពិក​លើក​មុន​ឱ្យ​តែ​សហព័ន្ធ​កីឡាជាតិ​របស់​យើង​ដាក់បេក្ខភាព​ ដើម្បី​សុំ​សិទ្ធិពិសេស​នេះ គេតែង​គោរព​ទៅតាម​ម្ចាស់​ផ្ទះ ប៉ុន្តែ​ឆ្នាំ​នេះ​អត់​ធ្វើ​បែប​ហ្នឹង​ទេ គឺ​គេ (សហព័ន្ធកីឡា​អន្តរជាតិ) ជាអ្នក​​សម្រិតសម្រាំង ពិនិត្យ​ទៅលើ​លក្ខណៈ​សម្បត្តិ​ផង និងមើល​ទៅលើ​គុណ​ផលរបស់អត្តពលិក​ផង»។

អ្នកជំនាញ​កីឡា លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖ «គេ​ពិនិត្យ​​ទៅលើ​បច្ចេក​​ទេស​ ដែល​អាច​ប្រកួត​ប្រជែង​ទៅ​ល្អ​មើល ហើយ​ក៏មើល​ទៅលើ​លក្ខណៈសម្បត្តិ​ ឬរូបសម្បត្តិ​របស់​អត្តពលិក​។ ​បើ​កីឡាករ កីឡាការិនី​មានរូបសម្បត្តិ​មិនសូវទាក់​ទាញ គេ​នឹងជម្រុះ ព្រោះ​កីឡា​អូឡាំពិក គេ​ផ្តោត​ទៅលើ​ទីផ្សារ​ដែរ​ អ៊ីចឹង​គេ​ជ្រើស​រើស​យក​រូបសម្បត្តិ កម្ពស់កម្ពរណាឱ្យ​ត្រូវ​នឹងការ​ទាក់​ទាញហ្នឹង ទើប​គេ​យក​ ហើយគួប​ផ្សំ​និង​បច្ចេក​ទេស​ផងដែរ»។ 

សម្រាប់ការ​ជ្រើស​រើស​អត្តពលិក ដើម្បី​ផ្តល់​ជាសិទ្ធិអនុគ្រោះ នៅលើប្រភេទ​កីឡា​អត្តពលិក និង​ហែល​ទឹក​នេះ លោក វ៉ាត់ ចំរើន បាន​ឱ្យ​ដឹងដែរ​ថា ក៏មាន​ភាព​យឺត​យ៉ាវ ក្នុងការ​ផ្តល់ដំណឹង​ត្រឡប់មកវិញ​ផងដែរ។ ជាក់ស្តែង​កីឡាករ​ កីឡាការិនី​កម្ពុជា​ទាំង​៣នាក់នេះ ទើប​​ទទួល​ដំណឹង​ ចំពោះការ​ទទួល​បានសិទ្ធិពិសេស​នេះ មិនដល់​​១ខែផង។

លោក វ៉ាត់ ចំរើន បញ្ជាក់​ថា៖ «សម្រាប់អូឡាំពិកមុនៗ គេ​ឱ្យ​យើង​ដឹង៥ខែមុន ប៉ុន្តែ​លើក​នេះ នៅសល់ពេលមិនដល់​​១ខែផង ទើបគេ​ប្រាប់យើងមកវិញ»។ យ៉ាងណា​ក៏ដោយ លោក ចំរើន ថា ​​កីឡាករ កីឡាការិនី ដែល​ត្រូវបាន​ជ្រើស​រើស​នេះ ​ពិតជា​​ស័ក្តិសម​តំណាង​ឱ្យ​ជាតិ​ ដោយ​មានទាំង​កីឡាករ​នៅ​ក្នុងស្រុក និង​កីឡាករ កីឡាការិនី​ជា​កូនខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​បាន​រួមគ្នាក្នុងការ​លើក​ទឹក​ជាតិកម្ពុជា ក្នុង​ពេល​អូឡាំពិកលើកនេះ។

ជាមួយគ្នា​នេះ NOCC បានជ្រើស​រើស​យក​កីឡាករ ឈុន ប៊ុនថន ជា​អ្នក​កាន់ទង់ជាតិ កម្ពុជា ក្នុងពេល​ដង្ហែក្បួន​នាការ​ប្រកួត​អូឡាំពិក​ឆ្នាំ​នេះ។ លោក វ៉ាត់ ចំរើន បន្ថែម​ថា៖ «អ្វីដែលជា​បច្ចេក​ទេស គឺ​ឃើញ​ថា មាន​ភាពហ្មត់ចត់​ និង​ច្បាស់លាស់ ដោយគេ​មាន​ការ​សម្រិត​សម្រាំង​ល្អ​ អ៊ីចឹង​យើងសង្ឃឹម​ថា កីឡាករ កីឡាការិនី​របស់​យើង ​ធ្វើ​បាន​ល្អ ហើយ​នឹង​បង្កើត​បាន​នូវ​កំណត់​ត្រា​​ថ្មី ​ បទពិសោធន៍​ថ្មី​ ក៏ដូចជា​​កម្រិត​បច្ចេកទេស​ថ្មី​ ព្រមទាំង​បានដក​ស្រង់​បទពិសោធន៍ជាមួយ​អត្ត​ពលិក​កម្រិត​អូឡាំពិក​ខ្ពស់បំផុតនេះ»។

អតីត​កីឡាចំបាប់ ដែល​ទទួលបានសិទ្ធិអនុគ្រោះឱ្យ​ចូលរួម​ការ​ប្រកួត​អូឡាំពិកតំណាង​ឱ្យ​កម្ពុជាមុនគេ លោក ចំរើន ​បន្ថែមទៀត​​ថា៖ «អ្វី​ដែល​សង្ឃឹម​គឺ​ពួក​គាត់​នឹង​ធ្វើ​បាន​ល្អ ហើយ​​យើង​ចង់​ឱ្យគាត់​​មានការ​ប្រកួត​ប្រជែងអស់ពី​លទ្ធភាព និង​ទទួល​បាន​នូវលទ្ធផល​បច្ចេក​ទេស​ខ្ពស់​ជាង​មុន ដើម្បី​គាត់អាច​បំបែក​ឯតទគ្គកម្មចាស់​របស់​ខ្លួន ព្រោះ​យើង​នៅមិនទាន់មាន​មហិច្ឆតា​ស្វែងទៅរក​មេដាយ​នៅឡើយ​ទេ។ យើង​នៅ​ក្នុង​កម្រិត​ ដែល​កំពុង​តែស្វែង​រកនូវឧត្តម​ភាពទៅ​តា​ម​កម្រិត​របស់​យើង​នៅឡើយ»៕