ត្រឹម​ជាអ្នក​លេង​បាល់​ទាត់ដើម្បី​សុខភាព និងបាយឆ្ងាញ់ ​តែ​អ្នកជំនាញ​ផ្នែកព័ត៌មាន​វិទ្យា (IT) លោក សៀន ច័ន្ទរតនា ​ហ៊ាន​យក​ប្រាក់​ខែ​របស់​ខ្លួន ទៅ​បង្កើត​ក្លិប​ហ្វុតសាល និង​កសាង​ទី​លាន​​ផ្ទាល់​ខ្លួន ដោយរំពឹង​ថា ការ​លះបង់របស់​លោក នឹង​ជួយ​ឱ្យ​យុវជនជំនាន់​ក្រោយ អាច​អភិវឌ្ឍ​សមត្ថ​ភាព​បាន​ល្អ​ប្រសើរ ដើម្បី​ប្រកួត​ប្រជែងតំណាង​ឱ្យជាតិ បាន​ស្មើមុខស្មើមាត់ជាមួយ​ប្រទេសជិតខាង។

ធ្លាប់ជា​ក្មេងលេង​បាល់​ទាត់​តាមតារាងចាក់​ក្រួស​ក្រហម និងចាក់សាប តាំងពីរៀននៅ​ថ្នាក់​ទី៧មក​​​នោះ លោក សៀន ច័ន្ទរតនា បាន​យល់​យ៉ាង​​ច្បាស់​ពីស្ថាន​ភាពលេង​បាល់​ទាត់​ហ្វុត​សាល​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​ កំពុង​ជាប់គាំង ព្រោះ​​មាន​ក្លិប​ធំៗមួយចំនួនបាន​បិទទ្វារជា​បន្ត​បន្ទាប់គ្នា ព្រោះ​ក្ស័យ​ធន់។

ប៉ុន្តែអ្នកជំនាញ​ផ្នែក​ IT​រូបនេះ មិនបានបង្ហាញ​ភាពស្ទាក់​ស្ទើរ ក្នុងការ​បណ្តាក់​ទុន​ ដើម្បី​បើក​ក្លិប Lucky Futsal និងសាងសង់​​ទី​លាន​ផ្ទាល់​ខ្លួនឈ្មោះ ឬទ្ធីចេស្តាអារីណា (Rithy Jesda Arena) ស្ថិត​នៅ​ផ្លូវ ២៨ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែន​សុខនោះ​ទេ ព្រោះ​នេះជា​ក្តី​ស្រមៃ​ ដែល​​លោក ច័ន្ទរតនា ​​ចង់​ប្រែ​ក្លាយ​វិស័យហ្វុត​សាល​កម្ពុជា នៅ​ក្នុង​គ្រាលំបាក​នេះ ទៅជា​ការ​បង្កើតឱកាស ​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាពដល់​​យុវជន​បន្ត​វេន។

នៅ​ក្នុងបទសម្ភាសជាមួយ​ភ្នំពេញ​ប៉ុស្តិ៍ លោក សៀន ច័ន្ទរតនា បាន​និយាយ​ថា៖ «​ការ​លេង​បាល់​នៅពេលទំនេរ ​វាជា​ក្តី​សុខ​របស់​យើង។ បើ​ទោះបីជា​ពេល​នោះ យើង​លេង​នៅលើ​ដី លើ​ក្រួស​​ក្រហម និងតារាង​ក្រាល​ថ្ម ដែលងាយនឹង​មាន​របួស ឬបញ្ហា​ផ្សេងៗ ប៉ុន្តែ​វាជាចំណុច​​ធ្វើ​ឱ្យ​ខ្ញុំ​មានការ​ដក់​​ចិត្តក្នុង​ការ​​លេង​ហ្វុតសាល និង​ឈាន​ដល់ការ​បង្កើត​ឱ្យមាន​ក្លិបនៅពេលនេះ»។

លោក​​បន្ថែម​ថា៖ «ខ្ញុំបើក​ក្លិប​ដោយក្តីស្រលាញ់ និងចង់​អភិវឌ្ឍ​វិស័យនេះ​មួយ​កម្រិត​ទៀត ដើម្បី​ជួយ​ឱ្យ​យុវជន​មានឱកាស​បានហ្វឹកហាត់ និង​បានប្រកួត ជាពិសេស​ខ្ញុំចង់បន្សល់ទុក​រូបភាព​ហ្នឹង​ទៅឱ្យកូន​របស់​ខ្ញុំ សម្រាប់​ចូល​រួមជួយ​សង្គម  ព្រោះ​ពេលនេះ​ខ្ញុំ​មានអាយុ​រា​ងជ្រេ​ដែរ​ហើយ មិនអាច​លេង​ហ្វុតសាល​បាន​យូរទៀតទេ»។

អស់​រយៈពេល​ជិត​​១​ឆ្នាំ​ហើយ ដែល​ក្លិប Lucky Futsal ត្រូវ​បាន​បង្កើត​ឡើង ហើយ​នេះក៏ជា​ក្លិប​ហ្វុតសាលពាក់កណ្តាល​អាជីព​​នៅ​កម្ពុជា​ដំបូង​គេ ដែលមានរៀបចំ​រចនាសម្ព័ន្ធគ្រប់​គ្រង​​​ត្រឹម​ត្រូវ ដោយ​មានទាំង​​គ្រូ​បង្គោល គ្រូជំនួយ ជំនួយ​ការ​ពេទ្យ និងក្រុមការងារ​មួយចំនួន​ទៀត ជាពិសេសកីឡាករ​ក្រុម​ធំ​របស់​​ក្លិបនេះ គឺ​ភាគ​ច្រើនជា​កីឡាករ​ជម្រើសជាតិ ហើយ​ក្លិប​ក៏​មាន​បង្កើត​ជា​​ក្រុម​យុវជនថ្នាល សម្រាប់បន្តវេនផងដែរ។

នៅក្នុងដំណើរ​ការ​គ្រប់​គ្រង​ក្លិប Lucky Futsal នេះ លោក សៀន ច័ន្ទរតនា ​បាន​ផ្តល់​ជា​ថវិកាប្រចាំខែដល់​ក្រុម​គ្រូ​បង្វឹក និង​កីឡាករ  គឺ​គ្រូ​បង្វឹក និងក្រុម​ការងារ​ អាច​ទទួល​បាន​​ចន្លោះ​ពី​១០០​ទៅ​១៥០ដុល្លារ រីឯកីឡាករក្រុម​ធំ បាន​​ចន្លោះពី​៦០​ទៅ​១០០​ដុល្លារ ចំណែក​ក្រុម​យុវជន មាន​ផ្តល់​ជា​ការ​ហ្វឹកហាត់​ និង​ថវិកា​ឧបត្ថម្ភ​មួយចំនួន​ដែរ​។

គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​ក្នុងសាល​កម្ពុជា លោក នៃ ប៊ុនសុភ័ត្រា ​បានអបអរជាមួយសមាជិក​​ក្រុម Lucky FC ក្រោយ​លោកដឹកនាំ​ក្រុម​នេះ​ឱ្យ​ឈ្នះ​ពាន​ Rithy Jesda Pre Season Cup 2024។ រូប​ថត Lucky Futsal Club

ចំពោះ​ការ​ចំណាយជាប្រចាំ​ខែ​នេះ លោក ច័ន្ទរតនា បានបង្ហើប​ថា  ជាលុយ​ប្រាក់​ខែ​​ផ្ទាល់​​ខ្លួន​របស់​​លោក និង​ថវិកា​​ដែល​លោក​ប្រមូល​បានពី​ស្ពនស័រ​ ហើយ​លុយ​ដែល​ផ្តល់​​ឱ្យ​​នេះ មិនមែនជា​ប្រាក់​ខែ​អ្វីទេ តែ​​ជា​ការ​ចចារ​ និងកិច្ចសន្យា​ព្រមព្រៀងគ្នាក្នុង​កម្រិត​មួយ​​មិន​​ច្រើន​ឡើយ គឺ​វាគ្រាន់តែ​អាច​ដោះស្រាយ​បញ្ហា​សម្រាប់ពួកគាត់បាន​មួយចំនួន ប៉ុន្តែ​គ្រប់​គ្នា ​បាន​​យកឆន្ទៈ និង​​បេះដូង​មក​ចូលរួមជាមួយ​ក្លិប Lucky Futsal តែម្តង។

លោក សៀន ច័ន្ទរតនា ​និយាយ​ថា៖ «កីឡាមួយនេះ បើ​អត់​មាន​យុវជន មិនអាច​ទៅ​មុខ​បានទេ អ៊ីចឹង​បច្ចុប្បន្ន​យើង​មាន​ក្រុម​ធំ តែអនាគតវែង​ឆ្ងាយ ​យើងត្រូវមាន​ក្រុម​យុវជន ដែល​មាន​គុណ​ភាពសម្រាប់​បន្ត​វេន ហើយ​ទាំងកីឡាករ ​និងគ្រូ​បង្វឹក គឺ​ពួកគាត់បាន​មកចូលរួម​ជាមួយ​យើងដោយបេះដូង​ និងក្តីស្រលាញ់»។

លោក​បញ្ជាក់ថា៖ «ពួកគាត់បាន​លះបង់ពេលវេលា​ផ្ទាល់ខ្លួនពីការ​មមាញឹក ​ឆ្លៀតមក​លេង​កីឡា ហើយ​បើ​គ្មាន​ឆន្ទៈ និងក្តីស្រលាញ់ ពួកគាត់​មិនអាច​លេង​កីឡា​នេះ​បាន​ទេ ហើយ​ក៏មិនអាច​មក​ចូលរួម​ជាមួយ​ក្លិប Lucky Futsal បាន​នោះ​ដែរ ព្រោះ​អ្វី​ដែល​យើង​បាន​ផ្តល់ឱ្យ​ពួកគាត់ វាមិនច្រើន​ទេ»។

សកម្ម​ភាព​ប្រកួត​របស់​ក្រុម​យុវជន​ក្លិប Lucky Futsal (ពណ៌ខៀវ) ក្នុង​ពានរង្វាន់បាល់ទាត់ក្នុងសាលឬទ្ធីចេស្តាអាយុក្រោម 20ឆ្នាំ។ រូប​ថត Lucky Futsal Club

ចំពោះ​ផែនការ​អភិវឌ្ឍ​ហ្វុតសាល​ក្នុង​រយៈពេលវែង​ឆ្ងាយ នៅ​ក្នុង​ក្លិប Lucky Futsal នេះ លោក សៀន ច័ន្ទរតនា តែងតែ​ខ្នះខ្នែង​រៀបចំ​​ឱ្យមានការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ទាំង​សម្រាប់​ក្រុម​ធំ និង​ក្រុម​យុវជន នៅ​​​ Rithy Jesda Arena ដោយបាន​កៀរគរ​ក្រុមជា​ច្រើន​ទៀត ឱ្យមក​ប្រកួតប្រជែងជាមួយគ្នា ហើយក្រុម Lucky Futsal ក៏​បាន​ចូលរួម​ប្រកួត​ដណ្តើម​ពាន​ ដែល​រៀបចំ​ដោយ​វិស័យឯកជន ​និង​ប្រកួត​មិត្ត​ភាពផ្សេងៗ​ទៀត​ផងដែរ ដើម្បី​ពង្រឹង​គុណ​ភាពកម្រិត​លេងរបស់​ខ្លួនឱ្យកាន់​តែ​ប្រសើរ។​​

យ៉ាង​​ណាក៏​ដោយ សម្រាប់ការ​រៀបចំ​ការ​ប្រកួត​ហ្វុតសាល នៅ​ Rithy Jesda Arena នេះ លោក សៀន ច័ន្ទរតនា បាន​ត្អូញ​ត្អែរ​ថា មានការពិបាក​ក្នុងការ​រៀបចំ និង​ដំណើរ​ទៅមុខ​ទៀត ព្រោះ​​ពិបាក​រកដៃគូឧបត្ថម្ភ ប៉ុន្តែ​លោកនៅតែមិន​បោះបង់ ព្រោះ​បើ​មានតែ​ការ​ហ្វឹកហាត់ តែអត់មានការ​ប្រកួត​ប្រជែង ក៏មិនអាច​អភិវឌ្ឍសមត្ថ​ភាព​កីឡាករ​បាន​ល្អ​ដូចគ្នា។

លោកបញ្ជាក់​ថា៖ «មូល​ដ្ឋាន​គ្រឹះ​ហ្វុតសាល គឺទប់ ពិត ប៉ះ​ ពាំង  ​និងស៊ុត ហើយ​របៀបលេង​ទាំង​អស់នេះ វាទាមទារ​ឱ្យមានការ​ហ្វឹក​ហាត់​ត្រឹម​ត្រូវ និងមានការ​ប្រកួតប្រជែងជាប្រចាំ ដើម្បី​បន្ថែម​នូវ​បទពិសោធន៍ថ្មីៗ​​ដល់កីឡាករ ព្រោះ​ខ្ញុំចង់​អភិវឌ្ឍ​ហ្វុតសាលនេះ​ឱ្យ​ឈាន​ដល់​កម្រិត​ថ្នាក់ជាតិ​ និង​ថ្នាក់តំបន់ ដើម្បី​យើងអាច​​​ប្រកួត​ប្រជែង​ជាមួយ​ប្រទេសជិតខាង​ ដោយមានគុណភាព​ទាំង​​កីឡាករ​ និង​កម្រិត​​ក្លិប»​។

តែទោះបីជា​យ៉ាងណា ​លោក សៀន ច័ន្ទរតនា ដែល​ធ្លាប់​បាន​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត AFC Futsal Asian 2024 នៅប្រទេសអ៊ូសបេគីស្ថាននោះ បាន​មើល​ឃើញ​ថា គុណ​ភាព​លេង​របស់​ក្រុមជម្រើសជាតិហ្វុតសាល​កម្ពុជា នៅមានគម្លាតឆ្ងាយ​ពីក្រុម​ខ្លាំងៗនៅ​អាស៊ី ជាពិសេស​ក្រុម​​អ៊ីរ៉ង់ ដែល​ធ្លាប់​ឈ្នះ​តំណែង​ជើងឯក​ច្រើនជាង​គេ ព្រោះ​សូម្បី​ប្រទេស​ថៃ ដែលជា​ក្រុម​ខ្លាំង​នៅអាស៊ាន ក៏បាន​ត្រឹម​លេខ​២ដែរ។ 

សកម្ម​ភាព​ប្រកួត​របស់​ក្រុម​យុវជន​ក្លិប Lucky Futsal (ពណ៌ខៀវ) ក្នុង​ពានរង្វាន់បាល់ទាត់ក្នុងសាលឬទ្ធីចេស្តាអាយុក្រោម 20ឆ្នាំ។ រូប​ថត Lucky Futsal Club

លោក​បានបញ្ជាក់ថា៖​ «ជា​ទស្សនៈ​ផ្ទាល់​ខ្លួន ​ខ្ញុំគិត​ថា ​វិស័យហ្វុតសាលនេះ យើង​ទើបតែ​ចាប់​ផ្តើម​ទេ ហើយបើ​ចង់​ឱ្យក្រុម​ហ្វុតសាល​យើង​ មានកម្រិតខ្លាំងដូចគេ គឺ​មានការពិបាកបន្តិច និង​ត្រូវចំណាយ​ពេល​ច្រើន​ទៀត ក្នុងការ​អភិវឌ្ឍ​ហ្វុតសាល​យើង ព្រោះគុណ​ភាព​លេង​របស់​កីឡាករគេ បាន​ឈាន​ដល់​កម្រិត​​​អាជីពទៅ​ហើយ​ ចំណែក​​យើង មាន​ត្រឹមពាក់កណ្តាលអាជីព អ៊ីចឹង​យើងនៅមានកត្តា​ច្រើន ដែល​យើងត្រូវ​សិក្សា​បន្ត​ទៀត​»។

ជាមួយបញ្ហា​ទាំ​ងនេះ លោក សៀន ច័ន្ទរតនា បានទទូច​សុំ​ឱ្យ​គ្រប់​ភាគីពាក់ព័ន្ធ និង​ម្ចាស់​ឧបត្ថម្ភ គួរតែ​មានការ​រួមគ្នា ដើម្បី​ជួយ​ជ្រោម​ជ្រែង​ទៅលើ​វិស័យ​ហ្វុតសាល​កម្ពុជា គឺ​មិនអាច​ពឹង​តែ​លើនរណា​ម្នាក់​បាន​នោះ​ទេ ហើយម្យ៉ាង​ទៀត ការ​ជួយ​អភិវឌ្ឍ​​បច្ចេកទេស​លេង​ហ្វុតសាល ក៏​ជាមូល​ដ្ឋាន​គ្រឹះ​ដ៏សំខាន់ ក្នុងការ​បណ្តុះ​បាន​ធនធាន​កីឡាករ ​​សម្រាប់​លេង​តារាងធំ​ដូចគ្នា។

លោក​បញ្ជាក់ថា៖​ «ដូច​បាន​ឃើញ​ហើយ​ថា មួយ​រយៈ​ចុងក្រោយ​នេះ ក្លិបហ្វុតសាល​មួយចំនួន​បាន​បិទជា​បន្តបន្ទាប់ ដោយសារ​តែខ្វះ​ធនធានហរិញ្ញវត្ថុ និងខ្វះ​ដៃគូ​សហការ​ ចំណែក​ខ្ញុំវិញ​ក៏​ដូច​​គ្នា បើ​សិនទៅថ្ងៃ​មុខ ​ខ្ញុំ​លែង​មាន​លទ្ធភាព​ក្នុងការ​ចំណាយ​ គឺ​ខ្ញុំ​នឹង​ប្រឈម​បញ្ហា​ហ្នឹង​ដូចគ្នា អ៊ីចឹង​ខ្ញុំសូមអំពាវនាវ​ឱ្យមានការ​ចូលរួម​ជួយគ្នា​បន្តិច​បន្តួច​ទៅ ទើប​វិស័យ​ហ្វុតសាល​របស់​យើងអាចអភិវឌ្ឍ និង​​ដើរ​ទៅមុខទៀត​បាន»។

ចំណែក​លោក​ នៃ ប៊ុនសុភ័ត្រា គ្រូ​បង្គោល​ក្រុម Lucky Futsal និងជា​គ្រូ​ជម្រើសជាតិ​ក្នុងសាល​កម្ពុជា បានអះអាង​ថា ក្លិប Lucky Futsal មាន​ផែន​ការ និង​រចនាសម្ព័ន្ធ​គ្រប់​គ្រង​ត្រឹម​ត្រូវ ទាំង​ពី​ថ្នាក់ដឹកនាំ គ្រូ​បង្វឹក រហូតដល់​កីឡាករ គឺ​គ្រប់កីឡាករ សុទ្ធតែ​មានការ​ចុះ​កិច្ចសន្យា​ត្រឹម​ត្រូវ និង​ផ្តល់​ជា​ប្រាក់​ខែក្នុងចំនួនមួយ ហើយ​កិច្ចសន្យា​នេះ បាន​ធ្វើ​ឱ្យ​កីឡាករ​ទាំងអស់ កាន់​តែ​​ទំនុក​ចិត្តខ្លាំង​ក្នុងការ​ហ្វឹកហាត់ និងប្រកួត ព្រោះនៅពេលមានរបួស ឬ​បញ្ហា​អ្វី​មួយ ក្លិប​ជាអ្នក​រ៉ាប់​រងដល់ពួកគេ។

​លោក នៃ ប៊ុនសុភ័ត្រា ​និយាយ​ថា៖ «ទោះក្លិប Lucky Futsal មិនទាន់​ឈាន​ដល់កម្រិត​អាជីព​ តែ​​ក្លិប​មាន​​រចនា​សម្ព័ន្ធ​ត្រឹម​ត្រូវ និងមានការគោល​ដៅ​ច្បាស់​លាស់ គឺ​យើង​ចង់​ឱ្យ​ហ្វុតសាល​របស់យើង​ឈាន​ទៅមួយ​កម្រិត​ទៀត។ យើង​មាន​ផែន​ការ​អភិវឌ្ឍ​​ទាំង​ទៅលើ​​​ក្រុម​​ឈុត​ធំ និង​​ក្រុម​​យុវជន ហើយការ​ផ្តល់ជា​ប្រាក់​ខែ ជាមួយ​នឹងការចុះ​កិច្ចសន្យាត្រឹម​ត្រូវ ​ដល់​កីឡាករ វាជាចំណុច​ចាប់​ផ្តើម​ដ៏​ល្អ​មួយ ក្នុង​ការ​ឈាន​ទៅ​កម្រិតស្តង់​ដា ព្រោះ​វា​ធ្វើ​ឱ្យកីឡាករ​មានទំនុក​ចិត្តកាន់តែ​ខ្លាំង ក្នុងការ​ចាប់​យក​អាជីព​នេះ»។ 

លោក​បន្ថែម​ថា៖ «​បើ​សិនជា​ក្លិប​ហ្វុតសាល​ផ្សេង​ទៀត អាច​ធ្វើបាន​​បែប​ហ្នឹង​ដែរ គឺ​ទៅ​ថ្ងៃ​អនាគត យើង​នឹងមាន​ក្លិប​ហ្វុតសាល​អាជីព ហើយ​ពេល​នោះ យើងក៏​​នឹង​មាន​ធន​ធាន​កីឡាករ​មានសមត្ថភាព សម្រាប់ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​បាន​ដែរ​ ខណៈ​បច្ចុប្បន្ន​ កម្រិត​ហ្វុត​សាល​​យើង នៅមិនទាន់​អាច​ប្រៀប​ធៀប​ជាមួយ​គេ​បានទេ ព្រោះ​យើង​ទើប​ចាប់​ផ្តើម​បានប៉ុន្មាន​ឆ្នាំទេ ​អ៊ីចឹង​យើងត្រូវរៀបចំ​ផែន​ការ​អភិវឌ្ឍឱ្យ​បាន​​ច្បាស់លាស់ ទាំងការ​វិនិយោគ​របស់​ក្លិបមួយៗ និងស្ពនស័រ​ធំៗ ដើម្បី​រុញ​ឱ្យ​វិស័យហ្វុតសាល​យើង មានការកើន​ឡើង​ពីមួយ​កម្រិតទៅ​មួយកម្រិត​ទៀត»៕