អ្នកលេង​សាច់​ដុំ ដែល​ធ្លាប់​ដណ្តើម​បាន​មេដាយមាស​ពី​ការ​ប្រកួត​កីឡា​កាយវប្បកម្ម​ជើង​ឯក​ពិភព​លោក ឆ្នាំ​២០១៨ សំបូរ សុភ័ណ្ឌ និង​ក្មួយ​ប្រុស​របស់​ខ្លួន​គឺ​កីឡាករ នន់ សុខចម្រើន បាន​បង្ហាញ​មោទនភាព​ខ្លាំង ចំពោះ​ការ​រួម​គ្នា​ដណ្តើម​បាន​មេដាយមាស​ចំនួន​​៥ ជាពិសេស​ការ​ឈ្នះ​ពាន​មាស និង Pro Card (Professional Card) ​ពី​ការ​ប្រកួត​កីឡា​កាយវប្បកម្ម FIF International Thailand Championship នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ។

បើ​ទោះ​បី​ជា ការ​ចេញ​ទៅ​ប្រកួត FIF International Thailand Championship នេះ ត្រូវបាន​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន ដោយ​ត្រូវ​រ៉ាប់រង​ការ​ចំណាយ​ដោយ​ខ្លួនឯង ជាមួយ​ថវិកា​ទទួល​បាន​ពីការ​ឧបត្ថម្ភ​ពី​សប្បុរសធម៌​ជិត​ឆ្ងាយ ប៉ុន្តែ​ទាំង សំបូរ សុភ័ណ្ឌ និង នន់ សុខចម្រើន បានប្រឹង​ប្រែង​ខ្លាំង​ក្នុង​ការ​ហ្វឹក​ហាត់ជា​ច្រើន​ខែ ដើម្បី​ធ្វើ​ឱ្យ​សាច់ដុំ និង​រាងកាន់​តែ​ស្អាត សម្រាប់​ចូល​រួម​ការ​ប្រកួត​នេះ។

ជាមួយការ​ខិតខំប្រឹង​ប្រែង ដោយ​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ស្វែង​រក​កិត្តិយស​ជូនជាតិ​នេះ សំបូសុភ័ណ្ឌ បាន​ឈ្នះ​មេដាយ​មាស​ទាំង​លើវិញ្ញាសា Men physique open up 170cm និង​​វិញ្ញាសា Men classic physique open up 170cm ហើយ​ជាពិសេស សុភ័ណ្ឌ ​បាន​ឈ្នះ​ពាន​មាស Overall champ men physique និង​ឈ្នះបាន​ Pro Card FIF Men physique យ៉ាង​រំភើប​បំផុត។

ចំណែក​កីឡាករ នន់ សុខចម្រើន ជា​ក្មួយ​ប្រុស និង​ជា​កូន​ប្រុស​បង្កើត​របស់​អតីត​កីឡាករ​ជម្រើសជាតិ សំបូរ នន់ នោះ បាន​ឈ្នះ​មេដាយ​មាស​ទាំង​៣វិញ្ញាសា​តែម្តង គឺ​វិញ្ញាសា Men physique up 24 year វិញ្ញាសា Men model fitness up 24 year និង​លើវិញ្ញាសា Men model fitness open up 170cm ហើយ សុខចម្រើន ក៏​ឈ្នះ​បាន Pro Card FIF model fitness ផងដែរ។

ជាមួយ​ជ័យ​ជម្នះ​នេះ សំបូរ សុភ័ណ្ឌ បាន​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ឈ្នះ​ពានមាស Overall ជាពិសេស​ការ​ឈ្នះ Pro Card ដែលវាមានការ​ពិបាក​ខ្លាំង ចំពោះ​កីឡាករ​គ្រប់​រូប ក្នុង​ដណ្តើម​យក ដើម្បី​ធ្វើ​ឱ្យ​ខ្លួនឯង​បាន​ឈាន​ទៅ​កាន់ការ​ប្រកួត​កម្រិតខ្ពស់​មួយ​ទៀត។

ម្ចាស់​មេដាយមាស​ពិភព​លោក សំបូរ សុភ័ណ្ឌ បាន​បង្ហោះ​សារ ក្រោយ​បញ្ចប់​ការ​ប្រកួត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ថា៖ «ថ្ងៃ​នេះ​ខ្ញុំបាទ សំបូរ សុភ័ណ្ឌ ជាមួយ​ក្មួយ​ប្រុស​បង្កើត (នន់ សុខចម្រើន) ពិត​ជា​មានមោទ​ភាព និង​រំភើប​ជា​ខ្លាំង​ដែល​នាំ​យក​មេដាយ​ជូន​ជាតិ ក្នុង​កម្មវិធី FIF International Thailand Championship ដោយ​ខ្ញុំ​បាទ​ឈ្នះ​មេដាយ​មាស ២​គ្រឿង...ជាពិសេស​ឈ្នះ Overall champ men physique និង​ឈ្នះ Pro Card FIF Men physique»។

កីឡាករ សំបូរ សុភ័ណ្ឌ និង​កីឡាករ នន់ សុខចម្រើន​ដណ្តើម​បាន​មេដាយមាស​ចំនួន​​៥ ជាពិសេស​ការ​ឈ្នះ​ពាន​មាស និង Pro Card (Professional Card) ​ពី​ការ​ប្រកួត​កីឡា​កាយវប្បកម្ម FIF International Thailand Championship នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ។ រូបថត សហការី

អ្នក​លេង​សាច់​ដុំ​រូប​នេះ បាន​បន្ថែម​ថា៖ «ចំណែក​កីឡាករ នន់ សុខចម្រើន ឈ្នះ​មេដាយមាស​ ៣​គ្រឿង…ជាពិសេស ឈ្នះ Pro Card FIF model fitness។ សូម​អរគុណ​ពុក​ម៉ែប្អូន ដែលតែងតែ​គាំទ្រ​ក្រកូល «សំបូរ» រហូតមក ហើយ​ជោគជ័យ​មួយ​នេះ គឺជា​ជោគជ័យ​របស់​កម្ពុជាយើង​ទាំង​អស់​គ្នា»។

ចំណែក​កីឡាករ នន់ សុខចម្រើន ​ក៏​បាន​បង្ហោះសារ​ថ្លែង​អំណរគុណ​ដល់​គ្រប់​អ្នក​ពាក់ព័ន្ធ ដែល​ជួយ​ជំរុញ​ឱ្យ​រូបគេ​ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​ធំ សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​នេះ។ «ជាដំបូង​ ខ្ញុំ​បាទ​សូម​អរគុណ​ដល់​ក្រុម​គ្រួសារ បើ​សិន​ជា​ខ្ញុំដើរ​ផ្លូវ​នេះ​តែ​ម្នាក់ឯង​ដោយ​គ្មាន​ពួក​គាត់ទេ ខ្ញុំ​ប្រហែល​ជា​ខ្ញុំ​មិន​អាច​ឈាន​មក​ដល់​ចំណុច​នេះ​បាន​ដែរ ហើយ​អរគុណ​ប៉ា ពូ សំបូរ ណាន និង សំបូរ សុភ័ណ្ឌ ដែល​ត្រូវ​ជា​គ្រូ ដែល​តែងតែ​តាម​ដាន​លើ​របប​អាហារ និង​ការ​ហ្វឹកហាត់​តាំង​ពីដើម​រហូត​មក»។

ម្ចាស់​មេដាយ​មាស​ចំនួន ៣​ថ្មីថ្មោង សុខចម្រើន បាន​បន្ថែម​ថា៖ «លើស​ពី​នេះ​ទៅ​ទៀត​ខ្ញុំ​សូម​អរគុណ​ដល់​មិត្តភក្តិ ពុក​ម៉ែ​បងប្អូន ដែល​តែងតែ​ស្រឡាញ់​គាំទ្រ​ផ្ដល់​ជា​កម្លាំង​ចិត្ត និង ជួយ​ឧបត្ថម្ភជា​ថវិកា​ដល់​រូប​ខ្ញុំ សម្រាប់​ការ​ចំណាយ​លើ​ការ​ប្រកួត ហើយ​ការ​ទទួល​បាន​ជោគជ័យ​មួយ​នេះ​ក៏ដូចជា ជោគជ័យ​របស់​បងប្អូន ដែល​ស្នេហា​វិស័យ​កីឡា​ទាំងអស់»៕