កម្មវិធី «ដំណើរ​ទស្សនកិច្ច​គុនខ្មែរ​ទៅ​កាន់​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ» នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប រយៈពេល​ ៣​ថ្ងៃ ជា​លើក​ដំបូង ដែល​រៀបចំ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ចប់​ជាមួយ​លទ្ធផល​វិជ្ជមាន ដោយ​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​អាជ្ញាធរ​ជាតិ​អប្សរា ជាពិសេស​លោក​អភិបាល​ខេត្ត​សៀមរាប។

លោក ប្រាក់ សោភ័ណ អភិបាល​ខេត្ត​សៀមរាប បាន​ចាត់​ទុក​កម្មវិធី​​ដំណើរ​ទស្សន​កិច្ច​គុន​ខ្មែរ​ទៅ​​កាន់​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ ដែល​ត្រូវ​បាន​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​ទី​២៧ ដល់​២៩ ខែ​សីហា​​ថា ជាសកម្មភាព​ដ៏​ល្អ ក្នុង​ការ​គាស់​រំលើង​នូវ​ប្រវត្តិ​ក្បាច់​គុនបុរាណ​ខ្មែរ ដែល​មាន​ចារ​នៅលើ​ផ្ទាំង​សិលា​ចារឹក ដើម្បី​បង្ហាញ​ទៅ​កាន់​មជ្ឈដ្ឋានជាតិ និង​អន្តរជាតិ​បាន​ស្គាល់ និង​បាន​ដឹង​កាន់​តែ​ច្បាស់​នូវកេរ្តិ៍ដំណែល​របស់​ដូនតា​ខ្មែរ មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មក​ហើយ ហើយ​ការងារ​នេះ ក៏​ស្រប​ទៅនឹង​ការ​ចង់​បាន​របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​ថ្នាក់ដឹកនាំ​របស់​រដ្ឋាភិបាល​ផងដែរ។

លោក ប្រាក់ សោភ័ណ បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បន្ទាប់ពី​ជួប​សំណេះ​សំណាល​ជាមួយកីឡាករ កីឡាការិនី គ្រូ​បង្វឹក និង​​ក្រុម​ការងារ​ ដែល​បាន​ចុះ​ធ្វើ​ទស្សនកិច្ច​គុនខ្មែរ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ កាល​ពី​ថ្ងៃទី​២៩ ខែ​សីហា​ថា៖ «យើង​មាន​ប្រវត្តិ​ដែល​បានចារ​នៅ​លើ​សិលាចារឹក​ នៅ​ក្នុង​ប្រាសទ​របស់​យើងជា​ច្រើន ហើយ​កន្លង​មក​​ខ្ញុំ​បាន​ចូល​រួមច្រើន​ដែរ​ជាមួយ​ក្រុម​ការងារ​គុនល្បុក្កតោ និង​គុនខ្មែរ»។ 

លោក​បន្ថែម​ថា៖ «មែន​ទែន​ទៅ គុនល្បុក្កតោ និង​គុនខ្មែរ​នេះ តាម​រយៈ​ឯកឧត្តម ហ៊ុន ម៉ានី លោក​បាន​ជំរុញ​ខ្លាំង​ណាស់​ ថែម​ទាំង​មាន​រៀបចំ​ឱ្យ​មាន​ការ​បង្ហាញ​នូវ​អង្គរ​សង្រ្កាន្ត​ទៀត ដើម្បី​ឱ្យ​ឃើញ​ ឱ្យ​យល់ និង​បន្ត​ស្រាវ​ជ្រាវ​ទៀត ចំណែក​ក្រុម​ងារងារ ដែល​លោក​បាន​ចុះ​មក​នេះ ជា​ការ​ផ្សព្វ​ផ្សាយ​ផង និង​បន្ត​ស្រាវ​ជ្រាវ​​បន្ថែម​ទៀត អ៊ីចឹង​ខ្ញុំ​ជឿជាក់​ថា ការ​ស្រាវជ្រាវនេះ​ទៅ​ថ្ងៃ​ខាង​មុខ​ យើង​នឹង​ធំ​ទូលំទូលាយ​ជាង​នេះ ឱ្យ​ឃើញ​ពីសម្បត្តិ​ដូន​តា​​ និងជា​កេរ្តិ៍​តំណែល​ដូន​តា​របស់​យើង​ផងដែរ​»។ 

ជុំវិញការ​ស្រាវ​ជ្រាវ​​ទៅលើ​ក្បាច់គុណ​បុរាណ​ខ្មែរ​នេះ​ដែរ លោក ប្រាក់ សោភ័ណ្ឌ បាន​ឱ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏​តែង​តែ​បាន​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​​ខេត្តសៀមរាប​ផង ហេតុនេះ​កម្មវិធី​​ដំណើរ​ទស្សនកិច្ច​គុនខ្មែរ​ទៅ​​កាន់​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ វា​ជា​របត់​ថ្មី​មួយ​ទៀត ដែល​បាន​ជំរុញ​វិស័យ​ទេសចរណ៍​ផង និង​សិក្សា​លាតត្រដាង​ពី​ប្រវត្តិ​នៃ​ក្បាច់គុណ​បុរាណ​ខ្មែរ​ផង។

លោក​អភិបាល​ខេត្ត​រូបនេះ បាន​បញ្ជាក់​ថា៖  «ទេសចរណ៍​ខេត្ត​សៀមរាប មិនមែន​មាន​ត្រឹម​តែ​ប្រាសាទ​ទេ យើង​មាន​ទាំង​វប្បធម៌ សាសនា និង​កីឡា​ផ្សេងៗ អញ្ចឹង​នេះ​ជា​ក្រុម​ការងារ​មួយ​ ដែល​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​របស់​យើង​ផងដែរ ព្រោះ​​នៅពេល​យើង​បង្ហាញ​ទៅ​មហាជន​ទូទៅ​ទាំង​ជាតិ និង​អន្តរជាតិ គឺ​​ជា​ការទាក់​ទាញ​អារម្មណ៍មួយ​ សម្រាប់អ្នក​​មក​លេង​ខេត្ត​សៀមរាប​ផង និង​បាន​មក​មើល​ផ្ទាល់​អំពី​សិលាចារឹក​ ដែល​ស្តីពី​ក្បាច់​គុន​បុរាណ​ខ្មែរ​ផង»។ 

ចំពោះ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​គុនខ្មែរ​ទៅ​​កាន់​តំប​ន់ប្រវត្តិសាស្ត្រ​អង្គរ ​ជា​លើក​នេះ អគ្គនាយក​ដ្ឋាន​កីឡា បាន​នាំ​យក​​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​គុនខ្មែរ​៤​នាក់ រួមមាន​ម្ចាស់​មេដាយ​មាស ឈឿង ល្វៃ, លន បញ្ញា កីឡាការិនី ទូច ចាន់វត្តី និងកីឡាការិនី ឆា ចាន់ដេង រួមទាំង​ក្រុមគុន​ល្បក្កតោ ដើម្បី​ចុះ​ទៅ​មើល​ដោយ​ផ្ទាល់ពី​សាវតារ និង​ប្រវត្តិ​ក្បាច់​គុនបុរាណ​ខ្មែរ នៅ​លើជញ្ជាំង​ប្រាសាទ​នានា ក្នុង​តំបន់​អង្គរ។

ចំណែក​លោក ភឹង តារា មន្រ្តី​បច្ចេក​ទេស​នៅ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណ​វិទ្យា​នៃ​អាជ្ញាធរជាតិ​អប្សរា ជាអ្នក​​ធ្វើ​ការ​​ពន្យល់​ដោយ​ផ្ទាល់​​​ពី​​ប្រវត្តិ និង​អត្ថន័យ​ពិត​នៃ​រូប​ចម្លាក់​ក្បាច់គុនបុរាណ​ខ្មែរ​​នៅ​លើ​ជញ្ជាំង​ប្រាសាទ​នានា​ដល់​អ្នក​ទាំង​នោះ ហើយ​ការងារ​នេះ ត្រូវបាន​លោក ប្រាក់ សោភ័ណ យល់​ថា ជា​ការ​បង្ហាញ​ពី​​សក្តានុពល​ដ៏ធំ​មួយ សម្រាប់​ក្បាច់​គុន​បុរាណ​ខ្មែរ​ព្រោះកន្លង​មក មាន​ការ​បង្ហាញ​ច្រើន​តែលើ​​របាំ​ប្រពៃណី​ផ្សេងៗ។

លោកសង្កត់​ធ្ងន់​ថា៖ «គុន​ល្បុក្តោ និង​គុនខ្មែរ​នេះ ទើប​តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ដែល​យើង​បាន​ជំរុញ។ ​នេះជា​ផ្នែក​មួយ​ដ៏​ធំ និង​ជា​មោទនភាព​ចំពោះ​យើង​ ជាពិសេស គុន​ខ្មែរ​យើង ដែល​កន្លង​មក​យើង​បាន​ឃើញ​របស់​គេ​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ជំរុញ​គុនខ្មែរ និង​ល្បុក្កតោ​​យើងឱ្យ​ខ្មែរ​ខ្លួនឯង​បាន​ស្គាល់​ផង និងជំរុញ​ដល់​ឆាក​អន្តរជាតិ​ផង ហើយ​ខ្ញុំ​ជឿជាក់ និង​គាំទ្រ​រាល់​ការ​ចុះ​មក​ស្រាវជ្រាវ​បន្ត​ ឬចុះ​មក​បង្ហាញ​ជា​កម្មវិធី​វីដេអូ​​ធំៗ គឺ​ខ្ញុំ​គាំទ្រ​ទាំង​ចិត្ត​ខ្លួនឯង​ និង​គាំទ្រ​ទាំង​ការងារ​រដ្ឋបាល ឬ​វិស័យអី​ផ្សេងៗ​ផង»។

ចំណែក​លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​មក​ទទួល​ស្វាគមន៍​ក្រុម​​​ការងារ​របស់​កម្មវិធី «ដំណើរ​ទស្សនកិច្ច​គុនខ្មែរ​ទៅ​កាន់​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ» នៅ​ប្រាសាទ​បាខែង កាល​ពី​ថ្ងៃទី​២៨ ខែសីហា​នោះ បាន​បង្ហាញ​ការ​គាំ​ទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ព្រោះវា​ជា​ការ​រួម​ចំណែក​លើ​កិច្ចការងារ​ថែរក្សា​សម្បត្តិមរតក​ដូន​តា នៅរមណីយដ្ឋាន​អង្គរ​ ជាមួយ​អាជ្ញាធរជាតិ​អប្សរា។

លោក​ថ្លែង​ថា៖ «យុទ្ធសាស្រ្ត​សំខាន់​របស់​យើង​ គឺ​ការ​ឱ្យ​យល់​កាន់​តែ​ខ្លាំង​ថែម​ទៀត​នូវ​លក្ខណៈ​ជា​អត្ថន័យ ខ្លឹម​សារ អរូបី​ពី​បុរាណ​ ហើយ​យើង​មាន​ប្រាង្គ​ប្រាសាទ មាន​ក្បាច់​ចម្លាក់​ជា​អត្ថន័យ​តាម​បែប​ក្បាច់​ចម្លាក់​ ជាស្ថាបត្យកម្ម វិស្វកម្ម​ ការ​កសាង -ល- ​ក៏​ប៉ុន្តែ​ក្រៅ​ពីនោះ​ទៀត​សោត គឺ​ផ្សារ​ភ្ជាប់​ជាមួយ​ជីវិត​​នៃ​ការ​​រស់​នៅ​ ប្រវត្តិសាស្រ្ត​នៃ​អរិយធម៌ អ៊ីចឹង​ក្បាច់គុន​ខ្មែរ​យើង​ ក៏​បាន​ឆ្លាក់​នៅ​តាមទី​កន្លែង​មួយ​ចំនួន​នៃ​ប្រាសាទ»។

លោកបន្ត​ថា៖ «នេះជាតឹក​តាង​ប្រវត្តិសាស្រ្ត​ ​បង្ហាញ​ថា​ ខ្មែរ​យើង​ចេះប្រើ​យុទ្ធសាស្រ្ត​ ចេះ​ប្រើ​ក្បាច់គុន ចេះ​ប្រើវិធី​សាស្រ្តការពារ​ខ្លួន​តាម​រយៈ​ក្បាច់​គុន​នេះ​យូរណាស់​មក​ហើយ​ ហើយមក​ដល់​បច្ចុប្បន្ន​យើង​កំពុងតែបន្ត​ ដោយ​នេះ​ជា​ចំណុច​សំខាន់​នៃ​អត្ថន័យ និង​ខ្លឹម​សារ​ សម្រាប់​​ប្អូន​ៗជាអ្នក​កីឡាករ​ ដែល​ជាអ្នក​បាន​រួមចំណែក​លើ​វិស័យ​ហ្នឹង​​​ខ្លាំង​ក្លា​ជាង​គេ»។​

ជាមួយ​គ្នា​នេះ លោក ឡុង កុសល បានថ្លែង​អំណរគុណ​ដល់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ និង​ភាគីពាក់​ព័ន្ធដែល​បានប្រឹងគាស់​កកាយ​ ប្រឹង​បង្ហាញ​មក​វិញនូវក្បាច់​គុនបុរាណខ្មែរ និង​គុនខ្មែរ​ ដែល​ធ្វើ​ឱ្យ​មាន​ភាពល្បី​ល្បាញ​នៅលើ​សកលលោក ហើយ​លោក​បានលើក​ទឹក​ចិត្ត​​ដល់កីឡាករ កីឡាករិនី​កម្ពុជា និង​​ក្រុមការងារ​ «ដំណើរទស្សនកិច្ចគុនខ្មែរមក​កាន់តំបន់ប្រវត្តិសាស្ត្រអង្គរ» ត្រូវ​ខំ​បំពេញការងារ​នេះ​ឱ្យ​កាន់តែ​ខ្លាំង​ក្លា​ថែម​ទៀត ដើម្បី​ជាប្រយោជន៍​រួម​របស់​ប្រទេសជាតិយើង។

លោកបញ្ជាក់​ថា៖ ​«ខ្ញុំសូមជូនពរ​ឱ្យ​ប្អូនៗ​ក្លាយជា​កីឡាករ​កាន់តែ​ខ្លាំង និងពូកែ ក្នុងការ​កាន់ទង់ជាតិ​កម្ពុជា បង្ហាញ​លើ​​ឆាក​អន្តរជាតិ​តាម​វិស័យ​របស់ប្អូនៗ ចំណែក​ពួក​ខ្ញុំ កាន់​ទង់​ជាតិ​កម្ពុជា​តាម​វិស័យ​របស់ពួក​ខ្ញុំ អ៊ីចឹង​យើង​ទាំង​អស់​គ្នា​កាន់ទង់ជាតិ​កម្ពុជា ក្នុងគ្រប់វិស័យ​របស់​យើង​នីមួយៗ​ ហើយ​ទាំង​អស់នោះ​ហើយ ដែល​ជួយជ្រោងឱ្យកម្ពុជា កាន់តែ​មានការស្គាល់ ​កាន់តែ​មាន​ការ​ដឹង​ និង​ល្បី​ល្បាញ​ក្នុងសកល​លោក​បន្ត​ថែម​ទៀត»។

ចំណែក​លោក ធិន វិចិត្រ ប្រធាន​មជ្ឈមណ្ឌលជាតិ​ព័ត៌មាន​វិទ្យា និង​ស្ថិតិ​កីឡា​នៃ​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួងអ​ប់រំ យុវជន និង​កីឡា បាន​ធ្វើការ​វាយ​តម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​​ទទួល​បាន​ សម្រាប់​ការ​ចាប់ផ្តើម​​កម្មវិធី «ដំណើរ​ទស្សនកិច្ច​គុនខ្មែរ​ទៅ​កាន់​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ» នៅ​លើទឹក​ដី​ខេត្ត​សៀមរាប ជា​លើកដំបូង​នេះ ដោយ​មាន​ការ​គាំទ្រ​ច្រើន​ពីអាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

លោក​បាន​និយាយ​ថា៖ ​«​នៅ​ក្នុងដំណើរ​ទស្សនកិច្ច​ នៅ​តំបន់​ប្រវត្តិសាស្រ្ត​អង្គរ​រយៈពេល​៣​ថ្ងៃ​នេះ យើង​ទទួល​បាន​លទ្ធផល​លើស​ការ​រំពឹង​ទុក​ ដោយសារ​មាន​ការ​គាំទ្រ​ពី​ឯកឧត្តម​អភិបាល​ខេត្ត​ និងមាន​គាំទ្រ​លើ​ការ​ស្នាក់នៅ ​ហូបចុក​របស់​សណ្ឋាគារ Memoire Palace Resort & Spa ហើយ​យើង​​ក៏​មាន​ការ​សម្រប​សម្រួល​ច្បាប់​នៅ​តំបន់​អង្គរ​ពី​អាជ្ញាធរជាតិ​អប្សរា ដែល​ធ្វើ​ឱ្យ​កីឡាករ កីឡាការិនី​​យើង​មាន​ការ​សប្បាយ​ចិត្ត និង​បាន​ទស្សនា​រូប​ចម្លាក់​ក្បាច់គុន​បុរាណ​ខ្មែរ ​នៅតាម​ប្រាសាទ​ជាច្រើន»។

ទន្ទឹម​នឹងនេះ លោក ធិន វិចិត្រ បាន​ឱ្យ​ដឹង​ទៀត​ថា ក្រុម​ការងារ​របស់​លោក នឹង​ធ្វើ​របាយការណ៍​ពី​​លទ្ធផល​ទទួល​បាន​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​គុនខ្មែរ​ទៅ​កាន់​តំបន់​ប្រវត្តិសាស្ត្រអង្គរ​លើក​នេះ ដើម្បី​ស្នើសុំ​ជា​គោលការណ៍ បង្កើត​ជា​គណៈកម្មការ​ចុះ​ស្រាវជ្រាវ និង​ចង់ក្រង​ជា​ឯកសារ​ផ្លូវ​ការ បើ​សិន​ជា​អគ្គនាយកដ្ឋាន​កីឡា ជាពិសេស​លោក​ឧបនាយក​រដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​​ក្រសួង​អប់រំ យុវជន និង​កីឡា យល់​ព្រម​លើសំណើ​នេះ។

លោក​បាន​បញ្ជាក់​ថា៖ «ដោយសារ​យើង​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ និង​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ហើយ​តាម​អនុសាសន៍​ណែនាំ​​របស់​ឯកឧត្តម ប៉ុន សុខ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា គឺ​លោក​ចង់​ឱ្យបន្ត​ការងារ​នេះ​រហូត​ដល់​កម្រិត​ស្រាវជ្រាវ និង​ចង​ក្រង​ជាឯកសារ​ផ្លូវ​ការ​មួយ»។ 

លោក ធិន វិចិត្រ បន្ថែម​ថា៖ «មិន​មែន​មានតែប្រដាល់​​គុនខ្មែរមួយ​នេះ​ទេ គឺ​នៅមានកីឡាជាប្រពៃណី និងកីឡាជា​ល្បែងច្រើន​ទៀត ដែល​យើង​ត្រូវ​បន្ត​ធ្វើ តែអ្វី​ទាំង​អស់​លុះ​តែ​មាន​គោលការណ៍ពី​ថ្នាក់ដឹកនាំ​ ទើប​យើង​បន្ត​ទៀត ព្រោះ​យើងជា​មន្រ្តី​បច្ចេកទេស ត្រូវតែ​អនុវត្ត​តាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ»។

ចំណែក​​លោក ភឹង តារា មន្រ្តី​បច្ចេក​ទេស​នៅនាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញ​ភាព​រីក​រាយ ដែល​​មានឱកាស​បានផ្តល់​នូវចំណេះដឹង​បន្ថែម​ទៀត​ដល់​កីឡាករ កីឡាការិនីខ្មែរ ជាពិសេស​ក្រុម​អត្តពលិកប្រដាល់​គុនខ្មែរ ដែល​ធ្លាប់តែ​ហ្វឹក​ហាត់ និង​ប្រកួត​លើក​សង្វៀន តែមិន​ធ្លាប់​បាន​មើល​ពីចម្លាក់​ក្បាច់​គុន​បុរាណ​ខ្មែរ នៅលើ​ជញ្ជាំង​ប្រសាទ អ៊ីចឹង​​បានជួយ​ឱ្យ​ពួកគេ​​បាន​​យល់​កាន់តែច្បាស់ពីគោលគំនិត​របស់ដូន​តា​ខ្មែរ​យើង ដែល​បានឆ្លាក់​ចម្លាក់​ក្បាច់គុន​​ទាំង​អស់​នេះ ហើយ​លោកចង់​ឃើញ​អ្នក​ហាត់គុន​ច្រើន​ទៀត បាន​មក​ស្វែង​យល់​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំចង់​ឱ្យកីឡាករ កីឡាការិនី​របស់​ខ្មែរ​យើងផ្សេងៗ​ទៀត រួម​ទាំង​ប្រជាពល​រដ្ឋ​កម្ពុជា បាន​មក​មើល​ចម្លាក់​ក្បាច់គុន​បុរាណខ្មែរ នៅតាម​ប្រាង្គប្រាសាទ​នានា ដើម្បី​បាន​ដឹង និង​យល់​ពីអត្ថន័យ​នៅតាម​ប្រាសាទ​នីមួយៗ ដែល​មិនមែន​តែ​នៅ​ក្នុង​ខេត្ត​សៀមរាប​នោះ​ទេ ប៉ុន្តែ​ក៏មាន​នៅ​ខេត្តព្រះវិហារ​ផងដែរ ហើយ​​នេះជាភ័ស្តុតាង និង​ជាអត្តសញ្ញាណ​​បញ្ជាក់ពី​​ប្រវត្តិ​ក្បាច់គុនបុរាណ​ខ្មែរ​ដ៏ពិត​ប្រាកដទៅដល់​អន្តរជាតិ»៕