ទោះ​បាន​ចាញ់​កីឡាករ​ចិន ជាង ឆឹងប៉ាវ (Jiang Chengbao) ដោយ​សន្លប់ ប៉ុន្តែ​ម្ចាស់​មេដាយមាស​ស៊ីហ្គេម ឆ្នាំ​២០២៣ ភួន ឡាំងកូស៊ីន ហាក់​មិន​អស់​ចិត្ត​នោះ​ទេ គឺ​រូបគេ​ចង់​ជម្រះ​បញ្ជី​ចាស់​ជាមួយ​ដៃគូ​ម្នាក់​នេះ​ម្តង​ទៀត ចំណែក ណង សាវ ក៏បាន​សុំ​​ប្រកួត​សងសឹក​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ La Fun បន្ទាប់ពី​បានចាញ់​ពិន្ទុ​ទាំង​មិន​អស់​ចិត្ត។

តាម​រយៈ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ចំនួន​ ៤​គូ នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃទី ​៦ ខែ​កក្កដា កន្លង​មក​នេះ ភួន ឡាំង​កូស៊ីង បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​តែម្នាក់​គត់ ដែល​បាន​ចាញ់​កីឡាករ​បរទេស​ដោយ​សន្លប់ ប៉ុន្តែ​វាជា​ជំនាញ​ការ​ប្រកួត​ឃីក​បុកស៊ីងដែល​មិន​ឱ្យ​ប្រើ​កែង និង​មិន​ឱ្យ​ចូល​ចាប់​ក្រៀកបុក​ជង្គង់ (អាច​ប្រើជា​ប្រយោល​បាន) ហើយ​ចំណុច​ទាំង​អស់​នេះ ឡាំងកូស៊ីន យល់​ថា មាន​ការ​ពិបាក​ក្នុង​ការ​ទប់​ទល់​ជាមួយ​កីឡាករ​ចិន Jiang Chengbao ដែល​មាន​ជំនាញ​ឃីកបុកស៊ីងស្រាប់។

កីឡាករ​របស់​កម្ពុជា ភួន ឡាំងកូស៊ីន បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ «គេ​វែង ល្អ​ហើយ​លឿន ហើយ​ការ​ប្រកួត​ឃីកបុកស៊ីង ក៏ជា​ជំនាញ​របស់គេ​ដែរ។ បើ​សិនជា​ការ​ប្រកួត​បែប​គុនខ្មែរ ខ្ញុំ​អាច​សង្ឃឹម​ឈ្នះ ព្រោះ​យើង​អាច​ចូលចាប់​ឡាំ​ជង្គង់ និង​វាយ​កែង​បាន»។ 

តាម​រយៈការ​ប្រកួតជាក់​ស្តែង កាលពី​ព្រលប់​ថ្ងៃ​សៅរ៍​កន្លងមកនេះ ភួន ឡាំងកូស៊ីន បាន​ព្យាយាម​​ទាត់​ជើង​ក្រោម​របស់​ ជាង ឆឹងប៉ាវ ព្រោះ​បើប្រថុយ​ប្តូរកណ្តាប់​ដៃ ឡាំងកូស៊ីន អាច​មាន​គ្រោះ​ថ្នាក់​ច្រើនជាងលាភ ព្រោះ​ចិន​ម្នាក់នេះ មានជំនាញ​ប្រើ​កណ្តាប់​ដៃ​បាន​លឿន និង​មានទម្ងន់​ទៀត។

តែទោះបីជា​យ៉ាងណា ការព្យាយាម​ទាត់​ក្រោម​របស់ ភួន ឡាំង​កូស៊ីន មិន​បាន​ធ្វើ​ឱ្យ​កីឡាករ ជាង ឆឹងប៉ាវ ​ទន់​ជ្រាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គេ​​នៅ​តែមាន​ភាព​រន្ធើន​ក្នុងការ​ចូល​ម៉ាត់​ទៅលើ ឡាំងកូស៊ីន ហើយ​នៅទឹក​ទី​២ ការ​ម៉ាត់​ចូល​ពោះ​ធ្ងន់​ៗ​ចំនួន​២​ដៃរបស់​ ឆឹងប៉ាវ បាន​ធ្វើ​ឱ្យ ឡាំងកូស៊ីន ចុក​ឆ្អល់ ហើយ​ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់​ជា​លើក​ទី​១។

ឈាន​ចូលទឹក​ទី​៣ ភួន ឡាំង​កូស៊ីន បាន​ព្យាយាម​ទាត់​ជើង​ក្រោម​កាន់តែ​ខ្លាំង ដើម្បី​ទប់​មហិច្ឆតា​ចូល​ម៉ាត់​របស់ ជាង ឆឹងប៉ាវ ប៉ុន្តែ​មិន​ដល់​១នាទី​ផង កីឡាករ​ចិន បានម៉ាត់​ពោះ​ធ្វើ​ឱ្យ ឡាំងកូស៊ីន ទល់​ច្រក និង​យក​ខ្សែ​រេញ​ធ្វើជា​បង្អែក ហើយ​ភ្លាមៗនោះ ឆឹងប៉ាវ បានស្ទុះ​បុកជង្គង់​ចូល​ផ្ទៃ​មុខ ឡាំងកូស៊ីន ពេញ​ទំហឹង ធ្វើ​ឱ្យ ឡាំងកូស៊ីន វង្វេង​វង្វាន់ ត្រូវបានអាជ្ញាកណ្តាល​រាប់ជា​លើក​ទី​២។

ភួន ឡាំងកូស៊ីន មិន​បាន​ងក់ក្បាល ដើម្បី​ប្រកួត​បន្ត​ទៀត​នោះ​ទេ គឺ​​រូបគេ​បានចុះ​ចាញ់​កីឡាករ​ចិន ជាង ឆឹងប៉ាវ នៅ​ដើមទឹក​ទី​៣​នេះ​តែម្តង។ តែទោះបីជា​យ៉ាងណា ឡាំងកូស៊ីន នៅ​តែ​មិន​អស់ចិ​​ត្ត និង​មាន​បំណង​ចង់ជម្រះបញ្ជីជាមួយ ឆឹងប៉ាវ ​ម្តង​ទៀត ប៉ុន្តែរូបគេសុំ​ពេល​ដើម្បី​បាន​ឡើង​ប្រកួត​១ទៅ​២​ដង​ទៀត​សិន ដើម្បី​ឱ្យ​សមត្ថភាព​របស់គេវិលមក​រក​ភាព​ល្អ​វិញ ទើប​​អាច​ប្រកួត​សង​សឹក​ជាមួយ ជាង ឆឹងប៉ាវ បាន។

ឡាំងកូស៊ីន បាន​បញ្ជាក់​ថា៖ ​«ដើម្បី​កុំ​មានមាត់ពាក្យ គឺ​បើ​យើងចាញ់​ឃីក​បុកស៊ីង យើង​ត្រូវ​ប្រកួត​ឃីកបុកស៊ីង​ទៀត ប៉ុន្តែ​ខ្ញុំ​សុំ​ឱ្យ​បាន​ឡើង​ប្រកួត​១ទៅ​២ដង​ទៀត​សិន ដើម្បី​ឱ្យ​រាងកាយ​​របស់​ខ្ញុំបាន​​ល្អ​វិញ ព្រោះ​យើង​ខាន​ប្រកួត​យូរ រាង​គាំងៗ​ខ្លះ​ដែរ។ ​ទោះ​ថ្ងៃ​នេះ ខ្ញុំ​ធ្វើ​អត់​បាន​ល្អ តែ​ថ្ងៃ​មុខ ខ្ញុំ​នឹងប្រឹង​ប្រែង​​ឱ្យបាន​ល្អជាង​នេះ»។

កីឡាករចិន ជាង ឆឹងប៉ាវ បានបង្ហាញ​ភាព​រីក​រាយ​ខ្លាំង ចំពោះការ​ឈ្នះ ភួន ឡាំងកូស៊ីន ដោយ​សន្លប់នេះ ព្រោះ​វាជាពេល​ដែល​រូបគេ​អាច​លាងជម្រះ​ភាព​ហ្មង​សៅ ចំពោះ​ការ​ចាញ់​កីឡាករ​កម្ពុជា រិទ្ធី ចាន់ណា ដោយ​សន្លប់​ទឹក​ទី​២ សម្រាប់ការជួបគ្នា នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥នេះ កាលពី​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤។

ឆឹងប៉ាវ បាន​និយាយ​ថា៖​​ «​ខ្ញុំ​ពិតជាសប្បាយ​ចិត្ត ហើយ​ក៏មិននឹក​ស្មាន​ថា ខ្ញុំ​អាច​ធ្វើ​បាន​ល្អមែន​ទែន សម្រាប់​ការ​បង្ហាញ​ខ្លួន នៅលើ​សង្វៀន​នេះ ជា​លើក​ទី​២»។ ​

ដោយឡែក​កីឡាករ​កំពុង​សាង​បាន​ភាព​ល្បី​ល្បាញ ណង សាវ ត្រូវបាន​អ្នក​ប្រដាល់​របស់​ថៃ​ឈ្មោះ La Fun ម៉ាត់​ឆ្វេង​ចូលផ្ទៃ​មុខ​បណ្តាល​ឱ្យ​ដួល​ទាំង​វង្វេង ហើយ​ត្រូវបានអាជ្ញាកណ្តាល​រាប់ភ្លាមៗ ប៉ុន្តែ​សំឡេង​ស្នូរជួង​បញ្ចប់​ទឹកទី​១ បានជួយ​សង្រ្គោះ​រូបគេ​ឱ្យ​គេច​ផុត​ពី​គ្រោះ​កាច​នេះ។

ចំណែក​នៅទឹក​ទី​២ ណង សាវ បានព្យាយាម​វាយ​សម្រុក​ដោយ​កណ្តាប់ដៃ បុកជង្គង់ និង​ទាត់​ចូល​កញ្ចឹងក​របស់​ La Fun ៣ទៅ​៤​ដង ធ្វើ​ឱ្យ​កីឡាករ​ថៃ​ម្នាក់នេះ មានការ​ធ្លាក់កម្លាំ​ងគួរ​ឱ្យ​កត់​សម្គាល់ ហើយ​នៅទឹក​ទី​៣ La Fun ក៏បាន​ទទួល​រង​ការ​វាយ​ចូល​ធ្ងន់ៗ​ពី ណង សាវ ដែរ។ សកម្មភាព​នេះ បាន​​ធ្វើឱ្យ ណង សាវ បង្ហាញ​ភាពជឿជាក់ ក្នុងការ​ទទួល​បានជ័យជម្នះ​ដូចគ្នា នៅមុនពេល​ពិធីករ​ប្រកាស​លទ្ធផល។

តែទោះបីជា​យ៉ាង ណង សាវ បាន​ត្រឹម​លត់ជង្គង់​បង្ហាញ​ការ​សោក​ស្តាយ នៅពេលចៅ​ក្រម​បាន​ផ្តល់ពិន្ទុ​ឱ្យ La Fun ឈ្នះ​ក្នុងការ​ប្រកួត​នេះ។ ណង សាវ បាន​និយាយ​ក្រោយ​ការ​ប្រកួត​​ថា៖ ​«ខ្ញុំ​ពេញ​ចិត្ត​ទទួល​យក​លទ្ធផល​ចាញ់នេះ ប៉ុន្តែ​ខ្ញុំក៏​មាន​ការ​សោ​ស្តាយ​ដែរ»។ 

ជាមួយគ្នា​នេះ ណង សាវ បានសុំ​ប្រកួត​សងសឹកជាមួយ La Fun ម្តង​ទៀត។ សាវ បាន​បញ្ជាក់​ថា៖ «​គាត់​ល្អទាត់​ឆ្វេង និង​ឆក់​ឆ្វេង​បាន​លឿន គឺ​ការ​​ទាត់ និ​ង​ម៉ាត់​ឆ្វេង​របស់​គាត់​ធ្ងន់ ធ្វើ​ឱ្យ​ខ្ញុំ​ឡើង​ដាច់​ភ្លើង​នៅ​ចុង​ទឹកទី​១។ ប៉ុន្តែ​បើ​មានឱកាស ខ្ញុំ​ចង់សងសឹក​បែបអំបោះឆៅ​ម្តង​ទៀត​នៅ​ទី​នេះ។ ​ខ្ញុំ​ស្នើសុំ​ឱ្យ​ខាង​ស្ថានីយន៍ ផ្គូផ្គង់​​ឱ្យ​ខ្ញុំ​បានជួប​កីឡាករ La Fun ​ម្តង​ទៀត»។

ចំណែក​កីឡាករ​ថៃ La Fun ក៏បានបង្ហាញ​ឆន្ទៈក្នុងការ​វិល​មក​ប្រកួត​នៅ​លើ​សង្វៀន​ប៉ុស្តិ៍លេខ ​៥ ​ជាលើក​ទី​២​​ ផងដែរ ហើយ​រូបគេ​បានអះអាង​ថា នឹង​ខំប្រឹង​ធ្វើ​ឱ្យ​បានកាន់តែ​ល្អ​ថែម​ទៀត ដើម្បីបំពេញ​តាមការ​ចង់បាន​របស់អ្នកគាំ​ទ្រ។

កីឡាករ La Fun បាន​និយាយ​ថា៖​ «​នេះជា​លើក​ទី​១ ដែល​ខ្ញុំ​ប្រកួត​អំបោះ​ឆៅ ហើយ​វាក៏ជា​លើកដំបូង ដែល​ខ្ញុំ​បាន​មក​ប្រកួត​នៅសង្វៀន​ប៉ុស្តិ៍​លេខ​៥​។​ ដៃគូ​របស់​ខ្ញុំ គាត់​មានសមត្ថ​ភាពល្អ ជាពិសេស​កណ្តាប់ដៃ​របស់​គាត់ ដែល​​វាយចេញ​បាន​រហ័ស និង​​មាន​ភាព​ស៊ូ​ខ្លាំង ហើយ​ខ្ញុំ​បាន​ប្រឹង​ប្រែង​អស់ពី​លទ្ធភាព​ហើយ សម្រាប់​ប្រកួតជាមួយ​គាត់។ ខ្ញុំសង្ឃឹម​ថា នឹង​បាន​មក​ប្រកួត​នៅទី​នេះ​ម្តង​ទៀត ហើយ​ខ្ញុំនឹង​ខំ​ប្រកួត​ឱ្យ​កាន់តែ​ល្អ​មើល»៕