កីឡាករជើងខ្លាំងមានរហស្សនាម «អ្នកលេងពូថៅដៃ» ធឿន ធារ៉ា នៅតែអាចរក្សាភាពល្បីល្បាញរបស់ខ្លួន សម្រាប់ការបង្ហាញសមត្ថភាពលើកដំបូង នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីរូបគេបានផ្តួលអ្នកប្រយុទ្ធជាម្ចាស់ខ្សែក្រវាត់មកពីប្រេស៊ីល Victor Teixeira ឱ្យសន្លប់ក្នុងទឹកទី៣ ចំណែក ភក្តី គុនខ្មែរ បានស្រែកយំដូចកូនក្មេង ព្រោះរំភើបខ្លាំងពេក ចំពោះការឈ្នះខ្សែក្រវាត់លើកដំបូងក្នុងអាជីព។
បើទោះបីជាកីឡាកររបស់ប្រេស៊ីល Victor Teixeira ធ្លាប់មានប្រវត្តិផ្តួលជើងខ្លាំងរបស់ថៃ Kongthailand Kiatnavy ឱ្យសន្លប់នៅក្នុងទឹកទី២ សម្រាប់ការជួបគ្នាក្នុងព្រឹត្តិការណ៍ ONE Friday Fight 20 នៅទីក្រុងបាងកក កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០២៣ ប៉ុន្តែ Victor Teixeira បែរជាមកដួលសន្លប់ ក្រោមកណ្តាប់ដៃរបស់ ធឿន ធារ៉ា សម្រាប់ការជួបគ្នានៅកូរ៉េខាងត្បូងកាលពីថ្ងៃទី១៥ ខែកញ្ញា។
សម្រាប់ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ GANZBERG KUN KHMER TO THE WORLD CLASS នៅលើទឹកដីកូរ៉េខាងត្បូង ជាលើកទី១ កាលពីថ្ងៃអាទិត្យ ធឿន ធារ៉ា ហាក់មានភាពកញ្រ្ជាលក្នុងការចូលវាយសម្រុកទៅលើ Victor Teixeira តាមរយៈការប្រើកណ្តាប់ដៃ កែង និងការទាត់ធ្ងន់ៗរបស់គេ ប៉ុន្តែជើងខ្លាំងលេខ១របស់កម្ពុជារូបនេះ ក៏ហាក់ស្រុតម្តងៗ ក្រោមការម៉ាត់ ពិសេសការវាយកែងសងត្រឡប់មកវិញរបស់ Victor Teixeira ផងដែរ។
តែទោះបីជាយ៉ាងណា នៅ១នាទីចុងក្រោយក្នុងទឹកទី៣ Victor Teixeira បានដួលអុកគូទ ទាំងភាំងស្មារតី នៅពេល ធឿន ធារ៉ា ម៉ាត់ឆ្វេងចូលផ្ទៃមុខពេញទំហឹង តែលោកអាជ្ញាកណ្តាល ម៉ាក់ សាមឿន មិនបានរាប់ទៅលើរូបគេទេ។ ស្ថិតក្នុងស្ថានភាពដ៏ល្អនេះ ធារ៉ា បានស្ទុះចូលម៉ាត់ថែមទៅលើផ្ទៃមុខរបស់ Victor Teixeira ចំនួន៥ដៃជាប់ៗគ្នា បណ្តាលឱ្យកីឡាករប្រេស៊ីលរូបនេះដួលសន្លប់តែម្តង។
ការផ្តួលកីឡាករ Victor Teixeira ឱ្យសន្លប់នៅចុងទឹកទី៣ នេះ បានធ្វើឱ្យអ្នកទស្សនាផ្ទាល់ ដែលស្ទើរតែទាំងអស់ជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងនោះ មានការអបអរសាទរខ្លាំងបំផុតដល់ ធឿន ធារ៉ា ហើយពួកគេបាននាំគ្នារៃអង្គាសថវិកាជូនដល់ ធារ៉ា និងបានសម្រុកមកសុំថតរូបសែលហ្វីជាមួយ ធារ៉ា ដោយចំណាយពេលជាង១ម៉ោង។
យ៉ាងណាមិញចំពោះ ធឿន ធារ៉ា បានសារភាពថា ការប្រកួតជាមួយ Victor Teixeira ពិតជាមានការលំបាក ហើយស្ទើរតែមិនជឿថា ខ្លួនឯងអាចផ្តួលជើងខ្លាំងរបស់ប្រេស៊ីលម្នាក់នេះឱ្យសន្លប់បាន។ ធារ៉ា និយាយថា៖ «ការប្រកួតនេះមានភាពតានតឹងខ្លាំង ព្រោះគាត់ល្អ ហើយគាត់ចាំវាយកាត់បានល្អ ដោយវាយចូលខ្ញុំប៉ុន្មានកែង និងប៉ុន្មានដៃដែរ ប៉ុន្តែខ្ញុំបានលើកដៃបិទ ពេលចូលវាយសម្រុក»។
ធឿន ធារ៉ា បន្ថែមថា៖ «ខ្ញុំមិនរំពឹងថា អាចផ្តួលគាត់ឱ្យសន្លប់នោះទេ ព្រោះគាត់រឹងហើយស្វិតទៀត ប៉ុន្តែចុងក្រោយគាត់ចូលដៃរបស់ខ្ញុំធ្ងន់ៗប្រមាណ៥ដៃ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន សម្រាប់ការមកប្រកួតលើកទី១នៅប្រទេសកូរ៉េនេះ ព្រោះបងប្អូនខ្មែរយើងនៅទីនេះ មកទស្សនាផ្ទាល់ពេញតែម្តង អ៊ីចឹងយើងបានយកគុនខ្មែរមកផ្សព្វផ្សាយផង ហើយបានបងប្អូនខ្មែរយើងនៅទីនេះ គាំទ្រយ៉ាងច្រើនទៀត ពិតជាអស្ចារ្យណាស់»។
ដោយឡែកកីឡាករកម្ពុជា ភក្តី គុនខ្មែរ បានរកឃើញជ័យជម្នះយ៉ាងសំខាន់នៅក្នុងអាជីពជាអ្នកប្រដាល់របស់ខ្លួនបានហើយ គឺការឈ្នះបានខ្សែក្រវាត់ ជាលើកដំបូង សម្រាប់ការប្រកួតនៅលើទឹកដីប្រទេសកូរ៉េខាងត្បូងនោះដែរ បន្ទាប់ពីរូបគេបានផ្តួលជនរួមជាតិ សោម វិច្ឆ័យ ឱ្យសន្លប់ សម្រាប់ការឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ។
នៅក្នុងការប្រកួតជម្រុះម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ GANZBERG IPCC KUNKHMER ប្រភេទទម្ងន់៦៥គីឡូក្រាមនេះ សោម វិច្ឆ័យ បានប្រើជង្គង់ហោះបុកចូលកកីឡាកររបស់កូរ៉េខាងត្បូង Lee Sang Min បណ្តាលឱ្យដួលបាត់បង់ស្មារតី ហើយត្រូវអាជ្ញាកណ្តាលបញ្ឈប់នៅចុងទឹកទី២។
ចំណែក ភក្តី គុនខ្មែរ ត្រូវបានគណៈកម្មការរៀបចំការប្រកួតសម្រេចឱ្យឈ្នះកីឡាករប្រេស៊ីល Alexandre Parreira ដោយស្វ័យប្រវត្តិ ព្រោះដៃគូម្នាក់នេះលើសទម្ងន់បានកំណត់ ប៉ុន្តែអ្នកទាំង២នេះ ក៏ត្រូវដាក់ឱ្យប្រកួតជាលក្ខណៈមិត្តភាពដែរ ហើយបានស្មើពិន្ទុគ្នា ក្រោយការប្រកួត៣ទឹកយ៉ាងស្វិតស្វាញបានបញ្ចប់។
ចំពោះការឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ភក្តី គុនខ្មែរ បានតាមវាយសម្រុកទៅលើ សោម វិច្ឆ័យ ជាបន្តបន្ទាប់ ហើយនៅទឹកទី២ ភក្តី បានចូលចាប់វាយកែង និងបុកជង្គង់ទៅលើ សោម វិច្ឆ័យ ផ្តួនៗរួចក៏ទាញ វិច្ឆ័យ ឱ្យដួលទាំងជំហរ។ ដោយទទួលរងការបុកជង្គង់ចូលធ្ងន់ៗផងនោះ សោម វិច្ឆ័យ បានបង្ហាញការចុករមួល មិនអាចក្រោកឡើងបន្តការប្រកួតបានទៀតទេ។
សម្រាប់ការផ្តួលមិត្តរួមជាតិ សោម វិច្ឆ័យ ឱ្យសន្លប់នៅដើមទឹកទី២នេះ ភក្តី គុនខ្មែរ បានស្រែកអបអរចំពោះខ្លួនឯងអស់ពីចិត្ត រួចក៏បានលត់ជង្គង់ស្រែកយំដូចកូនក្មេង ព្រោះទប់អារម្មណ៍ខ្លួនឯងមិនបាន ដ្បិតអីជ័យជម្នះនេះ វាពិតជាសំខាន់បំផុត នៅក្នុងអាជីពឈឺសាច់របស់គេជាច្រើនឆ្នាំមកនេះ។
ភក្តី គុនខ្មែរ បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលមានបងប្អូនខ្មែររស់នៅកូរ៉េ បានមកគាំទ្រច្រើន»។ ភក្តី ក៏បានបង្ហោះរូបភាពពាក់ខ្សែក្រវាត់ GANZBERG IPCC KUNKHMER និងបានសរសេរសារបែបនេះថា៖ «អ្វីដែលខ្ញុំប្រាថ្នាតាំងពីក្មេងមក ខ្ញុំធ្វើបានហើយ! នៅពេលនេះអរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានគាំទ្រខ្ញុំបាទ»។
ដោយឡែក សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិចំនួន៣គូទៀត ដែលបានធ្វើនៅលើទឹកដីកូរ៉េ កាលពីថ្ងៃអាទិត្យនោះដែរ ជើងខ្លាំង ម៉ឺន មេឃា បានបុកកែងបណ្តាលឱ្យអ្នកប្រដាល់របស់កូរ៉េខាងត្បូង Kim Byung Soo បែកចិញ្ចើមស្តាំ ហើយត្រូវបានគ្រូពេទ្យបញ្ឈប់ ក្រោយការប្រកួតទឹកទី១ រីឯប្អូនប្រុសរបស់គេ អេ អាំម៉ារីនភូថង បានយកឈ្នះអ្នកប្រដាល់អូស្រ្តាលី Jerome Simbahan ដោយពិន្ទុ ហើយ ឡុង អាឆើត បានទាត់កីឡាករកូរ៉េខាងត្បូង Jaeho Kim ឱ្យខូចជើងក្រោមនៅទឹកទី១៕