កីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន និង កែ វ៉ាន់ស៊ីដែន សុទ្ធតែដណ្តើមបានមេដាយមាសនៅក្នុងការប្រកួតកីឡាម៉ូតូទឹកពិភពលោកតាមស៊េរី (WGP1 Water Jet World Series 2024) នៅទីក្រុង Ostrow Warcki ប្រទេសប៉ូឡូញ ចំណែកវីរកីឡាករ សាលី អ៊ូមើត បានឈ្នះត្រឹមមេដាយប្រាក់ និងសំរឹទ្ធ។
តាមរយៈការប្រកួតជុំទី១ ដែលធ្វើនៅប្រទេស ប៉ូឡូញ តាំងពីថ្ងៃទី២៦ និងបានបញ្ចប់កាលពីថ្ងៃទី២៨ ខែកក្កដានេះ កីឡាករ កែ វ៉ាន់ស៊ីដែន បានបង្កើតឱ្យមានការភ្ញាក់ផ្អើលមុនគេ តាមរយៈការដណ្តើមបានមេដាយមាសដំបូងគេឱ្យកម្ពុជាលើវិញ្ញាសារ Novice Ski Stock កាលពីថ្ងៃទី២៧ ខែកក្កដា។
នៅក្នុងការប្រកួតនេះ វ៉ាន់ស៊ីដែន បានបញ្ជាម៉ូតូយ៉ាងស្ទាត់ជំនាញ ក្នុងការនាំមុនលើគូប្រកួត ហើយបានមកដល់ទីផ្តាច់ព្រ័ត្រមុនគេ ដោយមានពិន្ទុសរុបចំនួន១៧៣ គឺឈ្នះកីឡាករចំណាត់ថ្នាក់លេខ២ Wilson Sam របស់ចក្រភពអង់គ្លេស ដែលធ្វើបាន១៤២ពិន្ទុ រីឯកីឡាករ ម៉ីន អូស្មាន់ ដណ្តើមបានមេដាយសំរឹទ្ធ ដោយធ្វើបាន ១៤២ពិន្ទុដែរ សម្រាប់ការប្រកួតវិញ្ញាសានេះដែរ។
បន្ថែមទៅលើការឈ្នះបានមេដាយមាស១ និងសំរឹទ្ធ១ សម្រាប់ការប្រកួតបើកឆាក នាថ្ងៃសៅរ៍នោះ ក្រុមកីឡាម៉ូតូទឹកកម្ពុជា បានរួមគ្នាដណ្តើមបានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១ទៀត សម្រាប់ការប្រកួតចុងក្រោយ កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ដោយមេដាយមាសទី២ នេះរកបានដោយកីឡាករ សាលី ហ្វីលីន លើវិញ្ញាសារ Expert Runabout 1100 Superstock។
នៅក្នុងការប្រកួតនេះ សាលី ហ្វីលីន រកបាន ១៦៣ពិន្ទុ សម្រាប់ការប្រកួតទាំង ៣ដំណាក់កាលរបស់ខ្លួន ដោយបានយកឈ្នះកីឡាករ Alhammadi Sultan ដែលធ្វើបាន ១៥៦ពិន្ទុ ដើម្បីឈ្នះបានមេដាយប្រាក់ ចំណែកលេខ ៣បានទៅកីឡាករ Wiltting Nile របស់អាល្លឺម៉ង់ដែលធ្វើបាន ១៤៩ពិន្ទុ។
ប៉ុន្តែចំពោះការប្រកួត ២ វិញ្ញាសាទៀត សាលី ហ្វីលីន ធ្វើមិនបានល្អទេ ដោយរូបគេបានត្រឹមលេខ១៣ សម្រាប់ការប្រកួតវិញ្ញាសា Endurance Open ដែលមានកីឡាករចូលរួមរហូតដល់១៨នាក់ រីឯការប្រកួតវិញ្ញាសា Exper Runabout 1100 Stock ហ្វីលីន បានចំណាត់ថ្នាក់លេខ៤។
ចំណែកការប្រកួតវិញ្ញាសា Novice Runabout 1100 Stock វិញកីឡាករកម្ពុជា ម៉ីន មូសស្តាន របស់កម្ពុជាបានឈ្នះមេដាយប្រាក់ ដោយធ្វើបាន ១៤០ពិន្ទុ គឺតិចជាងកីឡាករ Alhermi Ahmed របស់បារ៉ែន ដែលធ្វើបានរហូតដល់ ១៧៣ពិន្ទុចំណែកកីឡាករបានលេខ៣ Ventus Angelo របស់ហ្វីលីពីនធ្វើបាន ១៣៩ពិន្ទុ។ រីឯការប្រកួតវិញ្ញាសា Exper Ski GP មូសស្តាន បានត្រឹមលេខ៦ ក្នុងចំណោមកីឡាករ ៨នាក់។
ដោយឡែកសម្រាប់ការប្រកួតម៉ូតូទឹករបស់ក្រុមកីឡាករអាជីពវិញ វីរកីឡាកររបស់កម្ពុជា សាលី អ៊ូមើត មិនអាចដណ្តើមបានមេដាយមាសនោះទេ គឺបានត្រឹមមេដាយប្រាក់១ និងសំរឹទ្ធ១ ក្នុងការប្រកួតទាំង២វិញ្ញាសារបស់ខ្លួន។
ម្ចាស់មេដាយមាសកីឡាអាស៊ី និងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ សាលី អ៊ូមើត បានឈ្នះមេដាយប្រាក់នៅលើវិញ្ញាសារ Pro Am Runabout 1100 Open ដោយរូបគេធ្វើបាន ១៥៤ពិន្ទុ គឺតិចជាងម្ចាស់មេដាយមាសរបស់ថៃ Teeraprateep Kasidi ដែលធ្វើបានដល់១៨០ពិន្ទុ ខណៈកីឡាករបានលេខ៣ Buhisan Marchael Louis របស់ហ្វីលីពីន ធ្វើបាន១៤៩ពិន្ទុ។
យ៉ាងណាក៏ដោយ នៅពេលការប្រកួតបានពាក់កណ្តាលទី សាលី អ៊ូមើត បានលើកដៃបង្ហាញជាសញ្ញាថា ម៉ូតូរបស់ខ្លួនមានបញ្ហា ហើយនេះជាមូលហេតុដែលកីឡាករថៃ Teeraprateep Kasidi បានវ៉ានាំមុខគេវិញ រហូតដល់ជុំផ្តាច់ព្រ័ត្រ និងឈ្នះបានមេដាយមាស។ រីឯការប្រកួតវិញ្ញាសារ Pro Sport GP អ៊ូមើត បានឈ្នះត្រឹមមេដាយសំរឹទ្ធ។
នៅក្នុងការវិញ្ញាសារនេះ សាលី អ៊ូមើត មិនអាចប្រជែងឈ្នះកីឡាករទាំង ២នាក់របស់ចក្រភពអង់គ្លេសនោះទេ ដោយរូបគេបានបញ្ចប់ការប្រកួតត្រឹមលេខ៣ ដោយធ្វើបាន១៤៦ពិន្ទុ គឺតិចជាងម្ចាស់មេដាយមាស Belcher Simon ដែលធ្វើបាន ១៧៣ពិន្ទុ រីឯមិត្តរួមជាតិរបស់គេ Parkin lennon ធ្វើបាន១៤៩ពិន្ទុដើម្បីទទួលបានមេដាយប្រាក់។
សម្រាប់ការដណ្តើមបានមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ២ ពីការប្រកួតម៉ូតូទឹក WGP1 Water Jet World Series 2024 នៅប្រទេសប៉ូឡូញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហោះសារ ដើម្បីអបអរសាទរដល់គ្រប់កីឡាករកម្ពុជា ដែលដណ្តើមបានមេដាយ គួរទីមោទនភាពជូនជាតិនេះ។
ចំពោះវីរកីឡាករ សាលី អ៊ូមើត មិនបានបង្ហោះសារអ្វីច្រើនទេ តែបានជំរុញឱ្យកីឡាករម៉ូតូទឹកកម្ពុជាទាំងអស់ ផ្តោតការយកចិត្តទុកដាក់ សម្រាប់ការប្រកួតជុំទី២ នៅសហរដ្ឋអាមរិកជាបន្តទៀត។ អ៊ូមើត បានបង្ហោះសារក្រោយការប្រកួតជុំទី១ នៅប្រទេសប៉ូឡូញថា៖ «ការប្រកួតចប់ដោយសុវត្ថិភាព។ ត្រៀមខ្លួនទៅជុំទីពីរបន្ត នៅប្រទេសសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ការប្រកួតម៉ូតូទឹក WGP1 Water Jet World Series ឆ្នាំ២០២៤នេះ គឺមានការប្រកួតតែ៣ជុំទេ គឺជុំទី១ ធ្វើនៅប្រទេសប៉ូឡូញ ដែលទើបបានបញ្ចប់ កាលពីថ្ងៃទី២៨ ខែកក្កដា រីឯជុំទី២ ធ្វើនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែតុលា ចំណែកជុំទី៣ផ្តាច់ព្រ័ត្រ នឹងធ្វើនៅប្រទេសថៃ ពីថ្ងៃទី១១ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤៕