នៅទីបំផុតក្រុមភ្នំពេញក្រោន អាចដណ្តើមតំបន់កំពូលតារាងនៃការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League) បានហើយ បន្ទាប់ពីពួកគេបានបន្តយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ស្របពេលក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង បានជួបការបរាជ័យជាលើកដំបូងក្រោមស្នាដៃក្រុមវិសាខានោះ។
តែទោះបីជាយ៉ាងណា លោក Pep Munoz គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង មិនបានបង្ហាញការឈឺចាប់ ឬសោកស្តាយ ចំពោះការចាញ់ក្រុមវិសាខា ១-០ នេះទេ។
ផ្ទុយទៅវិញ លោកបានអបអរដល់ក្រុមវិសាខា ហើយលោកបានចាត់ទុកការចាញ់របស់ក្រុមស្វាយរៀងនេះ ជាថ្ងៃប្រវត្តិសាស្រ្តរបស់វិសាខា តែលោកក៏បានបង្ហាញពីមោទនភាពចំពោះកូនក្រុមលោក ដែលប្រឹងប្រែងលេងបានល្អផងដែរ។
លោកបាននិយាយក្រោយការប្រកួតថា៖ «ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្រ្តមួយសម្រាប់វិសាខាដែលបានឈ្នះក្រុមជើងឯក។ យើងបានលេងល្អ ហើយប្រសិនបើខ្ញុំគិតថា យើងចាញ់ការប្រកួត យើងគួរតែចាញ់ការប្រកួតរបៀបនេះ ព្រោះយើងលេងបានល្អខ្លាំងណាស់។ ពួកគេមានឱកាសបានរៀបចំ និងរកគ្រាប់បាល់បានតែម្តង។ បើនិយាយអំពីការលេង ខ្ញុំបាននិយាយទៅកាន់កីឡាករថា ខ្ញុំមានមោទនភាពចំពោះក្រុម និងមានមោទនភាពនូវអ្វីដែលយើងលេងតតាំងជាមួយក្រុមវិសាខា»។
សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី ៤ នៃលីគកំពូលកម្ពុជា កាលពីថ្ងៃសៅរ៍កន្លងកនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមវិសាខា ១-០ នៅកីឡដ្ឋានព្រីនស៍ ហើយគ្រាប់បាល់១ នេះ ជាការតែតបញ្ចូលទីរបស់ប្រធានក្រុម កាន់ ម៉ូ នៅនាទីទី ៩០+៣ តែជំនួបរវាងក្លិបធំៗទាំង២នេះ ហាក់មានការជក់ចិត្តសម្រាប់អ្នកគាំទ្រនោះទេ ព្រោះទាំងស្វាយរៀង និងវិសាខា បានលេងដោយប្រុងប្រយ័ត្នបំផុត និងមិនសូវវាយលុកគ្នាប៉ុន្មានឡើយ។
យ៉ាងណាក៏ដោយ លោក Jurgis Kalns គ្រូបង្គោលថ្មីរបស់ក្រុមវិសាខា បានបង្ហាញភាពរីករាយខ្លាំង ចំពោះការយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង។ បើទោះបីជា ៣ប្រកួតកន្លងមកនេះ វិសាខា បានឈ្នះត្រឹម១លើក និងចាញ់ ២លើក ប៉ុន្តែលោក Jurgis Kalns បានចាត់ទុកការដណ្តើមបាន៣ពិន្ទុពីក្រុមស្វាយរៀង សម្រាប់ការប្រកួតលើកទី៤នេះ ជាលទ្ធផលដ៏ល្អបំផុត ដែលនឹងជួយក្រុមវិសាខា សម្រាប់ការប្រកួតក្រោយៗទៀត ក្នុងការប្រជែងយកពានក្នុងរដូវកាលនេះ។
លោក Jurgis Kalns បាននិយាយក្រោយការប្រកួតថា៖ «យើងចង់ទាញព្រះខ័នរាជស្វាយរៀង ចេញពីតំបន់ comfort zone។ គ្រប់ក្រុមទាំងអស់តែងតែឱ្យពួកគេលេងបាល់បានច្រើន ហើយសម្រាប់ការងាររបស់យើង គឺមិនឱ្យ ស្វាយរៀង លេងបានដោយស្រួលនោះទេ ហើយខ្ញុំគិតថា យើងធ្វើបានល្អ»។
ជាមួយគ្នានេះ លោក Jurgis Kalns បានជំរុញឱ្យក្រុមលេងនៅលីគកំពូល ត្រូវហ៊ានលេងជាមួយក្រុមខ្លាំង ដូចជាព្រះខ័នរាជស្វាយរៀងនេះ។
លោកបញ្ជាក់ថា៖ «គ្រប់ក្រុមទាំងអស់នៅលីគអាចលេងជាមួយព្រះខ័នរាជស្វាយរៀងបាន ដោយមិនគួរមានភាពភ័យខ្លាចទេ យើងគួរតែហ៊ានលេង។ វាមិនមានចន្លោះរវាងក្រុមទាំងអស់ ជាមួយក្រុមលើកពាននោះទេ ហើយខ្ញុំសង្ឃឹមថា ការឈ្នះនេះនឹងជួយឱ្យលីគយើងមានភាពរីកចម្រើន និងមានការប្រកួតប្រជែងខ្លាំងបន្ថែមទៀត»។
ជាមួយការទទួលបរាជ័យជាលើកដំបូងរបស់ក្រុមស្វាយរៀងនេះ ក្រុមជើងឯករង ភ្នំពេញក្រោន បានលត់ក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ រហូតដល់ ៦-០ សម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យ ដោយក្នុងនោះខ្សែបម្រើប្រយុទ្ធ Rafael Andres Nieto Rondon រកបាន៣គ្រាប់តែម្នាក់ឯង រីឯខ្សែប្រយុទ្ធ Nnamdi Ofufu Ibeh រកបាន២គ្រាប់ និង Smith Bradie Christian រកបាន១គ្រាប់។
ការដណ្តើមបាន៣ពិន្ទុបន្ថែមនេះ បានជួយឱ្យក្រុមភ្នំពេញក្រោន មាន១២ពិន្ទុពេញ សម្រាប់ការប្រកួតទាំង៤លើករបស់ខ្លួន ហើយបានឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្ន ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ដែលបានចាញ់ក្រុមវិសាខា ១-០ នោះ បានធ្លាក់មកឈរនៅលេខ២វិញ។
ចំណែកក្រុមណាហ្គាវើលដ៍ និងក្រុមអង្គរថាយហ្គឺរ ក៏បានបង្ហាញទម្រង់លេងយ៉ាងល្អ និងមិនទាន់ស្គាល់ការចាញ់សោះដូចក្រុមភ្នំពេញក្រោនដែរ ព្រោះក្រុមណាហ្គាវើលដ៍ បានបន្តយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត ៣-១ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃសៅរ៍ រីឯក្រុមអង្គរថាយហ្គឺរ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ២-០ កាលពីថ្ងៃអាទិត្យ។
លទ្ធផលដ៏ល្អនេះ បានជួយឱ្យក្រុមណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ បានឈ្នះទាំង៣ប្រកួតជាប់ៗគ្នា ហើយកំពុងឈរនៅលេខរៀងទី៣ និងទី៤ ដោយមាន៩ពិន្ទុដូចគ្នា សម្រាប់ការប្រកួតត្រឹម៣លើក ចំណែកក្រុមវិសាខា និង ISI ដង្កោសែនជ័យ ឈរនៅលេខ៥ និងលេខ៦ មាន ៦ពិន្ទុស្មើគ្នា រីឯបឹងកេត ឈរនៅលេខ ៧ មាន៣ពិន្ទុ ដោយឈ្នះ១ និងចាញ់២ដង។
ចំណែកក្រុមកងយោធពលខេមរភូមិន្ទ ទើបតែរកឃើញជ័យជម្នះជាលើកដំបូង ដោយពួកគេបានវាយបកយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ៣-២ នៅលើទឹកដីខ្លួនឯង ដើម្បីមាន៣ពិន្ទុ ក្រោយចាញ់៣ដងជាប់ៗគ្នា រីឯក្រុមក្រសួងមហាផ្ទៃ និងក្រុមឡាយហ្វខេត្តព្រះសីហនុ ទើបមាន ១ពិន្ទុទេ តែប្រសើរជាងក្រុមគិរីវង់សុខសែនជ័យ ដែលបានចាញ់ទាំង៤ប្រកួតជាប់ៗគ្នា និងមានសូន្យពិន្ទុ៕