អគ្គនាយកដ្ឋាន​កីឡា​នៃ​​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាប់​ផ្តើម​​កម្មវិធី «ដំណើរ​ទស្សនកិច្ច​គុនខ្មែរ​ទៅ​កាន់​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ» នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប​ជា​ផ្លូវការ​ហើយ ដើម្បី​ប្រមូលនូវ​ភ័ស្តុតាង និង​សាវតារ​ពិត​ប្រាកដ​របស់​ក្បាច់គុន​ដូន​តា មុនពេល​ឈាន​ទៅ​ដល់​ការ​ចង​ក្រង​ជាឯកសារ ​ទុក​ប្រើប្រាស់​ជា​ផ្លូវការ​សម្រាប់​កូនខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ កុំ​ឱ្យបាត់​បង់។

ជុំវិញ​ការងារ​នេះ លោក ធិន វិចិត្រ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មាន​វិទ្យា និង​ស្ថិតិ​កីឡា ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ នៅ​សណ្ឋាគារ Memoire Palace Resort & Spa លើ​ទឹក​ដី​អង្គរ កាល​ពី​ថ្ងៃទី​២៧​ សីហា​ថា៖ «អគ្គនាយក​ដ្ឋាន​កីឡា ​បាន​បង្កើត​ការិយាល័យ​កីឡា​ប្រពៃណី​មួយ ដែល​មាន​ភារកិច្ច​ស្រាវ​ជ្រាវ ហើយ​ចង​ក្រង​កីឡា​ប្រពៃណី ដែល​មាន​តាំង​ពី​ដូន​តា​មក ដើម្បី​ជា​ប្រយោជន៍​រួម​របស់​​មនុស្សជាតិ ​ ព្រោះ​បើ​យើង​មិនចង​ក្រង​ទេ វាអាច​នឹង​បាត់​ពី​មួយ​ជំនាន់ទៅ​មួយ​ជំនាន់»។

ជាកិច្ច​ចាប់​ផ្តើម នៅ​ក្នុង​កម្មវិធី​ដំណើរ​ទស្សនកិច្ច​គុនខ្មែរ​មក​កាន់​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ នេះ អគ្គនាយក​ដ្ឋាន​កីឡា បាន​នាំ​យក​​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​គុនខ្មែរ​ ៤​នាក់ និង​ក្រុម​កីឡា​គុនល្បុក្កតោ​មួយ​ក្រុម ដើម្បី​ចុះ​មក​​ស្រាវជ្រាវដោយ​ផ្ទាល់​ពី​សាវតារ និង​ប្រវត្តិ​ក្បាច់​គុនខ្មែរ នៅ​លើជញ្ជាំង​ប្រាសាទ​នានា ក្នុង​តំបន់​អង្គរ ដែល​មាន​រយៈពេល​២ថ្ងៃ គឺ​​ថ្ងៃទី​​២៨ និង​ទី​២៩ ខែ​សីហា។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អ្នក​ជំនាញ​បុរាណ​វិទ្យា​ម្នាក់​របស់​អាជ្ញាធរ​អប្សរា នឹង​ធ្វើ​ការ​​ពន្យល់យ៉ាង​លម្អិត​ពី​​ប្រវត្តិ និង​អត្ថន័យ​ពិត​នៃ​រូប​ចម្លាក់​ក្បាច់គុនបុរាណ​ខ្មែរ​​នៅ​លើ​ជញ្ជាំង​ប្រាសាទ​នានា ហើយ​ការងារ​ដំបូងនេះ គឺ​​ផ្តោត​មុនគេ​ទៅលើ​​ប្រដាល់​គុនខ្មែរ រួច​ទើប​ឈាន​ដល់​ការ​ស្រាវជ្រាវ និង​ចង​ក្រង​នូវ​ក្បាច់​គុន​បុរាណ​ខ្មែរ​ផ្សេងៗ​ទៀត។

លោក ធិន វិចិត្រ បាន​បញ្ជាក់​ថា៖ «សព្វថ្ងៃ​នេះ​វិស័យ​ប្រដាល់​គុនខ្មែ​របស់យើង កំពុង​មាន​ប្រជាប្រិយ​ខ្លាំង​ ដោយមាន​ការ​ប្រកួត​ច្រើន ហេតុ​នេះ​ឯកឧត្តម ប៉ុន សុខ អគ្គនាយក​នៃអគ្គ​នាយក​ដ្ឋាន​កីឡា បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ, អាជ្ញាធរ​អប្សរា, សារព័ត៌​មានថ្មីៗ និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត គឺ​បានរួម​គ្នា​​ធ្វើ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​គុនខ្មែរ​ទៅ​កាន់​តំបន់ប្រវត្តិសាស្ត្រ​អង្គរ ដើម្បី​ស្រាវជ្រាវ​ហើយ រួច​ចងក្រង​ពី​ប្រវត្តិ និង​សាវតារ​ពិត​របស់​គុនខ្មែរ ទុកជា​ឯកសារ​ផ្លូវការ​សម្រាប់​​ប្រើ​ប្រាស់​ជា​ផ្លូវការ​តែម្តង»។

កីឡាករ​គុនខ្មែរ​​មុន​​ពេល​​ទស្សនា​​ប្រាសាទ​បុរាណ​​​នៅ​​ខេត្ត​​សៀមរាប។ ឈន ណន

ចំណែក​លោក សែត សុគន្ធ អ្នក​គ្រប់​គ្រង​សណ្ឋាគារ Memoire Palace Resort & Spa ​ដែលមាន​ទីតាំង​ស្ថិត​នៅ​ខេត្តសៀម​រាប​នេះស្រាប់ បាន​បង្ហាញ​ការ​ស្វាគមន៍ និង​រីក​រាយ​ចូលរួម​ជួយ​ ចំពោះ​កម្ម​វិធី​​​«ដំណើរ​ទស្សនកិច្ច​គុនខ្មែរ​មក​កាន់​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ»នេះ ព្រោះ​លោក​យល់​ថា ការងារ​នេះ​ នឹងធ្វើ​ឱ្យ​ពិភព​លោក ក៏ដូចជា​ភ្ញៀវ​ទេសចរ កាន់​តែ​មើល​ឃើញ​ច្បាស់​ពី​ភាព​សម្បូរបែប​នៃ​អរិយធម៌​ខ្មែរ ដែល​បានចារ​នៅ​តាម​ជញ្ជាំង​ប្រាង្គប្រាសាទ​នានា នៅ​ក្នុង​តំបន់​អង្គរ។

លោក សុគន្ធ បានបញ្ជាក់​​ថា៖ ​«កម្មវិធី​ដំណើរ​ទស្សនកិច្ច​គុនខ្មែរ​មក​កាន់​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​របស់​ក្រសួងអប់រំ​នា​ពេល​នេះ វា​ជា​ឱកាស​ដ៏​ល្អក្នុងការ​បង្ហាញ​ទៅ​កាន់​សកល​លោក​ថា យើង​ក៏​មាន​អរិយធម៌​មួយ​ដ៏​ផូរផង់ ​បាន​ចារ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​របស់​យើង ហើយ​យើង​មាន​ក្បាច់​គុនជា​ច្រើន​ ដែល​បាន​ចារ និង​​ឆ្លាក់​នៅ​លើ​ប្រាសាទទាំង​នោះ»។

«យើង​សង្ឃឹម​ថា កីឡាករ កីឡាការិនី​​ទាំងអស់​គ្នា នឹង​បាន​ជួប​នូវ​ទស្សនវិទូ​របស់​យើង ដើម្បី​បាន​ដឹង​កាន់តែ​ច្បាស់​ពី​ក្បាច់​គុន​របស់​ដូន​តា​យើង ហើយ​ពួក​គាត់ នឹង​នាំ​យក​ចំណេះដឹង​ទទួល​បានទាំង​នេះ​ទៅ​ផ្សព្វផ្សាយ​បន្ត ដើម្បី​ឱ្យ​ក្បាច់​គុនខ្មែរ​យើង​មាន​ការ​រីក​ចម្រើន និង​មាន​គេ​ស្គាល់​កាន់​តែ​​ទូលំ​ទូលាយ»។ លោក សែត សុគន្ធ បានបន្ថែម។

ជាមួយគ្នា​នេះ ​កីឡាករ កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​គុនខ្មែរ​ទាំង​ ៤​រូប រួម​មាន​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០២៣ ឈឿង ល្វៃ, លន បញ្ញា កីឡាការិនី ទូច ចាន់វត្តី និងកីឡាការិនី ឆា ចាន់ដេង សុទ្ធតែ​បាន​បង្ហាញ​ភាពរីក​រាយ ដែល​ទទួល​បានឱកាស មក​សិក្សា​ដោយ​ផ្ទាល់​ជាមួយ​​ការពន្យល់​របស់​អ្នកជំនាញ​បុរាណ​វិទ្យា ពី​ប្រវត្តិ​ក្បាច់គុន​បុរាណ​ខ្មែរ នៅ​តាម​ប្រាសាទ​នានា ​នៅ​លើ​ទឹក​ដី​អង្គរ ជា​លើក​ដំបូង​នេះ។

កីឡាករ​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០២៣ លន បញ្ញា បាន​និយាយ​ថា៖ ​«ទោះបីជា​ខ្ញុំជា​កីឡាករ​ប្រដាល់ម្នាក់ ប៉ុន្តែ​ខ្ញុំ​មិនសូវ​បាន​ដឹង​ពីប្រវត្តិពិត​នៃការ​កកើត​ក្បាច់គុន​បុរាណ​ខ្មែរ​នោះ​ទេ អ៊ីចឹងតាម​រយៈដំណើរ​ទស្សនកិច្ច​មក​កាន់​តំបន់​ប្រវត្តិសាស្ត្រអង្គរ​​នេះ ខ្ញុំ​នឹង​ព្យាយាម​ត្រងត្រាប់​ស្តាប់ការ​ណែនាំ​ពី​ទស្សនវិទូ​របស់​យើងឱ្យ​បាន​ច្រើន​ ដើម្បីបង្កើន​នូវចំណេះ​ដឹង​បន្ថែម​ទៀត»។

ចំណែក​កីឡាការិនី​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ទូច ចាន់វត្តី និយាយ​ថា៖ «ខ្ញុំពិតជា​សប្បាយចិត្ត ដែល​បាន​មក​សិក្សា និងស្វែង​យល់ពីប្រវត្តិ​ក្បាច់​គុន​ខ្មែរ ដែល​មានឆ្លាក់​នៅលើជញ្ជាំង​ប្រសាទ​យើង​ផ្ទាល់។ ខ្ញុំរំពឹង​ថា នឹងចាប់​យកឱ្យ​បានច្រើន​ពី​បុរាណ​វិទូ ដែល​គាត់​បានពន្យល់​ប្រាប់ពួក​យើង ហើយ​ខ្ញុំ​​នឹង​ខំប្រឹង​សិក្សា​បន្ថែម និងយក​ទៅ​អនុវត្តផ្ទាល់ ក្នុងពេល​ហ្វឹក​ហាត់ ព្រមទាំង​ផ្សព្វ​ផ្សាយ​បន្ថែម​យល់​បងប្អូន​ជា​យុវជន យុវនារី​ទាំង​អស់​ ដែល​មិនទាន់បានដឹងពីប្រវត្តិ​គុនខ្មែរ ដើម្បី​ឱ្យ​គាត់​បានដឹង​ច្បាស់ថា គុនខ្មែរ ពិតជា​មានប្រវត្តិ​ដ៏យូរលង់ ដែល​បាន​បន្សល់​ទុកពីដូនតា​ខ្មែរ»៕