កីឡាករ​ជើង​ខ្លាំង សុខ ធី ហៅ កាកា បាន​ប្រកាស​មិនយក​តម្លៃ​ខ្លួន និង​ប្រាក់​រង្វាន់​ ដែល​រូប​គេ​ត្រូវ​ទទួល​បាន​ពីការ​​ប្រកួត​​ប្រដាល់ Ganzberg Idol Kun Khmer របស់​សង្វៀន​បាយ័ន កាលពី​យប់​ថ្ងៃអាទិត្យ​នោះ​ទេ ហើយការ​ប្រកាស​បែបនេះ​ក៏ព្រោះ​តែ សុខ ធី មិន​ពេញ​ចិត្ត​ទៅនឹង​ការ​កាត់សេចក្តី​របស់​ចៅ​ក្រម ដែល​បានសម្រេច​ឱ្យ​រូប​គេ ចាញ់ពិន្ទុ​កីឡាករ ពុធ សំបូរ នៅ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ធ្វើ​ឱ្យ​បាត់​បង់ឱកាស​ឡើង​ទៅ​ដណ្តើម​យក​ឡានខ្លាញ់គោ នៅវគ្គ​ផ្តាច់​ព្រ័ត្រ។

សម្រាប់​ការ​ប្រកួតជម្រុះ​ស្វែង​រក​បេក្ខភាព ​ឡើង​ទៅ​ប្រកួតដណ្តើមយក​​ឡាន​ខ្លាញ់គោ ដែលធ្វើ​នៅ​ខេត្ត​បាត់ដំបង កាលពី​យប់​ថ្ងៃអាទិត្យនោះ សុខ ធី បាន​ផ្តួល​កីឡាករ មាស ណាឃីម ឱ្យ​សន្លប់​នៅ​ក្នុងទឹក​ទី​២ បន្ទាប់ពី​ជើង​ខ្លាំង​រូប​នេះ បាន​ទាត់ និង​ម៉ាត់​ទៅលើ ណាឃីម ឡើង​វក់វី ហើយ​ត្រូវបានអាជ្ញាកណ្តាល​រាប់​​នៅទឹក​ទី​១ ចំនួន​២​លើក និង​ដើម​ទឹក​ទី​២​ ចំនួន​១​លើក រួច​ក៏​ធ្វើការ​បញ្ឈប់ នៅចុង​ទឹកទី​២នេះ​តែម្តង។

ការ​ផ្តួល មាស ណាឃីម ឱ្យ​សន្លប់ ក្នុង​​ការ​ប្រកួត​ជម្រុះ​វគ្គ​៨នាក់ដំបូង​នេះ បានជួយ​ឱ្យ សុខ ធី ឡើងទៅជួប​កីឡាករ​បាន​កម្ពស់ ពុធ សំបូរ ដែល​បាន​ទាត់​ឆ្វេង​ចូលពោះ​ពេញ​ទំហឹង បណ្តាល​ឱ្យ​អ្នក​ប្រយុទ្ធ សាន់ គុនខ្មែរ ចុក​ឆ្អល់​ និងបោះបង់ការ​ប្រកួត នៅ​​ត្រឹមពាក់​កណ្តាល​ទឹក​ទី​១។

សម្រាប់​ការ​ឡើង​ទៅជួប ពុធ សំបូរ នៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ គឺ​អ្នកគាំ​ទ្រ​ភាគ​ច្រើន បាន​ផ្តល់​ទំនុក​ចិត្ត​ទៅ​ឱ្យ សុខ ធី ច្រើន​ជាង ព្រោះ​មានបច្ចេក​ទេស​ល្អ និងបានប្រកួតញឹកញាប់ ខុសពី​ ពុធ សំបូរ ដែល​ខកខាន​ឡើង​សង្វៀន​ចូល​៣ខែ​ទៅ​ហើយ។ ប៉ុន្តែ​ជាក់​ស្តែង​នៅ​ក្រោយការ​ប្រកួត​៣​ទឹក​ពេញ​បានបញ្ចប់ គឺ សុខ ធី ត្រូវបាន​ចៅ​ក្រោមទាំង​៥​​នាក់ សម្រេច​ឱ្យ​ចាញ់​ ពុធ សំបូរ ដោយពិន្ទុ​មិនឯកច្ឆន្ទ ៤-១។

សុខ ធី ​មិន​ពេញ​ចិត្ត ចំពោះ​ការ​កាត់​សេចក្តី​នេះ​ទេ ដោយ​​រូបគេបាន​ដើរចុះពីលើ​សង្វៀន ​និងមិនបាន​ឡើង​ទៅ​​ទទួល​យក​ប្រាក់​រង្វាន់​​ចំនួន​៤លាន​រៀលដោយ​ផ្ទាល់ នៅ​ក្រោយ​ការ​ប្រកួត​នោះ​ទេ គឺ​លោក ភុំ សារ៉ាយ ជាអ្នក​ឡើង​យកជំនួស ព្រោះ ​សុខ ធី បានចាត់​ទុក​ ការ​កាត់សេចក្តីឱ្យ​ចាញ់​ ពុធ សំបូរ ​នេះ ជារឿង​មិនសម​ហេតុផល និង​មិន​បានផ្តល់​​យុត្តិធម៌​ដល់​រូប​គេ​​ឡើយ។ 

បន្ថែម​លើ​​នេះ សុខ ធី កាលពី​ម៉ោង ១១:២៥ ថ្ងៃ​ចន្ទ​នេះ បាន​បង្ហោះ​សារ​មួយ​ទៀត ដោយ​មិន​ព្រម​យក​ប្រាក់តម្លៃ​ខ្លួន និង​ប្រាក់​រង្វាន់​ពីការ​ប្រកួត​នេះ​ទេ។ សុខ ធី ​បាន​សរសេរ​បង្ហោះនៅលើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​បែប​នេះ​ថា៖ «កីឡាសម្រាប់ខ្ញុំ ត្រូវវ៉ៃឈ្នះ​គឺឈ្នះត្រូវ ហើយ​ចាញ់​គឺចាញ់ តម្លៃខ្លួន និង​ប្រាក់​រង្វាន់​របស់​ខ្ញុំ ខ្ញុំ​មិន​យក​ទេ។ ឱ្យ​ពួកគេ​យក​ទៅ​ចែក​គ្នា​ទៅ ខ្ញុំ​វ៉ៃ​ឱ្យ​ហ្វ្រី (មិន​គិត​ថ្លៃ)»។

ចំណែក លោក ឡោ សំណាង ជា​គ្រូ​បង្វឹក សុខ ធី ក៏​មើល​ឃើញ​ថា សិស្ស​របស់លោក សម​ជាអ្នក​ឈ្នះ​ដែរ ប៉ុន្តែ​ចៅ​ក្រម​បែរ​ជាសម្រេច​ឱ្យ​រូបគេ​ចាញ់ពិន្ទុ​ទៅ​វិញ ហើយ​លោក​​បាន​បន្ទោស​ទៅ​ដល់​ចៅ​ក្រម ដែល​មិនចេះ​ធ្វើ​ការងារលើការ​កាត់សេចក្តី​នេះ។

លោក​​និយាយ​ក្រោយការ​ប្រកួត​ថា៖ ​«វាអយុត្តិធម៌ណាស់! មិន​ប្រកាសឱ្យក្រហម (ពុធ សំបូរ) ឈ្នះ​តែម្តង​ទៀត ចាំបាច់​​ឱ្យ សុខ ធី ឡើង​វ៉ៃ​ធ្វើអី! ឱ្យ​គាត់​ឈឺចាប់​ធ្វើអី...តាមបទពិសោធន៍​ដែល​ខ្ញុំ​មាន គឺ​ សុខ ធី ជាអ្នក​ឈ្នះ»។

យ៉ាង​ណា​ក៏​ដោយ នេះ​គ្រាន់តែ​ការ​តវ៉ា និងប្រតិកម្ម​ក្រៅ​សង្វៀន​របស់ភាគី​របស់ សុខ ធី ប៉ុណ្ណោះ ប៉ុន្តែ​លទ្ធផល​ផ្លូវការ​បានសម្រេច​រួច​ហើយ គឺ​ឱ្យ​ ពុធ សំបូរ ជាអ្នក​ឈ្នះ ដើម្បី​ឡើង​ទៅ​ប្រកួតផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​ឡាន​ជាមួយ​អ្នក​ប្រដាល់​វ័យក្មេង ហុង សុវណ្ណចាន់សុធី ដែល​បាន​​បុក​កែងបណ្តាល​​ឱ្យ ផន លីហួរ ​ដួល​សន្លប់​នៅ​​ទឹកទី​១ ក្នុង​វគ្គជម្រុះ​ដំបូង និង​បន្ត​ម៉ាត់​ឱ្យ ឡុង ជិន សន្លប់​នៅ​ទឹក​ទី​១ ក្នុង​​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ ខណៈ ឡុង ជិន ជាអ្នក​ទម្លាក់​ជើង​ខ្លាំង​មានរហស្សនាម «ស្តេចតុកកែ» ធន់ វណ្ណា នៅវគ្គជម្រុះ​៨នាក់​ដំបូង គឺ​យក​ឈ្នះដោយ​ពិន្ទុឯកច្ឆន្ទ ៥-០៕