កីឡាករ​ធ្លាប់​មាន​ឈ្មោះ​បោះ​សម្លេងនិង​មាន​ប្រជាប្រិយ​ខ្លាំង​ជាង​​គេ​​ប្រចាំ​នៅ​​កម្ពុជា កែវ រំចង់ បានដាក់​ក្តី​សង្ឃឹម​ខ្ពស់​ទៅ​លើ​ កាន់ ម៉េងហុង ថា នឹង​អាច​ដណ្តើម​បាន​ជ័យ​ជម្នះ​ជូន​ជាតិ សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​អន្តរជាតិ K-1 WORLD MAX 2024 នៅប្រទេស​ជប៉ុន បើទោះ​បី​ជា ​ម៉េងហុង ត្រូវ​ប៉ះ​ជើង​ខ្លាំង​លំដាប់ជួរ​​មុខ​​របស់​ម្ចាស់​ផ្ទះ ក្នុង​ការ​ប្រកួត​ជុំ​ទី​១ នា​ថ្ងៃទី​៧ ខែកក្កដា ខាង​មុខ​នេះ​ក៏​ដោយ។ 

ជា​កីឡាករ​កម្ពុជា​ម្នាក់ ដែល​ធ្លាប់​បាន​ទៅ​ចូលរួម​ការ​ប្រកួត​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក K-1 នៅ​ទី​ក្រុងតូក្យូ ប្រទេស​ជប៉ុន កាល​ពី​ឆ្នាំ​២០២០ ហើយ​ក៏​បាន​យក​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​របស់ជប៉ុន​ផង​នោះ កែវ រំចង់ បាន​ឱ្យ​ដឹង​ថា ច្បាប់​ប្រកួត​នៅ K-1 គេ​ប្រកួត​៣ទឹក មិន​ឱ្យ​ចាប់​ឱប​ឡាំជង្គង់​ទេ តែ​អាច​បោះ​ជង្គង់​ជា​ប្រយោល​បាន ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​ប្រើ​កែង​នោះដែរ។

ចំពោះ​ច្បាប់​ប្រកួត​តាម​លំនាំ​​ប្រដាល់​ឃីកបុកស៊ីង (Kickboxing) ​នេះ កែវ រំចង់ មើល​ឃើញ​ថា វាមាន​ភាព​អំណោយ​ផល​ សម្រាប់​កីឡាករ កាន់ ម៉េងហុង ដែល​មានជំនាញ​​ប្រកួតបែប​នេះ និងមាន​ភាពរហ័សរហួន ហើយ ម៉េងហុង ក៏​ធ្លាប់ដណ្តើម​បានមេដាយ​ប្រាក់ សម្រាប់ការ​ប្រកួត​លើ​វិញ្ញាសាឃីក​បុកស៊ីង ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅប្រទេស​វៀតណាម​ផងដែរ។

កែវ រំចង់ ដែលជា​គ្រូជំនួយ​ម្នាក់​របស់ កាន់ ម៉េងហុង ផង​នោះ បានបញ្ជាក់ថា៖ «ខ្ញុំ​សង្ឃឹមទៅ​​លើ កាន់ ម៉េងហុង ព្រោះ​គាត់​ហ្វឹក​ហាត់​ខ្លាំង ហើយគាត់មានភាពរហ័សរហួន​ដូច​ស្វាអ៊ីចឹង គឺ​គាត់​​វាយចេញចូលបាន​​លឿន​មែន​ទែន ហេតុនេះខ្ញុំ​​សង្ឃឹម​លើ​គាត់ ក្នុង​ការដណ្តើម​បានជ័យជម្នះ​យក​មកជូនជាតិ​មាតុភូមិ​»។

ការ​​បង្ហាញ​ភាពជឿជាក់​ទៅលើ កាន់ ម៉េងហុង នេះ គឺ កែវ រំចង់ បាន​លើក​ឡើង ក្នុងពេលរូប​គេ​បាន​ចូលរួម​ជូនដំណើរ​ កាន់ ម៉េងហុង នៅ​ព្រលាន​យន្ត​ហោះអន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ខែកក្កដា ហើយ​ពេល​នេះ ម៉េងហុង និង​ប្រតិភូ​ដឹកនាំ បាន​ធ្វើដំណើរ​ដល់​ទី​ក្រុង​តូក្យូ ប្រទេសជប៉ុន​ហើយ ដើម្បី​ត្រៀម​ការ​ប្រកួតម៉ារ៉ាតុង​​ដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក ក្នុង​ព្រឹត្តិការណ៍ K-1 WORLD MAX 2024 នេះ។

សម្រាប់​ការ​ប្រកួតម៉ារ៉ាតុង​ដណ្តើមខ្សែ​ក្រវាត់​ World Championship Tournament ប្រភេទ​ទម្ងន់​៥៥​គីឡូក្រាម​នេះ មាន​បេក្ខភាពចំនួន​៨នាក់ ​ក្នុង​នោះ​មាន​កីឡាករ​ម្ចាស់​ផ្ទះជប៉ុន​Akihiro Kaneko, Masahi Kumura, Riamu និង Rui Okubo រួមទាំង​កីឡាករ​កម្ពុជា កាន់ ម៉េងហុង អ្នក​ប្រដាល់​អេស្ប៉ាញ Antonio Orden កីឡាករក្រិក Angelos Martinos និង​កីឡាករចិន Zhao Zhendong។

កីឡាករ​កម្ពុជា កាន់ ម៉េងហុង ចេញ​​ទៅ​ប្រកួត​​ដណ្តើម​​ខ្សែ​ក្រវាត់ ក្នុង​ព្រឹត្តិការណ៍​ពិភពលោក K-1 WORLD MAX 2024 នៅ​ប្រទេសជប៉ុន។

តាម​ការផ្គូផ្គងរួច​ហើយ​នោះ ​កាន់ ម៉េងហុង ត្រូវជួបជើង​ខ្លាំងលំដាប់ជួរមុខ​របស់ជប៉ុនAkihiro Kaneko រីឯ​កីឡាករក្រិក Angelos Martinos ប៉ះ​ Riamu ស្របពេលអ្នក​ប្រដាល់​​អេស្ប៉ាញ Antonio Orden ត្រូវតទល់​និង Maasashi Kumura ហើយ​អ្នក​ប្រយុទ្ធ​របស់​ចិន Zhao Zhendong ត្រូវ​ប្រកួតជាមួយ​កីឡាករ​ម្ចាស់​ផ្ទះជប៉ុន Rui Okubo។

អ្នកទាំង​៨នាក់នេះ នឹង​ត្រូវ​​ប្រកួតជម្រុះជុំទី​១ ​ដែល​នឹងធ្វើ​នៅ​ទី​ក្រុងតូក្យូ នា​ថ្ងៃទី​៧ ខែកក្កដា ខាង​មុខ​នេះ ហើយ​អ្នក​ឈ្នះ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួតជុំ​ផ្តាច់​ព្រ័ត្រ ដែលគ្រោង​នឹ​ង​ធ្វើ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ដើម្បី​រក​អ្នក​ឈ្នះបានខ្សែ​ក្រវាត់ ហើយ​នៅ​ថ្ងៃអាទិត្យ​នេះ​ដែរ ក៏មានការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ និង​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ចំនួន១១គូទៀតផងដែរ។

សម្រាប់ការ​ទទួល​បានឱកាស​ទៅ​ប្រកួត នៅ K-1 WORLD MAX ជាលើកដំបូ​ង​នេះ កាន់ ម៉េងហុង បាន​និយាយ នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ខែកកក្កដា ថា៖ «ដោយ​​​មានអាជីពជាអ្នក​ប្រដាល់ ខ្ញុំ​គិត​ថា វាពិតជាមានន័យ​ខ្លាំង ដែល​​ទទួល​បាន​ឱកាស​ទៅប្រកួត​នៅ K-1 ព្រោះ​ដំបូង​ឡើយ​ខ្ញុំគិត​ថា បាន​ប្រកួត​ធម្មតាៗ​នៅ​ក្នុងស្រុកទេ តែមិន​គិត​ថា បានចេញ​ប្រកួត​ក្រៅ​ស្រុក​បាន​ច្រើន ជាពិសេស​ការ​ចេញ​ទៅ​ប្រកួតនៅ​ប្រទេស​ជប៉ុន​លើក​នេះ ព្រោះនេះជា​ក្តីស្រមៃ​របស់​ខ្ញុំ»។ 

យ៉ាង​ណា​ក៏​ដោយ ពេលនិយាយ​ទៅដល់​សមត្ថភាពប្រកួត​របស់កីឡាករជប៉ុន Akihiro Kaneko គឺ កាន់ ម៉េងហុង បាន​បង្ហាញការ​ព្រួយ​បារម្ភ​ច្រើន ព្រោះ​គេ​ម្នាក់នេះ​ជា​ជើង​ខ្លាំងលំដាប់ជួរ​មុខ​​លើ​ជំនាញ​ឃីកបុកស៊ីង​របស់ជប៉ុន ក្នុង​ប្រភេទ​ទម្ងន់៥៥គីឡូក្រាម ប្រចាំនៅ K-1 នេះ​តែម្តង។

ដោយ​មានអាយុ​២៧ឆ្នាំ Akihiro Kaneko បាន​ចាប់​ផ្តើម​ប្រឡូក​ប្រដាល់​ឃីកបុកស៊ីង​កាល​ពី​ឆ្នាំ២០១៤ ហើយ​​រហូត​ដល់​ពេល​នេះ ​គេ​មាន​បទ​ពិសោធន៍​​ឡើង​សង្វៀន​ចំនួន​៣៨​ដង ​ឈ្នះ​​៣៥​ដង និង​ចាញ់​​៣​ដង​។ ជាមួយ​ប្រវត្តិ​ប្រកួត​នេះ Akihiro កំពុង​គ្រប់​គ្រង​ខ្សែ​ក្រវាត់ឃីក​បុក​ស៊ីង​ចំនួន​៣​ខ្សែ គឺខ្សែក្រវាត់ Krush​ Bantamweight ឆ្នាំ២០១៨​, ខ្សែក្រវាត់ K-1 Super Bantamweight ឆ្នាំ២០២២ និងខ្សែក្រវាត់ K-1 World GP Super Bantamweight ឆ្នាំ២០២២ ហើយ​រូប​គេ​ក៏​បាន​ឈ្នះ​ជើង​ឯក​ចំនួន​៤​ទៀត​ក្នុង​ការ​​ប្រកួត​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ផងដែរ។

ចំពោះ​ប្រវត្តិ​ប្រកួតដ៏​ល្អ​របស់​កីឡាករ​ជប៉ុន Akihiro Kaneko រូប​នេះ កាន់ ម៉េងហុង បាននិយាយ​ថា៖ ​«​ខ្ញុំ​នៅតែ​មានការ​បារម្ភ​ច្រើន​ទៅលើ​ដៃគូ​របស់​ខ្ញុំ ព្រោះ​គាត់​​មានសមត្ថ​ភាពល្អ ដោយ​​វាយចេញ​បាន​លឿន និង​មានទម្ងន់​ធ្ងន់​ទៀត»។

យ៉ាង​ណាក៏​ដោយ ដោយសារ ម៉េងហុង ធ្លាប់​បាន​តាមដាន​ការ​ប្រកួត​ K-1 តាំង​ពី​មិនទាន់​ក្លាយជា​អ្នកប្រដាល់​នោះ ធ្វើ​ឱ្យ​រូបគេបានដឹង​ច្រើន​ពី​ច្បាប់ និងលក្ខខណ្ឌ​​ប្រកួតនៅ K-1 ហើយនេះជា​អ្វី​ដែល​ធ្វើ​ឱ្យ​កីឡាករកម្ពុជា​រូបនេះ ​នៅតែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង។ កាន់ ម៉េងហុង បាន​បញ្ជាក់ថា៖ ​«ខ្ញុំ​បានសិក្សា​ពី​បច្ចេក​ទេស​ប្រកួត​របស់​គាត់​បានច្រើន​ដែរ​ហើយ ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត ៦០​ភាគ​រយ ក្នុង​ការ​ស្ពាយ​ខ្សែ​ក្រវាត់នេះ​មក​​កម្ពុជា​»៕