គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ដៃគូ​ឧបត្ថម្ភ AIA នឹង​បន្ត​រៀបចំ​ព្រឹត្តិការណ៍​រត់​ប្រណាំង AIA Pink Run ជា​លើក​ទី​២ ប្រចាំ​ឆ្នាំ​២០២៤ ដែល​គ្រោង​​ធ្វើ​នៅ​មុខ​សួនច្បារ​វត្តបទុមវតី នា​ថ្ងៃទី១៣ ខែ​តុលា ហើយ​​គណៈកម្មការរៀបចំ បាន​ដាក់​ក្តី​រំពឹង​ថា នៅ​ឆ្នាំ​នេះ អាច​នឹង​មាន​អ្នក​ចូលរួម​ពី​៣​ពាន់​ទៅ​៤ពាន់​នាក់។

តាម​ខ្លឹមសារ ដែល​ត្រូវ​បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ NOCC កាល​ពី​ថ្ងៃទី​៥ ខែ​កញ្ញា បាន​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​រត់​ប្រណាំង AIA Pink Run ឆ្នាំ​២០២៤​នេះ បាន​បន្ថែម​នូវគោលដៅ​ថ្មី​មួយ​ទៀត គឺ​ការ​អបអរសាទរ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​គម្រោង​ «ព្រែកជីក​ហ្វូណន​តេជោ» កាល​ពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤​នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង​ថា៖ «គោលដៅ​នៃ​ព្រឹត្តិការណ៍ AIA Pink Run ឆ្នាំ​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេជោ ដែល​ជា​ព្រែកជីក​មួយ​មាន​គុណ​តម្លៃ​ខ្ពស់​សម្រាប់​សេដ្ឋកិច្ច និង​ប្រទេស​ជាតិ ត​ទៅ​ជំនាន់​ក្រោយៗ​ទៀត ដោយ​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ផង ជួយ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង ព្រម​ទាំង​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ​ឆ្ពោះ​ទៅ​សម្រេច​នូវ​ចក្ខុវិស័យ​របស់​កម្ពុជានា​ឆ្នាំ​២០៣០ និង​ឆ្នាំ២០៥០»។

លោក​បាន​បន្ថែម​ថា ក្រៅពី​ការ​បន្ថែម​នូវ​គោល​ដៅ​ថ្មីនេះ NOCC និង​ដៃគូ​សហការ នៅ​តែ​យក​ព្រឹត្តិការណ៍​ AIA Pink Run នេះ ដោយ​ផ្តោត​សំខាន់​ទៅលើ​​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​ និង​ទប់​ស្កាត់​ជំងឺ​មហារីក​សុដន់ និង​រត់​ដើម្បី​សប្បុរសធម៌ ហេតុ​នេះ​ថវិកា​ទទួល​បាន​ពី​រាល់​ការ​ចុះឈ្មោះ នឹង​ត្រូវ​បរិច្ចាគ​១​ដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តី​សង្ឃឹម​ ដែល​ជា​មន្ទីរពេទ្យ​មួយ​ជំនាញ​ទាំង​ការ​ពិនិត្យ និង​ព្យាបាល​សុខភាព​ស្រ្តី​រួម​ទាំង​ជំងឺ​មហារីក​សុដន់។

ចំពោះ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​​ជំងឺ​មហារីក​សុដន​នេះ អ្នក​​ស្រី ខៀវ វរៈច័ន្ទ ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន AIA បាន​​ឱ្យ​​ដឹង​ថា AIA បាន​ចាប់​ផ្តើមធ្វើ​​តាំងពី​ឆ្នាំ​២០១៧ ដោយ​ឆ្នាំ​ដំបូង មាន​អ្នក​ស្រ្តី​មក​ពិនិត្យ​ជា​បឋម​ប្រមាណ​ ១០០​នាក់​ទេ តែ​ឆ្នាំ​បន្ត​បន្ទាប់​នេះ ចំនួន​អ្នក​មក​ពិនិត្យ មានការ​កកើន​ឡើង​ច្រើន ចំណែក​ឆ្នាំ​២០២៣​កន្លងមក​នេះ មាន​អ្នក​មក​ពិនិត្យ​រក​ជំងឺ​មហារីកសុដន់​​​ជាង​៣​ពាន់​នាក់ រីឯ​ឆ្នាំ​២០២៤​នេះ AIA បាន​ដាក់​គោលដៅ​ពិនិត្យ​ឱ្យ​បាន​​៥ពាន់​នាក់។

អ្នក​ស្រី​បាន​ថ្លែង​ថា៖ ​«ចំពោះ​យុទ្ធនាការ​លើក​កម្ពស់​ជំងឺ​មហារីក​សុដន់​នៅ​ឆ្នាំ​នេះ​ យើង​រំពឹង​ថា ​នឹង​​​ផ្តល់​នូវ​ការ​ពិនិត្យស្វែង​រក​ជំងឺមហារីក​សុដន់​​ជា​បឋម​ទៅ​ដល់​ប្រជាជន ពិសេស​បងប្អូន​ស្រ្តី​យើង​ឱ្យ​បាន​​ចំនួន​​៥ពាន់​នាក់ ហើយ​កិច្ច​ការ​នេះ យើង​បាន​សហការ​ជាមួយ​មន្ទីរពេទ្យ Inter Care ដោយពួកគាត់​នឹង​ផ្តល់​ជូន​នូវសេវា​ពិនិត្យ​ជា​បឋម​នេះ​តាម​ទី​តាំង​ជាង​២០ នៅទីក្រុង​ភ្នំពេញ និង​ទីតាំង​នៅតាម​ខេត្ត​មួយចំនួន​ទៀត»។ 

អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​បញ្ជ្រាប​ការ​យល់​ដឹង​ពី​មហារីក​សុដន់​នេះ​ឱ្យ​បានកាន់តែ​ខ្លាំង ទៅដល់​​ប្រជាជន​របស់​យើង ជាពិសេស​ស្រ្តី​ ព្រមទាំង​កៀរគរ​​បងប្អូន​ក៏​ដូច​ជា​សមាជិក​គ្រួសារនីមួយៗ ក្នុងការ​ជំរុញ​ឱ្យ​ស្រ្តី​របស់​យើង​យក​ចិត្តទុក​ដាក់​លើ​សុខភាព​របស់​ខ្លួន»។

ជាមួយគ្នា​នេះ អ្នក​​ស្រី ខៀវ វរៈច័ន្ទ បាន​ចាត់​ទុក​ការ​រៀបចំ​ព្រឹត្តិការណ៍ AIA Pink Run ជា​លើក​ទី​២ នៅ​ឆ្នាំ​នេះ ជាផ្នែក​មួយ​យ៉ាងសំខាន់ ក្នុងជួយ​ជំរុញ​ «យុទ្ធនាការ​លើក​កម្ពស់ជំងឺមហារីកសុដន់» ឱ្យបាន​កាន់តែ​ទូលំទូលាយ ហើយនៅ​ក្នុង​ព្រឹត្តិការណ៍នេះ​ដែរ AIA នឹង​រៀបចំ​ឱ្យ​មាន​ក្រុម​ការងារ​ដើម្បី​ពិភាក្សា និង​ជជែក​ពី​ជំងឺ​មហា​សុដន់ ព្រម​ទាំង​ធ្វើ​តេស្ត​បឋម​ដោយ​ឥត​គិត​ថ្លៃ​​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ទី​១៣ ខែ​តុលា ឆ្នាំ​២០២៤ នៅ​ឧទ្យាន​វត្ត​បទុម​វត្តី។ ហេតុ​នេះអ្នក​​ស្រី​បាន​លើកទឹក​ចិត្ត​ឱ្យ​​ស្ត្រី​ចូល​រួម និង​ពិភាក្សា​​សុខភាព ​ដែល​ផ្តោត​លើ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​​ដើម្បី​ទប់​ស្កាត់​ឱ្យ​​ទាន់​ពេល​វេលា។

អ្នក​​ស្រី ខៀវ វរៈច័ន្ទ បានបញ្ជាក់​ថា៖ «​ការ​រៀបចំ AIA Pink Run នៅ​ឆ្នាំ​នេះ យើង​សង្ឃឹម​ថា នឹង​ទទួល​បានការគាំ​ទ្រ​យ៉ាង​ច្រើនពីមហាជន ហើយ​ការ​ចូល​រួម​ក្នុង​​ព្រឹត្តិការណ៍នេះ​គឺ​ជា​ការ​បង្ហាញ​ទៅមហាជនទាំង​មូល​ទៅលើ​ការគាំ​ទ្រ​​យុទ្ធនាការ​លើក​កម្ពស់ជំងឺមហារីកសុដន់ ក៏ដូចជាអបអរសាទរ​ការ​បើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោ ព្រមទាំង​លើក​កម្ពស់​សុខភាពឱ្យ​បាន​ល្អ​ផងដែរ»។

ចំពោះ​ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run 2024 នាថ្ងៃទី១៣ ខែតុលាខាងមុខ​នេះ​មាន​៣វិញ្ញាសា រួមមានរត់ចម្ងាយ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ២,៥គីឡូម៉ែត្រ។ បច្ចុប្បន្នព្រឹត្តិការណ៍នេះ មានអ្នកចុះឈ្មោះបាន​ប្រមាណ​២ពាន់នាក់ហើយ ចំណែក​គណៈកម្មការរៀបចំ បានដាក់គោលដៅអ្នកចូលរួមចន្លោះពី​៣ពាន់ ទៅ៤ពាន់នាក់។ ហេតុ​នេះ​លោក វ៉ាត់ ចំរើន  បានអំពាវនាវ​ឱ្យ​ប្រជាពល​រដ្ឋ​កម្ពុជា មកចុះ​ឈ្មោះ​ចូលរួមឱ្យបានទាន់ពេល​វេលា ដើម្បី​រួមគ្នា​លើក​កម្ពស់​ការ​យល់​ដឹងជំងឺមហារីក​សុដន់ និងអបអរសាទរ​ការ​បើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោទាំងអស់​គ្នា៕