កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ​ពានរង្វាន់​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ដើម្បី​លើក​តម្កើង​ក្បាច់គុន​ចម្រុះ​ខ្មែរ​បុរាណ ដូចជា​ល្បុក្កតោ គុនខ្មែរ​ យុទ្ធគុនខម​ និង​ក្បាច់គុន​មួយ​ចំនួន​ទៀត​ដែល​កប់​នៅ​តាម​សហគមន៍​នានា ​ដើម្បី​លើក​តម្កើង​និង​អភិរក្ស​កុំ​ឲ្យ​បាត់​បង់។

លោក ថោង ខុន ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​បេសកម្ម​ពិសេស​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា​ ដើម្បី​អភិរក្ស​ក្បាច់គុន​ខ្មែរ​បុរាណ​ទាំង​នេះ​ត្រូវ​មាន​ការ​រៀប​ចំ​ការ​ប្រកួត​ឲ្យ​បាន​ច្រើន និង​ត្រូវ​មាន​បទបញ្ជា ​បច្ចេកទេស​ច្បាស់លាស់​ដើម្បី​ឈាន​ទៅ​ដល់​ការ​ប្រកួត​យុទ្ធគុន​ចម្រុះ​កម្រិត​អន្តរជាតិ។

គុនល្បុកក្កតោ គុនខ្មែរ យុទ្ធក្រមខម និង​យុទ្ធគុន​មួយចំនួន​ទៀត​ អាច​នឹង​រៀបចំ​ជា​លើក​ដំបូង​ពី​ថ្ងៃ​១៨ ដល់​ថ្ងៃទី២០ ខែតុលា ខាងមុខ។ លោក​ថ្លែង​ថា កីឡា​គឺជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​វប្បធម៌​របស់​ប្រទេស​មួយ​ ហើយ​ក្បាច់គុន​បុរាណ​ខ្មែរ​ជាច្រើន​កំពុង​កប់​នៅ​ក្នុង​សហគមន៍។

លោក​និយាយ​ថា៖ «វប្បធម៌​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​គឺ​វប្បធម៌​នៅ​ក្នុង​សហគមន៍ ហើយ​ក្បាច់​គុន​ច្រើន​ណាស់​ដែល​កប់​នៅ​ក្នុង​សហគមន៍​ដែល​យើង​មិន​ទាន់​បាន​គាស់​រំលើង​បាន​ដោយសារ​តែ​ប្រទេស​របស់​យើង​ធ្លាប់​បាន​ជាប់​ដៃ​យ៉ាង​យូរ​នៅ​ក្នុង​សង្គ្រាម​តាំង​ពី​ឆ្នាំ​១៩៧០​មក​ដល់ ១៩៧៩ ដែល​អ្នក​ចេះ​ដឹង​រួមទាំង​ផ្នែក​កីឡា​ផង​ត្រូវ​បាន​កាប់​សម្លាប់។ ក្រោយ​មក​ក៏​យើង​នៅ​មាន​ជម្លោះ​រហូត​ដល់​ឆ្នាំ​១៩៩៨»។

លោក វ៉ាត់ ចំរើន ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ជា​អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​ថា កា​រប្រកួត​ក្នុង​កម្មវិធី​នេះ​បើក​ចំហរ​ទៅ​ដល់​អ្នក​ហាត់​គុន​ទាំង​អស់ គ្រប់​ទម្រង់ និង គ្រប់​ប្រភេទ។

លោក​និយាយ​ថា៖ «ពេល​ខ្លះ​យើង​អត់​ដឹង​ថា​គាត់​មាន​យុទ្ធគុន​ប្រភេទ​អី​ទេ ប៉ុន្តែ​ពេល​គាត់​មក​ដល់ គាត់​អាច​ប្រាប់​ថា គាត់​មាន​យុទ្ធគុន​ប្រភេទ​នេះ​ដើម្បី​ចូលរួម​សម្ដែង ឬ​ប្រកួត។ គោលការណ៍​នៃ​សម្ដេច​ធិបតី​គឺ​ឲ្យ​មាន​ភាព​ចម្រុះ​នៃ​យុទ្ធគុន​ខ្មែរ​មក​ប្រកួត និង​សម្ដែង។ នេះ​ជា​ឱកាស​ធំ​មួយ​ដែល​យើង​ទាំង​អស់​គ្នា​អាច​បង្ហាញ និង​អភិរក្ស​យុទ្ធគុន​របស់​យើង»។

លោក​​បន្ត​ថា យុទ្ធគុន​ខ្មែរ​មួយ​ចំនួន​គ្មាន​ឱកាស​ចូលរួម​ប្រកួត​ទេ​ កាល​ពី​ឆ្នាំ​កន្លង​ទៅ ឬ​មាន​ដែរ តែ​មិន​ញឹក​ញាប់។ ដូច្នេះ​ហើយ​ នេះ​ជា​ឱកាស​របស់​អ្នក​ដែល​មាន​សមត្ថភាព​ដើម្បី​ចូលរួម ហើយ​រាល់​ការ​ប្រកួត​គឺ​ត្រូវ​មាន​តែ​ការ​ហាត់​ត្រៀម និង​មាន​ក្បួន​ច្បាស់​លាស់ ទាំង​ផ្នែក​សម្ដែង​និង​ផ្នែក​ប្រយុទ្ធ។

លោក​បាន​បញ្ជាក់​ដែរ​ថា ​ដាក់​ពិន្ទុ​សម្រាប់​វិញ្ញាសារ​នីមួយៗ​នឹង​ធ្វើ​ឡើង​ទៅ​តាម​ក្បួន​ដែល​នឹង​មាន​ចែង​សម្រាប់​ចៅក្រម ដែល​នឹង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅ​ចុង​ខែ​សីហា​នេះ​តទៅ។

លោក វ៉ាត់ ចំរើន ក៏​បាន​បញ្ជាក់​ដែរ​ថា​ ជនបរទេស​ក៏​អាច​ចូលរួម​ក្នុង​ការ​ប្រ​កួត​នេះ​បាន​ដែរ ប្រសិន​បើ​ពួក​គេ​បាន​ចូល​រួម​ហាត់​ក្បាច់​គុន​ខ្មែរ​ណា​មួយ​បាន​ច្បាស់​លាស់។ ការ​ចុះ​ឈ្មោះ​ដើម្បី​ចូលរួម​ចាប់​ផ្ដើម​ហើយ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ៕