ក្រុមបាល់​ទះក្រសួង​មហាផ្ទៃ ​បាន​បង្ហាញពីកម្រិតលេងកាន់តែល្អ​​ប្រសើរ ដើម្បី​ក្លាយជា​ក្រុម​តែមួយ​គត់ ដែលមិនទាន់ស្គាល់ការ​ចាញ់សោះ ក្នុង​ការ​​ប្រកួត​ព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» រដូវកាល​ទី​២ ឆ្នាំ​២០២៥ (TECHO Volleyball Cambodia League) ប៉ុន្តែ​ក្រុម​ស្នងការ​នគរបាលខេត្តពោធិ៍សាត់ បាន​ធ្លាក់ចេញពីការ​ប្រកួត​​នេះ​​មុនគេ ចំណែក​ក្រុម​ស្នងការនគរ​បាល​ខេត្តតាកែវ ក៏គេច​មិនផុត​ពីការ​ធ្លាក់ដូចគ្នា។

សម្រាប់ការ​ប្រកួតសន្សំពិន្ទុ​​ប្រចាំសប្តាហ៍ទី​២ កាលពី​ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមក្រសួងមហាផ្ទៃ ដណ្តើម​បាន​៦ពិន្ទុ​ទៀត ពីការ​ប្រកួត​លើក​ទី​៤ និងទី​៥​របស់​ខ្លួន ដើម្បី​បន្ត​ឈរនៅកំពូល​តារាងជាបណ្តោះអាសន្ន ដោយមាន​១៥ពិន្ទុពេញ ជាមួយ​ការ​ឈ្នះ​ទាំង​៥​ប្រកួតជាប់ៗ​គ្នា។

ក្រុម​ក្រសួងមហាផ្ទៃ បាន​យក​ឈ្នះក្រុមកងពល​ធំ​អន្តរាគមន៍​លេខ​៣ ដោយ​លទ្ធផល​៣សិត​ដាច់ (៣-០) ហើយការបន្ត​ទៅជួប​ក្រុម​មិនទាន់ស្គាល់ការ​ចាញ់​ដូចគ្នា គឺ​បញ្ជាការ​ដ្ឋាន​អង្គរក្ស កាលពី​ថ្ងៃអាទិត្យ មហាផ្ទៃ បាន​យក​ឈ្នះ​ ៣-១ ជាមួយគ្រាប់​បាល់ ២៦-២៤ ២០-២៥ ២៧-២៥ និង ២៦-២៤ ដោយ​ជំនួប​រវាងក្រុម​ខ្លាំងទាំង​២នេះ មានភាពស្វិតស្វាញ និង​ទទួលបានការគាំ​ទ្រ​ខ្លាំង​ពី​ទស្សនិកជន។

ផ្ទុយពី​នេះក្រុមធ្លាប់សាងបានកំណត់​ត្រា​ល្អ​ផ្តាច់​គេ ក្នុងការ​ប្រកួត​តេជោលីគ កាលពី​ឆ្នាំ​២០២៤ គឺ​វិសាខា បានប្រកួតចាញ់​ក្រុម​កង​ពលធំអន្តរាគមន៍​លេខ​៣ ដោយ​លទ្ធផល ៣-២ ជាមួយ​គ្រាប់ ២០-២៥ ២២-២៥ ២៥-១៧ ២៥-២៣ និង ១២-១៥   ហើយនេះ​ក៏ជា​ការ​ចាញ់​លើក​ទី​​២​របស់វិសាខា ផងដែរ ដែល​ធ្វើ​ឱ្យ​ពួកគេ បន្ត​ឈរ​នៅលេខ​៣ បន្ទាប់ពីក្រុមបញ្ជាការ​ដ្ឋាន​អង្គរក្ស។

ចំណែក​ក្រុមស្នងការនគរ​បាលខេត្តស្វាយរៀង ដែល​បានចំណាយ​​ថវិកា​ច្រើន ក្នុងការ​នាំ​យក​កីឡាករ​របស់ឥណ្ឌា​ចំនួន​២​នាក់ មកជួយ​​ដល់​ក្រុម​នោះ ក៏​នៅ​មិនទាន់បង្ហាញពី​ភាព​លេចធ្លោ​អ្វី​គួរ​ឱ្យ​កត់សម្គាល់ប៉ុន្មាន​ដែរ ព្រោះ២​ប្រកួត​ក្នុងសប្តាហ៍នេះ ពួកគេ បានចាញ់​ក្រុម​បញ្ជាការដ្ឋានអង្គរក្ស ៣-០ មុនពេល​យក​ឈ្នះលើ​ក្រុមស្នងការនគរបាល​ខេត្ត​តាកែវ ដោយ​លទ្ធផល ៣-០ វិញ។​​

តារាងចំណាត់ថ្នាក់​ជាបណ្តោះអាសន្ននៃ​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់​ទះ​ «តេជោលីគ» លើក​ទី​២ ឆ្នាំ​២០២៥ សម្រាប់​សប្តាហ៍​ទី​២។ រូប សហព័ន្ធ

ចំណែក​ក្រុម​ស្នងការនគរបាល​ខេត្ត​តាកែវ និង​ក្រុម​ស្នងការនគរបាល​ខេត្តពោធិ៍​សាត់ បានចាញ់ទាំង​​៥​ប្រកួត​ដូចគ្នា ហើយ​លទ្ធផល​នេះ បានបញ្ជាក់​ថា ក្រុមខេត្តពោធិ៍​សាត់ បាន​ធ្លាក់ចេញពី​ការ​ប្រកួត​នេះ ដោយស្វ័យ​ប្រវត្តិ​ហើយ ទោះ​នៅសល់​២​ប្រកួត​ទៀត​ក្នុង​ដៃ។ 

ចំណែក​ក្រុម​ខេត្ត​តាកែវ ដែល​មាន​១ពិន្ទុ​នោះ នៅ​សល់​ឱកាសស្ទួច​ស្តើង​បំផុត ក្នុងការចាំ​អ៊ុត​មើល​​ការ​ប្រកួត​២​លើក​ទៀត​របស់​ខ្លួន ក្នុង​សប្តាហ៍​ទី​៣។

ឱកាស​បាន​ឡើង​ទៅ​វគ្គ​បន្ត​របស់​ក្រុម​ស្នងការនគរបាល​ខេត្តតាកែវ គឺលុះ​ត្រា​តែ​ពួក​គេ អាច​យក​ឈ្នះ​ក្រុមស្នងការនគរបាល​ខេត្តពោធិ៍​សាត់ និងក្រុម​ស្នងការនគរ​បាល​រាជធានី​ភ្នំពេញ ដោយ​លទ្ធផល ៣-០ ដូចគ្នា ក្នុងពេល​ដែល​ក្រុមកំពុង​មានមាន​៧ពិន្ទុ​ស្មើ​គ្នា គឺកងពល​ធំអន្តរាគមន៍​លេខ​៣ និង​​ស្នង​ការ​នគរ​បាល​​ខេត្តស្វាយរៀង បានចាញ់​​២​ប្រកួត​ចុងក្រោយ ដោយ​លទ្ធផល ៣-០ ដូចគ្នា ប៉ុន្តែ​គេ​មិនរំពឹង​ថា លទ្ធផលបែបនេះ នឹង​កើតមាន​ឡើង ក្នុងការ​ប្រកួត​បញ្ចប់ជុំ​ទី​១ នៅ​សប្តាហ៍​​ទី​៣​នោះ​ទេ៕