សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីន សម្រាប់ដឹកនាំអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ជាផ្លូវការ កាលពីថ្ងៃពុធ ហើយអង្គមហាសន្និបាត បានសម្រេចផ្លាស់ប្តូរលក្ខន្តិកមួយចំនួន ជាពិសេសបានអនុម័តមិនជ្រើសតាំងបេក្ខភាពនៅក្នុងជួរគណៈកម្មាធិការប្រតិបត្តិ ឱ្យធ្វើជាអគ្គលេខាធិការ ដូចរចនាសម្ព័ន្ធគ្រប់គ្រងរបស់សហព័ន្ធនេះ ចំនួន៧អាណត្តិកន្លងមកទេ។
នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ (២០២១-២០២៥) និងបន្តអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ កាលពីថ្ងៃពុធនោះ អង្គមហាសន្និបាត បានសម្រេចដាក់បេក្ខភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិចាស់ទាំង១៩នាក់ ឱ្យឈរឈ្មោះបោះឆ្នោត សម្រាប់អាណត្តិថ្មីទី៨ ហើយជាលទ្ធផលនៃការបោះឆ្នោតជាកញ្ចប់នេះ គឺទទួលបានការគាំទ្រយល់ព្រម៣២សំឡេង និងមិនយល់ព្រម១សំឡេង។ មានន័យថា ការបោះឆ្នោតនេះ ទទួលបានការគាំទ្រស្ទើរ១០០ភាគរយ ពីបេក្ខភាពមានសិទ្ធិបោះឆ្នោតទាំង៣៣នាក់។
យ៉ាងណាក៏ដោយ ចំពោះការបែងចែកតួនាទី នៅក្នុងជួរគណៈកម្មាធិការប្រតិបត្តិថ្មីទី៨នេះ គឺមានការផ្លាស់ប្តូរមួយចំនួន ហើយអ្វីដែលគួរកត់សម្គាល់នោះ គឺលោក ខូវ ឆាយ ត្រូវបានគាំទ្រឱ្យធ្វើជាប្រធានសហព័ន្ធ ប៉ុន្តែលោក ហេង សុឃន ដែលធ្លាប់ជាអគ្គលេខាធិការ ត្រូវបានទម្លាក់តួនាទីឱ្យធ្វើជាសមាជិកធម្មតាវិញ។
ជុំវិញភាពរសើបនេះ ប្រភពច្បាស់ការណ៍ បានទម្លាយឱ្យដឹងថា លោក ហេង សុឃន មានបំណងប្រជែងយកតំណែងជាប្រធានពីលោក ខូវ ឆាយ ក្នុងអាណត្តិថ្មីនេះ ប៉ុន្តែផែនការរបស់លោក បានបរាជ័យ ហេតុនេះហើយទើបគណៈកម្មាធិការប្រតិបត្តិថ្មី សម្រេចទម្លាក់តួនាទីរបស់លោក សុឃន ពីអគ្គលេខាធិការឱ្យមកធ្វើជាសមាជិកវិញ ដើម្បីចៀសវាងការកើតមានបញ្ហាទៅមុខទៀត។
ចំណែកក្រុមគ្រូបង្វឹក និងកីឡាករ ដែលបានចូលរួមក្នុងមហាសន្និបាត កាលពីថ្ងៃពុធនោះ បានគាំទ្រលើចំណាត់ការនេះ ដោយពួកគេបានប្រាប់ ដោយសុំមិនបញ្ចេញឈ្មោះថា ការបំពេញការងារក្នុងអាណត្តិទី៧ កន្លងមកនេះ លោក ហេង សុឃន បានធ្វើលើសតួនាទីជាអគ្គលេខាធិការ បង្កើតឱ្យមានបក្ខពួកនិយម និងភាពមិនប្រក្រតីច្រើន នៅក្នុងការចាប់គូ និងការដាក់ពិន្ទុ ជាហេតុនាំឱ្យមហាជនរិះគន់ខ្លាំង តែមកលើសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងម្ចាស់សង្វៀន។
តែទោះបីជាយ៉ាងណា លោក ខូវ ឆាយ បានបង្វែរស្ថានការនៃភាពចម្រូងសម្រាសនេះ ដោយការជ្រើសរើសអ្នកក្រៅ ពីជួរគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មកធ្វើជាអគ្គលេខាធិការជំនួសវិញ ដោយទទួលបានការគាំទ្រពេញទំហឹង ពីគណៈកម្មាធិការប្រតិបត្តិ ហើយការជួលអ្នកក្រៅ មកធ្វើជាអគ្គលេខាធិការនេះ ក៏ជារបត់គ្រប់គ្រងថ្មី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានយកមកអនុវត្តមុនគេនៅកម្ពុជាផងដែរ ដើម្បីរក្សាបាននូវតម្លាភាព និងភាពយុត្តិធម៌ នៅក្នុងការបំពេញការងារផ្ទៃក្នុង។
លោក ខូវ ឆាយ បានថ្លែងថា៖ «នៅក្នុងអាណត្តិទី៨នេះ យើងមិនមានអគ្គលេខាធិការទេ ដោយនៅក្នុងជួរគណៈកម្មាធិការប្រតិបត្តិ យើងមិនជ្រើសតាំងអគ្គលេខាធិការឡើយ។ យើងបានសម្រេចថា ជ្រើសរើសយកអ្នកពីវិស័យឯកជនខាងក្រៅ ព្រោះយើងគិតឃើញថា អគ្គលេខាធិការ ត្រូវជាបុគ្គលដែលមិនពាក់ព័ន្ធជាមួយនឹងក្លិប-សមាគមន និងមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញការងារប្រចាំថ្ងៃ»។
លោកបន្ថែមថា៖ «អគ្គលេខាធិការ ជាអ្នកដែលត្រូវប្រតិបត្តិការងារប្រចាំថ្ងៃនៅលេខាធិការដ្ឋាន ដើម្បីទទួលឯកសារ រៀបចំចាត់តាំងនិតិវិធី កិច្ចការរដ្ឋបាលផ្សេងៗ ឱ្យទាន់ពេលវេលា ហើយមានប្រសិទ្ធភាព អ៊ីចឹងយើងត្រូវការអ្នកដែលមានពេលវេលា និងមានសមត្ថភាពគ្រប់គ្រាន់ទាំងភាសា និងការប្រើប្រាស់កុំព្យូទ័រ មកធ្វើជាអគ្គលេខាធិការ ព្រោះនេះជាសម័យបច្ចេកវិទ្យា ដែលត្រូវការអ្នកចេះ»។
ចំពោះបុគ្គល ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គ្រោងនឹងយកមកកាន់តួនាទីជាអគ្គលេខាធិការនេះ លោក ខូវ ឆាយ បានបង្ហើបថា លោកបានសំឡឹងមើលឃើញហើយ ប៉ុន្តែនៅមានការប្រជុំផ្ទៃ និងការសម្រេចពីគណៈកម្មាធិការប្រតិបត្តិបន្ថែមទៀត ទើបប្រកាសជាផ្លូវការ ហើយជាមួយគ្នានេះ លោកបានសន្យាដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឱ្យបន្តរីកចម្រើនទៅមុខទៀត។
លោកបានបញ្ជាក់ក្នុងអង្គមហាសន្និបាតថា៖ «ក្នុងនាមជាប្រធានសហព័ន្ធអាណត្តិថ្មី ខ្ញុំសូមប្តេជ្ញាចិត្តធ្វើការដឹកនាំ ប្រកបដោយឆន្ទៈមោះមុតជាមួយថ្នាក់ដឹកនាំសហព័ន្ធព្រមទាំងពង្រឹងសាមគ្គីផ្ទៃក្នុងនៅក្នុងចំណោមមហាគ្រួសារកីឡាប្រដាល់គុនខ្មែរ ដោយលះបង់នៅកម្លាំងកាយចិត្ត ពេលវេលា ជាពិសេសការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបំពេញការងារជូនសហព័ន្ធ ឱ្យកាន់តែរីកចម្រើនបន្តទៀត»៕