កីឡាករជើង​ចាស់​មានកម្រិត​ប្រកួតឡើង​ចុះ​ មិនទៀង​ទាន់ ឡុង ជិន ត្រូវ​បានអ្នក​រៀបចំកម្ម​វិធី​ប្រកួតប្រដាល់​​នៅ​សង្វៀន PNN សម្រេច​ដាក់​ឱ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ពី​ជើង​ខ្លាំង ឈុត សេរីវ៉ាន់​ថង ដែល​នឹង​​ធ្វើនៅ​រសៀល​ថ្ងៃអាទិត្យ​​នេះ ចំណែក​ម្ចាស់មេដាយមាស ឡៅ ចិត្រា ក៏​ត្រូវ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់​ ប្រភេទទម្ងន់​៦៧គីឡូក្រាម​ជាមួយ​អ្នក​​ប្រដាល់​អន្តរជាតិ​៣នាក់​ផ្សេង​ទៀតក្នុង​ព្រឹត្តិការណ៍ GANZBERG Kun Khmer Super Strike នេះ​ផងដែរ។

នៅមុន​ការ​ជួប​គ្នា នៅ​​ថ្ងៃអាទិត្យនេះ ឡុង ជិន និង ឈុត សេរីវ៉ាន់ថង ធ្លាប់​ប្រកួត​គ្នា​​ចំនួន​៤​លើក​មក​ហើយ ដោយក្នុង​នោះ ឡុង ជិន បានយក​​ឈ្នះ វ៉ាន់ថង ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់ខារ៉ាបាវ ទម្ងន់​៥៧គីឡូក្រាម នៅ​លើ​សង្វៀន​អាស៊ីអាគ្នេយ៍ កាលពី​​ខែសីហា ឆ្នាំ​២០១៨ ប៉ុន្តែ​ការជួបគ្នា​៣​លើក​ក្រោយៗមក​ទៀត ឡុង ជិន បានចាញ់ ឈុត សេរីវ៉ាន់ថង រហូត។

តែទោះបីជា​យ៉ាង​ណា សម្រាប់​ការ​ទទួល​បានឱកាសឡើង​ប្រកួតដណ្តើម​ខ្សែក្រវាត់ ប្រភេទ​​ទម្ងន់​៦០​គីឡូក្រាម​ពី ឈុត សេរីវ៉ាន់ថង នៅលើ​សង្វៀន PNN លើក​នេះ ឡុង ជិន បាន​អះអាង​ថា រូប​គេ​បាន​បុក​ហ្វឹក​ហាត់​ខ្លាំងលើស១០០ភាគ​រយ ព្រោះនេះជា​ការ​ប្រកួត​ដ៏​ធំ និងជាឱកាស​ដ៏កម្រ​បំផុត ដែល​រូបគេ ត្រូវ​ប្រឹង​ប្រែង​ឱ្យបាន​ខ្លាំង​បំផុត ក្នុងការ​ដណ្តើម​យក​ខ្សែ​ក្រវាត់មួយនេះ។ 

កីឡាករ​មានដើមកំណើត​នៅ​ខេត្តកណ្តាល ឡុង ជិន បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា៖ ​«កម្មវិធីធំបែបនេះ យើងកម្រ​មានឱកាស​ណាស់​ អ៊ីចឹង​ពេល​មាន​ឱកាស​ហើយ យើងត្រូវ​​ព្យាយាម​​បង្កើន​សមត្ថ​ភាព និង​ហ្វឹក​ហាត់ឱ្យ​បានទ្វេ​ដង ព្រោះ​រាល់​ដង​ការ​ហ្វឹកហាត់​របស់​ខ្ញុំ​បាន​តែ​៨០ទៅ​៩០​ភាគ​រយ​អី​ទេ តែឥឡូវ​នេះការ​ហាត់​របស់​ខ្ញុំ​​លើស១០០ភាគ​រយ​ទៅ​ទៀត»។

យ៉ាង​ណាក៏​ដោយ ឡុង ជិន នៅតែ​មានការ​បារម្ភ​ទៅលើ​សមត្ថ​ភាព និង​បច្ចេក​ទេស​ប្រកួត​របស់ ឈុត សេរីវ៉ាន់ថង ដែល​បច្ចុប្បន្ន អាច​វាយចេញ​បាន​លឿន​ដដែល និ​ងមានទម្ងន់​ធ្ងន់ជាង​មុន​ទៀត។ ប៉ុន្តែ ឡុង ជិន បាន​តាំង​ចិត្ត​ដោយ​ភាព​ជឿជាក់ ក្នុង​ការជម្នះ​ឧបសគ្គ​នេះ ដើម្បី​ឈាន​ទៅរក​ការ​សាងបាន​កេរ្តិ៍ឈ្មោះ​​កាន់តែ​ល្បី គឺ​ការ​ដណ្តើម​ឱ្យ​​បាន​ខ្សែ​ក្រវាត់​ពី វ៉ាន់ថង ក្នុងជំនួប​ដ៏​កម្រ​នេះ។

ឡុង ជិន បានបញ្ជាក់​ថា៖ «ពីមុន វ៉ាន់ថង លឿន​មែន តែ​អាវុធ​គាត់​រាងស្រាល តែឥឡូវ​នេះ​គាត់ធ្ងន់ និងនៅលឿន​ដដែល អ៊ីចឹង​ការបារម្ភ​វាតែង​តែ​មានសម្រាប់​ខ្ញុំ​ ប៉ុន្តែ​ពេល​ឡើង​ដល់​លើ​សង្វៀន ខ្ញុំ​ដឹង​តែ​ខំប្រឹង​ធ្វើ​ឱ្យ​អស់​ពីលទ្ធភាព​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ឯង​៧០​ភាគរយ​។ ខ្ញុំ​នឹងខំប្រឹង​ធ្វើ​ឱ្យ​បាន​ល្អដើម្បី​ដណ្តើមយក​ខ្សែ​ក្រវាត់​ពី វ៉ាន់ថង ឱ្យ​បាន»។ 

ចំណែក ឈុត សេរីវ៉ាន់ថង បានចាត់ទុក ឡុង ជិន ជា​រៀម​ច្បង​របស់​ខ្លួន​ទៅ​ហើយ ប៉ុន្តែ​ក្នុង​នាមជា​អ្នក​ត្រូវការពារ​ខ្សែ​ក្រវាត់ គឺ វ៉ាន់ថង បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ខ្លាំង ត្រៀម​ការ​ប្រកួត​នេះ ហើយ​បាន​បើក​ចិត្តស្វាគមន៍ ឡុង ជិន ដោយរីក​រាយ ព្រោះនេះ​ជាការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់រវាង​​ជាតិ​​សាសន៍​ខ្លួនឯង ដែល​អ្នក​ណា​ឈ្នះ ក៏ជា​ខ្មែរ​តែមួយ ប៉ុន្តែ​វា​នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​ទាក់​ទាញ។

តាម​រយៈ​ការ​បង្ហោះ​វីដេអូ​ខ្លី ក្រោយ​ការ​ហ្វឹក​ហាត់​រួច កាលពី​ថ្ងៃទី​២៤ ខែកញ្ញា វ៉ាន់ថង បាន​និយាយ​ថា៖ «ខ្ញុំ​ត្រូវជួប​​គ្នាជាមួយកីឡាករ ឡុង ជិន សាជាថ្មី ហើយ​មិន​ថា​គាត់ ឬខ្ញុំ ជាអ្នក​ឈ្នះ​ទេ គឺ​សុទ្ធតែជាខ្មែរដូចគ្នា។ អ្នកណាឈ្នះ​ក៏​ជា​ខ្មែរ​ ប៉ុន្តែពួក​ខ្ញុំ​ ចង់​ឈ្នះ​រៀងៗ​ខ្លួន គឺ​ខ្ញុំ​ក៏​ចង់​ឈ្នះគាត់ ហើយគាត់​ក៏​ចង់​ឈ្នះខ្ញុំ​​ អ៊ីចឹង​នៅថ្ងៃទី​២៩ ខែកញ្ញា​នេះ សូម​ពុក​ម៉ែ​បងប្អូន​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ ថាតើនឹង​​មានអ្វី​ថ្មី និងមាន​អ្វី​កើតឡើង​រវាងជំនួបលើក​ទី​៥​របស់​ពួក​ខ្ញុំ​លើក​នេះ»។

ឡៅ ចិត្រា និង​កីឡាករ​បរទេស​៣នាក់​ទៀត នឹង​ត្រូវ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៦៧គីឡូក្រាម នៅ​លើ​សង្វៀន PNN។ រូប​ថត PNN

សម្រាប់ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​នោះ​ដែរ កីឡាករជើង​ខ្លាំង​ជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២៣ ឡៅ ចិត្រា ក៏នឹង​ត្រូវ​ដាក់​ឱ្យ​ប្រកួតម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់ 4 Man Tournament Kun Khmer Championship ទម្ងន់​៦៧​គីឡូក្រាម ជាមួយ​អ្នកប្រដាល់​អ៊ីរ៉ង់ អាមេន ម៉ូរ៉ាឌី, សាមេន ម៉ូរ៉ាឌី និង​កីឡាករ​ថៃ បាឡាំងសាប់។

អ្នកទាំង​៤នេះ នឹង​ត្រូវ​ធ្វើ​ការចាប់​ឆ្នោតពេល​ថ្លឹង​ទម្ងន់ ថ្ងៃ​សៅរ៍​នេះ ហើយ​អ្នក​ឈ្នះនៅ​វគ្គជម្រុះត្រឹម​៣​ទឹក នឹង​​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅវគ្គ​ផ្តាច់​ព្រ័ត្រ​ ដែល​ប្រកួត​៥​ទឹក។

ឡៅ ចិត្រា មានការ​ផ្តោត​អារម្មណ៍​ខ្លាំង ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់៦៧​គីឡូក្រាម​នេះ ដោយ​បាន​និយាយ​ថា៖ ​«​ខ្ញុំ​មិនទាន់​មានខ្សែ​ក្រវាត់​ទម្ងន់​៦៧គីឡូក្រាម​ទេ ហើយ​ការ​​ប្រកួតនេះ ខ្ញុំ​ត្រៀម​ខ្លួន​បាន​ល្អ​ហើយ ដោយ​សង្ឃឹម​ថា នឹង​​ប្រកួត​ឱ្យ​​ល្អ​មើល តែ​ចំពោះ​បេក្ខភាព​ទាំង​៤នេះ អាច​នឹង​មានការពិបាក​រៀងៗ​ខ្លួន»៕ ​