
ក្រុមគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមលីគកំពូលថៃធ្វើសន្និសីទកាសែត កាលពីថ្ងៃអង្គារម្សិលមិញ នៅប្រទេសថៃ។ រូបថត សហការី
ក្រុមលេខ១ នៃលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និងក្រុមលីគកំពូលរបស់ថៃ BG Pathum United សុទ្ធតែបានបង្ហាញពីមហិច្ឆតាដណ្តើមយក៣ពិន្ទុ សម្រាប់ការជួបគ្នាក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup នៅពហុកីឡដ្ឋាន Pathum Thani ប្រទេសថៃ នាយប់ម៉ោង៧ ថ្ងៃពុធនេះ។
ដោយឈរនៅពូលAជាមួយគ្នា ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បាននឹងកំពុងឈរនៅលេខរៀងទៅ២ ដោយមាន៣ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះ Terengganu FC របស់ម៉ាឡេស៊ី ៣-២ នាការប្រកួតបើកឆាក កាលពីថ្ងៃទី២១ ខែសីហា ចំណែកក្រុម BG Pathum United របស់ថៃ បានត្រឹមស្មើជាមួយក្រុមម្ចាស់ផ្ទះ PSM ០-០ សម្រាប់ការប្រកួតនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ី។
តែទោះបីជាយ៉ាងណា សម្រាប់ការស្វាគមន៍ក្រុមព្រះខ័នរាជស្វាយរៀង នៅយប់ថ្ងៃពុធនេះ លោក Makota Teguramori ដែលទើបដឹកនាំក្រុម BG Pathum យកឈ្នះក្រុមម្ចាស់ផ្ទះ Pork FC ២-១ នៅលីគកំពូលថៃ (Thai Premier League) កាលពីថ្ងៃអាទិត្យ បានបង្ហាញការជឿជាក់ថា កូនក្រុមរបស់លោក នឹងអាចដណ្តើមបាន៣ពិន្ទុ សម្រាប់ការប្រកួតនៅលើទឹកដីខ្លួនឯង នាថ្ងៃពុធនេះ។
លោក Makota Teguramori បាននិយាយនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារថា៖ «យើងទើបប្រកួតនៅ Thai Premier League កាលពីថ្ងៃអាទិត្យ ហើយវាពិតជាជំនួបដ៏ស្វិតស្វាញ និងមានការប៉ះទង្គិចខ្លាំង ធ្វើឱ្យកីឡាកររបស់យើងជាច្រើនមានការនឿយហត់ ប៉ុន្តែយើងមានក្រុមដ៏ធំគួរសម និងមានគុណភាពច្រើន ដូច្នេះយើងត្រូវនាំយកកីឡាករល្អៗរបស់យើងមកប្រកួតលើកនេះ»។
លោកបានបន្ថែមថា៖ «យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ព្រោះការប្រកួតដំបូងរបស់យើងក្នុងពាន Shopee Cup នេះ យើងបានត្រឹមស្មើ អ៊ីចឹងការប្រកួតលើកនេះយើងសង្ឃឹមថា នឹងដណ្តើមបាន ៣ពិន្ទុលើកដំបូង នៅលើទឹកដី គឺយើងនឹងនាំយកលទ្ធផលជ័យជម្នះពីការប្រកួតជាមួយក្រុម Port FC ដើម្បីបន្តផ្តល់លទ្ធផលល្អបំផុត សម្រាប់ការប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀងលើកនេះ»។
ចំណែកលោក Jose Munoz គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង បានទទួលស្គាល់ថា BG Pathum United ជាក្លិបធំមួយ នៅលីគកំពូលរបស់ថៃ ដែលមានកីឡាករល្អៗច្រើន និងមានគុណភាពលេងខ្ពស់ ប៉ុន្តែលោកអះអាងថា ក្រុមរបស់លោកត្រៀមខ្លួនបានល្អហើយ ហើយកីឡាករទាំងអស់ ក៏មានអារម្មណ៍រំភើប ក្នុងការបង្ហាញពីកម្រិតដែលពួកគេមាននៅក្នុងជំនួបដ៏ធំនេះ ដើម្បីស្វែងរក៣ពិន្ទុបន្ថែម។
លោក Jose Munoz បានថ្លែងថា៖ «យើងដឹងថា យើងជួបក្រុមមួយក្នុងចំណោមក្រុមដ៏ខ្លាំងប្រចាំប្រទេសថៃ ហើយយើងដឹងទៀតថា វាជាការប្រកួតមួយដែលពិបាក ប៉ុន្តែយើងមានទំនុកចិត្តលើកម្រិតដែលយើងមាននិងព្យាយាមធ្វើឱ្យមានការប្រកួតដ៏ល្អនៅថ្ងៃស្អែក (ថ្ងៃពុធ) ដើម្បីបង្ហាញកម្រិតរបស់យើងនិងដើម្បីព្យាយាមយក ៣ពិន្ទុ»។
នៅពេលអ្នកកាសែតរបស់ថៃ សួរនាំអំពីការរៀបចំប្រព័ន្ធលេងរបស់ក្រុមព្រះខ័នរាជស្វាយរៀង ទល់នឹងក្រុម BG Pathum លោក Jose Munoz បានឆ្លើយតបថា៖ «សម្រាប់យើងមកទីនោះ គឺលេងតាមអ្វីដែលយើងធ្លាប់បានធ្វើកន្លងមក ដោយព្យាយាមរក្សាបាល់តាមដែលអាចធ្វើបាន ព្យាយាមរកឱកាសដើម្បីទាត់បញ្ចូលទី និងការពារឱ្យបានល្អដូចគ្នា»។
ចំណែកខ្សែប្រយុទ្ធរបស់ថៃ Teerasil Dangda នៃក្រុម BG Pathum និងខ្សែប្រយុទ្ធប្រេស៊ីល Cristian Roque របស់ក្រុមព្រះខ័នរាជស្វាយរៀង ដែលចូលរួមក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារនោះដែរ ក៏បានបង្ហាញការតាំងចិត្តក្នុងការប្រកួតដណ្តើមយក៣ពិន្ទុ បើទោះបីជាអ្នកទាំង២នេះ ដឹងថា ជាការប្រកួតដ៏តានតឹង និងមានការពិបាក ក្នុងការស្វែងរកជ័យជម្នះរៀងៗខ្លួនក៏ដោយ៕