ការប្រកួតប្រជែង ដើម្បីស្វែងរកឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/2025 របស់ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបានរលាយហើយ បន្ទាប់ពីក្រុមតំណាងឱ្យកម្ពុជាមួយនេះ បានត្រឹមចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម ជាមួយការទទួលបានលទ្ធផលស្មើគ្នា ០-០ នោះ។
តាមរយៈការប្រកួតសន្សំពិន្ទុ លើកទី៤ ប្រចាំពូលA នៅពហុកីឡដ្ឋាន Thanh Hoa Stadium កាលពីយប់ថ្ងៃពុធម្សិលមិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង មានឱកាសគ្រប់គ្រងបាល់បានច្រើនជាងក្រុម Dong A Thanh Hoa ហើយពួកគេគួរតែទទួលបានជ័យជម្នះ ចំពោះការបង្កើតបានឱកាសល្អៗ ក្នុងការស៊ុតនៅមុខទីរបស់ក្រុមម្ចាស់ផ្ទះ។
គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Minoz បានអះអាងថា ក្រុមរបស់លោក បានព្យាយាមលេងបាល់វែងច្រើន ព្រោះចង់ទាញកីឡាកររបស់ក្រុម Dong A Thanh Hoa ឱ្យចុះមកលេងខាងដីរបស់ខ្លួន និងព្យាយាមលេងពីក្រោយខ្សែការពាររបស់គេវិញ ដើម្បីបង្កើតឱកាសក្នុងការស្វែងរកគ្រាប់បាល់។
ជាមួយការលេងទម្រង់បែបនេះ ខ្សែប្រយុទ្ធរបស់ឡាវ Bounphachan Bounkong ស្ទើរតែអាចរកបានគ្រាប់បាល់ ចំពោះការបង្កើតឱកាសចំនួន២ដងរបស់គេ នៅតង់ទី១ទៅហើយ ហើយខ្សែប្រយុទ្ធទើបដាក់ឱ្យចូលលេងនៅតង់ទី២ ណារ៉ុង កក្កដា ក៏មានឱកាសក្នុងការរកបានគ្រាប់បាល់ នៅចុងម៉ោងផងដែរ ប៉ុន្តែគ្រប់យ៉ាងបានត្រឹមសោកស្តាយ ជាមួយចេញមករារាំងទាន់ពេលរបស់អ្នកចាំទីក្រុម Dong A Thanh Hoa។
លោក Pep Munoz បាននិយាយក្រោយការប្រកួតថា៖ «យើងបានចាប់ផ្តើមនៅក្នុងកម្រិត១ដែលល្អ ជាពិសេសនៅតង់ទី១ យើងមានឱកាសទាត់បញ្ចូលទីមួយចំនួន ចំណែកនៅតង់ទី២ កម្រិតលេងរបស់យើងរាងធ្លាក់ចុះបន្តិច។ យើងព្យាយាមផ្លាស់ប្តូរកីឡាករមួយចំនួន ហើយក្រុមម្ចាស់ផ្ទះ បានព្យាយាមដាក់សម្ពាធថែមទៀត តែនៅនាទីចុងក្រោយ ណារ៉ុង កក្កដា មានឱកាសក្នុងការស៊ុតបញ្ចូលទី ប៉ុន្តែយើងធ្វើមិនបានទៀត នាំឱ្យយើងបាត់បង់ឱកាសឈ្នះបាន៣ពិន្ទុ»។
យ៉ាងណាក៏ដោយ លោក Pep Munoz នៅតែសរសើរពីឆន្ទៈលេងរបស់កូនក្រុម ដែលម្នាក់ៗបានប្រឹងប្រែងបង្ហាញពីគុណភាពលេង ទល់ជាមួយក្រុម Dong A Thanh Hoa ដែលមានកម្រិតលេងល្អ។ លោកថា ការប្រកួតនេះ មានការប្រជែងគ្នាខ្លាំង ប៉ុន្តែបញ្ហាស្ថានភាពទីលាន វាមិនអាចឱ្យក្រុមទាំង២ បានបង្ហាញពីគុណភាពលេងបានល្អជាងនេះ ដើម្បីធ្វើឱ្យអ្នកទស្សនាពេញចិត្តប៉ុន្មានទេ។
លោក Pep Munoz បានបញ្ជាក់ថា៖ «វាជាទីលាន ដែលយើងពិបាកក្នុងការលេង ជាពិសេសយើងបានលេងជាមួយក្រុមដែលមានកម្រិតខ្ពស់ ដោយពួកគេលេងបានខ្លាំងគ្រប់ពេល។ វាដូចទៅនឹងអ្វីដែលខ្ញុំបាននិយាយមុនការប្រកួត គឺយើងមកទីនេះ ដើម្បីឈ្នះការប្រកួត និងទទួលបាន៣ពិន្ទុ តែវាមិនងាយស្រួលសម្រាប់ពួកយើងនោះទេ»។
ជាមួយគ្នានេះ លោក Pep បានរំឭកទៅដល់ការប្រកួតចាញ់ក្រុមម្ចាស់ BG Pathum United របស់ថៃ ២-១ និងបានបន្តចាញ់ក្រុម PSM Makassar FC របស់ឥណ្ឌូនេស៊ី ១-០ នៅក្នុងទឹកដីខ្លួនឯង ដោយលោកយល់ថា ក្រុមស្វាយរៀង គួរតែទទួលបានពិន្ទុពីការប្រកួតទាំង២នេះ បន្ថែមទៅលើការយកឈ្នះលើក្រុម Terengganu FC ៣-២ សម្រាប់ការប្រកួតបើកឆាកប្រចាំពូលAនេះ កាលពីថ្ងៃទី២១ ខែសីហា។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បញ្ជាក់ថា៖ «សម្រាប់ការប្រកួតមួយចំនួនក្នុងពានរង្វាន់នេះ យើងគួរតែទទួលបានពិន្ទុ ប៉ុន្តែដោយសារយើងមិនអាចទាត់បញ្ចូលទីបាន ទើបយើងមិនអាចទទួលបានពិន្ទុពីការប្រកួតមុនៗ ជាពិសេសការប្រកួតជាមួយក្រុម Thanh Hoa នេះ គឺយើងមិនអាចលេងបានទៅតាមអ្វីដែលយើងបានរៀបចំ១០០ភាគរយនោះទេ»។
ផ្ទុយពីនេះក្រុម Terengganu FC បានយកឈ្នះក្រុម PSM Makassar FC ១-០ នៅលើទឹកដី ហើយក្រុម BG Pathum United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Shan United ៤-១ កាលពីយប់ថ្ងៃពុធនោះដែរ ហើយតាមលទ្ធផលនេះបានជួយឱ្យក្រុម BG Pathum ឡើងទៅ ឈរនៅលេខ១វិញ មាន៨ពិន្ទុ រីឯក្រុម Terengganu ឈរនៅលេខ២ មាន៧ពិន្ទុស្មើជាមួយក្រុម PSM Makassar។
ចំណែកក្រុម Dong A Thanh Hoa ឈរនៅលេខ៤ មាន៦ពិន្ទុ ដែលនៅមានភាគរយប្រជែងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ការប្រកួតលើកទី៥ចុងក្រោយរបស់ពួកគេជាមួយក្រុម PSM Makassar FC ប៉ុន្តែក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរនៅលេខ៥ មាន៤ពិន្ទុនោះ បានធ្លាក់ចេញពីការប្រកួតនេះហើយ បើទោះបីជានៅសល់១ប្រកួតទៀតជាមួយក្រុមចាញ់ទាំង៤ប្រកួត Shan United ក៏ដោយ៕