គណៈកម្មការចំពោះកិច្ច រៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» បានចាប់ផ្តើមរៀបចំវគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ ជាលើកទី១ ដោយបានជ្រើសរើសយកគ្រូបង្វឹកចំនួន៧០នាក់ មកបណ្តុះបណ្តាលសមត្ថភាពបន្ថែមជាមួយគ្រូជំនាញឆ្នើមៗក្នុងស្រុក នៅសាលាកីឡាគុណធម៌ រាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី២ ឆ្នាំ២០២៥នេះ ឱ្យកាន់តែមានគុណភាពខ្ពស់។
លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការចំពោះកិច្ច បានថ្លែងក្នុងពិធីបើកវគ្គថា សិក្ខាសាលាមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែមករានេះ ត្រូវបានរៀបចំឡើង ក្រោយទទួលបានការអនុញ្ញាត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសគ្រូបង្វឹកមកពីគ្រប់យុទ្ធគុនខ្មែរបុរាណទូទាំងប្រទេស សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នាថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា។
បានបញ្ជាក់ថា៖ «នៅក្នុងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី ក្នុងការពង្រឹងសមត្ថភាព និងគុណភាពរបស់យុទ្ធគុនខ្មែររបស់យើង គឺដើម្បីអនាគតយុទ្ធគុនព្រលឹងជាតិរបស់យើង អ៊ីចឹងអ្នកជំនាញរបស់យើងខិតខំប្រឹងប្រែងធ្វើការងារ ដោយមានការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យស្របទៅនឹងឆន្ទៈ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចបវរធិបតី ឱ្យចេញជាលទ្ធផលជាក់ស្តែង»។
ចំពោះវគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១នេះ គឺផ្ដោតឱ្យគ្រូបង្វឹកទាំង៧០នាក់ ចេះពីទ្រឹស្ដីកីឡា និងការរៀបចំផែនការហ្វឹកហាត់ត្រឹមត្រូវ ពិសេសការហ្វឹកហាត់បច្ចេកទេស និងរបៀបរៀបចំកម្លាំងកាយរបស់កីឡាករ ត្រូវមានភាពធន់ ច្បាស់លាស់ និងបរិបូរណ៍ សម្រាប់ការប្រកួត ក៏ដូចជាត្រូវចេះពីបច្ចេកទេសមូលដ្ឋានច្បាស់លាស់ និងបច្ចេកទេសផ្សេងៗទៀត ជាមួយគ្រូបង្វឹកល្អៗប្រចាំប្រទេស ដូចជាលោកបណ្ឌិត សេង ប៊ុនសុង, លោក អ៊ួ តារា, លោក ចាន់ រតនា, លោក ហ៊ុន ចាន់រាជ និងលោក កាង ដែនពិសិដ្ឋ ជាដើម។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានឱ្យដឹងថា គ្រូឧទ្ទេសខាងលើនេះ ជាគ្រូបង្វឹកមានជំនាញខុសៗគ្នា មានជំនាញខាងប្រយុទ្ធឈរ ប្រយុទ្ធបោក ប្រយុទ្ធលើកម្រាល និងប្រយុទ្ធទាប អ៊ីចឹងគ្រូទាំងអស់ បានរៀបចំកិច្ចតែងការដើម្បីបង្រៀនដល់សិក្ខាកាមជាគ្រូគុនចម្រុះរបស់យើង ទាំងទ្រឹស្តី និងការបង្ហាត់ផ្ទាល់ ហើយក្រៅពីបច្ចេកទេស ក្រមសីលធម៌ និងផែនការហ្វឹកហាត់ យើងក៏នឹងបង្ហាញពីបទបញ្ជាប្រកួត និងបទបញ្ជាបច្ចេកទេសហាមឃាត់មួយចំនួនដល់ពួកគាត់ផងដែរ។
លោកបញ្ជាក់ថា៖ «ចាប់ពីពេលនេះទៅ យើងធ្វើឱ្យគ្រូរបស់យើង ស្គាល់ពីតួនាទីភារកិច្ច និងមានគុណភាពក្នុងការបង្ហាត់ឱ្យទទួលបានលទ្ធផលល្អ ព្រមទាំងឱ្យពួកគាត់ទទួលបាននូវចំណេះដឹងច្បាស់លាស់អំពីរបៀបរបបនៃការប្រកួត ការដាក់ពិន្ទុ ដើម្បីកាត់បន្ថយនូវជម្លោះ និងការតវ៉ាផ្សេងៗ នៅក្នុងការប្រកួត ដើម្បីបង្កើននូវទំនុកចិត្ត និងមានយុត្តិធម៌ត្រឹមត្រូវ ហើយការរៀបចំដែលមានយុត្តិធម៌ និងត្រឹមត្រូវ លុះត្រាតែមានការយល់ពីបទបញ្ជាការប្រកួតទាំងអស់គ្នា»។
«នេះជាគំរូមួយ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី គឺត្រូវធ្វើការអភិវឌ្ឍធនធានមនុស្សឱ្យមានចីរភាព និងស្ថិរភាពឱ្យបានយូរអង្វែង អ៊ីចឹងសង្ឃឹមថា ក្រោយបញ្ចប់វគ្គនេះ ក្រុមគ្រូបង្វឹកគុនចម្រុះរបស់យើង នឹងមានការទទួលស្គាល់ច្បាស់លាស់ និងទទួលបានបុព្វសិទ្ធិក្នុងការដឹកនាំកីឡាយុទ្ធគុននេះបន្តទៅមុខទៀត»។ លោក វ៉ាត់ ចំរើន បានបន្ថែម។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកផ្នែកកីឡា ផងនោះ បានបង្ហើបថា សម្រាប់វគ្គបណ្តុះបណ្តាល និងវគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ នៅឆ្នាំក្រោយ គណៈកម្មការចំពោះកិច្ច រៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» នឹងនាំយកអ្នកជំនាញ និងគ្រូបង្វឹកល្បីៗ នៅក្រៅប្រទេស មកចែករំលែកចំណេះជំនាញ និងបទពិសោធន៍ដល់គ្រូបង្វឹកគុនចម្រុះកម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖«ជាចក្ខុវិស័យរបស់អ្នកជំនាញរបស់យើង គឺនៅឆ្នាំក្រោយៗទៀត យើងនឹងមានអ្នកជំនាញ និងគ្រូឧទ្ទេស ដែលមានភាពល្បីល្បាញនៅក្រៅប្រទេសខាង MMA, ONE FC និង UFC ជាដើម មកបង្ហាត់បង្រៀន និងផ្តល់ចំណេះដឹងទំនើបថ្មីៗដល់ក្រុមគ្រូបង្វឹក និងមន្រ្តីបច្ចេកទេសរបស់យើង គឺធ្វើយ៉ាងណា យើងត្រូវបង្កើនសមត្ថភាពមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែជឿនលឿន និងល្អប្រសើរ តាមឱ្យទាន់នូវរបត់ និងបរិយាកាសកីឡាប្រយុទ្ធនៅក្រៅប្រទេស»៕