កីឡាករ​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០២៣​របស់​កម្ពុជា កាន់ ម៉េងហុង មិន​អាច​ប្រើ​ប្រាស់​បទពិសោធន៍​ប្រកួត​ដ៏​ស្តួចស្តើង​លើ​ជំនាញ​ឃីកបុកស៊ីង (Kickboxing) ដើម្បី​​តតាំង​ជាមួយ​អ្នក​ប្រយុទ្ធ​ដ៏​ល្បី​របស់​ជប៉ុន Akihiro Kaneko បាន​នោះ​ទេ ដោយ​រូបគេ​បាន​ចាញ់​ដោយ​សន្លប់​ធំ ចំណែក​ស្តេច​ប្រដាល់​របស់​ថៃ Buakaw Banchamek (ប៊ូខាវ) ក៏​បាន​ចាញ់​សម្រាប់​ការ​ប្រកួតប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់ ក្នុង​ព្រឹត្តិការណ៍ K-1 WORLD MAX 2024 នៅ​ប្រទេស​ជប៉ុន​នោះ​ដូចគ្នា។

សម្រាប់​ការ​ទទួល​បានឱកាស​ទៅ​ចូលរួមការ​​ប្រកួត​ម៉ារ៉ាតុង​​ដណ្តើម​ខ្សែក្រវាត់ ប្រភេទ​ទម្ងន់​៥៥​គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក K-1 WORLD MAX 2024 ជា​លើកដំបូង​ ដែល​ធ្វើ​នៅ​​ទី​ក្រុង​តូក្យូ ប្រទេ​សជប៉ុន កាលពី​ថ្ងៃទី​៧ ខែកក្កដានេះ កាន់ ម៉េងហុង ហាក់​មាន​ទឹក​មុខស្លេ​កស្លាំង ហើយ​រូបគេបាននិយាយ​មុន​ការ​ប្រកួត​ថា ​មាន​កម្លាំង​ខ្សោយ​ជាង​ធម្មតា ព្រោះ​មិន​ទាន់​សម​និងអាកាសធាតុនៅ​ប្រទេស​ជប៉ុន។

យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​ការ​ប្រកួតជា​ក់​ស្តែង កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ កាន់ ម៉េងហុង ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​វាយ​ទៅ​លើ​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​របស់ជប៉ុន Akihiro Kaneko សម្រាប់​រយៈពេល​ជាង​ ២​នាទី​ដំបូង ប៉ុន្តែ​នៅចុង​ទឹក​ទី​១​នេះ ម៉េងហុង បាន​លត់​ជង្គង់​បង្ហាញ​ការ​ឈឺ​ចាប់ ក្រោម​ការ​ទាត់​ចំ​គន្លាក់​ជង្គង់​ឆ្វេង​ពី​សំណាក់ Akihiro នាំ​ឱ្យ​លោក​អាជ្ញា​កណ្តាល​រាប់​ជា​លើក​ទី​១។

ឈាន​ចូលទឹក​ទី​២ កាន់ ម៉េងហុង បាន​ព្យាយាម​ប្រើ​បច្ចេក​ទេស​វាយ​កណ្តាប់ដៃ និង​ទាត់សន្ធាប់​ទៅលើ  Akihiro Kaneko កាន់តែ​ស្វិត​ស្វាញ ព្រោះ​រូបគេ​ចង់​ស្តាការចាញ់​ប្រៀប​នៅ​ក្នុងទឹក​ទី​១​មក​វិញ ប៉ុន្តែកីឡាករ​ដ៏​ខ្លាំង​របស់ជប៉ុន​ Akihiro ពិតជា​មាន​បច្ចេក​ទេស​ខ្ពស់ ដោយ​រូបគេ​បាន​វាយ​សងត្រឡប់មក​វិញ​យ៉ាង​ប្រយ័ត្ន ហើយ​កណ្តាប់​ដៃស្តាំ​វាយ​ចូលពេញ​របស់​គេ បាន​ធ្វើ​ឱ្យ ម៉េងហុង បាត់បង់​ស្មារតី​មួយ​ភាំង ហើយ​ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់​ជាថ្មី​ម្តង​ទៀត។

ជាមួយ​ការ​ចាញ់​បង់ ដោយសារ​ការ​រាប់​ចំនួន២​លើក​នេះ កាន់ ម៉េងហុង បាន​សម្រេច​ចិត្ត​ចូល​វាយ​ប្តូរ​ជាមួយ Akihiro Kaneko កាន់តែ​ខ្លាំងនៅទឹក​ទី​៣​ចុង​ក្រោយ ព្រោះនេះ​ជា​វិធី​សាស្រ្ត​តែមួយ​គត់ ដែល​រូប​គេ​ត្រូវ​ធ្វើ ក្រែង​អាច​កែ​ប្រែ​ស្ថាន​ភាពប្រកួត​បាន​ល្អមក​វិញ ប៉ុន្តែ​​ត្រឹម​រយៈពេល​១នាទី​ប៉ុណ្ណោះ ម៉េងហុង បានដួល​សន្លប់​ធំ​តែម្តង ក្រោមការ​ម៉ាត់​ចូល២​ដៃធ្ងន់ៗ​​ពីសំណាក់​ម្ចាស់​ខ្សែ​ក្រវាត់​៦ស្ថាប័ន​របស់ជប៉ុន Akihiro។

ចំពោះ​ការ​ធ្លាក់ចេញពី​ការ​ប្រកួត​​ម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់ ក្នុង​ព្រឹត្តិការណ៍​ K-1 WORLD MAX 2024 ត្រឹម​​វគ្គ​ជម្រុះ៨នាក់ដំបូង​នេះ ធ្វើ​ឱ្យ​ កាន់ ម៉េងហុង មានការ​សោកស្តាយ​ខ្លាំង ប៉ុន្តែ​កីឡាករ​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់ នៅស៊ីហ្គេម ឆ្នាំ​២០២២ និងឈ្នះ​មេដាយមាស នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ ម៉េងហុង បានអះអាង​ថា រូបគេបាន​ប្រឹង​ប្រែង​អស់ពីលទ្ធភាព​ហើយ តែនៅមិនអាច​ទប់​ទាល់​ជាមួយ​ជើង​ខ្លាំង Akihiro Kaneko របស់​ម្ចាស់​ផ្ទះជប៉ុន​បាន។

ដោយ​មានស្នាមហើមជាំ នៅ​ក្រោម​ភ្នែក​ខាង​ឆ្វេង​នោះ កាន់ ម៉េងហុង បាន​និយាយ ក្រោយ​ការ​ប្រកួត​​ថា៖​ «ខ្ញុំសូមទោស​ដល់​អ្នកទាំង​អស់​គ្នា សម្រាប់ការ​ប្រកួត​ឃីក​បុកស៊ីង​របស់ខ្ញុំ​នៅមុន​នេះ ដោយ​ខ្ញុំបានទទួល​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​លេខ​១​របស់ជប៉ុន​នៅ​ក្នុង​ទឹក​ទី​៣ ហើយ​ខ្ញុំ​ទទួល​ស្គាល់​ថា សមត្ថ​ភាព​របស់គេ​ពិតជា​ខ្លាំងមែន»។ 

កីឡាករ​​របស់​កម្ពុជា​ កាន់ ម៉េងហុង បានបញ្ជាក់ពី​ស្ថានភាព​ពិត ចំពោះ​ការចូល​វាយប្តូរ​​នៅ​​ក្នុង​​ទឹក​ទី​៣​បែប​នេះ​ថា៖ «ដោយសារ​ខ្ញុំ​ត្រូវបាន​អាជ្ញាកណ្តាល​រាប់ នៅ​ក្នុង​ទឹក​ទី​១ និង​ទឹក​ទី​២ ហេតុ​នេះនៅ​ទឹក​ទី​៣ ខ្ញុំ​បាន​​ប្រឹង​​ចូល​វាយ​ប្តូរ គឺ​ប្រឹងប្រែង​​អស់ពី​សមត្ថ​ភាពហើយ ប៉ុន្តែ​លទ្ធផល​ខ្ញុំ​មិន​បានដឹង​ថា ខ្លួនឯងសន្លប់នៅ​ពេល​ណា​នោះ​ទេ ឱ្យខ្ញុំ​សូម​ទោសផង​ពុកម៉ែ​បងប្អូន​»។ 

ចំណែក​លោក ស្រី ចាន់ថន ប្រធាន​ក្លិ​បប្រដាល់គុនខ្មែរអន្តរជាតិ ដែលជា​អ្នក​ខ្នះ​ខ្នែង និងជួយ​ជ្រោមជ្រែង​កីឡាករ កាន់ ម៉េងហុង បាន​ទៅ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ នៅ K-1 WORLD MAX ជាលើកដំបូង​នេះ បានបង្ហោះ​សារ​បែបនេះ​ថា៖ ​«អ្វីដែល ម៉េងហុង ទទួល​បាន​មក​វិញ គឺ​បទពិសោធន៍ សង្ឃឹម​ថា ម៉េងហុង នឹង​ខិតខំបុក​ហ្វឹក​ហាត់ (ព្រោះ​បាន)​ ដឹងពី​ចំណុចខ្សោយ​របស់យើង និង​ដឹង​អំពី​ចំណុច​ខ្លាំង​របស់ដៃគូ។ ខ្ញុំ​នឹងស្នើរៀបចំកីឡាករជប៉ុន (Akihiro Kaneko)​នេះ មក​ប្រកួត​ម្តង​ទៀត»។

ចំពោះ​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់​ ៥៥​ គីឡូក្រាម​នេះចំនួន​៣គូ​ទៀត កីឡាកររបស់ក្រិក Angelos Martinos ត្រូវ​បាន​អ្នកប្រដាល់ជប៉ុន Riamu ទាត់​ឱ្យ​ខូចជើង​ក្រោម ក្នុងការ​ប្រកួតថែម​ទឹក (ទឹកទី​៤) បន្ទាប់ពី​អ្នក​ទាំង​២​មានពិន្ទុ​ស្មើ​គ្នា សម្រាប់ការ​ប្រកួត​ត្រឹម​៣​ទឹក រីឯ​កីឡាករ​​​អេស្ប៉ាញ Antonio Orden ត្រូវ​បានជប៉ុន Maasashi Kumura ម៉ាត់​ឆ្វេង​ចូល​ថ្គាមបណ្តាលឱ្យ​សន្លប់​ត្រឹម​រយៈពេល​ ១ នាទី​ក្នុងទឹក​ទី​១ ហើយ​អ្នក​ប្រយុទ្ធ​របស់​ចិន Zhao Zhendong បាន​ចាញ់ពិន្ទុ​កីឡាករ​ Rui Okubo គឺ​មានន័យ​ថា កីឡាករ​របស់ជប៉ុន បានឈ្នះ​ទាំង​៤នាក់ ដើម្បី​​ឡើង​ទៅ​ប្រកួតជុំ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃទី​២៩ ខែកញ្ញា​។

ស្តេច​ប្រដាល់​របស់​ថៃ Buakaw Banchamek (ប៊ូខាវ) ចាញ់​ក្នុង​​ការ​ប្រកួតប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់ ក្នុង​ព្រឹត្តិការណ៍ K-1 WORLD MAX 2024 នៅ​ប្រទេស​ជប៉ុន​នោះ​ដូចគ្នា។ រូបថត សហការី

ដោយឡែក ស្តេច​ប្រដាល់​របស់​ថៃ ប៊ូខាវ ក៏​បាន​ធ្លាក់ចេញពីការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ខ្សែ​ក្រវាត់ ក្នុងប្រភេទ​ទម្ងន់៧០​គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍ K-1 WORLD MAX 2024 នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃអាទិត្យ​នោះ​ផងដែរ បន្ទាប់ពី​រូបគេ​បានចាញ់​កីឡាករ Stoyan Koprivlenski ដោយពិន្ទុ​ដាច់ ៣-០ ​នោះ។

តាម​រយៈការ​ប្រកួត​នេះ អ្នក​ប្រដាល់​ចាស់​វស្សា ប៊ូខាវ បាន​ប្រឹង​ប្រែង​អស់ពី​សមត្ថភាព​ហើយ តែនៅមិនអាច​យក​ឈ្នះ​កីឡាករ​   Stoyan Koprivlenski របស់​ប៊ុលហ្គារី​បាន ព្រោះ​ការ​ប្រកួត​ត្រឹម​៣​ទឹក​នេះ ប៊ូខាវ ត្រូវបាន​អាជ្ញាកណ្តាល​ធ្វើ​ការ​ព្រមាន​២​ដង ចំពោះ​ការ​ប្រើ​បច្ចេក​ទេសខុស​ទៅនិងលក្ខខណ្ឌ​​ប្រកួត​របស់​ឃីក​បុកស៊ីង។

ពិសេស​ទៀត​នោះ ប៊ូខាវ ត្រូវបាន​ដៃគូទាត់​ស្តាំ​ចូល​ផ្ទៃ​មុខធ្វើ​ឱ្យ​បាត់បង់ជំហរ នាំ​ឱ្យ​អាជ្ញាកណ្តាល​រាប់​នៅទឹក​ទី​២​ ហើយ​បានធ្វើ​ឱ្យ ប៊ូខាវ ចាញ់​ក្នុង​ការ​ប្រកួត​នេះដោយអស់​ចិត្ត៕