ទោះ​​លែងមាន​តួនាទីអ្វី នៅ​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា ប៉ុន្តែ​វីរបុរស​បាល់​ទាត់​របស់ប្រទេស​ជប៉ុន លោក Keisuke Honda ​នៅតែ​ចងចាំ​មិន​ភ្លេច​ពី​ក្តីសុបិនរបស់​លោក ដែល​ចង់​ឃើញ​កម្ពុជា អាច​បាន​ទៅ​លេង​នៅ​ World Cup ​តែ​​លោក​បាន​សុំ​ឱ្យគ្រប់​ភាគី​ពាក់ព័ន្ធ បន្ត​គាំទ្រ​​ដល់​ការអភិវឌ្ឍ​យុវជន​ថ្នាល​ឱ្យបាន​ខ្លាំង​ថែម​ទៀត ដើម្បី​ឈាន​ទៅសម្រេច​បំណង​នេះ នៅពេលណាមួយ។

អតីត​អ្នកចាត់ការ​ទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានលើក​ឡើងបែបនេះ នៅពេលលោក​​វិលត្រឡប់មក​កាន់ទឹក​ដីកម្ពុជាជាថ្មី ដើម្បី​ចូលរួម​រៀបចំ​ការ​ប្រកួតពានរង្វាន់ 𝟒𝐯𝟒 សម្រាប់កុមារកម្ពុជា​អាយុក្រោម១០ឆ្នាំ (4x4 Cambodia Cup) នៅទី​លាន​វិទ្យាល័យ​ព្រះសីសុវត្ថិ កាលពីថ្ងៃអាទិត្យ ដោយព្រឹត្តិការណ៍នេះ មាន៣២​ក្រុមចូលរួម ហើយបែង​ចែកការ​ប្រកួតជា​៨ពូល។

លោក Honda បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​បាល់​ទាត់ទម្រង់ 4x4 សម្រាប់កុមារ​នេះ​ ត្រូវបាន​បង្កើតឡើង​នៅប្រទេស​ជប៉ុន​ ចូល២​ឆ្នាំមក​​ហើយ ហើយ​ទើប​តែ​បានពង្រីក​កម្មវិធី​ប្រកួតនេះ មក​កាន់​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ាន និងអាស៊ី ដើម្បី​បណ្តុះ​ថ្នាក់​ថ្នាល​បាល់​ទាត់​ទៅ​ថ្ងៃអនាគត។​​

លោក Honda ​បាន​បង្ហាញ​ភាព​រីក​រាយខ្លាំង ដែលបាន​នាំ​យក​កម្មវិធីនេះ មក​រៀបចំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ឱកាស​ឱ្យ​យុវជន​កម្ពុជា បានបង្ហាញ​សមត្ថភាព និងទេពកោសល្យ​ ដែល​ខ្លួន​មាន តាម​ទម្រង់​លេងបាល់​​បែប​ទំនើប​​មួយ។

បុរស​ដែលបានបញ្ចប់កិច្ចសន្យាពីតួនាទីជា​អ្នក​ចាត់ការ​ទូទៅក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ដើម​ឆ្នាំ​២០២៣ លោក Honda បានដាក់​ក្តី​សង្ឃឹម​ថា តាម​រយៈ​ការ​ប្រកួត 4x4 នេះ យុវជនកម្ពុជា​​ ​នឹង​អាច​បំពេញ​ក្ដី​ស្រមៃ​របស់ខ្លួន​ គឺ​បើគ្រប់គ្នាមិនបោះបង់ នឹងអាចក្លាយជា​កីឡាករ​ជម្រើសជាតិ ​ប្រកប​ដោយគុណ​ភាព​នា​ថ្ងៃអនាគត ហើយ​វា​ក៏ជាពេល​ដែល​អាច​ជួយ​ឱ្យ​កម្ពុជា ឈាន​ទៅលេង​នៅ World Cup ផងដែរ។

លោក Keisuke Honda បាន​និយាយ​បែប​ថា៖ «ពួកគេនឹងក្លាយជាកីឡាករជម្រើសជាតិកម្ពុជានាពេលអនាគត ហើយពួកគេនឹងធ្វើឱ្យអ្នករីករាយ ដូច្នេះសូមបន្តគាំទ្រពួកគេបន្ត​ទៅមុខ​ទៀត ដោយ​ខ្ញុំសង្ឃឹមថា ក្រុមជម្រើសជាតិកម្ពុជា នឹងកា​ន់តែខ្លាំងជាងមុន និងអាចលេង 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 នាពេលអនាគត វាគឺជាសុបិន្តរបស់ខ្ញុំ»។

លោក Keisuke Honda ពេល​និយាយ​ទៅ​កាន់​ក្រុម​កីឡាករ នៅក្នុងពិធី​បិទការ​ប្រកួត 4x4 Cambodia Cup កាលពី​ថ្ងៃអាទិត្យ។ រូប​ថត PEAK Sports

តាម​រយៈការ​ប្រកួត 4x4 Cambodia Cup ពេញមួយថ្ងៃ នៅទីលាន​វិទ្យាល័យព្រះសីសុវត្ថិ កាលពី​ថ្ងៃអាទិត្យ​នោះ ក្រុមកុមារ​អាយុ​ក្រោម​១០​ឆ្នាំ​​របស់សៀមរាបយូណាយធីត បានក្លាយជា​ម្ចាស់​ជើងឯក​យ៉ាងរំភើបបំផុត ​ក្រោយ​​យក​ឈ្នះក្រុម ​Young Dragon ១-០ ដោយការ​ទាត់បាល់​ប៉េណាល់​ទីកាត់សេចក្តី បន្ទាប់ពី​ក្រុមទាំង​២​នេះ បានស្មើ​គ្នា ៤-៤ ក្នុងការ​ប្រកួតត្រឹម​១០នាទី។

ការ​​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាងក្រុម​សៀម​រាបយូណាយធីត (ពណ៌ខ្មៅ) ជាមួយក្រុម​ Young Dragon នៅ​ទីលានវិទ្យាល័យ​ព្រះសីសុវត្ថិ ក្នុងពាន 4x4 Cambodia Cup។ រូប PEAK Sports

ចំណែក​ក្រុមផ្កា​រីក​គ្រប់រដូវ  ​​បាន​យក​ឈ្នះក្រុម​យុវជន​ភ្នំពេញក្រោន ដោយ​លទ្ធផល ១-០ ក្នុងការ​ទាត់បាល់​ប៉េណាល់​ទី​កាត់សេចក្តីដូចគ្នា ក្រោយស្មើ​គ្នា ៤-៤ ដើម្បី​ទទួលបានចំណាត់​ថ្នាក់លេខ​៣ ខណៈការ​ប្រកួត 4x4 Cambodia Cup ដែល​មានការ​ផ្សាយ​ផ្ទាល់​តាម PEAK Sports ផង​នោះ ទទួលបានការចាប់អារម្មណ៍ច្រើន​ពី​អ្នក​ទស្សនិកជន ជាអ្នក​ស្នេហា​វិស័យ​កីឡា​បាល់​ទាត់។

សកម្មភាព​ការ​ប្រកួត​ 4x4 Cambodia Cup នៅ​ទី​លាន​វិទ្យាល័យ​ព្រះសីសុវត្ថិ កាលពី​ថ្ងៃអាទិត្យ។ រូប PEAK Sports

តាម​រយៈ​លទ្ធផលការ​ប្រកួត​នេះ ក្រុមU10សៀមរាបយូណាយធីត នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេសជប៉ុន​ជាមួយ​លោក Keisuke Honda ដើម្បី​ចូលរួម​​ការ​ប្រកួត​ 𝟒𝐯𝟒 Asian Cup នា​រដូវ​ក្តៅ​​ខាងមុខ​នេះជាមួយក្រុម​ជើងឯកយុវជន 4x4 មកពី​ប្រទេស​នៅ​តំបន់អាស៊ាន និងអាស៊ី ផ្សេងៗ​ទៀត ហើយចំពោះ​​​ក្រុម​​ចាញ់ ​ក៏កុំទាន់អស់សង្ឃឹម ​ព្រោះ​នេះ​​គ្រាន់​តែ​​ជា​ការ​ចាប់ផ្ដើម​ប៉ុណ្ណោះ​ ដោយ​លោក Honda បាន​លើក​ទឹក​ចិត្ត​​ដល់​យុវជន​កម្ពុជា ត្រូវ​ខំប្រឹង​បន្ត​ទៀត ដើម្បី​ឈាន​ទៅសម្រេច​ក្តីស្រមៃនៅ​ថ្ងៃអនាគត៕