ការទទួល​បានឱកាស​បង្ហាញ​ខ្លួន ក្នុងជម្រើស១១​នាក់ដំបូង​សារឡើង​វិញ​របស់ ចាន់ វឌ្ឍនាកា កំពុងស្ថិត​នៅ​ក្នុង​ភាព​មន្ទិលជា​ថ្មី បន្ទាប់ពី​ខ្សែ​ប្រយុទ្ធ​ធ្លាប់មាន​ឈ្មោះបោះសំឡេងខ្លាំង​​​រូប​នេះ បាន​បង្ហាញអាការៈ​ឈឺចុក​ចាប់​នៅផ្នែក​ជង្គង់ខាង​ឆ្វេង ហើយ​ត្រូវ​បាន​ប្តូរ​ចេញ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៨ ឆ្នាំ​២០២៥ កាលពី​ថ្ងៃពុធ។

សម្រាប់ការ​ប្រកួត​កាលពីម្សិលមិញ​នោះ ​ខ្សែ​ប្រយុទ្ធពាក់ស្លាក​ប្រធានក្រុម ចាន់ វិឌ្ឍនាកា ជា​អ្នក​រក​បាន​គ្រាប់បាល់​ទី​២ ដើម្បី​ជួយ​​ឱ្យក្រុមបឹងកេត យក​ឈ្នះ​​ក្រុម​ម្ចាស់​ផ្ទះ​មន្ទីរអយក​ខេត្ត​កំពង់ចាម ​ដោយ​លទ្ធផល ៨-១ ប៉ុន្តែ​គ្រាប់​គ្នា​​មានការ​រំជួល​ចិត្ត នៅពេលឃើញ​​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​​ព្យាយាម​អូស​បាល់​​រំលង​កីឡាករ​របស់​ក្រុម​ខេត្ត​កំពង់ចាម ហើយក៏​ដួល​តែម្នាក់ឯង ដោយ​បង្ហាញ​អាការៈ​ឈឺចាប់​ខ្លាំង​​នោះ។

ម្ចាស់​អាវលេខ​១១ ចាន់ វឌ្ឍនាកា បានបង្ហាញ​អាការៈ​ឈឺចាប់​នៅ​ផ្នែក​ជង្គង់​ខាង​ឆ្វេង ហើយ​ក្រោយការត្រួតពិនិត្យ​របស់​គ្រូ​ពេទ្យ​ប្រចាំ​ក្លិប​បឹងកេត គឺសម្រេច​ប្តូរ វឌ្ឍនាកា ចេញនៅនាទីទី៤០។ ​

ហេតុការណ៍នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​ បង្ហាញការ​ព្រួយ​បារម្ភ ព្រោះ​ខ្លាច​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ត្រូវ​អវត្តមាន​ពី​ទីលាន​ប្រកួតដោយបញ្ហា​របួស​ម្តង​ទៀត។​

ជុំវិញក្តីបារម្ភនេះ ចាន់ វឌ្ឍនាកា បានបង្ហោះសារ​នៅលើ​ផេច​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន កាលពីព្រលប់​ថ្ងៃពុធ​នោះ​ថា៖ «អរគុណ ពុកម៉ែ បងប្អូន អុំពូមីងយាយតា នៅការបារម្ភ និង​ជូនពរមកកាន់រូបខ្ញុំ ក្រោយមានការដួលនៅក្នុងទីលាន នៅការ​ប្រកួតល្ងាចម៉ិញ។ ស្ថានភាពខ្ញុំពេលនេះ គឺស្ថិតនៅក្រោមការតាមដាន និង​រង់ចាំថតស្គេន (MRI) នៅថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍នេះ) អរគុណគ្រប់គ្នាដែលបារម្ភ និងជូនពរមកកាន់ខ្ញុំ»។

ចំណែក​លោក Conor Nestor គ្រូ​បង្គោល​ក្រុម​បឹងកេត ក៏​កំពុងតែព្រួយបារម្ភខ្លាំងពីស្ថានភាពរបួសជង្គង់របស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ផងដែរ។

គ្រូពេទ្យ​ប្រចាំ​ក្លិប​បឹងកេត បានពិនិត្យ​មើល​ពី​ស្ថានភាពរបួស​របស់ ចាន់ វឌ្ឍនាកា រួច​ក៏បាន​សម្រេច​ប្តូរ​ចេញ នៅ​នាទីទី​៤០។ រូប​ថត បឹងកេត

លោកបាន​និយាយ​ក្រោយការ​ប្រកួត​ថា៖ «ពួកយើងកំពុងតែរង់ចាំលទ្ធផលពីការថតស្កេន។ ឥទ្បួវនេះយើងមិនអាចនិយាយចំណុចអ្វីមួយឱ្យបានជាក់លាក់ទាល់តែសោះ ចំពោះស្ថានភាពរបួស ឬក៏ពេលវេលាជាសះស្បើយរបស់គាត់»។

លោក​បាន​បន្ថែម​ថា៖ «ជាការពិតណាស់! វាមើលទៅកំពុងតែស្ថិតក្នុងស្ថានភាពមិនល្អ ហើយយើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគាត់ ប៉ុន្តែពេលនេះ យើងមិនអាចនិយាយអ្វីបានទាំងអស់ រហូតដល់ទទួលបានលទ្ធផល ពីការថតសស្កេន»។

គិត​ដល់​ត្រឹម​ម៉ោង​២រសៀល ថ្ងៃ​ព្រហស្បតិ៍នេះ ក្លិបបាល់​ទាត់បឹងកេត នៅមិនទាន់​បាន​​បង្ហាញពី​ការ​វិវឌ្ឍចុង​ក្រោយ​នៃ​របួស​របស់ ចាន់ វឌ្ឍនាកា នៅឡើយ​ទេ  ស្របពេល​ដែល​អតីត​ខ្សែ​ប្រយុទ្ធក្រុមជម្រើសជាតិ​កម្ពុជា​រូបនេះ ក៏ទើប​ទទួលបានឱកាស​បង្ហាញ​វត្តមាន​នៅលើ​ទីលាន​បានពេញ​លេញ​​វិញ​ផងដែរ បន្ទាប់ពី​រូបគេមាន​របួសដាច់សរសៃជង្គង់ខាង​ស្តាំ (ACL) កាលពី​ឆ្នាំ​២០២២។

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា បានពាក់ស្លាក​ជា​ប្រធាន​ក្រុម​របស់បឹង​កេត ពេល​ប្រកួត​ជាមួយក្រុម​​ខេត្តកំពុងចាម ពីថ្ងៃពុធ ហើយក៏ជាពេល​ដែល​រូបគេ​មានរបួសជង្គង់ខាង​ឆ្វេង​ផង​ដែរ។ រូប​ថត FFC

ខ្សែប្រយុទ្ធបឹងកេត ចាន់ វឌ្ឍនាកា បានរងរបួសដាច់សរសៃជង្គង់ខាងស្តាំ ក្នុងជំនួបជាមួយ​ក្រុម​វិសាខា ក្នុងការ​ប្រកួត​ពានរង្វាន់ Prince Beer Pre-season Cup នៅ​កីឡដ្ឋាន​ព្រីនស៍ កាល​ពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ តែ​រូបគេ​វះកាត់​ទទួល​បានជោគ​ជ័យ ហើយ​បានវិល​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​ជា​ផ្លូវការ​វិញ ក្នុងពេល​ក្រុមបឹងកេត បាន​យក​ឈ្នះក្រុម​កងយោធពលខេមរភូមិន្ទ ៤-៣ នៃ​ការ​ប្រកួត​​ពានរង្វាន់​ខេម​បូ​ឌាន​លីគ​ខាប់ (Cambodian League Cup) ឆ្នាំ កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៣។ 

មានន័យ​ថា ចាន់ វឌ្ឍនាកា បានចំណាយ​ពេល​​១​ឆ្នាំ ១ខែ និង​៨​ថ្ងៃ ដើម្បី​ព្យាបាលរបួសដាច់សរសៃជង្គង់ស្តាំ​របស់​ខ្លួនឱ្យបានជាសះស្បើយ​១០០​ភាគ​រយវិញ ហើយពេលនេះ​ វឌ្ឍនាកា មាន​បញ្ហាជង្គង់​ឆ្វេង​វិញម្តង ដែល​កំពុង​រង់ចាំ​ការថត​ស្កេតពិនិត្យ​មើល​ពី​គ្រូ​ពេទ្យជំនាញ ដើម្បី​បានដឹង​ឱ្យប្រាកដ​ពីស្ថាន​ភាព​របួសលើក​នេះ៕