ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានប្រកាន់ជំហររឹងមាំក្នុងការការពារ និងដឹកនាំនាវាគុនខ្មែរឱ្យឈានទៅរកការរីកចម្រើនដ៏ពិតប្រាកដ ដោយលុបបំបាត់ឱ្យបាននូវភាពអសកម្ម និងភាពមិនប្រក្រតី ដែលធ្លាប់បានកើតមានកន្លងមក ហើយលោកបានឱ្យតម្លៃខ្ពស់ទៅដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍប្រដាល់គុនខ្មែរ និងបានចាត់ទុក អ្នកដែលបំផ្លាញជា «សត្រូវរបស់លោក»។
បើទោះបីជា លោក ខូវ ឆាយ ទើបត្រូវបានអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បោះឆ្នោតជ្រើសតាំងឱ្យធ្វើជាប្រធានសហព័ន្ធ ជំនួសប្រធានចាស់ គឺលោក តែម ម៉ឺន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ប៉ុន្តែលោកបានបង្ហាញគោលជំហរច្បាស់លាស់ក្នុងការបំពេញការងារ ដោយឈរលើការអនុវត្ត «ច្បាប់» ជាធំ និងចៀសឱ្យបានដាច់ខាតការប្រកួតបក្ខពួកនិយម និងលាភសក្ការៈ។
លោកបានថ្លែងថា៖ «ខ្ញុំបានប្តេជ្ញាជាមួយឯកឧត្តមប្រធាន (តែម ម៉ឺន) ថា ខ្ញុំមកទីនេះ ខ្ញុំមិនដែលគិតពីផលប្រយោជន៍ ឬលាភសក្ការៈទទួលបានពីគុនខ្មែរទៅវិញនោះទេ។ មុនពេលខ្ញុំចូលរួមជាមួយគុនខ្មែរ ខ្ញុំតែងតែគិតថា តើខ្ញុំអាចធ្វើអ្វីបានខ្លះជាមួយគុនខ្មែរ? ខ្ញុំមិនដែលគិតថា គុនខ្មែរ នឹងផ្តល់អ្វីឱ្យខ្ញុំនោះទេ ព្រោះតាំងពីដើមមកខ្ញុំជាអ្នករកស៊ី អ៊ីចឹងការវិនិយោគខ្ញុំយល់ច្បាស់ណាស់»។
ជាមួយគ្នានេះ លោក ខូវ ឆាយ បានអះអាងក្នុងការប្រឆាំងទៅនឹងភាពមិនប្រក្រតី ដែលធ្លាប់កើតមាននៅក្នុងវិស័យកីឡាប្រដាល់កន្លងមក ហើយលោកបានប្រកាសថា លោកនឹងលាឈប់ពីតួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរដោយខ្លួនឯង បើសិនជាលោកគ្មានលទ្ធភាពកែប្រែវិស័យមួយនេះឱ្យកាន់តែបានល្អនោះ។
លោកបញ្ជាក់ថា៖ «ខ្ញុំមានគោលដៅច្បាស់លាស់ និងមានឆន្ទៈរឹងមាំណាស់ គឺការអនុវត្តការងារ ខ្ញុំអត់មានការរាថយនោះទេ។ ខ្ញុំមិនដែលបារម្ភថា ធ្វើទៅខ្លាចមានបញ្ហា និងមានអ្នករករឿងដកខ្ញុំចោលឡើយ ព្រោះដើម្បីសម្រេចគោលដៅ និងផលប្រយោជន៍រួម គឺអ្វីដែលយើងត្រូវអនុវត្ត ត្រូវតែអនុវត្ត។ ធ្វើបានធ្វើ បើធ្វើមិនបានខ្ញុំសុំឈប់ដោយខ្លួនឯង មិនបាច់ឱ្យអ្នកណាមកដេញខ្ញុំនោះទេ ព្រោះខ្ញុំអត់ចង់បានផលប្រយោជន៍ទេ!»។
ការលើកឡើងបែបនេះរបស់លោក ខូវ ឆាយ ត្រូវបានធ្វើឡើងក្នុងពិធីបិទវគ្គបំប៉នដល់មន្រ្តីគ្រប់គ្រងការប្រកួតអាជ្ញាកណ្តាលចៅក្រមកីឡាប្រដាល់គុនខ្មែរ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន កាលពីថ្ងៃទី៣១ ខែកក្កដា ដោយវគ្គបំប៉នដែលមានរយៈពេល៣ថ្ងៃនេះ មានសិក្ខាកាមជាមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក និងអតីតកីឡាករចូលរួមសរុបចំនួន១៨០នាក់ (ស្រី១៤នាក់) ហើយក្នុងនោះក៏មានគ្រូបង្វឹកមកពីប្រទេសបារាំង និងអាល្លឺម៉ង់ ចូលរួមដែរ។
បើតាមរបាយការណ៍របស់លោក ហេង សុឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ
ត្រូវបានបង្ហាត់បង្ហាញដោយគ្រូឧទ្ទេសមានជំនាញ បទពិសោធន៍ និងបច្ចេកទេសច្បាស់លាស់ ហើយតាមការវាយតម្លៃក្រោយបញ្ចប់វគ្គនេះ គឺសិក្ខាកាមទទួលបាននិទ្ទេសល្អណាស់ មាន១០ភាគរយ និទ្ទេសល្អមាន៦០ភាគរយ និងនិទ្ទេសមធ្យមមាន៣០ភាគរយ។
នៅក្នុងពិធីបទវគ្គបំប៉ននោះ លោក ខូវ ឆាយ បានវាយតម្លៃខ្ពស់ និងបានចាត់ទុកថ្នាក់ដឹកនាំ និងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធគ្រប់អាណត្តិទាំងអស់ ជាពិសេសលោកគ្រូ អ្នកគ្រូ អាជ្ញាកណ្តាល និងចៅក្រម ដែលបានចូលរួមក្នុងវគ្គនេះ សុទ្ធតែមានស្នាដៃ និងគុណបំណាច់ច្រើន ក្នុងការជួយជ្រោមជ្រែងដល់សហព័ន្ធតាំងពីចាប់ផ្តើមរហូតដល់ពេលនេះ។
ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ថា៖ «អ្នកទាំងអស់គ្នា ដែលមានវត្តមាននៅថ្ងៃនេះ គឺសុទ្ធតែមានគុណបំណាច់យ៉ាងធំធេងក្នុងវិស័យកីឡាប្រដាល់គុនខ្មែររបស់យើង ហើយអ្នកទាំងអស់គ្នានឹងត្រូវបានចារនៅក្នុងគ្រាំងប្រវត្តិសាស្រ្តគុនខ្មែរ គឺជាអ្នកដែលបានរួមចំណែកពលីទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងថវិកា ក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រដាល់គុនខ្មែរ មានឈ្មោះបោះសំឡេងដូចពេលនេះ»។
យ៉ាងណាក៏ដោយ ដើម្បីធ្វើឱ្យប្រដាល់គុនខ្មែរ កាន់តែរីកចម្រើន លោក ខូវ ឆាយ បានអះអាងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងជាដំណាក់កាលៗ ហើយបានធ្វើការកែសម្រួលនូវបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតឱ្យការអនុវត្តទៅតាមស្តង់ដាតែមួយ ដើម្បីប្រសិទ្ធភាពការងារ កាត់បន្ថយបញ្ហាប្រឈមនានា ហើយជាមួយផែនការនេះ លោកបានចាត់ទុកអ្នកបំផ្លាញ និងអ្នកដែលបានរារាំងដល់ដំណើរការអភិវឌ្ឍប្រដាល់គុនខ្មែរ ជាសត្រូវរបស់លោក។
លោកបានសង្កត់ធ្ងន់ថា៖ «ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធ គឺអ្នកដែលចូលរួមអភិវឌ្ឍប្រដាល់គុនខ្មែរ សុទ្ធតែជាគ្នារបស់ខ្ញុំ រីឯអ្នកដែលបំផ្លាញសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺជាសត្រូវរបស់ខ្ញុំ។ នេះជាគោលការណ៍របស់ខ្ញុំ ព្រោះក្នុងនាមយើងជាថ្នាក់ដឹកនាំ យើងត្រូវតែធ្វើរឿងដែលត្រឹមត្រូវ ហើយយើងត្រូវនាំមុខប្រឆាំងរឿងដែលមិនត្រឹមត្រូវ»។
«បើមានរឿងកើតឡើង យើងជាថ្នាក់ដឹកនាំសម្ងំយកតែសុខមិនចេញមុខ (ដោះស្រាយ និងប្រឆាំង) តើមន្រ្តីរបស់យើង ដែលគាត់តូចជាងយើងផងនោះ ធ្វើម៉េចហ៊ានចេញមុខ អ៊ីចឹងរឿងត្រឹមត្រូវ ក៏យើងដឹកនាំធ្វើ រឿងដែលខុសក៏យើងចេញមុខតតាំងឱ្យបានមុនគេ»។ លោក ខូវ ឆាយ បានបន្ថែម៕