សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា (FFC) នៅព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ប្រកាស​បញ្ចប់​កុងត្រា​គ្រូ​បង្គោល​ក្រុមជម្រើសជាតិ​កម្ពុជា លោក Felix Dalmas ត្រឹមពាក់​កណ្តាល​ទី បន្ទាប់ពី​គ្រូ​បង្គោល​ជនជាតិ​អាហ្សង់ទីន​រូបនេះ ដឹកនាំ​ក្រុមកម្ពុជា​មិនបាន​ល្អ គឺ​បានចាញ់​ជាប់ៗ​គ្នា​ទាំងការ​ប្រកួត​ក្រៅ​ទឹក​ដី និងក្នុងទឹក​ដី។

FFC បាន​ប្រកាស​នៅលើ​ផេចហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​​បែបនេះ​​ថា៖ «គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​សម្រេច​បញ្ចប់​កុងត្រាជាមួយ​គ្រូ​បង្គោល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា លោក Felix G.Dalmas ចាប់​ពី​ពេល​នេះតទៅ»។ 

FFC បាន​បន្តថា៖ «សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​លោក Felix G.Dalmas សម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង ចូលរួម​ចំណែក​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នាពេលកន្លង​មក ពោល​គឺ​ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ២០២៣ ដល់​ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ»។

ជាមួយគ្នា​នេះ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បានជូនពរលោក Felix G.Dalmas ឱ្យ​ជួប​តែ​ភាព​ជោគ​ជ័យ​ល្អ​ប្រសើរ ​សម្រាប់​ការងារ​បន្ត​របស់​លោក​នា​ថ្ងៃ​ខាង​មុខ ហើយ​ទន្ទឹម​នឹង​នេះ FFC ក៏​​បាន​ប្រកាស​ពីការ​តែង​តាំង​គ្រូបង្គោល​ថ្មី​ជនជាតិជប៉ុនលោក Koji Kyotoku ដែល​ធ្លាប់​ដឹកនាំ​ក្រុមជម្រើសជាតិកម្ពុជាអាយុ​ក្រោម​១៩​ឆ្នាំ និង​ក្រោម​២០​ឆ្នាំ មកជំនួយលោក Felix ផងដែរ។

សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បានបញ្ជាក់​ថា៖ «លោក Koji Kyotoku ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជាបណ្ដោះ​អាសន្ន»។

គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន លោក Koji Kyotoku ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជា តែង​តាំង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជំនួស​លោក Felix ជាបណ្តោះ​អាសន្ន។ រូបថត FFC

បើទោះបីជា​ FFC មិនបាន​បញ្ជាក់មូល​ហេតុ​ច្បាស់លាស់​ពី​ដើម​ចម ដែល​ឈាន​ទៅ​ដល់ការ​បញ្ចប់​កុងត្រា​របស់​​លោក Felix Dalmas ត្រឹម​ពាក់​កណ្តាល​ទី ប៉ុន្តែ​ការ​សម្រេច​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា ​ធ្វើ​ឡើង​ក្រោមសម្ពាធ បន្ទាប់​ពីអ្នកគាំ​ទ្រ​ភាគ​ច្រើន បានសុំ​ដក​គ្រូ​បង្វឹក​រូបនេះ​ចេញ ព្រោះ​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា ទទួល​លទ្ធផល​មិន​បាន​ល្អ។

បើទោះបីជា​លោក Felix ធ្លាប់​បានសាង​ស្នាដៃល្អ ដោយ​បានដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ឱ្យ​​ឡើង​ទៅ​ដល់​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៃការ​ប្រកួតស៊ីហ្គេម កាលពី​ឆ្នាំ​២០១៩ ជាប្រវត្តិ​សាស្រ្ត​លើក​ដំបូង ប៉ុន្តែ​ការ​វិល​ត្រឡប់​មក​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា​វិញ របស់​លោក Felix ទទួល​បាន​លទ្ធផល​មិន​សូវ​ល្អ​ទេ បើទោះបីជា​គ្រូ​បង្វឹកអាហ្សង់ទីន​រូប​នេះ មានឆន្ទៈពិតប្រាកដ ក្នុងការ​ដឹកនាំ​ក្រុម​កម្ពុជា​ឱ្យ​រីកចម្រើន និងបានចាត់​ទុក​កម្ពុជា ជា​ផ្ទះ​របស់​លោក។

ការ​រិះ​គន់​របស់អ្នកគាំ​ទ្រ​កម្ពុជា ចំពោះ​លោក Felix Dalmas ​បានចាប់​ផ្តើម​កក្រើក​ឡើង នៅពេល​លោក​ដឹកនាំ​ក្រុម​កម្ពុជា ឱ្យ​ចាញ់​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន ដោយ​លទ្ធផល​សរុបទាំង​២ជើង ១-០ (០-០ និង ០-១) នៅ​ក្នុងការ​ប្រកួតជម្រុះ​បាល់​ទាត់​ពានរង្វាន់ពិភព​លោក ឆ្នាំ​២០២៦ ( 2026 FIFA World Cup qualification) កាលពី​ខែតុលា ឆ្នាំ​២០២៣។

បន្ថែម​លើការ​បរាជ័យ​នេះ អ្នកគាំ​ទ្រ​កម្ពុជា​បានផ្ទុះ​ការរិះ​គន់​ខ្លាំង​បំផុត នៅពេល​លោក Felix បាន​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា ចាញ់​ក្រុម​ជម្រើសជាតិស្រីលង្កា ក្នុង​វគ្គ​​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup Saudi Arabia 2027 ដោយ​ក្រុម​ទាំង២​នេះ​បានស្មើ ០-០ សម្រាប់ការ​ប្រកួតជើង​ទី​១ នៅទឹក​ដី​ស្រី​លង្កា តែ​ការ​ប្រកួតជើង​ទី​១ នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​ថ្ងៃទី​១០ ខែកញ្ញា ក្រុម​កម្ពុជា បានចាញ់​ក្រុមស្រីលង្កា ៤-២ ក្នុង​ការ​ទាត់បាល់ប៉េណាល់​ទី​កាត់​សេចក្តី ​បន្ទាប់ពី​​ស្មើ​គ្នា ២-២ ក្នុង​ការ​ប្រកួត​១២០នាទី។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្រោយ​ការ​ប្រកួត​នេះ​បានបញ្ចប់ លោក Felix Dalmas ​បានអះអាង​ថា ក្រុមកីឡាករ​ទាំង​អស់ បានព្យាយាម​ធ្វើ​អស់ពី​លទ្ធភាព​ហើយ ហើយ​សមនឹងទទួលបានជ័យជម្នះ តែ​គ្មានសំណាង ហេតុ​នេះ​លោកសុំ​ចិត្ត​អ្នកគាំ​ទ្រ កុំដាក់សម្ពាធ​ តាម​រយៈការ​រិះគន់​ធ្ងន់ៗពេកដល់ពួកគេ ហើយ​លោក Felix ខ្លួនឯង​ក៏​ហាក់ដឹង​ដែរ​ថា លោកអាច​នឹង​ត្រូវបានបញ្ចប់កុង​ត្រា ដោយសារសម្ពាធមួយនេះ​ដូចគ្នា។

តែទោះបីជា​យ៉ាង​ណា លោក Felix បានស្នើ​ឱ្យ​​​គ្រប់​គ្នា​នៅ​ប្រទេស​កម្ពុជា ចូលរួមជួយ​ដល់​វិស័យ​បាល់​ទាត់​​ ជាពិសេស​ក្រុមជម្រើសជាតិ​កម្ពុជា បើ​ចង់​ឱ្យ​ក្រុមនេះ​ខ្លាំង​ទៅថ្ងៃអនាគត។

លោក​បញ្ជាក់​ថា៖ «កីឡាករ​ទាំង​អស់ ​មក​លេង​ដើម្បី​ប្រទេស​កម្ពុជា ហើយ​ចង់ឈ្នះ​ខ្លាំ​ង​ណាស់ ហេតុនេះសូមអ្នកគាំ​ទ្រ កុំ​ដាក់សម្ពាធ​ និង​​រិះគន់បំបាក់​ទឹក​ចិត្ត​​ពួកគាត់​​ខ្លាំង​ពេក»។

លោក​បាន​បន្ថែម​ថា៖ «ទោះបីជា​ពេលនេះខ្ញុំជា​គ្រូ​បង្វឹក ឬ​ក៏មានគ្រូ​ថ្មីមក​បន្ត គឺលុះ​ត្រាតែ​​មាន​ការរួមគ្នា និងជួយគ្នា ព្រោះ​បើ​យើង​មិនជួយ​គ្នាឯង​ទេ គ្មាន​អ្នក​ក្រៅណា​មក​ជួយ​យើង​នោះ​ទេ ហើយបើ​យើងនាំ​គ្នា​​ផ្សព្វ​ផ្សាយពីចំណេះដឹង​បាល់​ទាត់ និងតាក់ទិច​លេង​របស់កីឡាករទៅ​ដល់​អ្នកគាំ​ទ្រ​ នោះជា​ការ​ល្អ។ កម្ពុជា​មាន​ការ​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​មួយ​នា​ពេល​អនាគត ប្រសិន​បើ​អ្នកទាំង​អស់​គ្នា​ទៅ​មុខ​រួម​គ្នា»៕