កីឡាករជើងខ្លាំង ធឿន ធារ៉ា រួមជាមួយអ្នកប្រដាល់លំដាប់ជួរមុខរបស់កម្ពុជា ៥នាក់ទៀត រួមមាន ម៉ឺន មេឃា, អេ អាំម៉ារីនភូថង, សោម វិច្ឆ័យ, ភក្តី គុនខ្មែរ និង ឡុង អាឆើត នឹងត្រូវចាកចេញពីមាតុប្រទេសនៅយប់ម៉ោង ១១:៤០ នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីទៅចូលរួមការប្រកួតប្រដាល់គុនខ្មែរ ជាប្រវត្តិសាស្រ្តលើកដំបូង នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង ដែលនឹងត្រូវធ្វើនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។
សម្រាប់ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ GANZBERG KUN KHMER TO THE WORLD CLASS នៅលើទឹកដីកូរ៉េខាងត្បូង ជាលើកទី១នេះ ធឿន ធារ៉ា នឹងត្រូវប្រកួតគូឯកប្រភេទទម្ងន់ ៧៣គីឡូក្រាម ជាមួយជើងខ្លាំងជាម្ចាស់ខ្សែក្រវាត់ពិភពលោកមកពីប្រេស៊ីល Victor Teixeira ដែលគេម្នាក់នេះ ធ្លាប់បានផ្តួលជើងខ្លាំងរបស់ថៃ Kongthailand Kiatnavy ឱ្យសន្លប់ក្នុងទឹកទី២ សម្រាប់ការប្រកួត ONE Friday Fight 20 នៅទីក្រុងបាងកក កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០២៣។
ប៉ុន្តែសម្រាប់ការបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ ONE Friday Fight 24 នៅបាងកក ប្រទេសថៃដដែល កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ កីឡាករ Victor Teixeira បានចាញ់ជើងខ្លាំងរបស់ម្ចាស់ផ្ទះ Sinsamut Klinmee ដោយគ្រូពេទ្យបញ្ឈប់ត្រឹមទី២ ព្រោះបែកនៅលើផ្ទៃមុខធំ និងមានឈាមហូរច្រើនពេក។
យ៉ាងណាក៏ដោយ ធឿន ធារ៉ា បានអះអាងថា រូបគេមិនធ្លាប់ស្គាល់កីឡាករ Victor Teixeira ហើយក៏មិនបានមើលពីការប្រកួតរបស់អ្នកប្រដាល់ជើងខ្លាំងរបស់ប្រេស៊ីលម្នាក់នេះដែរ ប៉ុន្តែ ធារ៉ា ហាក់មានការជឿជាក់ខ្លាំងលើខ្លួនឯងថា នឹងអាចបំបាក់ស្មារតីដៃគូម្នាក់នេះ ដោយការប្រើផ្លែកែង។ នេះបើតាមអ្វីដែល ធឿន ធារ៉ា បានលើកឡើង ក្នុងសន្និសីទកាសែតនៅស្ថានីយទូរទស្សន៍ថោន កាលពីថ្ងៃទី១០ ខែកញ្ញានេះ។
ធឿន ធារ៉ា បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្ត ដែលបានរួមចំណែកផ្សព្វផ្សាយគុនខ្មែរនៅលើទឹកដីកូរ៉េ ហើយក៏ជាពេលដែលខ្ញុំត្រូវប្រកួតឱ្យបងប្អូនខ្មែររស់នៅទីនោះបានទស្សនាដោយផ្ទាល់ជាលើកទី១ ផងដែរ។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ គឺចេញទៅលើកនេះ ខ្ញុំនឹងប្រើកែងឱ្យបានច្រើន ដើម្បីបំបាក់ស្មារតីដៃគូ។ ខ្ញុំមិនធ្លាប់ឃើញការប្រកួតរបស់គាត់ទេ គឺពេលឡើងដល់សង្វៀនទើបដឹងគ្នា»។
ដោយឡែកជើងខ្លាំង ម៉ឺន មេឃា នឹងត្រូវធ្វើការប្រកួតជាមួយកីឡាករម្ចាស់ផ្ទះរបស់កូរ៉េ Kim Byung Soo ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម រីឯប្អូនប្រុសរបស់គេ អេ អាំម៉ារីនភូថង ត្រូវជួបអ្នកប្រដាល់អូស្រ្តាលី Jerome Simbahan ក្នុងទម្ងន់ ៦៧គីឡូក្រាម ហើយ ឡុង អាឆើត ត្រូវតទល់នឹងកីឡាកររបស់កូរ៉េខាងត្បូង Jaeho Kim ក្នុងទម្ងន់ ៦០គីឡូក្រាម។
ចំណែកកីឡាករកម្ពុជា សោម វិច្ឆ័យ និង ភក្តី គុនខ្មែរ នឹងត្រូវធ្វើការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់គុនខ្មែរជាមួយកីឡាករប្រេស៊ីល Alexandre Parreira និងអ្នកប្រដាល់របស់កូរ៉េ Lee Sang Min ហើយការប្រកួតនេះ នឹងចាប់ផ្តើមពីម៉ោង២រសៀលតទៅ ម៉ោងនៅប្រទេសកូរ៉េខាងត្បូង ត្រូវនឹងម៉ោង១២ថ្ងៃត្រង់ ម៉ោងនៅកម្ពុជា។
ជុំវិញការនាំយកគុនខ្មែរ ទៅរៀបចំនៅប្រទេសកូរ៉េជាលើកដំបូងនេះ លោក គឹម ស្រ៊ុនកុសល ហៅ Tommy Kim ទីប្រឹក្សាទូរទស្សន៍ថោន និងជាតំណាងស្ថាប័ន International Professional Combat Council (IPCC) ប្រចាំនៅប្រទេសកម្ពុជា បានឱ្យដឹងថា ជាកម្មវិធី ដែលយើងបានចំណាយច្រើនជាងគេ នៅក្នុងប្រវត្តិសាស្រ្តនៃការរៀបចំកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍ថោន និងដៃគូឧបត្ថម្ភ។
លោក Tommy បានថ្លែងថា៖ «នៅកូរ៉េ អត់មានប្រដាល់គុនខ្មែរទេ អ៊ីចឹងតម្រូវឱ្យយើងទៅរៀបចំទាំងអស់ ហេតុនេះយើងបានអញ្ជើញចៅក្រមអាជ្ញាកណ្តាលពីកម្ពុជាទៅជួយរៀបចំ ដើម្បីផ្សព្វផ្សាយពីច្បាប់គុនខ្មែរ និងពីរបៀបរបបនៃការប្រកួតគុនខ្មែរឱ្យប្រជាជនកូរ៉េបានឃើញ និងបានស្គាល់ អ៊ីចឹងការចំណាយគ្រប់បែបយ៉ាងជាបន្ទុករបស់ស្ថានីយទូរទស្សន៍ថោន និងម្ចាស់ឧបត្ថម្ភ GANZBERG គឺក្នុងគម្រោងយើងចាយតែ ១០០ភាគរយទេ តែកញ្ចប់ថវិកាចំណាយរបស់យើងបានឡើងដល់១៥០ភាគរយ»។
តែទោះបីជាយ៉ាងណា អ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍បាយ័ន និងដៃគូសហការ បានបង្ហាញឆន្ទៈជាធ្លុងមួយក្នុងការចំណាយរួមគ្នា ដើម្បីផ្សព្វផ្សាយគុនខ្មែរឱ្យបានកាន់តែខ្លាំងក្លាទៅកាន់បណ្តាប្រទេសផ្សេងៗនៅលើពិភពលោក ហើយភាគីទាំង២ បានស្នើកីឡាករកម្ពុជាទាំងអស់ ត្រូវប្រកួតអស់ពីសមត្ថភាព រីឯ អាជ្ញាកណ្តាលចៅក្រមកម្ពុជា ត្រូវកាត់សេចក្តី និងបំពេញការងារ ដោយប្រកាន់ភ្ជាប់ឱ្យបានដាច់ខាតនូវក្រមសីលធម៌ និងយុត្តិធម៌ជូនដល់កីឡាករគ្រប់ជាតិសាសន៍ ដើម្បីលើកកម្ពស់ និងមុខមាត់គុនខ្មែរ។
ចំណែកលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងថា៖ «ការប្រកួតប្រដាល់នៅកូរ៉េលើកនេះ យើងទៅក្នុងចំនួនច្រើនមិនធ្លាប់មាន គឺមានកីឡាករ ៦នាក់ ព្រមទាំងគ្រូបង្វឹក មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម និងថ្នាក់ដឹកនាំផ្សេងទៀត សរុបជាង ៣០នាក់ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដើម្បីឱ្យបរទេសមើលឃើញពីការរូបរួមសាមគ្គីគ្នារបស់ខ្មែរយើងក្នុងការរៀបចំព្រឹត្តិការណ៍ប្រដាល់មួយឱ្យជក់ចិត្តដិតអារម្មណ៍ដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅកូរ៉េ ក៏ដូចជាបងប្អូនប្រជាពលខ្មែររស់នៅគ្រប់ទិសដៅ នៅលើពិភពលោក»៕