ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានរួមគ្នាបង្កើតនូវកំណត់ត្រាថ្មីចំនួន២ ក្នុងពេលព្រឹត្តិការណ៍តែមួយ គឺការដណ្តើមបានកៅអីទៅលេងក្នុងពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ាន Sea V League 2025 ជាលើកដំបូង និងការឈ្នះបានប្រាក់រង្វាន់ចំនួន១០០លានរៀល ពីការប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ការដណ្តើមបានកៅអី ឡើងទៅលេងក្នុងពានរង្វាន់ Sea V League 2025 របស់ក្រុមជម្រើសជាតិបានកើតមានឡើងបន្ទាប់ពីពួកគេបានទទួលជ័យជម្នះទាំង ៣លើកជាប់ៗគ្នា លើក្រុមជម្រើសជាតិម៉ាឡេស៊ី សិង្ហបុរី និងក្រុមជម្រើសជាតិឡាវ ក្នុងការប្រកួតជម្រុះពានរង្វាន់ Sea V League Challenge ដែលធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា។
សម្រាប់ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួត Sea V League Challenge ជាលើកដំបូងនេះ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី និងក្រុមសិង្ហបុរី ក្នុងលទ្ធផល៣សិតទល់នឹង១សិត (៣-១) ដូចគ្នា និងបានយកឈ្នះក្រុមជម្រើសជាតិឡាវ ៣-០។
ការឈ្នះទាំង៣ប្រកួតនេះ បានជួយឱ្យក្រុមម្ចាស់ផ្ទះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំការប្រកួត Sea V League Challenge នេះ ដើម្បីទទួលបានឱកាសឡើងទៅលេងក្នុងការប្រកួត Sea V League ប្រចាំឆ្នាំ២០២៥ ជំនួសក្រុមជម្រើសជាតិវៀតណាម ដែលត្រូវកាត់ចេញ នៅឆ្នាំ២០២៤នេះ គឺមានន័យថា ក្រុមកម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិថៃ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី និងក្រុមជម្រើសជាតិហ្វីលីពីន ក្នុងពានរង្វាន់អាស៊ាន។
ចំណែកក្រុមជម្រើសជាតិវៀតណាម ត្រូវធ្លាក់មកប្រកួតជម្រុះពានរង្វាន់ Sea V League Challenge ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី សិង្ហបុរី ក្រុមជម្រើសជាតិឡាវ និងក្រុមតំណាងប្រទេសផ្សេងទៀត នៅឆ្នាំ២០២៥ ដើម្បីយកក្រុមលេខ១ឡើងទៅលេងក្នុងពាន Sea V League ឆ្នាំ២០២៦ ជំនួយក្រុមដែលត្រូវកាត់ចេញនៅឆ្នាំ២០២៥។
ក្រៅពីការប្រកួតពានរង្វាន់ Sea V League Challenge នេះ ក្រុមបាល់ទះតំណាងឱ្យប្រទេសទាំង៤ខាងលើ ត្រូវបានដាក់ឱ្យប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបន្តទៀត ហើយតាមរយៈការប្រកួតពេញ១ថ្ងៃ កាលពីថ្ងៃចន្ទ គឺក្រុមកម្ពុជា បានយកឈ្នះក្រុមឡាវ ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រីឯក្រុមម៉ាឡេស៊ី បានទម្លាក់ក្រុមឡាវ ដោយយកឈ្នះ ៣-០ ដូចគ្នា។
ការទទួលបានជ័យជម្នះរៀងៗខ្លួន នៅវគ្គ១/២ផ្តាច់ព្រ័ត្រនេះ បានផ្តល់ឱកាសក្រុមកម្ពុជា និងម៉ាឡេស៊ី បានជួបគ្នាម្តងទៀត នៅវគ្គផ្តាច់ព្រ័ត្រ ហើយវាក៏ជាពេលដែលក្រុមម៉ាឡេស៊ី បានចាញ់ក្រុមម្ចាស់ផ្ទះកម្ពុជា កាន់តែធ្ងន់ផងដែរ គឺពួកគេបានចាញ់ ៣សិតដាច់តែម្តង ជាមួយគ្រាប់បាល់ ២៥-២២ ២៥-១៦ និង ២៥-២៣ ខណៈជំនួបចុងក្រោយនេះ មានអ្នកទិញសំបុត្រចូលមើលផ្ទាល់រាប់ពាន់នាក់។
ជាមួយលទ្ធផលដ៏ល្អនេះ បានជួយឱ្យក្រុមជម្រើសជាតិបាល់ទះកម្ពុជា ក្លាយជាម្ចាស់ជើងឯក ដោយទទួលបានប្រាក់រង្វាន់សរុបចំនួន១០០លានរៀល រីឯក្រុមលេខ២ ម៉ាឡេស៊ី បាន៣០លានរៀល ចំណែកក្រុមសិង្ហបុរី បានបន្តយកឈ្នះក្រុមឡាវ ៣-១ ដើម្បីទទួលបានលេខ៣ និងប្រាក់រង្វាន់២០លានរៀល ហើយក្រុមលេខ៤ ឡាវ ក៏ទទួលបានប្រាក់រង្វាន់ ១០លានរៀលផងដែរ។
ចំពោះការដណ្តើមបានកៅអីទៅលេងនៅ Sea V League 2025 និងការឈ្នះបានប្រាក់រង្វាន់ចំនួន១០០លានរៀល ពីការប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតីនេះ ត្រូវបានលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា អះអាងថា ជាលទ្ធផលដ៏ល្អបំផុត ដែលកើតចេញពីការប្រឹងប្រែងរួមគ្នារបស់ក្រុមជម្រើសជាតិកម្ពុជា។
លោក សិរីពិសិដ្ឋ បានថ្លែងក្រោយការប្រកួត កាលពីយប់ថ្ងៃទី២ ខែកញ្ញានោះថា៖ «វាជាភាពអស្ចារ្យមួយ ដែលអត្តពលិកកម្ពុជាយើងទើបរៀបចំជាក្រុមឡើងវិញ ក្នុងអំឡុងពេល ២ ទៅ ៣ខែនេះ តែឃើញថា ទម្រង់លេងរបស់គាត់ មិនបានធ្លាក់ចុះទេ ហើយក៏មិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តដែរ ព្រោះនេះជាការប្រកួតដ៏សំខាន់ ដែលកម្ពុជាយើង ចាំបាច់ត្រូវតែឈ្នះ ដើម្បីបានទៅចូលរួម Sea V League 2025»។
ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ បានអះអាងថា ការដណ្តើមបានជ័យជម្នះទៅលេងនៅ Sea V League 2025 និងការដណ្តើមបានតំណែងជើងឯកនៃការប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតីនេះ ជាជ័យជម្នះរួមរបស់ប្រជាជាតិកម្ពុជា ពិសេសអ្នកគាំទ្រផ្ទាល់ ដែលបានចំណាយថវិកាទិញសំបុត្រចូលទស្សនាផ្ទាល់ ខណៈថវិកាទទួលពីការលក់សំបុត្រនេះ លោក សិរីពិសិដ្ឋ បញ្ជាក់ថា នឹងត្រូវយកទៅបរិច្ចាគទៅឱ្យមណ្ឌលកុមារកំព្រាទាំងអស់។
យ៉ាងណាក៏ដោយ គ្រូបង្គោលក្រុមជម្រើសជាតិបាល់ទះកម្ពុជា លោក Li Junបានមើលឃើញថា សមាជិកក្រុមកម្ពុជា គួរតែកែប្រែទម្លាប់លេងឱ្យបានលឿនជាងនេះ។
លោកនិយាយថា៖ «ប្រភេទកីឡាបាល់ទះនេះ បើសិនជាយើងអាចលេងលឿនបាន គឺល្អណាស់ ព្រោះការវិវឌ្ឍរបស់កីឡាមួយនេះ កាន់តែលឿនទៅៗហើយ»។
គ្រូបង្វឹកជនជាតិចិនរូបនេះ បានបន្ថែមថា៖ «ជាក់ស្តែងកីឡាកររបស់យើង មិនទាន់មានទម្លាប់លេងរបៀបហ្នឹងទេ អ៊ីចឹងយើងត្រូវការពេលវេលាបន្តជាមួយពួកគាត់បន្ថែមទៀត ដើម្បីឱ្យគាត់សម។ យើងដឹងហើយថា កីឡាករយើងចូលចិត្តលេងបាល់ខ្ពស់ ហើយការលេងបាល់លឿននេះ ក៏ត្រូវការអ្នកប៉ះសេ (លើកបាល់) លឿនដូចគ្នា ព្រោះបើអ្នកប៉ះសេយើងមានកម្រិតមិនទាន់ដល់ គឺយើងមិនអាចឈានដល់ការលេងបាល់លឿនដូចគ្នា»៕