កីឡាករ​បាល់​ទះ​ដ៏​ឆ្នើម​របស់​កម្ពុជា វឿន វាសនា បាន​អះអាង​ថា ការ​​វិលត្រឡប់​ពីការ​ប្រកបអាជីព​បាល់​ទះ​នៅ​លីគ​កំពូល​​តៃវ៉ាន់ Enterprise Volleyball League ​របស់​គេ នឹង​​បង្កើត​ឱ្យមាន​ភាព​អស្ចារ្យ​ជាថ្មី​ម្តង​ទៀត សម្រាប់​ក្រុមជម្រើសជាតិ​បាល់​ទះ​កម្ពុជា ដែល​នឹងត្រូវ​ចូលរួមប្រកួត​ប្រជែង​ដណ្តើម​ប្រាក់​រង្វាន់​សម្តេច​មហាបវរធិបតី Sea V League Challenge នៅ​ចុង​ខែ​សីហា និង​ដើម​ខែ​កញ្ញា​ខាងមុខ​នេះ។

វឿន វាសនា ដែល​​បាន​ជួយឱ្យក្រុម Win Streak ឈ្នះជើងឯក​​ការ​ប្រកួត​លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League ឆ្នាំ​២០២៣-២០២៤ បាន​និយាយ​ថា៖ «ក្រុមជម្រើស​ជាតិ​បាល់​ទះ​របស់​យើង ​​បាន​ខក​ខាន​ប្រកួត​ព្រឹត្តិការណ៍​​យូរដែរ​ហើយ ហេតុ​នេះ​ពិត​ជា​សប្បាយ​ចិត្ត​មែនទែន ហើយ​ខ្ញុំ​សង្ឃឹម​ថា ការ​វិល​វិញ​របស់​ខ្ញុំ នឹង​ធ្វើ​ឱ្យ​​មាន​ភាព​អស្ចារ្យ​សាជាថ្មី​​សម្រាប់​ក្រុម​កម្ពុជា​យើង»។

ការ​លើក​ឡើង​បែប​នេះ​របស់ វឿន វាសនា ត្រូវ​បាន​ធ្វើ​ឡើង នៅ​ពេល​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា (VFC) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​មួយ កាល​ពី​ថ្ងៃទី​១៧ ខែសីហា ដើម្បី​ឧត្តម្ភ​ទៅ​លើ​ការ​ប្រកួត​ចំនួន​៣ រួម​មាន​ការ​ប្រកួត​ដណ្តើម​ប្រាក់​រង្វាន់​សម្តេច​មហាបវរធិបតី Sea V League Challenge, ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង និង​ពាន​រង្វាន់​ថ្នាក់​ភូមិ​ភាគ​នៅ​ទូទាំងប្រទេស​កម្ពុជា ៤x៤ Wurkz Special Volleyball Challenge។

នៅ​ក្នុង​ពិធី​នោះ វឿន វាសនា បាន​ដាក់​ក្តី​រំពឹង​ខ្ពស់​ថា រូបគេ និងសមាជិក​ទាំង​អស់​នៅ​ក្នុង​ក្រុមជម្រើសជាតិ​បាល់​ទះ​កម្ពុជា នឹងអាច​ដណ្តើម​បានកៅអី នៅ​ក្នុង​ការ​ប្រកួត​ Sea V League Challenge នៅ​ឆ្នាំនេះ ដើម្បី​បាន​ឡើង​ទៅលេង​ក្នុង​ព្រឹត្តិការណ៍ Sea V League 2025 ដែល​កម្ពុជា ទទួល​បានសិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ​លើក​ដំបូង។

វឿន វាសនា បានបញ្ជាក់​ថា៖ «សម្រាប់​ខ្ញុំ ក៏ដូចជា​ក្រុម​ទាំង​មូល​ មាន​ក្តីរំ​ពឹង​ខ្ពស់មែន​ទែន សម្រាប់​ព្រឹត្តិការណ៍​ប្រកួត (Sea V League Challenge) ​ដ៏​ខ្លី​ខាង​មុខ​​នេះ ដោយ​យើង​សង្ឃឹម​ថា នឹង​ដណ្តើម​បាន​កៅអី​មួយ​ទៅ​លេង​នៅ Sea V League ឆ្នាំ​ក្រោយ ហើយ​ដោយសារ​ការ​ប្រកួត​​នេះ ត្រូវ​ធ្វើ​នៅ​មុខ​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៥ អ៊ីចឹង​ពួក​យើង​នឹងអាច​​ដក​ស្រង់​បាន​បទពិសោធន៍​ពីក្រុម​ខ្លាំងៗ មុន​ពេល​ទៅ​ប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​ថៃ​»។

បើតាម​លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បានឱ្យ​ដឹង​ ​ការ​ប្រកួត​ដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី Sea V League Challenge ឆ្នាំ​២០២៤​នេះ មាន​ក្រុម​ជម្រើសជាតិ​តំណាង​ឱ្យ​៤​ប្រទេស​ចូលរួម ក្នុង​នោះ​មាន​ម្ចាស់​ផ្ទះ​កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី និងឡាវ ខណៈ​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា បាន​ដក​ខ្លួនចេញ​ពី​ការ​ប្រកួត​នេះ​វិញ ដោយសារ​មាន​បញ្ហា​ផ្ទាល់​ខ្លួន។

ចំពោះ​រូបមន្ត​ និង​លក្ខខណ្ឌ​នៃ​ការ​ប្រកួត Sea V League Challenge ​នេះ ​លោក អាំង សិរីពិសិដ្ឋ បាន​បញ្ជាក់​​ថា ក្រុមជម្រើសជាតិ​តំណាងឱ្យ​ប្រទេស​ទាំង​៤​នេះ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​វិលជុំ​សន្សំពិន្ទុ ដើម្បី​យក​ក្រុមបាន​ចំណាត់​ថ្នាក់​លេខ​១ ឡើង​ទៅ​លេង Sea V League នៅ​ឆ្នាំ​២០២៥។

ទន្ទឹម​នេះ កីឡាករ វឿន វាសនា ​បាន​ឱ្យ​ដឹង​ថា រូប​គេ​បានស្គាល់​កីឡាកររបស់​ក្រុមទាំង​៣​នេះ​បានច្រើន​ដែរ​ហើយ ជាពិសេស​ក្រុមជម្រើសជាតិ​ម៉ាឡេស៊ី ដែល​រូបគេ​ទើប​​បានប្រកួត​ជាមួយ​ នៅពេល​រូប​គេ​លេង​តំណាង​ឱ្យ​ក្រុម​ Win Streak កាលពី​ពេល​ថ្មីៗនេះ។

វឿន វាសនា បាន​បញ្ជាក់​ថា៖ «តាម​អ្វី​ដែល​ខ្ញុំ​ក្តោប​បាន​ គឺកីឡាកររបស់​ក្រុម​សិង្ហបុរី ក៏​ដូចជា​ម៉ាឡេស៊ី ភាគ​ច្រើនជា​កីឡាករ​ចាស់ៗ​ កាលពី​ឆ្នាំ​មុន ជាពិសេស​ខ្ញុំ​ទើបតែ​បានជួប​ក្រុម​ម៉ាឡេស៊ី ​ក្នុង​ការ​ប្រកួត​មួយ​នៅ​តៃវ៉ាន់ កាលពី​ពេល​ថ្មីៗ​នេះ។ តែទោះ​យ៉ាង​ណា ​យើង​នៅតែ​មានការ​ព្រួយ​បារម្ភ​បន្តិច​បន្តួច​ដែរ ចំពោះ​ក្រុម​ទាំង​៣​នេះ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​យើងត្រូវ​​ធ្វើ​ឱ្យ​បាន​ល្អ សម្រាប់​ជួប​ពួកគាត់»។ 

ទោះបីជា​ទើប​បានមក​ចូលរួមជាមួយ​ក្រុមជម្រើសជាតិ​កម្ពុជា រយៈ​ពេល​ខ្លី ប៉ុន្តែ វឿន វាសនា មាន​ទំនុក​ចិត្តខ្ពស់​ទៅលើ​ការ​បង្ហាញ​សមត្ថ​ភាព​ជាមួយ​ថ្មី​ជាមួយ​មិត្ត​រួមជាតិ ជា​ថ្មី​វិញ​នេះ។ 

វាសនា បញ្ជាក់​ថា៖ «​ខ្ញុំ​តែង​មានទំនុក​ចិត្តខ្ពស់​ ក្នុង​ក្រុម​ជម្រើស​ជាតិ សម្រាប់​ព្រឹត្តិការណ៍មួយ​ទៅ​ព្រឹត្តិការណ៍​​មួយ ប៉ុន្តែ​ពួក​យើងមិន​ត្រូវ​មើល​ស្រាល​ទៅលើគូស​ទេ ហើយ​យើង​ក៏មិនអាច​មាន​រំពឹង​ដល់​ ១០០​ភាគរយ​នោះ​ដែរ ប៉ុន្តែ​ពួក​យើង​មាន​ក្តី​រំពឹង​ខ្ពស់​នឹង​ឈ្នះ​​ក្នុង​ការ​ប្រកួត​នេះ ដើម្បី​មាន​កៅអី​ សម្រាប់​លេង​នៅ​ឆ្នាំ​ខាង​មុខ»៕