ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នឹងត្រូវធ្វើការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ជាមួយក្រុមជម្រើសជាតិស្រីលង្កា នៅកីឡដ្ឋាន Racecourse International នាល្ងាចម៉ោង ៥:១៥ ថ្ងៃព្រហស្បតិ៍នេះ មុនពេលកម្ពុជា ត្រូវស្វាគមន៍ក្រុមស្រីលង្កា វិញ សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ ក្នុងទឹកដីខ្លួនឯង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
នៅក្នុងសន្និសីទកាសែត ស្តីពីការប្រកួតនេះ កាលពីថ្ងៃពុធ គ្រូបង្គោលក្រុមជម្រើដជាតិកម្ពុជា លោក Felix Dalmas បានថ្លែងអរគុណដល់ម្ចាស់ផ្ទះស្រីលង្កា ដែលបានទទួលបដិសណ្ឋារកិច្ចដល់ក្រុមកម្ពុជាបានល្អ ហើយលោកក៏បានបង្ហាញភាពរីករាយ ដែលបានដឹកនាំក្រុមកម្ពុជា ទៅប្រកួតនៅទីនោះ។
តែទោះបីជាយ៉ាងណា គ្រូបង្វឹកជនជាតិអេហ្សង់ទីន លោក Felix បានចាត់ទុកការប្រកួតជាមួយក្រុមជម្រើសជាតិស្រីលង្កា លើកនេះ គឺប្រៀបដូចជាការប្រកួតជាមួយក្រុមកីឡាករមកពីអឺរ៉ុប គឺខុសគ្នាពីមុន ដែលក្រុមកម្ពុជា បានយកឈ្នះក្រុមស្រីលង្កា ៤-០ សម្រាប់ការប្រកួតមិត្តភាពចុងក្រោយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦។
លោក Felix បាននិយាយថា៖ «សម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិស្រីលង្កា យើងកំពុងប្រកួតជាមួយនឹងក្រុមលង្កាថ្មី និងខុសប្លែក ដែលកីឡាករភាគច្រើនគឺមកពីអឺរ៉ុប ដូច្នេះយើងមិនអាចប្រៀបធៀបក្រុមស្រីលង្កានេះ ជាមួយក្រុមស្រីលង្កាពីមុន ដែលយើងធ្លាប់ប្រកួតជាមួយនោះទេ»។
ជាមួយហេតុផលនេះ លោក Felix បានស្នើឱ្យអ្នកគាំទ្រចូលរួមគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជាឱ្យបានច្រើន សម្រាប់ការប្រកួតជាមួយស្រីលង្កា លើកនេះ ជាពិសេសក្នុងពេលកម្ពុជា ត្រូវស្វាគមន៍ក្រុមស្រីលង្កាវិញ នៅថ្ងៃទី១០ ខែកញ្ញា។ លោកបញ្ជាក់ថា៖ «ទាំងនោះហើយជាមូលហេតុ ដែលត្រូវការការគាំទ្ររបស់អ្នកគាំទ្រទាំងអស់គ្នា សម្រាប់ការប្រកួតជាបន្ទាប់នេះ ព្រោះអ្នកគាំទ្រជាកីឡាករទី១២»៕