កីឡាករ​ជា​សិស្សនិស្សិត​ជាង​ ២០០ នាក់ ដែល​អ្នក​ខ្លះ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់មហាវិទ្យាល័យ​ទៅ​ហើយ​នោះ បាន​យក​ទី​លាន​បាល់​ទាត់​ហ្វុតសាល T-Soccer នៅម្តុំ​ទួលគោក ជា​កន្លែង​ជួបជុំ​គ្នា ដើម្បី​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់ CamEd Men's Futsal Tournament ប្រចាំឆ្នាំ ២០២៤។

ការ​ប្រកួត​ពាន​ CamEd Men's Futsal Tournament ឆ្នាំ​២០២៤​នេះ​ មានសិស្សនិស្សិត​ចូលរួម​ចំនួន​២២៧នាក់ លេង​តំណាង​ឱ្យ​ចំនួន​១៩ ក្នុង​នោះ​សិស្ស​និស្សិត​កំពុង​សិក្សា​បរិញ្ញាបត្រ​ចំនួន​១០​ក្រុម និង​អតីតនិស្សិត និស្សិតបរិញ្ញាបត្រ​ជាន់ខ្ពស់ និង​សិស្ស​សិក្សា​កម្មវីធី ACCA/CAT ចំនួន​៩ក្រុម។ 

ការ​ប្រកួត​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​១០ ខែសីហា នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៧ ខែ​កញ្ញា។

បើទោះបីជា​ការ​ប្រកួត​ ដែល​ត្រូវបាន​រៀបចំ​ឡើង ដោយ​វិទ្យាស្ថាន​ខេមអេដ​នេះ មិន​មាន​ផ្តល់​ប្រាក់​រង្វាន់ សម្រាប់​ក្រុម​ដែល​ទទួល​បាន​ជយលាភី ប៉ុន្តែ​ក្រុម​និស្សិត​ដែល​ចូលរួម​ទាំង​អស់ បាន​​​យក​ចិត្ត​ទុកដាក់​ខ្លាំងក្នុងការ​ប្រកួត​ប្រជែងគ្នា ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​លេង​បាល់​ទាត់នេះ​ទៅពង្រឹង​ជំនាញ និងបទពិសោធន៍​ជីវិត​ក្រៅ​ម៉ោងសិក្សា​​ ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​សាស្ត្រាចារ្យ។​

នៅ​ក្នុង​ពិធីបើកការ​ប្រកួត កាល​ពី​សៅរ៍​ លោក ព្រុំ វិរៈ និងលោក Kenneth Paul Charman ជាសាស្ត្រាចារ្យ​ប្រចាំវិទ្យាស្ថានខេមអេដ ​បាន​លើក​ឡើង​ពី​សារៈសំខាន់របស់​កីឡា​ចំពោះ​ក្រុម​និស្សិត ដែល​ផ្តល់​ផល​ប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ និង​ផ្លូវ​ចិត្ត ជាពិសេស​បទ​ពិសោធន៍​​ទទួល​បាន​ពី​ការ​លេង​កីឡា​ បាន​ក្លាយ​ជា​មេរៀន​ជីវិត​យ៉ាង​សំខាន់​ ដើម្បី​ជួយ​ឱ្យ​​​ក្រុម​និស្សិត​ ​ចេះ​ធ្វើ​ការ​ងារ​ជា​ក្រុម ​ចេះ​ធ្វើ​ការងារ​ក្រោម​សម្ពាធ​​ដើម្បី​ភាព​​ជោគ​ជ័យ ​ ហើយ​ការ​ឈ្នះ​ ចាញ់ នៅ​ក្នុង​ការ​លេង​កីឡា​នឹង​បង្រៀន​ឱ្យ​ពួក​គេ​​ចេះ​ទទួល​ស្គាល់​ការ​ពិត​។

លោកសាស្រ្តាចារ្យ ព្រុំ វិរៈ បាន​និយាយ​នៅ​ចំពោះ​មុខ​ក្រុម​និស្សិត​ទាំង​អស់​បែបនេះ​ថា៖​«ខ្ញុំដឹង​ថា អ្នកទាំងអស់​គ្នា​បាន​ហ្វឹក​ហាត់ និង​ត្រៀមខ្លួន​រួច​រាល់​សម្រាប់ការ​ប្រកួត​នេះ ប៉ុន្តែ​ខ្ញុំមិនខ្វល់​ថា ក្រុម​ណា​នឹង​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ។ អ្វី​ដែល​ខ្ញុំ​ខ្វល់​ គឺ​សូម​ឱ្យ​អ្នកទាំងអស់​គ្នា​ប្រកួត​ប្រជែងដោយ​ក្តី​ស្រលាញ់ ​ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​អាកប្បកិរិយា​ល្អ និង​គោរព​តាម​​បទបញ្ជា​ប្រកួត​​របស់​អាជ្ញា​កណ្តាល ដើម្បី​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ទទួលបាននូវអត្ថប្រយោជន៍ និងបទពិសោធន៍​​ល្អៗ​ពីការ​លេង​កីឡា​នេះ​»។ ​

ចំណែក​និស្សិតឆ្នាំ​ទី​៤ នៅ​វិទ្យាស្ថានខេមអេដ ប៊ុន គឹមឡុង ដែលជាសមាជិក​ក្រុម Royal D FT បាន​និយាយ​ថា៖ «​សាលា​តែងតែ​រៀបចំឱ្យមានការ​ប្រកួត​កីឡា​រហូត ដែល​បានជួយ​ដល់​ពួក​ខ្ញុំមែន​ទែន ព្រោះ​យើង​មិនត្រឹមតែបាន​រៀន​ទេ ប៉ុន្តែ​យើង​បានលេងកីឡា​ដើម្បី​លំហែ​អារម្មណ៍​​ទៀត ហើយ​ខ្ញុំ​ជឿ​ថា ការ​លេង​កីឡា ពិតជា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ ដែល​ធ្វើ​ឱ្យ​យើង​មានស្មារតី​រឹងមាំ មានទស្សនៈ​វែង​ឆ្ងាយ និង​ចេះ​ធ្វើការងារជា​ក្រុម ដោយមាន​សាមគ្គី​ភាព​​​ល្អ»។

គួររំឭក​ថា ក្រៅពីការរៀបចំឱ្យ​មាន​ការ​ប្រកួតបាល់ទាត់បុរសដណ្តើមពាន​​រង្វាន់ CamEd Men's Futsal Tournament ​នេះ វិទ្យាស្ថានខេមអេស ក៏បានរៀបចំឱ្យ​មាន​ការប្រកួតបាល់ទាត់នារីក្នុងសាល បាល់បោះ (បុរស-នារី) និង​ការប្រកួតកីឡាអត្តពលកម្មជា​រៀង​រាល់​ឆ្នាំ​ផងដែរ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្សនិស្សិត​របស់​ខ្លួនបានលេង​កីឡា និងទទួលបាន​បទពិសោធន៍ជីវិតបន្ថែម​ទៅលើ​ចំណេះដឹង​ទទួល​បាន​ពីការ​សិក្សា​នៅ​ក្នុងសាលា។​

បន្ថែម​លើ​នេះ ខេមអេដ បាន​ក្លាយ​ជាសាលា​​គំរូ​​មួយ ​ក្នុង​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា​និង​មធ្យម​សិក្សា​បច្ចេក​ទេស​ប្រចាំ​ឆ្នាំ ដែ​លរៀប​ចំ​ដោយ​ក្រសួងអប់រំ​ យុវជន​ និង​កីឡា​ ដោយសាលា​នេះ ​តែងតែ​បាន​បញ្ជូន​ប្រតិភូ​កីឡា​ទៅ​​ប្រកួត ហើយ​គោរព​នូវ​បទបញ្ជា និង​លក្ខន្តិក​ប្រកួត​បាន​​ល្អ ពិសេស​ក្រុមកីឡាករ កីឡាការិនី​របស់ខេមអេស តែង​ដណ្តើម​បានលទ្ធផល​ល្អ គឺ​មក​ដល់ពេលនេះ ពួកគេទទួលបាន​មេ​ដាយ​មាស​ចំនួន​១៩ ប្រាក់​១០ និង​សំរឹទ្ធ១៦។

ជាមួយគ្នានេះ នាយក​វិទ្យា​ស្ថាន​ខេម​អេដ​លោក​​ Casey Barnett បាន​ឱ្យ​តម្លៃ​សំខាន់​លើ​បទ​ពិសោធន៍​​ដែល​បាន​ពីការ​លេង​កីឡា។ លោកអះអាង​ថា ​រាល់​ឧបសគ្គ សម្ពាធ ភាព​ឈឺ​ចាប់ និងភាព​អំណត់​អត់​ធន់​ ដែល​កើត​មាន​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ ជា​មេរៀន​ជោគ​ជ័យយ៉ាង​សំខាន់​សម្រាប់​ក្រុម​និស្សិត ​នៅ​ពេល​ពួក​គេ​ចេញ​ធ្វើការ​ ឬ​បើក​អាជី​វកម្ម​អ្វី​មួយ​​។

អ្នក​ជំនាញ​ផ្នែក​គណ​នេយ្យ​មកពី​សហ​រដ្ឋ​អាមេរិក​ លោក ​Casey បានឱ្យ​ដឹង​ទៀត​ថា និស្សិត​ ដែល​លេង​កីឡា​ភាគ​ច្រើន​ជា​អ្នក​រៀន​ពូកែ ​ហើយ​មាន​​ស្មារតី​រឹង​មាំ ​និង​មាន​ការ​តស៊ូ​ខ្ពស់​ក្នុង​ការ​ជម្នះ​ឧបសគ្គ​នៅចំពោះ​មុខ ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​ទទួល​បានភាព​ជោគ​ជ័យ​។

លោក​ Casey ​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ថា៖ «ខ្ញុំ​ទទួល​ស្គាល់ពី​​អត្ថ​ប្រយោជន៍ដែល​ទទួល​បាន​ពីការ​លេង​កីឡា ​ដោយវា​បង្កើន​ឱ្យមាន​​ភាព​ជោគ​ជ័យ ​នៅពេល​យើង​ចូល​ធ្វើ​ការ រក​ស៊ីឬ​ធ្វើ​អ្វីមួយ ​ព្រោះ​បទពិ​សោធន៍​​បាន​ពី​ការ​លេង​កីឡា​វាជា​មេរៀន​ជួយ​ឱ្យ​យើង​មាន​ការ​ប្រកួត​ប្រជែង​ដើម្បី​ឈ្នះ ​ជួយ​​ឱ្យ​យើង​ចេះខិត​ខំដើម្បី​មាន​ជោគ​ជ័យ ក្នុង​ការ​កំណត់​គោល​ដៅ​»។

លោក​​បញ្ជាក់​​ថា៖ «យើង​ឃើញ​និស្សិត​ច្រើន​ ដែលជា​អតីត​កីឡា​ករ កីឡា​ការិនី​របស់​យើង​ គឺ​ពេល​ពួកគេ​​ចូល​ធ្វើការ​ងារ គេ​ទទួល​បាន​ជោគ​ជ័យ និង​​ឡើង​តួនាទី​លឿន​ ព្រោះ​និស្សិត​លេង​កីឡា មាន​ការ​ខិតខំ​ធ្វើ​ការងារ ​ចេះ​កំណត់​គោល​ដៅ ចេះ​​វាយ​តម្លៃ​​ខ្លួនឯង ​និងចេះ​កែ​ចំណុច​ខ្សោយ​ខ្លួនឯង​ ដ្បិតអី​​​​ការ​ឈ្នះ ចា​ញ់ នៅពេល​​លេង​កីឡា វា​បាន​បណ្តុះ​គំនិត​ឱ្យ​​យើង​ចេះ​វាយ​តម្លៃ​ទៅលើ​ខ្លួន​ឯង»៕