នាយក​វិទ្យាស្ថាន​ខេមអេដ លោក ខេស៊ី បាណេត (Casey Barnett) បាន​អះអាង​ថា គ្រប់​គ្រឹះស្ថាន​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវតែ​បន្ថែម​ឱ្យ​មាន​កម្មវិធី​​លេង​កីឡា ពិសេស​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​កីឡា​សម្រាប់​ក្រុម​និស្សិត​របស់​ខ្លួន ព្រោះ​អត្ថប្រយោជន៍​ដែល​មាន​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​កីឡា វាជា​បទពិសោធន៍​ដ៏​សំខាន់​ដែល​នឹង​ជួយ​ឱ្យ​ក្រុម​និស្សិត​ទទួល​បាន​ជោគជ័យ​ពេញ​មួយ​ជីវិត​នៅ​ពេល​ពួកគេ​បញ្ចប់​ការ​សិក្សា​រួច​ចេញ​ទៅ​ធ្វើ​ការ​ងារ ឬបើក​អាជីវកម្ម​អ្វី​មួយ។

ជាមនុស្ស​ម្នាក់​ដែល​ធ្លាប់​ហ្វឹកហាត់​កីឡា​ចំបាប់ ប្រដាល់​សកល ហើយ​ក៏​ធ្លាប់​លេង​កីឡា​ជា​ក្រុមផង​នោះ លោក Casey បាន​បញ្ជាក់​ថា ការ​​រង​សម្ពាធ និង​ឧបសគ្គ​គ្រប់​បែប​យ៉ាង ដែល​កើត​មាន​នៅ​ក្នុង​​ការ​លេង​កីឡា វាសុទ្ធ​តែ​ជា​​បទពិសោធន៍​ជាក់​ស្តែង ដែល​បាន​បង្រៀន​ឱ្យ​ក្រុមនិស្សិត​ ចេះ​ធ្វើ​ការ​ងារ​ជា​ក្រុម ចេះ​ធ្វើ​ការងារ​ក្រោម​សម្ពាធ​ និង​មាន​ភាព​អត់​ធ្មត់​ខ្ពស់ ក្នុង​ការ​ជម្នះ​ការ​ឧបសគ្គ ដើម្បី​ឈាន​ទៅ​រក​ការ​ទទួល​បាន​ជោគជ័យ​នៅក្នុង​ជីវិត។

ជាមួយ​ហេតុផល​នេះ អនុបណ្ឌិត​ផ្នែក​គណនី​មក​ពី​សហរដ្ឋអាមេរិក លោក Casey តែង​តែ​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​កីឡា​បាល់​ទាត់​ហ្វុត​សាល បាល់​បោះ និង​កីឡា​អត្តពលកម្ម​ជា​រៀង​រាល់​ឆ្នាំ ហើយ​ថ្មីៗ​នេះ ក៏​បាន​បន្ថែម​ឱ្យ​មាន​ការ​ហ្វឹក​ហាត់​និង​​ប្រកួត​គុនដាវ វាយ​កូនឃ្លី​លើ​តុ និង​កីឡា​ហែលទឹក ដើម្បី​ឱ្យ​និស្សិត​​នៅ​វិទ្យាស្ថាន​ខេមអេដ បាន​ចូល​លេង​កីឡា ដើម្បី​​ទទួល​បាន​បទពិសោធន៍​ជីវិត​ជាក់​ស្តែង​ យក​ទៅ​​បំពេញ​បន្ថែម​នូវ​ចំណេះដឹង ដែល​ពួកគេ​ទទួល​បាន​ពី​ការ​សិក្សា​នៅ​ក្នុងសាលា។

ជាក់​ស្តែង កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា​នេះ វិទ្យាស្ថាន​ខេមអេដ ទើប​តែ​បាន​បញ្ចប់​ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់ CamEd Men's Futsal Tournament ឆ្នាំ២០២៤ នៅ​លើ​ទីលាន T-Soccer ម្តុំ​ទួលគោក​ដោយ​មាន​កីឡាករ​ជា​សិស្ស​និស្សិត​ជាង​ ២០០​នាក់​ស្មើ​នឹង​ ១៩​ក្រុម​បានចូល​រួម ហើយ​ជា​លទ្ធផល​​ក្រុម Brotherhood បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម Centurion ដោយ​ការ​ទាត់បាល់​ប៉េណាល់ទី​កាត់​សេចក្តី នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោយ​ក្រុមទាំង​២​បាន​ស្មើ​គ្នា ១-១ ក្នុង​ការ​ប្រកួត​ពេញ​ម៉ោង ចំណែក​លេខ​៣ ​បាន​ទៅ​ក្រុម Royal D។

លោក Casey បាន​ថ្លែង​ក្រោយ​ការ​ប្រកួត​នោះ​ថា៖ «នៅ​ក្នុង​ការ​លេង​កីឡា គឺ​មាន​ការ​ប្រកួត​ប្រជែង ហើយ​កាល​ណា​មាន​ការ​ប្រកួត ក្រុម​និស្សិត​របស់​យើង នឹង​មាន​ការ​ខិតខំ​ក្រោម​សម្ពាពផ្សេងៗ និង​ចេះ​ធ្វើ​ការងារ​ក្រុម​ ព្រមទាំង​មានការ​អត់ធ្មត់ និង​តស៊ូ​ខ្លាំង ដើម្បី​ទទួល​បានជ័យជម្នះ»។

«វាដូចជា​ការ​ធ្វើ​ការងារ​ដែរ នៅ​ពេល​យើង​ចង់​ឈ្នះ យើង​ត្រូវ​បង្កើន​បច្ចេក​ទេស​ និង​ខំ​ប្រឹង​ប្រែង​ក្រោម​សម្ពាធ​ផ្សេងៗ ដើម្បី​ឈាន​ទៅ​ទទួល​បាន​ជោគ​ជ័យ។ ដូច្នេះ​ការ​លេង​កីឡា នឹង​មាន​បទពិសោធន៍​មួយ​ជីវិត​ដល់​ក្រុម​និស្សិត​យើង គឺឱ្យ​ពួកគេ​មាន​ការ​ខិតខំ ដើម្បី​មាន​ភាព​ជោគ​ជ័យ»។ លោក Casey បាន​បន្ថែម។​

ជាមួយគ្នានេះ លោក Casey Barnett បាន​ឱ្យ​ដឹង​ទៀត​ថា ការ​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​កីឡា នៅ​ក្នុង​វិទ្យាស្ថាន​ខេមអេដ ក៏​ជា​ការ​ឆ្លើយតប​តាម​ការ​គាំទ្រ​របស់​លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​លើក​ទឹក​ចិត្ត​ឱ្យ​សាកល​វិទ្យាល័យ និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​នានា បញ្ចូល​ប្រភេទ​កីឡា​ទៅ​ក្នុង​កម្មវិធី​សិក្សា ដើម្បី​សម្រិត​សម្រាំង​រក​អ្នក​មាន​សមត្ថភាព​ប្រកួត​តំណាង​ឱ្យ​ប្រទេស​ជាតិ នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា។

លោក Casey បាន​លើក​យក​ឧទាហរណ៍​ជាក់​ស្តែង មក​​បញ្ជាក់​បែប​នេះ​ថា៖ «កាល​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ គឺ​មាន​និស្សិត​របស់​វិទ្យាស្ថាន​ខេមអេដ​មួយ​ចំនួន បាន​ចូល​ប្រកួត ហើយ​​ពួកគេ​បាន​ឈ្នះ​ទាំង​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ជូន​ជាតិ​ ដូច្នេះ​និស្សិត​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ជា​ធនធាន​មួយ ដែល​មាន​សមត្ថ​ភាព​អាច​ចូលរួមការ​ប្រកួត​អន្តរជាតិ​​តំណាង​ឱ្យ​កម្ពុជា​ផងដែរ»។

ដោយ​មើល​ឃើញ​ពី​អត្ថប្រយោជន៍ ដែល​មាន​នៅ​ក្នុង​ការ​លេង​កីឡា​នេះ លោក​ Casey បាន​ផ្តល់​ជា​គំនិត​ទៅ​ដល់​គ្រឹះស្ថាន​ឧត្តម​សិក្សា​ផ្សេងៗ​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​បង្កើត​ឱ្យ​មាន​កម្មវិធី​កីឡា សម្រាប់​សិស្ស​និស្សិត​របស់​ខ្លួន បាន​ប្រកួត​ប្រជែង ដើម្បី​មាន​បទពិសោធន៍​នៅ​ក្នុងជីវិត​កាន់តែ​ច្រើន។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​ឱ្យ​​គ្រឹះស្ថាន​ឧត្តម​សិក្សា​ទាំង​អស់​ ត្រូវ​បន្ថែម​កម្មវិធី​កីឡា និង​បន្ថែម​សកម្មភាព​ផ្សេងៗ​ទៀត នៅ​ក្រៅ​ម៉ោង​សិក្សា ដើម្បី​បន្ថែម​បទពិសោធន៍​ដល់​ក្រុម​និស្សិត​ ធ្វើ​ឱ្យ​ពួកគេ​មាន​អាកប្បកិរិយា​ល្អ​ និង​ក្លាយជា​ធនធាន​ពោរពេញ​ដោយ​ចំណេះដឹង និង​បទ​ពិសោធន៍ សម្រាប់​ចូលរួម​បំពេញ​កាតព្វកិច្ច​ នៅ​ក្នុង​សង្គម​ជាតិ​របស់​យើង»៕