គ្រូបង្គោល​ក្រុម​ជម្រើដ​ជាតិ​កម្ពុជា លោក Felix Dalmas បាន​អះអាង​ថា នឹង​ក្រុម​ទាំង​មូល​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​លទ្ធភាព ដើម្បី​ដណ្តើម​យក​ជ័យជម្នះ​លើ​ក្រុម​ជម្រើសជាតិ​ស្រីលង្កា សម្រាប់​ការ​ប្រកួត​ជម្រុះ​​ជើង​ទី២ ពាន​រង្វាន់ AFC Asian Cup Saudi Arabia 2027 នៅ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក​នា​យប់​ម៉ោង​៧ ថ្ងៃអង្គារ​នេះ។

ការ​បញ្ជាក់​ពី​គោលជំហរ​ច្បាស់លាស់​ក្នុង​ការ​ដណ្តើម​យក​ជ័យ​ជម្នះ ចំពោះ​ការ​ប្រកួត​ជើង​ទី​២ នៅ​លើ​ទឹក​ដី​ខ្លួនឯង​នេះ ក៏​ព្រោះ​តែ​នេះ​ជា​ការ​ប្រកួត​កាត់​សេចក្តី​ដ៏​សំខាន់​ ដើម្បី​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​ប្រកួត​នៅ​ជុំ​បន្ត ព្រោះ​​ការ​ប្រកួត​ជើង​ទី​១ នៅលើ​ទឹក​ដី​ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី​៥ ខែកញ្ញា គឺ​ក្រុម​កម្ពុជា និង​ស្រី​លង្កា បានបញ្ចប់​ការ​ប្រកួត​ពេញ​ម៉ោង ដោយគ្មាន​គ្រាប់​បាល់​សោះ គឺ ០-០។

លោក Felix Dalmas បាន​និយាយ​ក្នុងសន្និសីទ​កាសែត កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ពួក​យើង​ដឹង​ហើយ​ថា ​យើង​​នឹង​ប្រកួត​ជាមួយ​ក្រុម​ស្រីលង្កា ​ដែល​រៀបចំ​បាន​ល្អ ហើយ​ខ្ញុំ​ជឿ​ថា នេះជា​លើក​ទី​១ ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រកួត​ជាមួយ​ក្រុមដែល​មាន​​កីឡាករ​អឺរ៉ុបច្រើន​នៅ​ក្នុង​ក្រុម​ ប៉ុន្តែ​យើង​នឹងព្យាយាម​លេង​ឱ្យ​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ»។ 

គ្រូ​បង្វឹក​ជនជាតិអាហង្សង់ទីន​រូបនេះ ​បានបន្ថែម​ថា៖ «ពួក​យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ហើយ​យើង​សង្ឃឹម​ថា ​ការ​ប្រកួត​នេះ យើង​នឹង​យក​លទ្ធផល​ល្អ​ជូន​អ្នកគាំ​ទ្រ ហេតុនេះ​សង្ឃឹម​ថា នឹង​មាន​អ្នក​គាំ​ទ្រមក​ចូលរួម​ទស្សនា​ច្រើន​កុះ​ករ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុមជម្រើសជាតិ​កម្ពុជា»។

យ៉ាងណា​ក៏​ដោយ​ លោក Felix Dalmas បាន​ទទួល​ស្គាល់​ថា ការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុងនាមជា​គ្រូ​បង្គោល​រហូតមក​ដល់​ពេល​នេះ ពិតជា​មានសម្ពាធ គឺ​មាន​សម្ពាធ​តាំងពី​លោក​​បាន​ដឹកនាំ​ក្រុមកម្ពុជា កាល​ឆ្នាំ​២០១៨ ប៉ុន្តែ​លោក​បានបង្ហាញ​​ពី​​មោទនភាព ដែលបាន​ដឹកនាំ​ក្រុមកម្ពុជារហូត​ដល់​ពេលនេះ។

សកម្មភាពជើងទី១ រវាងក្រុម​កម្ពុជា និង​ស្រី​លង្កា នៅលើ​ទឹក​ដី​ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី​៥ ខែកញ្ញា។ រូបថត FFC

លោក​បានបញ្ជាក់​ថា៖ «ខ្ញុំ​មាន​មោទនភាព ដែល​បានមក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ ហើយ​ខ្ញុំ​ព្យាយាម​ធ្វើអ្វីៗ​ ដើម្បី​ឱ្យក្រុម​ឈ្នះ។ ​ពិតណាស់ការ​ដឹកនាំ​ក្រុម​នេះ ​មាន​សម្ពាធ ហើយ​ក្រុមការងារ​​របស់​យើង​ផ្សេង​ទៀត ក៏មាន​សម្ពាធ​ដូចគ្នា ប៉ុន្តែ​​ត្រូវចាំ​ថា នៅ​ពេល​ណា​យើង​ធ្វើអ្វីមួយ​មាន​សម្ពាធ គឺ​មាន​ន័យ​ថា យើង​កំពុង​ធ្វើ​អ្វីមួយ​ដែល​សំខាន់​ហើយ អ៊ីចឹង​ខ្ញុំ​ស្វាគមន៍​នូវ​រាល់សម្ពាធ ដែលបានជួប​ប្រទះ ព្រោះ​សម្ពាធទាំងនេះ នឹង​ធ្វើ​ឱ្យ​យើង​កាន់តែ​មាន​ការ​ប្រឹង​ប្រែង​ខ្លាំង ដើម្បី​ជួយ​ឱ្យ​ក្រុមឈ្នះ»។​

ចំណែក​ខ្សែ​បម្រើ​ប្រយុទ្ធរបស់​ក្រុមជម្រើសជាតិ​កម្ពុជា Nick Taylor ដែលមិន​បានបង្ហាញ​វត្ត​មាន នៅ​ក្នុងការ​​ប្រកួតជើង​ទី​១ នៅលើ​ទឹក​ដី​ប្រទេសស្រីលង្កា កាលពី​ថ្ងៃទី​៥ ខែកញ្ញា​នោះ ក៏​បាន​បង្ហាញ​ភាព​ជឿជាក់ ក្នុងការ​ប្រឹង​ប្រែង​រួមគ្នា ដើម្បី​យក​ឈ្នះ​ក្រុមជម្រើសជាតិ​ស្រី​លង្កា សម្រាប់​ការ​ប្រកួត​កាត់សេចក្តី​ជើង​ទី​២ នៅយប់នេះ។

Nick Taylor បាន​និយាយ​ថា៖​ «​យើង​បានដឹ​ងពីគូ​ប្រកួត ដែល​យើង​ត្រូវ​ជួប​ហើយ គឺ​ជា​ក្រុមស្រីលង្កា ដែល​មាន​ភាព​ខុស​ប្លែក​ពីក្រុមស្រីលង្កាលើក​មុន ដោយសារពួកគេ​មាន​កីឡាករ​មានគុណ​ភាពច្រើន​មកពី​អឺរ៉ុប។ តែទោះ​យ៉ាង​ណា ក្រុម​របស់​យើង នឹង​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​ ដោយ​យើង​បានត្រៀម​ខ្លួនរួចរាល់​ហើយ ហើយពួក​យើង​មាន​ភាព​ក្លៀវក្លា​ចង់​ឈ្នះ​ការ​ប្រកួត​នេះ»។

ក្រុមជម្រើសជាតិកម្ពុជា។ រូបថត FFC

ចំណែកលោក Abdullah Almutairi គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​ស្រី​លង្កា បាន​បង្ហាញ​ភាព​សប្បាយ​​រីក​រាយ សម្រាប់ការ​ដឹកនាំ​ក្រុម​ស្រីលង្កា មក​ប្រកួត​នៅប្រទេស​កម្ពុជា លើក​នេះ ហើយ​លោក​បាន​ថ្លែង​អំណរគុណ​ដល់​កម្ពុជា ដែល​បាន​​ទទួល​​ស្វាគមន៍ក្រុម​របស់លោក​​យ៉ាងកក់​ក្តៅ និង​ត្រៀម​បាន​ល្អ សម្រាប់ការ​ប្រកួត​នៅ​ថ្ងៃនេះ ដែល​លោក​យល់​ថា នឹងមានការ​ពិបាក​ទាំង​២​ក្រុមតែម្តង។  

លោក​បាន​និយាយ​ថា៖ «សម្រាប់ការ​ប្រកួត​លើក​នេះ នឹងមាន​ពិបាក​សម្រាប់​ក្រុមទាំង​២ ដោយសារ​ការ​ប្រកួត​ជើង​ទី​១  យើង​បាន​ស្មើ​គ្នា ដូចនេះ​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ មាន​ការ​លំបាក​សម្រាប់​ក្រុមទាំង​២ តែ​វាក៏ជា​ការ​ប្រកួត ដែល​នឹង​ផ្តល់​ភាព​រីករាយសម្រាប់​អ្នក​គាំទ្រ​របស់​ប្រទេស​ទាំង​២​ផងដែរ»។

នៅពេលសួរ​ថា តើ​លោក​មានសង្ឃឹម​ប៉ុន្មាន​ភាគ​រយ ក្នុងការ​យក​ឈ្នះ​ក្រុម​កម្ពុជា? លោក​ Abdullah Almutairi បាន​ឆ្លើយ​តប​ថា៖​ «បើសិនជា​ខ្ញុំ​​ថា សង្ឃឹម​១០០ភាគ​រយ ខ្ញុំ​អាច​នឹងមាន​បញ្ហា តែ​បើ​​ថា ៥០ភាគ​រយ ក៏នឹងអាច​ឱ្យ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ស្រីលង្កា បញ្ឈប់​ខ្ញុំ​ផងដែរ អ៊ីចឹង​ជំនួប​នេះ វា​មិនសំខាន់​ខ្លាំង​ទៅលើ​លទ្ធផល​ប៉ុន្មាន​ទេ ប៉ុន្តែ​យើង​ត្រូវ​រីក​រា​យនឹង​ការ​លេង និងធ្វើ​ឱ្យ​អ្នក​ទស្សនា​របស់​យើង​មានការ​ជក់ចិត្ត ចំណែក​ឱកាស​ឈ្នះ ខ្ញុំ​អាច​និយាយ​ថា ៥០/៥០»៕