ក្រសួងអប់រំ យុវជន និងកីឡា បានចេញ​សេចក្តី​ជម្រាប​​ជូនមួយ​ទៅ​កាន់សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ដោយ​តម្រូវ​ឱ្យ​សហព័ន្ធ​នេះ ​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​អាណត្តិ​ទី​៨​ថ្មី ឱ្យ​បាន​ត្រឹម​ត្រូវ និង​យុត្តិធម៌ បើ​មិន​ដូច្នោះ​ទេ ក្រសួង​ នឹងពិនិត្យ​ពិចារណាលើការទទួលស្គាល់ថ្នាក់ដឹកនាំអាណត្តិថ្មីរបស់សហព័ន្ធមួយនេះ​ឡើងវិញ។

តាម​គម្រោង​សហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ នឹង​រៀបចំ​ការបោះឆ្នោតបញ្ចប់អាណត្តិ​ចាស់​ទី៧​របស់​ខ្លួន នៅថ្ងៃទី​២២ ខែមករា​នេះ ដើម្បី​ជ្រើស​រើស​គណៈកម្មាធិការប្រតិបត្តិអាណត្តិ​ថ្មី​ ហើយក្នុង​គោលការណ៍​នីតិ​វិធី​រៀបចំ​ការ​បោះ​ឆ្នោតនេះ ក្រសួង​អប់រំ ក្រោម​ចំណារដ៏ខ្ពង់ខ្ពស់របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ​ឱ្យ​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ អនុវត្ត​នូវគោលការណ៍​បោះ​ឆ្នោត​ចំនួន​៣ ដើម្បី​រក្សាបាននូវ​តម្លាភាព និង​យុត្តិធម៌។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅ​ក្នុង​សេចក្តី​ជួនដំណឹង​របស់​ក្រសួងអប់រំ កាលពី​ថ្ងៃចន្ទ​ថា៖​ «ខ្ញុំសូមជម្រាបជូន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមរៀបចំ​មហាសន្និ​បាត​បញ្ចប់អាណត្តិ តាមគោលការណ៍ណែនាំដូចខាងក្រោម ទី​១ ត្រូវបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ប្រជាធិបតេយ្យ តម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ»។

«​ទី​២ សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ត្រូវរៀបចំនីតិវិធីឈរឈ្មោះ និងបោះឆ្នោតដោយផ្អែកតាមមតិភាគច្រើន អាចទទួលយកបានពីគ្រប់ សមាជិកទាំងអស់ ហើយ​៣ សហព័ន្ធ ត្រូវអនុវត្តឱ្យ​ស្របតាមប្រការ៩ នៃលក្ខន្តិកៈរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ»។ លោក វ៉ាត់ ចំរើន បាន​បន្ថែម។

ក្រសួងអប់រំ​ បាន​ប្រាប់​ឱ្យ​លោក ខូវ ឆាយ ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ​ត្រូវ​អនុវត្ត​តាម​គោលការណ៍ណែនាំ​​ទាំង​៣​នេះ ឱ្យបាន​​ត្រឹម។ ផ្ទុយ​ទៅ​វិញ បើ​សិនសហព័ន្ធ​ មិន​អនុវត្ត​តាម​គឺ​ក្រសួង​ក៏នឹងពិចារណា មិន​ទទួល​ស្គាល់​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ដូចគ្នា បើ​សិន​រក​ឃើញ​ថា មាន​ភាពមិន​ប្រក្រតី នៅ​ក្នុងចំណុចណា​មួយ នៃ​ការ​បោះ​ឆ្នោតនេះ។​

ក្រសួងអប់រំ បានបញ្ជាក់នៅ​ក្នុងសេចក្តីជូនដំណឹង​របស់​ខ្លួន បែបនេះ​ថា៖ «ក្រសួងសង្ឃឹមថា សហព័ន្ធ​នឹងអនុវត្តតាមការណែនាំជាគោលការណ៍នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ប្រកបដោយ​ការទទួលខុសត្រូវ។ ក្នុងករណីមិនអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងឱ្យបានត្រឹមត្រូវ ក្រសួង នឹងពិនិត្យ​ពិចារណាលើការទទួលស្គាល់ថ្នាក់ដឹកនាំអាណត្តិថ្មីរបស់សហព័ន្ធឡើងវិញ»។

លោក ខូវ ឆាយ ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ អាណត្តិទី​៧ ហើយលោក​នឹង​​បន្ត​ឈរឈ្មោះ​សម្រាប់ការ​បោះ​ឆ្នោត​ក្នុងអាណត្តិទី​៨ នា​ថ្ងៃទី​២២ ខែមករា​នេះ។ រូប​ថត NOCC

គួរ​រំឭក​ថា សហព័ន្ធកីឡាប្រដាល់គុន​ខ្មែរ ត្រូវបានបង្កើតឡើងជាផ្លូវការ នៅឆ្នាំ១៩៩៦ រហូតដល់ពេលនេះមានរយៈពេល២៨ឆ្នាំ ហើយ​គិតមក​ដល់​ពេលនេះ មានបុគ្គល៤នាក់ បានកាន់តួនាទីជាប្រធាន គឺ​លោកព្រឹទ្ធាចារ្យ ព្រំ ភិច បានធ្វើជាប្រធានអាណត្តិទី១ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០០។

បន្ទាប់មក លោក អ៊ុំ យូរ៉ាន់ បានធ្វើជាប្រធាន២អាណត្តិ ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ហើយ​ក្រោយមក លោក តែម ម៉ឺន បានធ្វើជាប្រធាន៤អាណត្តិ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៤ មុនពេល​លោកលា​ឈប់នៅចុងខែមីនា ឆ្នាំ២០២៤ ក្នុងពេលអាណត្តិទី៧មិនទាន់ចប់ ដោយ​បានតែងតាំងលោក ខូវ ឆាយ ឱ្យ​ធ្វើជាប្រធានជំនួស នៅថ្ងៃទី២៩ ខែមីនា ដើម្បីបន្តដឹកនាំរហូតចប់អាណត្តិទី៧ (២០២១-២០២៥)។

លោក ហេង សុឃន ដែល​ត្រូវបានគេ​ទម្លាយ​ថា មានបំណង​ឈរ​ឈ្មោះបោះឆ្នោតជាប្រធានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ដើម្បី​ប្រជែង​ជាមួយ​លោក ខូវ ឆាយ។ រូប​ថត NOCC

នៅ​ក្នុងចំណោមប្រធានទាំង​៤រូប លោក ខូវ ឆាយ ជាប្រធានសហព័ន្ធ​វ័យក្មេងជាងគេ ប៉ុន្តែ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី ក្នុង​អាណត្តិ​អាណត្តិទី​៨ ឆ្នាំ​២០២៥ ដល់​ឆ្នាំ​២០២៩​នេះ មានព័ត៌មាន​រសើប​បានទម្លាយមក​ថា លោក ហេង សុឃន ជាអគ្គលេខាធិការ​​អាណត្តិ​ចាស់ ចង់​ឈរ​ឈ្មោះប្រជែង​តំណែង​ជាប្រធានពីលោក ខូវ ឆាយ ហើយនេះជាមូល​ហេតុ​ដែល​ក្រសួងអប់រំ ​បានចេញ​សេចក្តីជូនដំណឹង ដោយ​ណែនាំ​ឱ្យ​សហព័ន្ធ​នេះ ធ្វើការបោះ​ឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌។

ជុំវិញ​រឿង​នេះដែរ លោក វ៉ាត់ ចំរើន ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​ផង​ដែរ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយមានការចូលរួមពីលោក ខូវ ឆាយ និងលោក ហេង សុខឃន ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡាម្តង​ហើយ កាលពី​ថ្ងៃទី​៨ ខែមករា ដើម្បីត្រួត​ពិនិត្យយន្ដការសំខាន់ៗ​ ជំរុញ​ឱ្យ​ការបោះឆ្នោត​ជ្រើស​រើស​ថ្នាក់ដឹកនាំ​ថ្មី​របស់សហព័ន្ធនេះ អាចដំណើរ​ទៅបានល្អ និងស្រប​តាមគោលការណ៍​ច្បាស់​របស់​កីឡា៕