កីឡាករជម្រើសជាតិកីឡាអត្តពលកម្ម វ៉ាន់ ភារ៉ា បានចាត់ទុកការដណ្តើមបានមេដាយមាសពីការប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី៩ (9th Angkor Empire Marathon) ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៤ ខែសីហា ថាជាលទ្ធផលដ៏ល្អបំផុត ដែលបានជួយលើកមុខមាត់ខ្លួនឯង និងប្រទេសជាតិ ខណៈព្រឹត្តិការណ៍នេះ មានអ្នកចូលរួមសរុប៣០២១នាក់ មកពី ៥១ប្រទេស។
បើទោះបីជា វ៉ាន់ ភារ៉ា ធ្លាប់បានឈ្នះមេដាយមាសជាហូរហែ លើវិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) កន្លងមក ប៉ុន្តែកីឡាករកម្ពុជារូបនេះ អះអាងថា នេះជាលើកដំបូងហើយ ដែលរូបគេបានចូលរួមរត់ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ នៅឆ្នាំនេះ ហើយទទួលបានលទ្ធផលយ៉ាងល្អ ប៉ុន្តែរូបគេបានប្រឹងប្រែងខ្លាំងបំផុត។
វ៉ាន់ ភារ៉ា បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំបានហ្វឹកហាត់ធ្ងន់បំផុត ត្រៀមការប្រកួតម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរនេះ គឺខ្ញុំផ្តោតសំខាន់ទាំងទៅលើរបបអាហារ និងការហ្វឹកហាត់ខ្លាំង ព្រោះកាលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ កាលពីខែឧសភា ខ្ញុំក៏បានប្រកួតនៅលើទឹកដីអច្ឆរិយនេះដែរ តែខ្ញុំបានត្រឹមលេខ៥ ប៉ុន្តែឥឡូវនេះខ្ញុំ បានឈ្នះមេដាយមាស គឺពិតជាអស្ចារ្យណាស់»។
រំឭកទៅដល់ការប្រកួតវិញ្ញាសា៤២គីឡូក្រាម នៅព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នោះ វ៉ាន់ ភារ៉ា បានចំណាយថិរវេលា ២ម៉ោង និងជាង៤១នាទី ដោយបានត្រឹមលេខ៥ ប៉ុន្តែសម្រាប់ការបង្ហាញខ្លួន ក្នុងទិវារត់ប្រណាំង Angkor Empire Marathon 2024 នេះ ភារ៉ា បានប្រើពេល ២:៤០.៥១ម៉ោង ដើម្បីទទួលបានលេខ១ ខណៈលេខ២ បានទៅកីឡាករជប៉ុន Yuki Kaneyama ក្នុងថិរវេលា ២:៤៧.២៩ម៉ោង និងលេខ៣កីឡាករវៀតណាម Dai Be Thanh ប្រើពេល ២:៥៤.០៥ម៉ោង។
ចំណែកការរត់ចម្ងាយ៤២គីឡូម៉ែត្រ ផ្នែកនារីវិញ លេខ១បានទៅកីឡាការិនីអៀរឡង់ Caitriona Jennings ដោយប្រើថិរវេលា ៣ម៉ោង ០៥នាទី និង៤៣.១៩វិនាទី
លេខ២ កីឡាការិនីវៀតណាម Nguyen Thi Linh ប្រើពេល ៣ម៉ោង ១៣នាទី និង ៣៥.៥៤វិនាទី និងលេខ៣ កីឡាការិនីចិន Qi Wang ប្រើថិរវេលា ៣ម៉ោង ៤១នាទី និង ០៧.៨០វិនាទី។
កីឡាករវ័យ ២៨ឆ្នាំ វ៉ាន់ ភារ៉ា បានបញ្ជាក់ថា៖ «ខ្ញុំពិតជាសប្បាយរកអ្វីប្រៀបផ្ទឹមមិនបានទេ ព្រោះកីឡាករជប៉ុន និងវៀតណាម បានឈរនៅលើក្តារឈ្នាន់លេខ២ និងលេខ៣ ប៉ុន្តែខ្ញុំបានឈរនៅលេខ១តំណាងឱ្យកម្ពុជា ខណៈពិធីបំពាក់មេដាយនេះ ត្រូវបានធ្វើនៅមុខប្រសាទអង្គរវត្តទៅទៀត អ៊ីចឹងខ្ញុំឡើងព្រឺរោម គឺពិតជាអស្ចារ្យ ដែលខ្លួនឯងអាចធ្វើរឿងនេះបាន នៅលើទឹកដីដ៏អច្ឆរិយរបស់ខ្មែរយើង»។
ជាមួយការឈ្នះបានមេដាយមាស ក្នុងការប្រកួត Angkor Empire Marathon 2024 នេះដែរ វ៉ាន់ ភារ៉ា ក៏បានបង្ហាញមោទនភាពចំពោះការខិតខំរបស់ខ្លួនឯង ដែលអាចបំបែកឯតទគ្គកម្ម សម្រាប់ថិរវេលា កាលប្រកួតនៅស៊ីហ្គេម ប៉ុន្តែ ភារ៉ា បានទទួលស្គាល់ថា ខ្លួនឯងនៅតែមានចំណុចខ្សោយ ដែលត្រូវពង្រឹងបន្ថែម ដើម្បីត្រៀមចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។
កីឡាករមានប្រពន្ធ និងកូន១ វ៉ាន់ ភារ៉ា បានបញ្ជាក់ថា៖ «ឥឡូវនេះខ្ញុំបានដឹងពីចំណុចខ្សោយខ្លួនឯងថា នៅពេលរត់ដល់រយៈចម្ងាយ៣០ទៅ៣៥គីឡូម៉ែត្រ ខ្ញុំចាប់ផ្តើមទន់ និងអស់ថាមពល ដោយសារការហ្វឹកហាត់នូវស្ទើរ អ៊ីចឹងខ្ញុំនឹងយកចំណុចខ្សោយនេះទៅអនុវត្តក្នុងពេលហ្វឹកហាត់ ហើយខ្ញុំគិតថា ទម្រាំដល់ស៊ីហ្គេម នៅថៃ គឺថិរវេលារបស់ខ្ញុំ អាចនឹងល្អជាងនេះមួយកម្រិតទៀត»។
នៅក្នុងទិវារត់ប្រណាំង Angkor Empire Marathon 2024 នៅមុខអង្គរវត្ត កាលពីព្រលឹម ថ្ងៃអាទិត្យនោះ ក៏មានការប្រកួតលើវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ ២១គីឡូម៉ែត្រ ចម្ងាយ ១០គីឡូម៉ែត្រ និងរត់កម្សាន្តចម្ងាយ ៣គីឡូម៉ែត្រផងដែរ ដោយការប្រកួតនេះ បានធ្វើក្រោមភ្លៀងរលឹម និងបរិយាកាសដ៏មនោរម្យ ហើយកីឡាករកីឡាការិនីជាតិ និងអន្ដរជាតិ សុទ្ធតែបានរត់បញ្ចប់ទីដោយសុខសុវត្ថិភាព និងទឹកមុខសប្បាយរីករាយ ទៅតាមវិញ្ញាសាប្រកួតរៀងៗខ្លួន។
ក្នុងបរិយាកាសដ៏រីករាយនោះ លោកទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរឆ្នាំនេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ៣,០២១នាក់ ក្នុងនោះមានអត្តពលិកខ្មែរចំនួន ២,២០៦នាក់ និងអត្តពលិកអន្ដរជាតិចំនួន ៨១៥នាក់ មកពី ៥១ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមានជប៉ុន ចិន វៀតណាម ចក្រភពអង់គ្លេស និងថៃ»។
លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ទៅគ្រប់ភាគីពាក់ព័ន្ធ ដែលបានប្រឹងប្រែង និងរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី៩នេះ បានយ៉ាងល្អ និងទទួលបានជោគជ័យកាន់តែខ្លាំង បើប្រៀបធៀបទៅនឹងការរៀបចំកន្លងមក ហើយលោក ថោង ខុន សង្ឃឹមថា អត្តពលិកទាំងអស់ នឹងបន្ដចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២០ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។
ទន្ទឹមជាមួយគ្នានោះ លោក ថោង ខុន បានប្រកាសនៅចំពោះមុខអ្នកចូលរួមទាំងអស់ បែបនេះថា៖ «ឆ្លៀតក្នុងឱកាសដ៏មហោឡារឹកនេះ ខ្ញុំសូមអំពាវនាវដល់ប្រិយមិត្តជាតិ-អន្ដរជាតិទាំងអស់ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នាថ្ងៃស្អែក (ថ្ងៃអង្គារនេះ) ដែលជាព្រែកជីកប្រវត្តិសាស្ដ្រ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ហើយបន្ដស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោមស្មារតី “គម្រោងរបស់ខ្មែរទាំងអស់ ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប”»។
ចំណែកលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានឱ្យដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ ឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ៣ ទី១ ផ្ដោតការយកចិត្តទុកដាក់ទៅលើភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោង «ព្រែកជីកហ្វូណនតេជោ» ទី២ រត់ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងទី៣ រត់ដើម្បីថែរក្សាសោភ័ណ្ឌភាព អនាម័យ បរិស្ថាន នៅតំបន់បេតិកភណ្ឌអង្គ និងចូលរួមលើកកម្ពស់ប្រតិបត្តិការទេសចរណ៍ នៅខេត្តសៀមរាប៕