អ្នកប្រដាល់ជើងខ្លាំងលំដាប់លេខ១របស់កម្ពុជា ធឿន ធារ៉ា បានចេញមុខមកទទួលកំហុស ចំពោះការធ្វើឱ្យខកខានការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ ក្នុងព្រឹត្តិការណ៍ Ganzberg រាជសីហ៍គុនខ្មែរ (Kun Khmer Tournment) ដែលនឹងត្រូវធ្វើឡើងនៅទីតាំង OCIC នាថ្ងៃទី៧ ខែមករា ខាងមុខនេះ។
តាមគម្រោង ដែលបានរៀបចំរួចហើយនោះ ធឿន ធារ៉ា នឹងត្រូវឆាប់ឆ្នោតប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ ទម្ងន់៧២គីឡូក្រាម ជាមួយជើងខ្លាំងមកពីបរទេសចំនួន៣នាក់ទៀត រួមមានកីឡាករថៃ ថាណាន់ឆៃ ស៊ីតសងភីណង (Thananchai Sitsongpeenong) កីឡាករមកពីប្រទេសបេឡារុស ប៉ាវែល ហ្រ្គីសានណូវិច(Pavel Grishanovich) និងអ្នកប្រដាល់របស់បារាំង អូម៉ា សាំ (Omar Samb)។
ប៉ុន្តែការចំណាយពេលជាច្រើនខែ ដើម្បីរៀបចំឱ្យមានការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់នេះឡើង ត្រូវបានលប់ចោលវិញដ៏គួរឱ្យសោកស្តាយ ហើយចំពោះបញ្ហានេះ អ្នកគាំទ្រប្រដាល់ភាគច្រើន បានទម្លាក់ការទទួលខុសត្រូវទៅលើ ធឿន ធារ៉ា ដែលមានការធ្វេសប្រហែស និងបណ្តោយខ្លួនឯងឱ្យមានរបួស នៅក្នុងការប្រកួតបាល់ទាត់មិត្តភាពទៅវិញ ខណៈមុននេះ ធារ៉ា ក៏ត្រូវបានអ្នកគាំទ្ររិះគន់ ទៅលើសកម្មភាពដើរថតស្ពតពាណិជ្ជកម្ម ដែលមិនសូវខ្វល់ខ្ជាយទៅលើការហ្វឹកហាត់ពង្រឹងសមត្ថភាពផងដែរ។
សម្រាប់ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមផ្ការីកគ្រប់រដូវ និងក្រុម អ.ម.ត ខេត្តកំពត កាលពីថ្ងៃទី២១ ខែធ្នូនេះ ធឿន ធារ៉ា បានប៉ះទង្គិចគ្នាដួល បណ្តាលឱ្យមានរបួសជើងខាងស្តាំ និងត្រូវបានប្តូរចេញ នៅនាទីទី៨៨ ហើយរបួសនេះ មិនបានជាសះស្បើយទាន់ពេល សម្រាប់ការប្រកួតនៅថ្ងៃទី៧ ខែមករានេះទេ។
យ៉ាងណាក៏ដោយ ចំពោះការរិះគន់ ជុំវិញការបណ្តោយខ្លួនឱ្យមានរបួស ធ្វើឱ្យអាក់ខានដល់ការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ នៅថ្ងៃទី៧ ខែមករា ខាងមុខនេះ ធឿន ធារ៉ា បានចេញមុខមកទទួលកំហុស ដោយបានបង្ហាញការសុំទោសចំពោះអ្នករៀបចំកម្មវិធីប្រកួត ថ្នាក់ដឹកនាំ និងមហាជនជាអ្នកគាំទ្រទូទាំងប្រទេស ហើយ ធារ៉ា បានសន្យាថា រូបគេនឹងមិនបណ្តោយឱ្យរឿងបែបនេះ កើតមានទៀតនោះទេ។
ធឿន ធារ៉ា បានសរសេរបង្ហោះនៅលើផេចហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃពុធថា៖ «ខ្ញុំពិតជាសុំទោសយ៉ាងខ្លាំងមែនទែន ចំពោះការអាក់ខានមិនបានប្រកួតសម្រាប់ថ្ងៃ ៧ មករាខាងមុខនេះ ខ្ញុំបាទគ្មានពាក្យអីនិយាយកែខ្លួនទេ ព្រោះគ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ដែលប្រមាថមិនចេះប្រុងប្រយ័ត្ន»។
ជើងខ្លាំងមានរហស្សនាម «អ្នកលេងពូថៅដៃ» ធឿន ធារ៉ា បានបន្ថែមថា៖ «សុំទោសពុកម៉ែបងប្អូន អ្នកគាំទ្រទាំងអស់ទូទាំងប្រទេស សុំទោសសម្ដេចពុក សុំទោសមេធំ សុំទោសមេ Tommy។ ខ្ញុំ ធឿន ធារ៉ា សុំពេលសម្រាកព្យាបាលរបួសមួយរយ: បន្ទាប់ពីនេះ ខ្ញុំនឹងមិនធ្វើឱ្យពុកម៉ែបងប្អូនខកបំណងទៀតឡើយ»។
បន្ទាប់ពីការប្រកាសដកខ្លួនចេញរបស់ ធឿន ធារ៉ា នេះ ស្ថានីយទូរទស្សន៍ ដែលជាអ្នករៀបចំព្រឹត្តិការណ៍ប្រកួត Ganzberg រាជសីហ៍គុនខ្មែរ នាថ្ងៃទី៧ ខែមករា ខាងមុខនេះ បានសម្រេចកែប្រែការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ប្រភេទទម្ងន់ ៧២គីឡូក្រាមនេះ មកជាការប្រកួតមិត្តភាពវិញ ដោយដាក់ឱ្យកីឡាករថៃ Thananchai Sitsongpeenong ប្រកួតជាមួយអ្នកប្រដាល់ Omar Samb រួមជាមួយការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ ទម្ងន់៦៥គីឡូក្រាម និងការប្រកួតមិត្តភាពអន្តរជាតិ ជាច្រើនគូទៀត។
ចំណែកលោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ដែលជាស្វាមីលោកស្រី ជួប មាន អគ្គយិកាក្រុមហ៊ុន ថោន គ្រុប ក៏បានសុំការអធ្យាស្រ័យ ចំពោះភាពរអាក់រអួលនៃការរៀបចំកម្មវិធីប្រកួតប្រដាល់គុនខ្មែរ នាថ្ងៃទី៧ ខែមករានេះដែរ ប៉ុន្តែលោកនៅតែសុំចិត្ត អ្នកគាំទ្រ កុំបន្តរិះគន់ដល់ ធឿន ធារ៉ា រួមទាំងតារាកំប្លែង នាយពែកមី ដែលជាអ្នកបបួល ធឿន ធារ៉ា ឱ្យទៅប្រកួតបាល់ទាត់មិត្តភាព កាលពីថ្ងៃទី២១ ខែធ្នូនោះ ហើយបង្កឱ្យមានរឿងរ៉ាវបែបនេះកើតឡើង។
លោក វ៉ា សុធា បានសរសេរបង្ហោះ នៅលើផេចហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១ ខែមករា ថា៖ «សូមអ្នកគាំទ្រមេត្តាកុំខឹង ធឿន ធារ៉ា និងនាយពែកមីអី ព្រោះនេះជាការប្រកួតបាល់ទាត់ ដើម្បីប្រមូលមូនិធិសប្បុរសធម៌ទេ មិនមែនទាត់លេងឡើយ ហើយវាជាឧបទ្ទវហេតុទេ។ យើងនៅមានឪកាសក្រោយទៀត កុំបំបាក់ទឹកចិត្តគ្នា ហើយ ធារ៉ា ក៏មានការសោកស្តាយដែរ ខ្ញុំបាទតំណាងឱ្យស្ថានីយ៍ទូរទស្សន៍ថោន សុំអភ័យទោសសម្តេចពុកផងដែរ ដែលកម្មវិធីមានការរអាក់រអួលបែបនេះ»៕