លោក​ទេស​រដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF កម្ពុជា បាន​ផ្តល់​ការ​ជឿ​ជាក់​ខ្លាំង​ទៅ​លើ​ក្រុម​កីឡាករ កីឡាការិនី​តេក្វាន់ដូ ITF កម្ពុជា ថា​នឹង​អាច​ដណ្តើម​បាន​មេដាយ​ច្រើន​ពី​ការ​ប្រកួត​កីឡា​តេក្វាន់ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​១០ នៅ​ប្រទេស​ឥណ្ឌា​ខាងមុខ​នេះ ដើម្បី​លើក​មុខមាត់ និង​កិត្តិយស​របស់ជាតិ​ជាមិនខាន។

ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា កាល​ពី​ល្ងាច​ថ្ងៃទី​១៦ ខែសីហា លោក កែវ រ៉េមី បាន​បង្ហាញ​ពី​សក្តានុពល​​របស់​ក្រុម​កីឡា​តេក្វាន់ដូ ITFកម្ពុជា ដែល​ធ្លាប់​ឈ្នះ​​​មេដាយមា​ស​ ពី​ការ​ប្រកួត​កម្រិត​អាស៊ីអាគ្នេយ៍​រាប់​ភ្លេច ហើយ​​ក៏​ធ្លាប់​ឈ្នះ​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ពី​ការ​ប្រកួត​កម្រិត​អាស៊ី និង​ពិភព​លោក​ផងដែរ។ 

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​កីឡា​តេក្វាន់ដូ ITF ជើងឯក​អាស៊ី នៅប្រទេស​ឥណ្ឌា លើក​នេះ​ ​កីឡាករ ប៉ាល់ ជីវ័ន ដែល​ធ្លាប់​ឈ្នះ​បាន​មេដាយ​មាស​ពី​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ឆ្នាំ​២០១៩ ​នៅ​ប្រទេស ប៊ុលហ្គារី​ នឹង​ទៅ​ចូលរួម​ក្នុង​នាមជា​គ្រូ​បង្វឹក​វិញ​ម្តង។

ចំណែក​កីឡាករ នេត្រ ហាក់នី ដែល​ធ្លាប់​ឈ្នះ​មេដាយ​មាស​ពីការ​ប្រកួត​ជើងឯក​អាស៊ី លើ​វិញ្ញាសា​បំបែក​ក្តារ និង​កីឡាករ​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ពិភព​លោកលើ​វិញ្ញាសា​ប្រយុទ្ធ ហ៊ោ វិចិត្រ សុទ្ធ​តែ​មាន​​ភារកិច្ច​ផ្ទាល់​ខ្លួន​ មិន​អាច​​ចូល​រួមបាន​​ដូចគ្នា។

លោក កែវ រ៉េមី បាន​ថ្លែង​ថា៖ «ក្រុម​កីឡាតេក្វាន់ដូ ITF​របស់​យើង មានសក្តានុពល​ខ្លាំង​ ដោយ​ធ្លាប់​ឈ្នះ​បាន​មេដាយមាស ប្រាក់ និងសំរឹទ្ធ ទាំងការ​ប្រកួត​កម្រិត​អាស៊ាន អាស៊ី និងពិភព​លោក តែ​សម្រាប់​អ្នក​ធ្លាប់​ឈ្នះ​មេដាយមាស​ពីការ​ប្រកួត​ជើងឯក​អាស៊ី​ក្តី និង​ពិភព​លោក​ក្តី​ គឺ​គាត់​មិន​បាន​ចូលរួម​ការ​ប្រកួតនៅឥណ្ឌា​លើក​នេះទេ ដូចជា​លោក​គ្រូ ប៉ាល់ ជីវន្ត​ ដែលយើងសង្ឃឹម​ថា ស៊ីផុយ​យក​មេដាយ​មាស​ហ្នឹង គឺ​យើងបាត់​មួយហើយ»។

យ៉ាង​ណា​ក៏ដោយ នៅក្នុងចំណោម​អត្តពលិក​ទាំង​១៧នាក់ (ស្រី​៦នាក់) ដែល​ត្រូវ​ចេញទៅ​ប្រកួត​លើកនេះ​ លោក កែវ រ៉េមី ​អះអាង​ថា ក៏​នៅ​មាន​កីឡាករ កីឡាការិនី​ជើងចាស់​ធ្លាប់​ឈ្នះ​បាន​មេដាយ​មួយ​ចំនួន និងមានអ្នក​ថ្មី ដែល​ពោរពេញ​ដោយ​សក្តានុពល ក្នុង​ការ​ប្រជែង​យក​មេដាយ ហើយ​លោក​បាន​ដាក់​ក្តី​សង្ឃឹម​លើ​ប្រភេទវិញ្ញាសា​ការ​ការពារ​ខ្លួន (បុរស-នារី) វិញ្ញាសា​បំបែកក្តារ វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ស្រាល និង​វិញ្ញាសា​បច្ចេក​ទេស​លោត​ទាត់​​យកកម្ពស់​ ជា​ដើម។

លោក​បាន​បញ្ជាក់​ថា៖​ «យើង​មានសង្ឃឹម​ច្រើន តែ​យើង​ក៏​នៅមានបញ្ហា​ប្រឈម​ដែរ ព្រោះ​ការ​ប្រកួត​កម្រិត​អាស៊ី​លើក​នេះ មាន​ប្រទេស​ចូលរួមច្រើន ពិសេស​កូរ៉េខាងត្បូង ដែលជា​ម្ចាស់​ក្បាច់គុន​នេះ បាន​បញ្ជូនក្រុមអត្តពលិក​មក​ច្រើន ដែលនេះជា​ការ​ប្រឈម​ធំជាង​គេ​របស់​ក្រុម​អត្តពលិក​យើង ចំណែក​រុស្ស៊ី និង​កាហ្សាក់ស្ថាន ​បាន​បញ្ជូន​ក្រុម​អត្តពលិកមក​​ច្រើនដូចគ្នា ហើយ​ក៏ជា​ជើង​ខ្លាំង ដែល​យើង​ត្រូវតែ​​ប្រុង​ប្រយ័ត្ន»។

ប៉ុន្តែ​ចំពោះ​ប្រទេស​ផ្សេងៗ​ទៀត រួមទាំង​ឥណ្ឌា ជាម្ចាស់​ផ្ទះ ដែល​មាន​កីឡាករ កីឡាការិនី​ច្រើនជាង​គេ​នោះ មិនស្ថិត​នៅ​ក្នុងការ​បារម្ភ​របស់​ក្រុម​អត្តពលិកកម្ពុជា​នោះ​ទេ ហើយនេះជា​អ្វី​ដែល​លោក កែវ រ៉េមី នៅតែជឿជាក់​ថា ក្រុម​កម្ពុជា នឹង​ដណ្តើម​បានមេដាយ​ច្រើន​ជូនជាតិ។

លោក​បញ្ជាក់​ថា៖ «ពូសង្ឃឹម​ទៅលើ​កូនៗទាំង​អស់​ថា នឹងនាំមុ​ខមាត់ កិត្តិយស​ជូនជាតិមាតុ​ភូមិ​របស់​យើង​​ឱ្យ​បាន»។

បើ​តាម​លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ​សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បាន​ឱ្យ​ដឹង​ថា ការ​ប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក​អាស៊ី នៅ​ឥណ្ឌាលើក​នេះ ​ប្រមូល​ផ្តុំ​ដោយ​ក្រុម​អត្តពលិកខ្លាំងៗ​មក​ពី​ជាង​៣០​ប្រទេស។ ចំណែក​កម្ពុជា នឹង​បញ្ជូន​ប្រតិភូ​កីឡា​ទៅ​ចូលរួម​​ចំនួន២៧រូប ដោយ​ត្រូវ​ចេញ​ពីកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែសីហា ហើយ​ត្រឡប់​មកដល់​​មាតុភូមិ​វិញ នៅ​ថ្ងៃទី២៥ ខែសីហា។ 
ជាមួយគ្នា​នេះ​លោក សុធីយ៉ា បាន​បង្ហាញ​ពី​​មោទនភាព ដែល​កម្ពុជា​បាន​បញ្ជូន​ក្រុម​កីឡាការិនីច្រើន​នាក់​ទៅ​ប្រកួត។ 

លោក​បញ្ជាក់​ថា៖ ​«ក្រុម​អត្តពលិក​របស់​យើង នឹង​ចូលរួម​ប្រកួត​គ្រប់​វិញ្ញាសា​ទាំង​អស់ ហើយយើង​ពិត​ជា​មាន​មោទនភាព ដែល​សហព័ន្ធ បាន​បញ្ជូន​កីឡាការិនី​ដ៏​ច្រើន​លើស​លុប មិន​ធ្លាប់មាន​ទៅ​ប្រកួត​ជើងឯក​អាស៊ី លើក​នេះ ព្រោះ​​រាល់​ដង យើង​បញ្ជូន​បាន​ត្រឹម​២នាក់ តែ​លើកនេះ​យើង​មាន​កីឡាការិនី​រហូត​ដល់​៦នាក់ ហើយ​នេះ​ជា​ឱកាស​ដ៏​ល្អ ដែល​ពួកគេ នឹង​ទទួល​បាន​បទពិសោធន៍ សម្រាប់​ត្រៀមធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ជើងឯក​អាស៊ាន នៅ​ឆ្នាំ​ក្រោយ»។

ចំណែក​កីឡាករ​ជើង​ចាស់ ធ្លាប់​ឈ្នះ​​មេដាយ​មាស​ជើងឯក​អាស៊ី និង​ជា​ម្ចាស់​មេដាយ​ប្រាក់​ជើងឯក​ពិភព​លោក តាំង សៀសុង ដែល​ត្រូវ​ប្រកួត​វិញ្ញាសា​មេគុន​កម្រិត​ ៤ដាន់ ប្រយុទ្ធ​ទម្ងន់​ក្រោម​ ៧៨​គីឡូក្រាម និង វិញ្ញាសា​ក្រុម​បុរស បាន​កត់​សម្គាល់​ឃើញ​ថា ម្ចាស់​ក្បាច់​គុន​កូរ៉េ​ខាងជើង រុស្ស៊ី និង កាហ្សាក់ស្ថាន សុទ្ធតែ​ខ្លាំងៗ ហើយ​មាន​កម្ពស់​ខ្ពស់ និង​មាន​គុណភាព​បច្ចេកទេសល្អជាង​កម្ពុជា ប៉ុន្តែ សៀសុង បាន​​តាំង​ចិត្ត​ថា នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​លទ្ធភាព ដើម្បី​ប្រជែង​យក​មេដាយ។

តាំង សៀសុង បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ ហើយ​ខ្ញុំ​ប្តេជ្ញា​ចិត្ត​នឹង​ព្យាយាម​ធ្វើឱ្យ​អស់​ពីលទ្ធភាព ដើម្បី​រក​ជ័យ​ជម្នះ​ជូន​ជាតិ​មាតុភូមិ»។

ប៉ុន្តែ សៀសុង មិន​ទាន់​ហ៊ាន​កំណត់​គោលដៅ​ថា នឹង​អាច​ដណ្តើម​បាន​មេដាយ​កម្រិត​ណា​នោះ​ទេ ដោយ​និយាយ​ថា៖ «ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយបាន​នោះទេ​ ដោយសារ​តែ​ការ​ប្រកួត​ប្រជែង​នឹង​មាន​ភាព​ស្វិតស្វាញ​ខ្លាំង។ ពេល​យើង​ខ្ញុំ​ទៅ​ដល់​កន្លែង​ប្រកួត យើង​នឹង​ព្យាយាម​ធ្វើឱ្យ​បាន​ល្អ​បំផុត តាម​តែ​អាច​ធ្វើ​ទៅ​បាន»៕