ក្រុមប្រតិភូ​កីឡា​កម្ពុជា បានបញ្ចប់​បេសកកម្ម​ការ​ចូលរួម​​ប្រកួត​កីឡាអូឡាំពិក​ហ្គេម (Olympic Games Paris 2024) នៅទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ជា​ផ្លូវ​ការ​ហើយ ហើយ​ពួកគេ បានវិល​ត្រឡប់មក​ដល់​មាតុប្រទេស​វិញ កាលពីរសៀល​ថ្ងៃទី​១៤ ខែសីហា ដោយ​មាន​ការ​ស្វាគមន៍​យ៉ាងកក់ក្តៅ​ពី​លោក​ទេសរដ្ឋមន្រ្តី ថោង ខុន ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ថ្នាក់ដឹកនាំ​កីឡា​មួយចំនួន​ទៀត នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ។

សម្រាប់​ការ​ប្រកួត​ប្រជែង នៅ​អូឡាំពិក​ហ្គេម ដោយបានចាប់​ផ្តើម កាលពីថ្ងៃទី​២៦ ខែកក្កដា និង​បានបញ្ចប់កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៤​នេះ ​ក្រុម​អត្តពលិក​ទាំង​៣នាក់​របស់​កម្ពុជា មិនអាច​បំបែក​កំណត់​ត្រា​របស់​ខ្លួនឯង​ទៅ​តាមការ​តាំង​ចិត្ត​នោះ​ទេ។ ប៉ុន្តែ​លោក ថោង ខុន នៅ​​តែ​វាយ​តម្លៃ​ខ្ពស់​ទៅលើ​កិច្ចខិតខំប្រឹង​ប្រែង​របស់ពួកគេ រួមទាំង​ប្រតិភូកីឡា​កម្ពុជា ដែលនៅតែ​អាច​រក្សា​បាននូវ​កិត្តិយសជូនជាតិ។

លោក ថោង ខុន បាន​ថ្លែងក្នុងពេល​ទទួល​ប្រតិភូកីឡា​កម្ពុជា នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃចន្ទ​នោះ​​ថា៖ ​«ការ​ចូលរួមកីឡាអូឡាំពិក​​នេះ ពិតជា​សំខាន់ណាស់ សម្រាប់​កម្ពុជា​យើង គឺជា​មោទនភាព ដែល​យើង​បានចូលរួម​ក្នុងព្រឹត្តិការណ៍​អន្តរជាតិ​ដ៏កំពូល​ដោយ​រក្សា​បាន​នូវ​កិត្តិយស ការ​គោរព​​វិន័យ និងគោរព​បច្ចេក​ទេស​បានត្រឹម​ត្រូវ។ នេះជា​កិត្តិយស​ដ៏សំខាន់​សម្រាប់​ប្រទេស​ជាតិ​យើង»។ 

«ចំណែក​​កីឡាករ កីឡាការិនី​យើង​ គឺជា​ប្រវត្តិសាស្រ្ត​ ដែល​បាន​ចូលរួម​ប្រកួត​ហើយ ហើយមិន​មានកំហុស​ និង​បាន​រៀនសូត្រពី​បច្ចេក​ទេស ព្រមទាំងរៀនពី​​បទបញ្ញត្តិ និង​បទបញ្ជា​នានា​ពីការ​ប្រកួតនេះ។ រីឯ​​នាយក​បេសកកម្ម ខាង​គ្រូ​ពេទ្យព្យាបាល និង​ផ្នែក​រដ្ឋ​បាល​ផ្សេងៗ​ទៀត ក៏​​បំពេញ​ការងារ​បាន​ល្អ គឺ​ជារួម​ឆ្លង​កាត់​ព្រឹត្តិការណ៍អូឡាំពិក​លើក​នេះ កម្ពុជា​រក្សា​បាន និង​លើក​កម្ពស់បាននូវកិត្តិយស​ជូនជាតិ​យ៉ាងល្អ»។ លោក ថោន ខុន បានបន្ថែម។ 

ចំណែក​លោក ញ៉ាន សុខវិសាល ជានាយបេសកកម្ម​ក្នុង​ការ​ប្រកួតអូឡាំពិក​​នេះ បាន​និយាយ​ថា៖ «បេសកកម្ម​​រយៈ​​ពេល​៣សប្តាហ៍​បានបញ្ចប់ ហើយជា​លទ្ធផល​បច្ចេក​ទេស យើង​មិនដណ្តើម​បាន​មេដាយ​ទេ ប៉ុន្តែ​មិនមែន​មានន័យ​ថា មានតែ​កម្ពុជា​មួយ​ទេ ព្រោះ​បើ​មើល​ទៅ​លើ​តារាង​មេដាយសរុប គឺក្នុងចំណោម ​២០៦អូឡាំពិក មានតែ​៨៤​ប្រទេស​ទេ ដែលបាន​មេដាយ អ៊ីចឹង​កម្ពុជា បានស្ថិតក្នុង​ចំណោម​ប្រទេសជាង​១០០​ទៀត ដែល​មិន​បានមេដាយ ហើយជាក់ស្តែង​កម្ពុជា មាន​អត្តពលិកចូល​រួម​តែ​៣រូប​ទេ​»។

សម្រាប់​លទ្ធផល​នៃ​ការ​ប្រកួតនៅអូឡាំពិក​ហ្គេម ឆ្នាំ​២០២៤​នេះ កីឡាករជា​ម្ចាស់​មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២៣ ឈុន ប៊ុនថន បានបញ្ចប់ការ​ប្រកួតទាំង​២​លើក​របស់​ខ្លួន លើ​វិញ្ញាសា​រត់​ចម្ងាយ​៨០០ម៉ែត្រ​ ជាមួយ​ថិរវេលា១:៥៣.៣១ម៉ោង​ដូចគ្នា។ ​មានន័យ​ថា ប៊ុនថន មិនអាច​បំបែក​កំណត់ត្រា​ចាស់ ដែល​រូបគេ​ធ្លាប់​ធ្វើ​បាន​ល្អ​បំផុត គឺ ១:៥០.០៩ ម៉ោង ក្នុង​ការប្រកួតកីឡាអត្តពលកម្មជើងឯកអាស៊ី (Asian Athletics Championship) ឆ្នាំ២០២៣ នៅក្រុងបាងកក ប្រទេសថៃឡើយ។

ចំណែក​កីឡាករហែល​ទឹកកូនខ្មែរ-បារាំង ដឺឡាប៉ារង អង់ត្វ័ន បានបញ្ចប់ការ​ប្រកួត​ហែល​សេរី​ចម្ងាយ​១០០ម៉ែត្រ ដោយ​ប្រើ​ពេល ៥២:៩៥ វិនាទី ជាប់​ចំណាត់លេខ៣ក្នុង heat ហើយមានចំណាត់ថ្នាក់រួមទី៦៧ ក្នុងចំណោមកីឡា​ករ​ទាំង​៧៩នាក់ ដែល​ប្រកួត​លើ​វិញ្ញាសានេះ។

រីឯ​កីឡាការិនី​កូនកាត់​ខ្មែរ-អាមេរិកកាំង សាក់ប៊ុន អប្សរា កាតារីណា បាន​ប្រើពេល ២៦:៩០​វិនាទី លើការ​ហែល​សេរីចម្ងាយ​៥០​ម៉ែត្រ ដោយ​ជាប់​លេខ៣៨លើពិភពលោក​ក្នុងចំណោម៧៩​ប្រទេស ប៉ុន្តែ​ថិរវេលានេះ បាន​ធ្លាក់ចុះបើ​ធៀប​​នឹង​ថិរវេលា ២៦:២៤ ​វិនាទី ដែល អប្សរា ធ្លាប់​ធ្វើ​បាន​នៅស៊ីហ្គេម ឆ្នាំ​២០២៣។

ជុំវិញ​ការ​ប្រកួត​នៅកីឡាអូឡាំពិក​ហ្គេម​នេះ កីឡាករ​ ឈុន ប៊ុនថន បាន​និយាយ​ថា៖​ «ខ្ញុំ​បាន​ប្រឹង​ប្រែង​ហាត់ដែរ ដើម្បីបំបែក​កំណត់​ត្រា​​ចាស់​របស់​ខ្លួនឯង ប៉ុន្តែ​មិនអាច​បំបែក​បាន​ ព្រោះ​ខ្ញុំ​របួស​កជើង គឺ​ដុះ​ឆ្អឹង​នៅ​ត្រង់​កន្លែងកជើង​ហ្នឹង»។

តែទោះបីជា​យ៉ា​ងណា ប៊ុនថន ​បញ្ជាក់ថា៖ «យើង​បាន​បង្ហាញ​ភាព​ក្លាហាន​ និងបង្ហាញ​ពី​​ចលនាអូឡាំពិក ដោយមិន​បោះបង់​ការ​ប្រកួត ​ទោះ​យើង​ឈឺជើង​ក៏ដោយ អ៊ីចឹង​​យើង​បាន​លើក​ទង់ជាតិ​របស់​យើង បង្ហាញពី​កេរ្តិ៍​ឈ្មោះ​​ប្រទេស​ជាតិ​យើង​ថា យើងមិនបោះបង់​ការ​ប្រកួត​ចោល​ទេ។ នេះជា​កិត្តិយស​មួយ​សម្រាប់​ខ្ញុំ ក្នុងការ​ចូលរួម​កីឡាអូឡាំពិក​ ជា​លើកដំបូងនេះ»។ ​

ជាមួយគ្នានេះ នាយក​បេសកកម្ម លោក ញ៉ាន សុខវិសាល បាន​ឱ្យដឹង​ទៀត​ថា វាជាមោទនភាព ដែល​ក្រុមអត្តពលិក​កម្ពុជា បានប្រកួត​ស្មើ​មុខស្មើ​មាត់ជាមួយ​ប្រទេស​ទាំង​អស់​នៅលើ​ពិភព​លោក ហើយប្រតិភូ​កីឡាកម្ពុជា បានទទួល​ការសាទរ​ច្រើន សូម្បីតែទូក ដែល​ប្រតិភូ​កម្ពុជា​ជិះ​នៅ​ក្នុងពិធី​បើក​កីឡាអូឡាំពិក ក៏ជា​ទូត​មាន​តម្លៃ​ថ្លៃ​កម្រិត​ផ្កាយ​៧របស់សណ្ឋាគារ​ប្រចាំនៅ​ទី​ក្រុង​ប៉ារីស​។ 

ចំណែក​នៅ​ក្នុងពិធីបិទ​កីឡាអូឡាំពិក​វិញ លោក សុខវិសាល បានអះអាង​ថា វា​កាន់តែមាន​ភាព​អស្ចារ្យ ដែល​តារាចម្រៀង​រ៉េប វណ្ណដា បានទៅ​ពញ្ញាក់​​​អារម្មណ៍​របស់​ប្រជាជនខ្មែរ​យើង​ទាំង​អ្នក​រស់​នៅបារាំង​ក្តី និង​នៅ​លើពិភព​លោក​ ជាពិសេស​មិត្តភក្តិ​បរទេស​របស់​កម្ពុជា​ទាំង​អស់ ដោយពួកគាត់​មានការ​កោតសរសើរ និងបាន​សួរ​នាំ​​ច្រើន​ថា​តើ​ហេតុអ្វី​​តារាចម្រៀង​កម្ពុជា​​មាន​លទ្ធភាព​បាន​ឡើង​ច្រៀង​នៅក្នុងពិធីបិទ​កីឡាអូឡាំពិកនេះ។ 

លោក ញ៉ាន សុខវិសាល បញ្ជាក់​ថា៖ «ភាពអស្ចារ្យ​បាន​កើត​មាន​ឡើង ដោយសារ វណ្ណដា បាន​ឡើង​ទៅច្រៀង​លើ​ឆាក​ធំ ដែល​មាន​តារាចម្រៀង​តែប៉ុន្មាន​ទេ​បាន​ឡើង​លើ​ឆាក​ធំ​នោះ ហើយនេះជា​មោទនភាព​មួយ ចំណែក​ក្មេងៗ​ជា​កីឡាករ កីឡាការិនី​ ព្រម​ទាំង​គ្រូ​បង្វឹក និង​រូបខ្ញុំ​ផ្ទាល់ ពិតជា​មានមោទនភាព​ និងរំភើប​រក​អ្វី​ថ្លែង​មិន​បាន»៕