ក្រុម​ភ្នំពេញ​ក្រោន បានរួមគ្នា​បង្កើតនូវ​កំណត់​ត្រាថ្មី ដែលមិនទាន់មាន​​ក្រុមណាអាច​​ធ្វើ​បាន សម្រាប់​ការ​ប្រកួត​លីគកំពូល​កម្ពុជា ឆ្នាំ​២០២៤-២០២៥ គឺ​ការ​រក​បាន​១០​គ្រាប់ក្នុង​១​ប្រកួត ដើម្បី​បន្តឈរ​នៅលើកំពូល​តារាង ដោយមិន​ទាន់ស្គាល់ការ​ចាញ់​សោះ។

ចំណែក​ក្រុម​កងយោធពល​ខេមរភូមិ(ទ័ព) បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា និង​ក្រុមហ៊ុន​ខេមបូឌានព្រីមៀរលីគ រួច​ហើយ ជុំវិញ​ហេតុការណ៍​ដ៏​អាក្រក់ ដែល​បានកើត​មាន​ឡើង ក្នុងពេល​​ពួកគេ​ប្រកួត​ជាមួយ​​ក្រុម​វិសាខា នៅ​ក្នុង​ទឹក​ដី​ខ្លួនឯង។

សម្រាប់ការ​ប្រកួត ដែល​ធ្វើ​នៅស្តាតចាស់ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា​នោះ ក្រុម​ម្ចាស់​ផ្ទះ​  កងយោធពល​ខេមរភូមិ រក​បាន​គ្រាប់​បាល់​នាំ​មុខ​លើ​ក្រុម​វិសាខា នៅនាទីទី​៤៨ ដែលជា​ការស៊ុតបាល់​នបញ្ចូល​ទី​របស់​​ខ្សែ​ប្រយុទ្ធ Tesuaki Misawa ប៉ុន្តែ​ភាពចម្រូង​ចម្រាសបាន​​ផ្ទះ​ឡើង​ខ្លាំង​រនៅពេល​លោក​អាជ្ញាកណ្តាល ​សម្រេច​ផ្តល់​បាល់ពិន័យ​១១ម៉ែត្រ​ទៅ​ឱ្យ​ក្រុម​វិសាខា នៅនាទីទី​៦៤​​ដែល​ផ្ទុយ​ពី​ភាព​ពិត។

នៅក្នុង​ហេតុការណ៍​នេះ ខ្សែ​ប្រយុទ្ធសញ្ជាតិ​ប្រេស៊ីល RAMON DE ANDRADE SOUZA របស់​វិសាខា បានទាត់បាល់ទៅប៉ះ​ដៃស្តាំ​របស់​ខ្លួនឯង នៅ​មុខ​ទី​​របស់​ក្រុម​ទ័ព ប៉ុន្តែ​លោក​អាជ្ញាកណ្តាល ឃិន ឧសីហា  (Khin Ouseyha) បែរជា​មើល​ឃើញ​ថា បាល់​នោះ​ប៉ះ​ដៃ​ខ្សែ​ការពារ យ៉ើ សាហ្វី ​របស់​ក្រុមទ័ព​ទៅ​វិញ ហើយ​​ក៏ពិន័យ​កាតលឿង និង​​ផ្តល់បាល់​១១​ម៉ែត្រ​ទៅ​ឱ្យ ​វិសាខា ហើយ​ការសម្រេច​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ទ័ព ផ្ទុះ​ការ​​តវ៉ាពេញ​ទីលាន។

ជាមួយការតវ៉ា​នេះ គ្រូ​បង្គោលរបស់​ក្រុមទ័ព លោក ភា សុភ័ត្រា ត្រូវបានពិន័យកាត​ក្រហម ជាហេតុធ្វើ​ឱ្យ​គ្រូ​បង្វឹក​រូបនេះ​ខឹងសម្បា​កាន់តែ​ខ្លាំង ដោយ​​បាន​យក​មុខ​ខ្លួនឯងទៅបុក​​ដើម​ទ្រូង​លោកអាជ្ញាកណ្តាល និង​បាន​ស្រែក​ខ្លាំងៗដាក់​អាជ្ញាកណ្តាល ហើយ​សកម្មភាព​ដ៏អាក្រក់ទាំង​នេះ បានបន្ត​រហូត​ដល់​នាទីទី​៧០ ទើប​អាច​សម្របសម្រួល​បាន ដើម្បី​ទុកពេល​ឱ្យ​កីឡាករ  JUNGBIN PARK ស៊ុតបាល់ពិន័យ​១១ម៉ែត្រ បាន​សម្រេច​នៅនាទីទី​៧០។

បន្ទាប់ពី​ការ​រក​បានគ្រាប់បាល់​តាមស្មើ ១-១ នេះ សកម្មភាព​តវ៉ា​របស់​ក្រុម​ទ័ព បាន​កើត​ឡើង​ម្តង​ទៀត នៅពេល​លោកអាជ្ញាកណ្តាល បានពិន័យ​កាត​ក្រហម​ទៅ​ឱ្យ​កីឡាករបម្រុង អ៊ុព កាម៉ុល ដែល​បានស្រែក​តវ៉ាខ្លាំងៗ​នៅ​ខាង​ក្រៅ ហើយ​ ជឿន ណាចា ក៏​ត្រូវបាន​ពិន័យ​កាត​ក្រហម​នៅនាទីទី៧២​ផងដែរ ដែល​ការពិន័យនេះទំនង ជឿន ណាចា បានប្រើ​ពាក្យ​សំដី​មិនសមរម្យណាមួយ​ដាក់​អាជ្ញាកណ្តាល ក្នុងពេលរូបគេ ត្រូវបានប្តូរ​ចេញ។

អ្នកចាំទីរបស់ក្រុមទ័ព អ៊ុ សេរីរ័ត្ន បានលោតទៅសង្រ្គោះបាល់ ចេញពីការរត់មកស៊ុតរបស់ខ្សែប្រយុទ្ធរបស់ក្រុមវិសាខា RAMON DE ANDRADE SOUZA ក្នុងជំនួបដ៏ចម្រូងចម្រាស កាលពីថ្ងៃសៅរ៍។ រូបថត CPL

ជាមួយការបាត់សមាជិក​ម្នាក់​ទៀត​នេះ បាន​ធ្វើ​ឱ្យ​ក្រុមទ័ព កាន់តែ​មានសម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង ហើយ​បានរហូត​២​គ្រាប់​ទៀត ដែលជា​ការ​តែត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ RAMON DE ANDRADE SOUZA នៅនាទីទី​៧៩ ដោយគ្រាប់បាល់នេះ​ក៏ក្រុម​ទ័ព​​តវ៉ា​ថា បាន​ប៉ះ​ដៃ​របស់ Ramon ផ្ទាល់​ផងដែរ រួច​ទើប​ចូលទី ចំណែក១​គ្រាប់ទៀត ជាការស៊ុតបញ្ចូល​ទី​​របស់ ផាន សុផេន នៅនាទីទី​៨៤។ 

យ៉ាង​ណាក៏​ដោយ បន្ទាប់​ពី​ចាញ់​ក្រុម​វិសាខា ៣-១ កាលពី​យប់​ថ្ងៃសៅរ៍​នោះ សមាគម​កីឡា​បាល់​ទាត់​កងយោធ​ពល​ខេមរ​ភូមិន្ទ បានចេញសេចក្តី​ប្រកាស​ទាំង​យប់ ដោយបាន​សម្តែងការ​សោក​ស្តាយ ចំពោះហេតុ​ការណ៍ ដែលបាន​កើតមានឡើង នៅក្នុងជំនួប​ជាមួយ​ក្រុម​វិសាខា ហើយ​ថ្នាក់ដឹកនាំ​របស់​ក្លិប​មួយនេះ ក៏បានបញ្ជាក់ពីការ​ដាក់ពាក្យ​បណ្តឹង​តវ៉ារួចរាល់​ហើយ​ដែរ ទៅលើការ​កាត់សេចក្តី​របស់លោក​អាជ្ញាកណ្តាល ឃិន ឧសីហា និង​ប្តឹង​គ្រូជំនួយ​របស់​ក្លិប​បាល់​ទាត់វិសាខា​ម្នាក់​ទៀត ដែលបានប្រើពាក្យសំដីរើសអើងជាតិ​សាសន៍​ទៅ​លើ​កីឡាករ​លេខ​៩ JOSEMAR BALANGA AGOSTINHO។

​ក្រុមទ័ព បានបញ្ជាក់នៅក្នុងការ​ប្រកាស​ព័ត៌​មាន​របស់ខ្លួន​បែបនេះ​ថា៖​ «ចំពោះ​រឿង​រ៉ាវ​យ៉ាង​អយុត្តិធម៌​ ដែល​បាន​កើត​មាន​មក​នេះ សមាគម​កីឡា​បាល់​ទាត់​កងយោធ​ពលខេមរភូមិន្ទ បាន​ធ្វើ​ការ​ដាក់​ពាក្យ​បណ្ដឹង​បឋម​ទៅ​កាន់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា និង​ក្រុមហ៊ុន​ខេមបូឌានព្រៅមើរលីគ តាម​រយៈ​ស្នង​ការ​ប្រកួត​រួច​រាល់។ ដោយទី១​ គឺ​ការ​កាត់​សេចក្តី​របស់​អាជ្ញា​កណ្ដាល និង​ទី​២​គ្រូជំនួយ​ម្នាក់​បាន​ប្រើ​ពាក្យ រើសអើងជាតិ​សាសន៍ មក​លើ​កីឡាករ​លេខ ៩ របស់ TIFFY ARMY FC»។

«យ៉ាង​ណា​យើង​បាន​នឹង​កំពុង​រៀបចំ​កិច្ចការងារ​នេះ​បន្ត​ទៀត​រហូត​ទទួល​បាន​យុត្តិ​ធម៌​ល្អ​សមស្របណា​មួយ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។ សមាគម​កីឡា​បាល់​ទាត់​កងយោធ​ពលខេមរភូមិន្ទ បានបញ្ជាក់​បន្ថែម ខណៈ​ភាព​ចម្រូងចម្រាស ជុំវិញការ​កាត់សេចក្តីមិន​ត្រឹម​ត្រូវ​នេះ បាន​ក្លាយជា​ប្រធានបទយ៉ាងក្តៅគគុក សម្រាប់​អ្នកគាំទ្រ​វិស័យ​បាល់​ទាត់ ដោយម្នាក់ៗ​កំពុង​រង់ចាំ​មើលពី​ចំណាត់​ការរបស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) និង​ក្រុមហ៊ុន​ខេមបូឌានព្រីមៀរលីគ (CPL) ថា​នឹង​​ដោះស្រាយដោយវិធី​ណា?។

មួយ​ថ្ងៃបន្ទាប់ពី​ការ​ដាក់បណ្តឹង​របស់ ​​សមាគម​កីឡា​បាល់​ទាត់​កងយោធ​ពលខេមរភូមិន្ទ នេះ CPL ក៏​បានចេញ​សេចក្តី​ថ្លែងការ​ផ្លូវការ​មួយ ដោយ​អះអាង​ថា​ខ្លួន​បានប្រជុំ​ផ្ទៃក្នុង​អំពី​ករណីនេះ ​​យ៉ាង​ម៉ត់ចត់ ហើយ​នឹងមានការ​ប្រជុំ​ពិភាក្សា​ជាមួយ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា  រួម​មាន​នាយកដ្ឋាន​អាជ្ញាកណ្តាល​ និងគណៈកម្មការ​វិន័យ​ និងសីលធម៌​ផងដែរ ដើម្បី​ដោះស្រាយ​រឿង​នេះ​ឱ្យ​បានឆាប់រហ័ស។​

CPL បាន​បញ្ជាក់នៅក្នុង​សេចក្តី​ថ្លែងការ​​របស់​ខ្លួន​ថា៖ «ក្រុមការងារ​ នឹង​ធ្វើការ​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង​ទាំង​ស្រុង ហើយប្តេជ្ញា​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បានឆាប់រហ័ស​បំផុត។ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ មាន​នីតិវិធី​ច្បាប់ និង​កំពុងដំណើរ​ការ​ដោះស្រាយ ដូច្នេះ​សូមអរគុណ​ចំពោះការ​អត់​ធ្មត់​របស់​បងប្អូនអ្នកគាំ​ទ្រទាំងអស់​គ្នា»។ 

សេចក្តី​ថ្លែងការដដែល​នេះបានឱ្យ​ដឹង​ទៀត​ថា៖ «ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ជឿជាក់​លើការការពារសិទ្ធិ និងសំឡេង (មតិយោបល់) របស់​អ្នកគាំ​ទ្រ​ រួមទាំង​ក្លិប ប៉ុន្តែ​យើង​មិន​អត់ឱនឱ្យចំពោះអាកប្បកិរិយា​នៃ​ការ​រំលោភបំពានណាមួយ​ចំពោះ​សមាជិក ដែលពាក់ព័ន្ធ​ នៅ​ក្នុង​លីគ​កំពូល​​កម្ពុជា​​នោះ​ទេ។ សូមអ្នកទាំងអស់​គ្នា សហការជាមួយ CPL រហូត​ដល់​ការ​វាយតម្លៃ​បន្ថែម​ទៀត ត្រូវ​បានបញ្ចប់​»។

អ្នកចាំទី Georgino Jose Alexandro Mendonca Da silva របស់ក្រុមឡាញហ្វខេត្តព្រះសីហនុ បានលោតជ្រុលទៅប៉ះកីឡាករភ្នំពេញក្រោន បណ្តាលឱ្យអាជ្ញាកណ្តាលពិន័យកាតក្រហមតាំងពីនាទីទី ១២ ធ្វើឱ្យភ្នំពេញក្រោន អាចឈ្នះ ១០-០។ រូបថត PEAK Sports

ជាមួយគ្នានេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក៏បានអះអាង​ទៀត​ថា ពីការ​ផ្តល់​នូវការការពារ​សុវត្ថិភាព​គ្រប់ពេល​វេលា​ទៅដល់​​​កីឡាករ គ្រូ​បង្វឹក ក្រុមការងារ​បច្ចេកទេស​ សមាជិក​​គ្រប់​គ្រង  អ្នកពាក់ព័ន្ធ ជាពិសេសអ្នកគាំ​ទ្រ។

បន្ថែម​លើ​នេះ CPL ក៏​បាន​កោតសរសើរ​ចំពោះ​ទឹកចិត្ត​របស់​អ្នក​គាំ​ទ្រទាំង​អស់​ និងការ​ប្តេជ្ញា​​ ក្នុង​ការ​ផ្តល់​នូវ​សុចរឹត​ភាព​នៃកីឡា​បាល់​ទាត់  សម្រាប់ដំណើរ​ឆ្ពោះ​ទៅមុខ។ CPL បានបញ្ជាក់​ថា៖​ «យើងនឹងមាន​ផែនការ​បន្ថែម ដើម្បី​បង្កើន​ការបណ្តោះបណ្តាល​អាជ្ញាកណ្តាល និងប្រព័ន្ធ​នៃ​ការ​គាំ​ទ្រ ដើម្បី​ធានាបាននូវការ​សម្រេច​ចិត្ត​ដែល​ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ នាពេល​អនាគត»។ 

ដោយឡែក​ ក្រុម​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ បាន​យកក្រុមឡាយហ្វ​ខេត្តព្រះសីហនុ រហូត​ដល់ ១០-០ ដោយ​ក្នុង​នោះ​ខ្សែ​បម្រើ RAFAEL ANDRES NIETO RONDON រក​បាន​​ ៤​គ្រាប់​តែម្នាក់ឯង ក្នុងពេល​អ្នកចាំទី Georgino Jose Alexandro Mendonca Da silva របស់​ក្រុម​ឡាយហ្វ​ខេត្តព្រះសីហនុ បាន​ទទួល​កាត​ក្រហម​តាំងពីនាទីទី​១២​នោះ ហើយ​ជាមួយ​ការ​បង្កើតនូវ​កំណត់​ត្រា​ថ្មី​នេះ បាន​ជួយ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន នៅតែ​បន្ត​ឈរ​នៅកំពូល​តារាង ដោយឈ្នះ​ទាំង​៦​ប្រកួត មាន១៨ពិន្ទុ តាមពី​ក្រោយ​ដោយក្រុម​វិសាខា និង​អង្គរ​ថាយហ្គឺរ ដែលមាន​១៥ពិន្ទុ​ដូចគ្នា៕