សហព័ន្ធ​កីឡា​កាប៉ាឌី​ពិភព​លោក (World Kabaddi) បាន​សម្រេច​ធ្វើការ​ផ្លាស់​ប្ដូរ​ការ​ប្រកួត​កីឡា​កាប៉ាឌី​ពាន​រង្វាន់​ពិភពលោក (World Cup Kabaddi) ដែល​គ្រោង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​រៀបចំ​នៅ​ប្រទេស​ឥណ្ឌា​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​លោក S.T. Arasu អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាប៉ាឌី​ពិភព​លោក​កាល​ពី​​ថ្ងៃទី​៣១ ខែកក្កដា។

លោក S.T. Arasu បាន​អះអាង​ថា ការ​ប្រកួត​កីឡា​កាប៉ាឌី​ពាន​រង្វាន់​ពិភពលោក ដែល​ដើមឡើយ​ត្រូវ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ពី​ថ្ងៃទី​២០ ដល់​ទី​២៥ ខែសីហា ឆ្នាំ​២០២៤  មាន​អ្នក​ចូលរួម​ប្រមាណ​ ៤០០​នាក់ មក​ពី​១៧ប្រទេស ហើយ​ប្រតិភូ​ប្រទេស​មួយចំនួន​បាន​សម្រេច​ទិញ​សំបុត្រ​យន្ដហោះ​មក​រាជធានី​ភ្នំពេញ​រួច​ហើយ។

ប៉ុន្ដែ​ឥឡូវ​នេះ ពួកគេ​មិន​អាច​ធ្វើ​ដំណើរ​មក​កម្ពុជា​ទៀត​ទេ ដោយ​ប្រតិភូ​ជាច្រើននៃ​គ្រួសារ​កីឡា​កាប៉ាឌី និង​អ្នក​អង្កេតការណ៍​មក​ពី​ប្រទេស ដែល​បាន​សម្រេច​ចូលរួម បាន​បោះបង់​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់​មក​កម្ពុជា​វិញ ព្រោះ​​ការ​ប្រកួត​កីឡាកាប៉ាឌី​ពាន​រង្វាន់​ពិភព​លោក មិន​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​រៀបចំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជាមួយ​ការ​សម្រេច​នេះ លោក Arasu បាន​ឱ្យ​ដឹង​​ថា នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ចំណូល​ប្រមាណ​ ៥០​ម៉ឺន​ដុល្លារ ដែល​នឹង​ទទួល​បាន​ព្រឹត្តិការណ៍​នៃ​​ការ​ប្រកួត ​ក្នុងគោល​បំណង​កីឡា និង​ទេសចរណ៍។ 

ប៉ុន្តែ​លោក​បញ្ជាក់​ថា៖​«ពួកយើង​គ្មាន​ជម្រើស​ទេ ក្នុង​ការ​សម្រេច​ចិត្ត​មួយ​នេះ ដោយ​យើង​រក​ឃើញ​មាន​ការ​លូកដៃ​ចូល​ក្នុង​ការងារ​បច្ចេកទេស​របស់​យើង​ពី​ភាគីជាច្រើន»។

លោក Arasu ដែល​​ធ្លាប់​បំពេញ​ការងារ​ជា​មន្រ្តី​បច្ចេក​ទេស​ដ៏​សំខាន់​ម្នាក់​ក្នុង​ពេល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​នោះ បានទម្លាយ​ថា សហព័ន្ធ​កីឡា​កាប៉ាឌី​អន្ដរជាតិ International Kabaddi Federation (IKF) គឺ​ជា​អ្នក​បង្ខំ​លើ​ការ​សម្រេច​ចិត្ត​ឱ្យ​មាន​ការ​​ផ្លាស់​ប្តូរ​ការ​ប្រកួត World Cup Kabaddi ពី​កម្ពុជា​ទៅ​ធ្វើ​នៅ​ប្រទេស​ឥណ្ឌា​វិញ។

ឯកអគ្គរដ្ឋ​ទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី Devyani Uttam Khobragade ក្នុងកម្ម​វិធី​ចាប់​ឆ្នោត និង​សម្ពោធ​ផ្លូវ​ការ​បទ​ចម្រៀង​កីឡា​កាប៉ាឌី​ រួច​ហើយ​ដែរ នៅសណ្ឋាគារ Oakwood Premier កាល​ពី​ថ្ងៃទី​២៣ ខែ​កក្កដា។ រូបថត សហការី

អគ្គលេខាធិការ World Kabaddi រូប​នេះ​បាន​ពន្យល់​ថា៖ «ប្រធាន IKF លោក Vinod Kumar Tiwari ដែល​ជា​អនុប្រធាន​នៃ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី (OCA) ផង​នោះ ​បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ក្នុង​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី លើ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មិន​ឱ្យ​គាំទ្រ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​មួយ​នេះ ដោយ​សម្អាង​លើលិខិត​ចុះ​ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០២៤»។

លោក Arasu បាន​ស្រង់​យក​ខ្លឹមសារ នៅ​ក្នុង​លិខិត​របស់​លោក Vinod Kumar Tiwari ដែល​បាន​ផ្ញើទៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដោយ​បានសសេរ​ថា៖ «ខ្ញុំ​សូម​ជម្រាប​ជូន​ឯកឧត្តម​ថា ការ​ប្រកួត (World Cup Kabaddi) នេះ មិន​ត្រូវ​បាន​សម្រេច ឬ​ទទួល​ស្គាល់ ដោយ​សហព័ន្ធ​កីឡា​កាប៉ាឌី​អន្ដរជាតិ។ ដូចនេះ ខ្ញុំ​ស្នើ​សុំ​បញ្ឈប់​សកម្មភាព​មួយ​នេះ និង​សូម​ជួយ​ជូន​ដំណឹង​ដល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ»។

ឆ្លើយ​តប​ទៅ​នឹង​លិខិត​ និង​ចំណា​របស់​ប្រធាន IKF លោក Vinod Kumar Tiwari នេះ លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ NOCC និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួល​បន្ទុក​កីឡា​ផង​នោះ បាន​ជូន​លិខិត​ផ្ដល់ដំណឹង​ទៅ​លោក S.T. Arsu ក្នុង​ការ​មិន​អនុញ្ញាត​ឱ្យ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត World Cup Kabaddi នេះ​នៅ​កម្ពុជា​។

តាម​លិខិត​ចុះ​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០២៤​របស់​ក្រសួង​អប់រំ បាន​បញ្ជាក់​​លើ​កត្តា​៤​ចំណុច គឺ​១ ក្រសួង​មិន​គាំទ្រ និង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​រៀបចំ​ប្រកួត​កីឡា World Cup Kabaddi នៅ​កម្ពុជា​ទេ ពី​ព្រោះ​ប្រភេទ​កីឡា​នេះ​មិន​ទាន់​បង្កើត​ជា​សហព័ន្ធ​កីឡា​ជាតិ​ជា​ផ្លូវ​ការ​នៅ​ឡើយ។

ចំណែក​ចំណុចទី​២ បើ​មិន​ទាន់​មាន​សហព័ន្ធ​កីឡា​ជាតិ​ទេ ការ​ធ្វើ​សកម្មភាព​កីឡាណា​មួយ​​នៅ​កម្ពុជា ​គឺ​«ជា​អំពើ​ខុស​ច្បាប់» រីឯទី​​៣ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក៏​មិន​គាំទ្រ​​ការ​រៀបចំ​ប្រកួត​នេះ​ដែរ និង​ទី​​៤ «រាជ​រដ្ឋាភិបាល​ ក៏​មិន​ទាន់​អនុញ្ញាត​ឱ្យ​រៀបចំ​ការ​ប្រកួត​នៅ​ឡើយ ដូច្នេះ​ការ​ត្រៀម​រៀបចំ​ការ​ប្រកួត​ខាង​លើ​ មិន​ស្រប​ច្បាប់​ទេ» ហើយ​ការ​បដិសេធ​របស់​​ក្រសួង​​នេះ គឺ​យោង​ទៅ​លើ​លិខិត​អញ្ជើញ​លេខ wcx/003 ចុះថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៤ របស់​លោក S.T Arsu។

យ៉ាង​ណាក៏​ដោយ​លោក Arasu បាន​ឱ្យ​ដឹង​ថា NOCC មិន​បាន​ទំនាក់​ទំនង​មក​ក្រុម​ការងារ​របស់​លោក ដើម្បី​ពិភាក្សា​គ្នា​លើ​បញ្ហា​នៃ​ការ​ដាក់​បន្ទុក​របស់ IKF នេះទេ គឺ​ក្រសួងអប់រំ បាន​ធ្វើ​ឡើង​តាម​រយៈ​សម្ដី​របស់​លោក វ៉ាត់ ចំរើន ប៉ុន្ដែ​មិន​មែនគាំទ្រ​ព្រឹត្តិការណ៍​នេះ​លើ​មូលហេតុ​បច្ចេក​ទេស​ទេ ព្រោះ​លិខិត​បដិសេធ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​តាម​រយៈបណ្ដាញ​សង្គម​ទៅ​វិញ ហើយ​គិត​ត្រឹម​ពេល​បច្ចប្បន្ន សហព័ន្ធ​កីឡា​កាប៉ាឌី​ពិភពលោក នៅ​តែ​មិន​បាន​ទទួល​បាន​ការ​ទំនាក់​ទំនង​ណា​មួយ​ពាក់ព័ន្ធ​នឹង​រឿង​នេះ។

លោក​បាន​បន្ថែម​ថា៖ «យើង​សប្បាយ​ចិត្ត​ប្រសិន​បើ​មាន​ការ​ទំនាក់​ទំនង ដើម្បីពិភាក្សា​មុន​នឹង​ការ​សម្រេច​ចិត្ត​ដោយ​ឯកត្តោភាគី​បែប​នេះ។ ខ្ញុំ​ជឿ​ជាក់​ថា ក្រោយ​ពិភាក្សា​យើង​នឹង​ទទួល​បាន​ដំណោះស្រាយ​ឈ្នះ-ឈ្នះ ដើម្បី​ចូលរួម​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ។ យើង​ត្រូវ​ការ​ដំណោះ​ស្រាយ​ជាង​ការ​ដាក់​បន្ទុក​លើ​គ្នា»។

ដោយឡែក ​ក្រុម​​ការ​ងារ​របស់​សហព័ន្ធ​កីឡា​កាប៉ាឌី​ពិភព​លោក បាន​ជួប​ពិភាក្សា​គ្នា​យ៉ាង​លម្អិត​ជាមួយ​ភាគី​ដែល​ពាក់​ព័ន្ធ រួម​មាន​ប្រទេស​ជា​សមាជិក​ទាំងអស់ ម្ចាស់​ឧបត្ថម្ភ និង​ឥណ្ឌា ដែល​ជា​បេក្ខភាព​បម្រុង​នា​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ប៉ុន្តែ​នៅ​តែមិន​អាច​រក​ច្រក ដើម្បី​​​រៀបចំ​ការ​ប្រកួត​កីឡា កាប៉ាឌី​ពាន​រង្វាន់​ពិភព​លោក​ នៅ​កម្ពុជា​បាន។

លោក Arasu បាន​សង្កត់​ធ្ងន់​ថា៖ «យើង​បាន​ឯកភាព​គ្នា ដោយ​យល់​ថា ដើម្បី​រក្សា​តម្លៃ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​កម្រិត​ពិភព​លោក​មួយ​នេះ និង​តម្លៃ​កីឡា​ គឺ​យើង​រៀបចំ​នៅ​ប្រទេស​ឥណ្ឌា​វិញ។ ម្ចាស់​ឧបត្ថម្ភ​ក្នុង​ស្រុក​ជាច្រើន បាន​សម្រេច​ចិត្ត​ដកការ​សម្រេច​ចិត្ត​ក្នុង​ការ​គាំទ្រ​ ខណៈ​ពេល​ដែល​ម្ចាស់​ឧបត្ថម្ភ​អន្ដរជាតិ​ជាច្រើន នៅបន្ដ​គាំទ្រ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទី​កន្លែង​ប្រកួត»។

ជាមួយការ​សម្រេច​ចិត្ត​យ៉ាង​ទាន់ហន់ ក្នុង​ការ​​ផ្លាស់ប្តូរ​ការ​ប្រកួត World Cup Kabaddi ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ឥណ្ឌា​នេះ វាបាន​ធ្វើ​ឱ្យ​អត្តពលិក​កីឡា​កាប៉ាឌី​កម្ពុជា ដែល​ខិតខំ​ហ្វឹកហាត់​ជាមួយ​គ្រូ​ឥណ្ឌា​អស់​រយៈពេល ២ខែ សម្រាប់​ត្រៀមការ​ប្រកួត​កម្រិត​ពិភព​លោក​នេះ មាន​ការ​បាក់ទឹក​ចិត្ត​ខ្លាំង។

ជាមួយគ្នា​នេះ គណៈកម្មការ​ប្រកួត World Cup Kabaddi ក៏​បាន​រៀប​ចំ​កម្ម​វិធី​ចាប់​ឆ្នោត និង​សម្ពោធ​ផ្លូវ​ការ​បទ​ចម្រៀង​កីឡា​កាប៉ាឌី​ រួច​ហើយ​ដែរ នៅសណ្ឋាគារ Oakwood Premier កាល​ពី​ថ្ងៃទី​២៣ ខែ​កក្កដា ក្រោម​អធិបតី​ភាព​ឯកអគ្គរដ្ឋ​ទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី Devyani Uttam Khobragade និង​លោក Mogen Selvaraja លេខាទី​២​ តំណាង​ឯកអគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​នៅ​កម្ពុជា។

យ៉ាង​ណាក៏​ដោយ​ ​សហព័ន្ធ​កីឡា​កាប៉ាឌី​ពិភព​លោក នៅ​តែទ​ន្ទឹង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង NOCC ក្នុងការ​ឈាន​ទៅ​បង្កើត​ឱ្យ​មានសហព័ន្ធ​កីឡា​កាប៉ាឌី​កម្ពុជា ដើម្បី​បើក​ច្រក​សម្រាប់​អត្តពលិក​កម្ពុជា អាច​ទទួល​បាន​ឱកាស​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក​នេះ នៅ​ប្រទេស​ឥណ្ឌា បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ កំណត់​កាលបរិច្ឆេទ​ប្រកួតជា​ថ្មី​ឡើង​វិញ ខាង​មុខ​នេះ។

លោក Arasu បាន​បញ្ជាក់​ថា៖ «យើង​រង់ចាំ និង​មើល​ថា ការ​ស្នើសុំ​បង្កើត​សហព័ន្ធកីឡា​កាប៉ាឌី​កម្ពុជា អាច​ទទួល​បាន​ការ​អនុញ្ញាត ដើម្បី​ជា​ឱកាស​សម្រាប់​អត្តពលិក​កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ប្រកួត​ពាន​រង្វាន់​ពិភព​លោក​មួយ​នេះ ព្រោះ​យើង​រំពឹង​ថា ការ​ប្រកួត​នេះ​នឹង​រៀបចំ​កាន់តែ​ធំ​ជាង និង​ល្អ​ជាង ហើយ​ក៏​ជា​ពេល​វេលា​ដ៏​ស័ក្តិសម​សម្រាប់​ប្រទេស​ឥណ្ឌា​ក្នុង​ការ​ដាក់​ប្រភេទ​កីឡាប្រពៃណី​នេះ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ​២០៣៦ ដែល​ឥណ្ឌា​កំពុង​ជា​បេក្ខភាព​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ»៕