កីឡាការិនីអាយុក្រោម១៦ឆ្នាំចំនួន១២នាក់ ដែល៤នាក់កំពុងសិក្សារៀនសូត្រ នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) មានមូលដ្ឋាននៅរាជធានីភ្នំពេញ និង៨នាក់ទៀត មកពីអង្គការ BFT (Build your Future Today) មានមូលដ្ឋាននៅខេត្តសៀមរាប ត្រូវបានអង្គការ HFCA ជ្រើសរើសដើម្បីឱ្យទៅចូលរួមការប្រកួតលីគបាល់ទាត់បាងកក ឬ Bangkok Soccer League (BSL ) ដែលនឹងធ្វើនៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។
នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៦ ខែកមរានេះ លោក Paraic Grogan ស្ថាបនិកអង្គការ Happy Football Cambodia Australia (HFCA) បានឱ្យដឹងថា នេះជាលើកដំបូងហើយ ដែល HFCA បានបញ្ជូនក្រុមកីឡាការិនីបាល់ទាត់កម្ពុជា ទៅចូលរួមការប្រកួត Bangkok Soccer League ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០០៥មួយនេះ។
លោក Paraic បានបន្ថែមថា ការប្រកួត BSL លើកទី២០ ឆ្នាំ២០២៥នេះ មានក្រុមបាល់ទាត់អាយុចន្លោះពីក្រោម១០ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួន៤០ក្រុមបានចូលរួម ដែលភាគច្រើនជាក្រុមយុវជនរបស់ម្ចាស់ផ្ទះថៃ រួមទាំងក្រុមមកពីហ្វីលីពីន សិង្ហបុរី វៀតណាម ម៉ាឡេស៊ី និងក្រុមនារីរបស់អង្គការ HFCA តំណាងឱ្យកម្ពុជា ដែលប្រកួតក្នុងក្រុមអាយុក្រោម១៦ឆ្នាំ។
លោកបញ្ជាក់ថា៖ «នេះជាការប្រកួតអន្តរជាតិ ដែលមានក្រុមខ្លាំងៗចូលរួមច្រើន ហេតុនេះក្រុមកីឡាការិនីរបស់យើង អាចមានការពិបាកដណ្តើមបានលទ្ធផលល្អ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការផ្តល់ឱកាសឱ្យពួកគេបានស្គាល់ និងបានប្រកួតនៅក្រៅប្រទេស ដើម្បីនាំយកបទពិសោធន៍ល្អៗត្រឡប់មកវិញ។ យើងសង្ឃឹមថា ពួកគេនឹងក្លាយជាគំរូមួយ ដែលជំរុញដល់កុមារីកម្ពុជាដទៃទៀតឱ្យលេងបាល់ទាត់»។
សិស្សថ្នាក់ទី៩ នៅសាលា Neeson Cripps Academy របស់អង្គការ CCF ចន្ធី សុខាពេជ្រ ដែលបានហាត់បាល់ទាត់ជាមួយ HFCA បានចាត់ទុកការចេញទៅប្រកួតនៅថៃនេះ ជាឱកាសដ៏មានតម្លៃបំផុតសម្រាប់ខ្លួនឯង និងគ្រួសារ។
«នៅក្នុងគ្រួសាររបស់ខ្ញុំ មិនទាន់មាននរណាបានចេញទៅក្រៅប្រទេសទេ អ៊ីចឹងពួកគាត់ មានមោទនភាពចំពោះខ្ញុំ ដែលមានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសជាលើកដំបូងនេះ»។
កីឡាការិនីវ័យ១៥ឆ្នាំរូបនេះ បានបន្ថែមថា៖ «ខ្ញុំពិតជារីករាយណាស់ ដែលបានលេងជាមួយក្រុមតំណាងមកពីប្រទេសផ្សេងៗក្នុងការប្រកួតនៅថៃខាងមុខនេះ ដោយមិនប្រាកដថា យើងអន់ គេខ្លាំងនោះទេ គឺសំខាន់យើងមានការតាំងចិត្ត និងព្យាយាមលេងជាក្រុម ដោយយកសាមគ្គីភាពជាធំ ដើម្បីបង្ហាញពីសមត្ថភាពយើង នៅលើទីលាន»។
ចំណែកកីឡាការិនី ភាព សុផាឡែន ដែលធ្លាប់ទៅប្រកួតបាល់ទាត់នៅប្រទេសសិង្ហបុរី នោះ បាននិយាយថា៖ «ចំពោះបទពិសោធន៍ប្រកួតលើកដំបូង នៅសិង្ហបុរី ធ្វើឱ្យខ្ញុំមានការយល់ដឹងបានច្រើនដែរពីការលេងបាល់ទាត់ ហើយខ្ញុំនឹងយកបទពិសោធន៍ទាំងនោះ ទៅអនុវត្តបន្ថែមទៀត សម្រាប់ការប្រកួតនៅប្រទេសថៃ ដើម្បីអភិវឌ្ឍសមត្ថភាពក្រុមរបស់យើងឱ្យកាន់តែល្អប្រសើរ សម្រាប់ទទួលបានជោគជ័យ ក្នុងឆ្នាំថ្មីនេះ»។
ជាមួយគ្នានេះអ្នកស្រី សុខ ចាន់នឿន ប្រធានគ្រប់គ្រងប្រចាំប្រទេស នៃអង្គការមូលនិធិកុមារកម្ពុជា បានចាត់ទុកការលេងកីឡាបាល់ទាត់ ជាទម្រង់មួយផ្សេងទៀតនៃការរៀនសូត្ររបស់សិស្ស ព្រោះនៅក្នុងកីឡា ក៏មានក្បួនច្បាប់ និងវិន័យ ដែលធ្វើឱ្យពួកគេចេះធ្វើការងារជាក្រុម និងរៀនគ្រប់គ្រងអារម្មណ៍ពេលប្រកួតឈ្នះ ឬចាញ់ ហើយនេះជាមូលហេតុដែល CCF បានសហការជាមួយ HFCA ដើម្បីបង្កើតឱ្យមានកម្មវិធីហ្វឹកហាត់ និងលេងបាល់ទាត់ដល់សិស្សានុសិស្សរបស់ CCF តាំងពីឆ្នាំ២០០៩មក។
អ្នកស្រីបញ្ជាក់ថា៖ «កីឡាបានបង្ហាត់បង្រៀនពីអត្តចរិត និងការប្រកាន់ខ្ជាប់នូវវិន័យផ្ទាល់ខ្លួន ក៏ដូចជាការតម្រង់ទិសឱ្យសិស្សរបស់យើង ឆ្ពោះទៅរកជីវិតពិត។ ចំណែកការធ្វើដំណើរទៅក្រៅប្រទេស នឹងពង្រីកទស្សនៈពួកគេកាន់តែធំទូលាយ ដើម្បីបានស្វែងយល់ពិភពលោកនៅខាងក្រៅ ថាមានអ្វីខ្លះ? ហើយពេលប្រកួតប្អូនៗ នឹងមានឱកាសបានរៀនសូត្របន្ថែមទៀតពីបច្ចេកទេស និងរបៀបលេងបាល់ទាត់ ដើម្បីទុកជាបទពិសោធន៍ សម្រាប់អភិវឌ្ឍសមត្ថភាពទៅមុខទៀត»។
ដោយឡែកលោក Doron Shahar ស្ថាបនិកកម្មវិធីប្រកួតបាល់ទាត់ BSL នៅទីក្រុងបាងកក ប្រទេសថៃ បានអះអាងថា វត្តមានក្រុមបាល់ទាត់នារីរបស់អង្គការ HFCA បានឆ្លុះបញ្ចាំងពីស្មារតីនៃការប្រកួតបាល់ទាត់នារី ដែលលើសពីការប្រកួតអបអរកីឡាបាល់ទាត់ មិត្ត ភាព និងភាពសប្បាយរីករាយទៅទៀត ហើយនៅពេលដែលក្រុមមកពីទូទាំងអាស៊ីអាគ្នេយ៍ និងប្រទេសថៃ មកជួបជុំគ្នា ធ្វើឱ្យយើងនឹកឃើញដល់កីឡាជាថាមពលនៃការបង្រួបបង្រួម ដែលបង្កើតនូវអនុស្សាវរីយ៍ និងទំនាក់ទំនងយូរអង្វែង។
តាមរយៈ HFCA លោក Doron Shahar បានបញ្ជាក់ថា៖ «យើងសង្ឃឹមថា អង្គការ HFCA មានភាពសប្បាយរីករាយមិនមែនត្រឹមតែការប្រកួតប៉ុណ្ណោះទេ ថែមទាំងទំនាក់ទំនងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ផងដែរ តាមរយៈកម្មវិធីនេះ។ យើងពិតជាចង់ឃើញអ្នកមានភាពលេចធ្លោនៅលើទីលានប្រកួតខ្លាំងណាស់!»៕